ទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣១ ក្រោមប្រធានបទ «សារព័ត៌មានសម្រាប់ភពផែនដី និងសារព័ត៌មានក្នុងបរិបទនៃមហន្តរាយបរិស្ថាន »ត្រូវបានរៀបចំឡើងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ដែលគេសង្កេតឃើញមានស្ថាប័នរដ្ឋាភិបាល និងស្ថាប័នសង្គមស៊ីវិលបានបង្ហាញការសិក្សារៀងៗខ្លួនពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា។
ក្នុងនោះអ្នកសារព័ត៌មាននៅតែលើកឡើងពីបញ្ហាប្រឈមក្នុងការប្រមូលព័ត៌មានស្តីពីបញ្ហាបរិស្ថាន ដែលជំរុញឱ្យអង្គការសង្គមស៊ីវិលបង្ហាញការព្រួយបារម្ភចំពោះការរិតត្បិតសេរីភាពសារព័ត៌មាន បើទោះបីជារដ្ឋាភិបាលបានព្យាយាមលើកសរសើរថាលំហសេរីភាពសារព័ត៌មាននៅកម្ពុជាថាមានភាពប្រសើរក៏ដោយ។
នៅក្នុងវេទិកាដែលមានការចូលរួមពីក្រសួង-ស្ថាប័នជាតិ និងអន្តរជាតិជាង២០០នាក់ អ្នកសារព័ត៌មានសេរីម្នាក់ដែលសកម្មក្នុងការសរសេរព័ត៌មានបរិស្ថាន លោក អ៊ឹង ស៊ា បានមើលឃើញថា ស្ថាប័នព័ត៌មាននៅកម្ពុជាដែលហ៊ានចុះផ្សាយពីបញ្ហាបរិស្ថានមានចំនួនតិចទៅៗ បន្ទាប់ពីវិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី(VOD) ត្រូវបង្ខំចិត្តបិទទ្វារកាលពីដើមឆ្នាំ២០២៣។
អ្នកសារព័ត៌មានឯករាជ្យរូបនេះឱ្យដឹងដែរថា ការប្រមូលព័ត៌មានបរិស្ថានស្តីពីការកាប់បំផ្លាញព្រៃឈើ ឬការរំលោភយកធនធានធម្មជាតិ គឺជាប្រធានបទរស៊ើប ដែលទាមទារពេលវេលាយូរក្នុងការប្រមូលព័ត៌មាន ដែលលោកចង់ឃើញក្រសួងពាក់ព័ន្ធបើកចំហព័ត៌មានទាក់ទងនឹងបញ្ហាបរិស្ថានជាសាធារណៈ ដើម្បីជាទល្ហីករក្នុងការប្រមូលព័ត៌មាន។
លោកថ្លែងថា៖«ខ្ញុំចង់ស្នើសុំទៅភាគីពាក់ព័ន្ធ ជាពិសេសក្រសួងពាក់ព័ន្ធគឺបើកលំហនៅក្នុងការផ្តល់ទិន្នន័យទាក់ទងនឹងបរិស្ថាន ដូចជាផែនទីតំបន់ការពារធម្មជាតិផ្សេងៗ ដើម្បីឱ្យអ្នកសារព័ត៌មានដែលគាត់រាយការណ៍ទៅលើបញ្ហាហ្នឹង គាត់បានយល់ដឹងបន្ថែមទៀត ទៅលើតំបន់ការពារនីមួយៗ ជាពិសេសយើងអាចយកវាមកធ្វើជាអង្គហេតុនៅក្នុងការស្រាវជ្រាវ»។
មិនត្រឹមតែមិនសូវទទួលបានការបើកចំហទិន្នន័យពាក់ព័ន្ធដូចនេះទេ ប៉ុន្តែលោក អ៊ឹង ស៊ា បានឱ្យដឹងថា ការរាយការណ៍ពីបញ្ហាបរិស្ថានក៏ប្រឈមនឹងបញ្ហាចំនួន២ធំៗ គឺសម្ពាធផ្លូវចិត្តដោយសារមិនអាចសុំការឆ្លើយតបគ្រប់ជ្រុងជ្រោយពីភាគីពាក់ព័ន្ធ ជាពិសេសស្ថាប័នរដ្ឋ ហើយត្រូវប្រឈមនឹងការគំរាមកំហែងផ្ទាល់ ពេលចុះទៅប្រមូលព័ត៌មាននៅតាមមូលដ្ឋាន។ ជាក់ស្តែង លោកធ្លាប់ត្រូវបានគេគំរាមកំហែង ពេលចុះទៅយកព័ត៌មាននៅតំបន់មួយដែលមានការចាក់លុបសមុទ្រ។
