ប្រជាពលរដ្ឋមួយចំនួននៅភូមិចំនួន៣ ក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ស្នើយ៉ាងទទូចទៅកាន់អាជ្ញាធរ ប្រគល់ដីបឹងពោធិ៍ចំនួន ៤៧,២២ហិកតា ជូនប្រជាពលរដ្ឋជាអ្នកអភិរក្ស និងអាស្រ័យផលវិញ ក្រោយពួកគាត់ចោទអាជ្ញាធរថាបានយកដីបឹងនោះ ទៅលក់ឱ្យក្រុមហ៊ុនឯកជន។
លោក ស្ងួន ញឿន ជាប្រជាពលរដ្ននៅក្នុងភូមិឡពាង បានបញ្ជាក់ថា កាលពីឆ្នាំ២០១៦ ប្រជាពលរដ្ឋនៅភូមិឡពាង ភូមិសំរោង និងភូមិសូវង្ស បានស្នើទៅខាងអាជ្ញាធរស្ដារទឹកបឹងនោះ ដើម្បីអភិរក្សធនធានធម្មជាតិដែលមាននៅក្នុងបឹង រួមទាំងយកទឹកបឹងយកទៅអាស្រ័យផល ជាពិសេសសម្រាប់ធ្វើស្រែប្រាំង និងផលដំណាំផ្សេងទៀត។
ប៉ុន្តែចាប់ពីឆ្នាំ២០២២មក មានក្រុមហ៊ុនមិនស្គាល់ឈ្មោះមួយចំនួន បានទៅកាយដីបឹង ដើម្បីរកប្រភពបូមខ្សាច់ ហើយនៅដើមឆ្នាំ២០២៤នេះ លោកថា ឃើញមានក្រុមហ៊ុនមួយបាននិងកំពុងធ្វើសកម្មភាពបូមខ្សាច់ ដែលធ្វើឱ្យពលរដ្ឋមានក្តីបារម្ភពីការបាត់បង់បឹងធម្មជាតិមួយនេះ។
លោកបន្ដថា៖ «ក្រុមហ៊ុនកាយដីបឹងកន្លែងនេះមួយកញ្ចុប ត្រង់នោះមួយកញ្ចុប [គ្រាមភាសា] កាយ រកតែខ្សាច់ហ្នឹង កាយពេញទឹកពេញដី បានន័យថា វា[ក្រុមហ៊ុន]អត់ស្ដារបឹង គ្មានស្ដង់ដារ។ បូមហ្នឹងបូមឱ្យខូចតែម្ដងហ្នឹង»។
លោកបន្តថា កន្លងមក ប្រជាពលរដ្ឋធ្លាប់ដាក់ស្លាកហាមឃាត់ការជីកដី និងបូមខ្សាច់ ដើម្បីទុកផ្ទៃបឹងអភិរក្សធនធានធម្មជាតិ ប៉ុន្ដែមានជនអនាមឹកបានទៅបំផ្លាញស្លាកទាំងនោះចោល ហើយពេលពលរដ្ឋរាយការណ៍ទៅអាជ្ញាធរ ក៏មិនមានចំណាត់ការថែមទៀត។ ក្រៅពីនោះ លោកថា អាជ្ញាធរបែរជាហាមពលរដ្ឋមិនឱ្យអភិរក្ស និងអនុញ្ញាតឱ្យក្រុមហ៊ុនកាយបូមខ្សាច់ទៅវិញ។
បើតាមលោក ស្ងួន ញឿន កន្លងមក ពលរដ្ឋក៏ធ្លាប់បានដាក់ញ្ញត្តិនៅក្រសួងមួយចំនួន ដើម្បីស្នើឱ្យមានចំណាត់ការសមរម្យលើករណីនេះ និងទុកផ្ទៃបឹងនោះសម្រាប់ប្រជាពលរដ្ឋអាស្រ័យផល។
លោកលើកឡើងថា៖ «ពួកយើងបានដាក់ញ្ញត្តិ សំបុត្រក្នុងប្រអប់សម្ងាត់ដែលជាបណ្ដឹងរបស់ពលរដ្ឋ នៅតាមព្រឹទ្ធសភា និងអង្គភាពប្រឆាំងអំពើពុករលួយ និងស្នើសុំទៅកាន់រដ្ឋាភិបាលថ្មី និងអាជ្ញាធរមួយចំនួន សូមជួយដោះស្រាយដោយទុកបឹងនេះ សម្រាប់ប្រជាពលរដ្ឋទុកសម្រាប់ប្រើប្រាស់ និងអាស្រ័យផល»។
អ្នកស្រី សួន ញ៉េន ជាប្រជាពលរដ្ឋម្នាក់ទៀតរស់នៅភូមិឡពាង ដែលធ្លាប់អាស្រ័យផលនៅបឹងនោះបានឱ្យដឹងថា កន្លងមក អាជ្ញាធរធ្លាប់ប្រាប់ប្រជាពលរដ្ឋថានឹងមានក្រុមហ៊ុនមកស្ដារបឹង ដើម្បីទទួលបានទឹកប្រើប្រាស់សម្រាប់ខែប្រាំង ប៉ុន្តែបែរជាក្រុមហ៊ុននោះបានយកគ្រឿងចក្រស្ដារជម្រៅប្រហែល ១០ម៉ែត្រ ដែលនេះហួសពីកម្រិតស្តង់ដា និងបានប្រើគ្រឿងចក្របូមខ្សាច់ទៅវិញ។
