សំណុំ​រឿង​ព្រហ្មទណ្ឌ​នៅ​តាម​សាលា​ដំបូង​រាជធានី ខេត្ត​ ដែល​កក​ស្ទះ​ជិត​៣,៥០០​ ករណី ត្រូវ​បាន​ដោះស្រាយ​ បន្ទាប់ពី​អនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះសំណុំរឿង​អស់​រយៈពេល​៤២ថ្ងៃ។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​យុត្តិធម៌។​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​ក្រសួង​ព័ត៌មាន ​ចេញ​នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា នេះ បញ្ជាក់ថា ​​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅ​តាម​សាលា​រាជធានី ខេត្ត បាន​ចាប់ផ្តើម​អនុវត្ត​កាល​ពីថ្ងៃទី​១៨ ខែឧសភា ឆ្នាំ២០២០ ដោយ​មានគណៈ​កម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុះរឿង​នៅ​តាម​សាលាដំបូង​រាជធានី​ខេត្ត​ (គ.យ.ក.ស) ជា​អ្នក​អនុវត្ត​។​ គិត​ត្រឹម​ថ្ងៃទី០​​២ ខែកក្កដា ឆ្នាំ២០២០នេះ សំណុំ​រឿង​ព្រហ្មទណ្ឌ​នៅ​តាម​សាលា​រាជធានី ខេត្ត ​បាន​ជំនុំ​ជម្រះ​រួច​ប្រមាណ​៣,៤៥៤ សំណុំ​រឿង ស្មើ​នឹង​២៧ ភាគរយនៃ​សំណុំ​រឿង​សរុប។

សេចក្តី​ប្រកាស​ព័ត៌មានដដែល​នោះ​បញ្ជាក់​ថា៖ «(គ.យ.ក.ស) ​រំពឹង​ថា សាលា​ដំបូង​រាជធានី ខេត្ត ទូទាំង​ប្រទេស នឹង​បន្ត​ខិតខំ​ដោះស្រាយ​សំណុំ​រឿង​កកស្ទះ​ទាំង​នោះ ឲ្យ​បាន​ចប់​សព្វ​គ្រប់​នៅ​បំណាច់​ឆ្នាំ២០២០​នេះ ដោយ​ប្រកាន់​ខ្ជាប់នូវ​អភិ​ក្រម​ការងារ​ក្នុង​យុទ្ធនា​ការ គឺ​លឿន​ ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុករលួយ»។

Newsroom មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ជិន ម៉ាលីន អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌​​បាន​ទេ។

លោក អំ សំអាត នាយករង​ផ្នែក​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​​អង្គការ​លីកាដូ មាន​ប្រសាសន៍​ថា ការអនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​បណ្តា​សាលា​រាជធានី ខេត្ត នេះ គឺជា​ជំហាន​វិជ្ជមាន​ដែល​ក្រសួងយុត្តិធម៌​បាន​បើក​យុទ្ធនាការ​នេះឡើង ដើម្បី​​ពន្លឿន​នីតិវិធី ដំណើរការ​ជំនុំ​ជម្រះ និង​ដំណើរការ​តុលាការ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង។​ លោកបន្តថា ទោះបីជា​ក្រសួង​យុត្តិធម៌​អនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​បាន​ល្អ​ប្រសើរ​ក៏ដោយ តែ​លោក​នៅតែ​​សំណូមពរ​ឲ្យ​ក្រសួង​ពង្រឹង​ការជំនុំ​ជម្រះ​ដោយ​យុត្តិធម៌។

លោក​បញ្ជាក់​ថា៖ «​យើង​នៅ​តែ​ទទូច​ថា ធ្វើយ៉ាងណា​គឺ​ត្រូវ​តែ​ពឹង​ផ្អែក​ទៅ​លើ​នីតិវិធី ទៅ​លើ​ច្បាប់ ទៅ​លើ​បញ្ហា​តម្លាភាព និង​យុត្តិធម៌»។

លោក​បន្ថែម​ទៀត​ថា ការពន្លឿន​នីតិវិធី​នៅ​តុលាការ​នឹង​បាន​ចូលរួម​កាត់បន្ថយ​ការកកស្ទះ​នៅ​ក្នុង​ពន្ធនាគារ និង​មាន​អត្ថប្រយោជន៍​ដល់​ជនជាប់ចោទ​​ជាដើម។

លោកបញ្ជាក់​​ថា៖ «ការពន្លឿន​នីតិវិធី​នៅ​តុលាការ ការកក​ស្ទះសំណុំ​រឿង ទីមួយ​វា​មាន​ប្រយោជន៍​ដល់​ជនជាប់​ចោទ បាន​ន័យថា ជន​ជាប់​ឃុំ អីចឹង​អាច​កាត់បន្ថយ​នៃ​ភាព​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ​បាន​មួយ​ផ្នែក ព្រោះ​ករណី​ខ្លះ​អាច​នឹង​មាន​ការ​ឲ្យ​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន រឿង​ខ្លះ​អាច​មាន​ការលើកលែង​ចោទ រឿង​ខ្លះ​អាច​មាន​ការព្យួរ​ទោស​ជាដើម»។

កាលពី​ដើម​ខែ​ឧសភា ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Amnesty International ​ បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​ ក្រោយ​បាន​សម្ភាស៍​អ្នក​ធ្លាប់​មាន​បទ​ពិសោធន៍​នៃ​ការ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹ​ង​បទ​ល្មើស​គ្រឿង​ញៀន​ ដោយ​ក្នុង​នោះ​រក​ឃើញ​អំពើ​ពុក​រលួយ​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ដោយ​មាន​ការ​បង្ខំ​ឲ្យ​ឆ្លើយ​សារភាព​​ជាដើម៕​