លោកថ្លែងថា៖«មានការរារាំង ហាមឃាត់ពីសំណាក់អ្នកយាមនៅខាងមុខ។ ហើយសំខាន់ទៅទៀត គឺកាន់ដំបងទៀត ដោយមិនបានសួរនាំយើង ថាយើងទៅណា ឬមួយក៏យើងមានការអនុញ្ញាតពីណាទេ គឺគាត់កាន់ដំបងមកសួរយើងតែម្តង»។
អ្នកសារព័ត៌មានសេរីម្នាក់ទៀត លោក ទ្រី ថានី បានសង្កេតឃើញថា អ្នកសារព័ត៌មានឯករាជ្យដែលសរសេរពីការកាប់បំផ្លាញព្រៃឈើ ការបូមខ្សាច់ និងការអភិវឌ្ឍផ្សេងៗ ងាយប្រឈមនឹងបញ្ហាសុវត្ថិភាពទាំងផ្លូវកាយ និងតាមរយៈប្រព័ន្ធអនឡាញ។ បន្ថែមលើនេះ លោកសម្លឹងឃើញទៀតថា មួយរយៈចុងក្រោយនេះ ស្ថាប័នព័ត៌មាន វីអូឌី ដែលចាត់ទុកថាជាស្ថាប័នឯករាជ្យត្រូវបានបិទទ្វារ ខណៈគេហទំព័រ Kamnotra ក៏ត្រូវបានរារាំងមិនឱ្យចូលទស្សនាបាន ប្រសិនបើពុំប្រើប្រព័ន្ធVPNនោះទេ។ បញ្ហានេះ ជំរុញឱ្យលោកយល់ថាស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជានៅតែស្ថិតក្នុងស្ថានភាពរិតត្បិតនៅឡើយ។
លោកថ្លែងថា៖«ខ្ញុំគិតថា[សេរីភាពសារព័ត៌មាន]នៅមិនទាន់មានការល្អប្រសេីរប៉ុន្មានទេ សម្រាប់អ្នកដែលសរសេរព័ត៌មានគ្រប់ជ្រុងជ្រោយ ហេីយទាក់ទងនឹងបញ្ហាបរិស្ថាន»។
យ៉ាងណា លោកលើកឡើងថា ការផ្សព្វផ្សាយព័ត៌មានដែលគ្រប់ជ្រុងជ្រោយ និងមានឯកសារភស្តុតាងគ្រប់គ្រាន់ នឹងបញ្ចៀសហានិភ័យដល់អ្នកសារព័ត៌មាន។
មិនមែនតែអ្នកសារព័ត៌មានទេ ដែលត្រូវជួបបញ្ហាប្រឈម និងការរិតត្បិតតាមរូបភាពផ្សេងៗបែបនេះ សូម្បីតែសកម្មជនបរិស្ថាន ឬសហគមន៍មូលដ្ឋាន ក៏ត្រូវរងការរិតត្បិតមិនឱ្យចូលក្នុងតំបន់ការពារធម្មជាតិដែរ។
ប្រធានប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង បានឱ្យដឹងថា សកម្មជនបរិស្ថាន និងសហគមន៍បណ្តាញព្រៃឡង់ ក៏ត្រូវបានហាមឃាត់ពីមន្ត្រីបរិស្ថានមិនឱ្យចូលក្នុងតំបន់ការពារធម្មជាតិដែរ។ លោកបន្ថែមថា ការហាមឃាត់នេះទំនងដោយសារ មន្ត្រីឧទ្យានុរក្សបារម្ភថា ប្រសិនបើក្រុមសកម្មជនរកឃើញបទល្មើសធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ នោះពួកគេនឹងផ្សព្វផ្សាយជាសាធារណៈ។
លោកមានប្រសាសន៍ថា៖«ការចូលទៅល្បាតត្រូវបានរារាំង ជាពិសេសក្រុមឧទ្យានុរក្សនៅមូលដ្ឋានគាត់មានការព្រួយបារម្ភអត់ឱ្យបណ្តាញសហគមន៍ឯករាជ្យ ឬក៏បណ្តាញសហគមន៍មូលដ្ឋានដែលគាត់ជាអ្នកអាស្រ័យផលចូលទៅក្នុងតំបន់ការពារធម្មជាតិទេ»។