ករណីនេះអ្នកស្រីបានស្នើទៅអាជ្ញាធរ បញ្ឈប់សកម្មភាពក្រុមហ៊ុន និងប្រគល់ដីបឹងនោះឱ្យប្រជាពលរដ្ឋ ថែរក្សា និងអភិរក្សទុកជាប្រយោជន៍សម្រាប់សហគមន៍វិញ។
អ្នកស្រីថា៖ «ខ្ញុំសំណូមពរឱ្យឈប់បន្ដស្ដារបឹងហ្នឹងទៀត ឈប់បូមខ្សាច់ហ្នឹងទៀត ទុកឱ្យប្រជាពលរដ្ឋអ្នកធ្វើ[អភិរក្ស]វិញ»។
មេឃុំតាជេស អ្នកស្រី ស្វាយ ស៊ីម បានប្រសាសន៍យ៉ាងខ្លីថា៖ «រឿងដែលប្រជាពលរដ្ឋចោទអាជ្ញាធរថាលក់ ដីបឹងទៅឱ្យក្រុមហ៊ុនបូបខ្សាច់ មិនពិតទេ តែប៉ុណ្ណឹង»។
អភិបាលរងខេត្តកំពង់ឆ្នាំង លោក ឈិន សេងងួន មានប្រសាសន៍ថា លោកពុំបានដឹងរឿងនេះទេ។ តែយ៉ាងណា លោកថា ជាក់ស្ដែង នៅពេលដែលជីក ឬស្ដារធនធានធម្មជាតិ ត្រូវឆ្លងកាត់មន្ទីជំនាញដែលគ្រប់គ្រងសម្រាប់ដោះស្រាយទៅលើបញ្ហានេះ។
លោកថា៖ «គ្រប់កិច្ចការដែលត្រូវជីក ឬស្ដារ ត្រូវឆ្លងកាត់មន្ទីររ៉ែ និងថាមពល និងធនធានទឹក ហើយស្រះបឹងខ្លះ ស្ថិតនៅក្រោមមន្ទីរធនធានទឹក អីចឹងមន្ទីរធនធានទឹកជាអ្នកអនុញ្ញាត។ ហើយខ្ញុំមិនអាចឆ្លើយភ្លាមៗបាននោះទេ ទាល់តែមើលឯកសារ ហើយខ្ញុំនឹងលើកយកបញ្ហាហ្នឹងទៅឱ្យអាជ្ញាធរដោះស្រាយជូនប្រជាពលរដ្ឋ»។
ចំណែក អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង លោក ងុន យ៉ង បដិសេធឆ្លើយតបជុំវិញរឿងនេះ។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា ជាទូទៅ ដីបឹងជាដីសាធារណៈរបស់រដ្ឋ ហើយរដ្ឋមានសិទ្ធិក្នុងការធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ជួលទៅឱ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍ។ ប៉ុន្តែលោកថា មុននឹងប្រគល់ឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ អាជ្ញាធរត្រូវមានការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមជាមុនសិន។
លោកបន្តថា ក្នុងករណីមិនមានការវាយតម្លៃពីផលប៉ះពាល់បរិស្ថាន ក៏ដូចជាប្រឹក្សាយោបល់ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងតំបន់ ដែលតែងតែអាស្រ័យផលនៅបឹងនោះទេ មានន័យថា ជាការប្រគល់ដីដោយខុសច្បាប់។
លោកបន្ដថា៖ «បើលក់ដូរដោយមិនមាននិតីវិធីត្រឹមត្រូវ ដូចដែលខ្ញុំបានលើកឡើង អាហ្នឹងវាត្រូវចោទពីបទព្រហ្មទណ្ឌ ប្រជាពលរដ្ឋអាចប្តឹងបាន ប្រសិនបើតុលាការចាត់វិធានការនិតីវិធីត្រឹមត្រូវ ពាក់ព័ន្ធនឹងការលក់ដីហ្នឹង អាជ្ញាធរណាក៏ដោយ គឺត្រូវមានទោសកម្រិតព្រហ្មទណ្ឌទៀត»៕