ជាការឆ្លើយតប អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ជំរុញឱ្យអ្នកសារព័ត៌មាន សកម្មបរិស្ថាន និងបណ្តាញសហគមន៍មូលដ្ឋានស្នើសុំការអនុញ្ញាតទៅមន្ត្រីជំនាញជាមុន ដើម្បីបង្ហាញគោលបំណងច្បាស់លាស់ ហើយក៏អាចរក្សាសុវត្ថិភាពដែរ។
លោកថ្លែងថា៖«យើងត្រូវការការចូលរួម ការស្នើសុំ ដើម្បីរៀបចំឱ្យមានសុវត្ថិភាព ឬក៏ចំនឹងគោលដៅ និងគោលបំណងរបស់ពួកគាត់ អ៊ីចឹងបានជាយើងចាំបាច់ត្រូវការអញ្ជើញពួកគាត់មកពិភាក្សាគ្នា ដើម្បីឱ្យយើងចូលរួមធ្វើការសិក្សាហ្នឹងរួមគ្នា»។
ប្រហាក់ប្រហែលគ្នានេះដែរ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា ជុំវិញបញ្ហាប្រឈមរបស់អ្នកសារព័ត៌មាន ក្រសួងបានយកចិត្តទុកដាក់ក្នុងការគាំពារទាំងផ្នែកសង្គម និងផ្លូវច្បាប់ ចំពោះអ្នកសារព័ត៌មាននៃស្ថាប័នដែលបានចុះបញ្ជីនៅក្រសួង។
យ៉ាងណាមិញ លោកជំរុញឱ្យអ្នកសារព័ត៌មានទាំងអស់ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ដោយថាអ្នកសារព័ត៌មានប្រទេសផ្សេងៗក៏ប្រឈមបញ្ហាដែរ មិនមែនតែអ្នកសារព័ត៌មាននៅកម្ពុជាទេ។
លោកមានប្រសាសន៍ថា៖«ខ្ញុំគិតថា ទាំងនៅកម្ពុជា និងនៅក្នុងប្រទេសផ្សេងទៀតនៅក្នុងសកលលោក គឺសុទ្ធតែមានការប្រឈមដូចគ្នា។ ស្ថានភាពសារព័ត៌មាន អ្នកសារព័ត៌មាន គឺសុទ្ធតែប្រឈម មិនទាន់មានប្រទេសណាមួយដែលល្អឥតខ្ចោះនោះទេ។ អ៊ីចឹងកម្ពុជាយើងត្រូវឈរលើមូលដ្ឋានវិជ្ជមាន សមិទ្ធផលការងារដែលយើងមាន ដែលយើងសម្រេចបានរួមគ្នាពីការចូលរួមភាគីទាំងអស់»។
ក្រសួងព័ត៌មានកាលពីថ្ងៃទី៣០ ខែមេសា បានចេញលទ្ធផលស្ទង់មតិមួយថា ជិត៨០ភាគរយក្នុងចំណោមអ្នកសារព័ត៌មានចំនួន៣៤១នាក់ដែលត្រូវបានស្ទង់មតិ បានលើកឡើងថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ហើយក្នុងនោះមានអ្នកសារព័ត៌មានប្រមាណ៩ភាគរយអះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានស្ថានភាពល្អបំផុត។
ផ្ទុយពីការរកឃើញនេះ សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិល និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយចំនួន១១ ដែលបានចេញផ្សាយដោយសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) នៅថ្ងៃទី០៣ ខែឧសភានេះបានបង្ហាញថា នៅកម្ពុជា អ្នកសារព័ត៌មានដែលរាយការណ៍អំពីបញ្ហាបរិស្ថានតែងតែប្រឈមនឹងការគំរាមកំហែង ការយាយី និងអំពើហិង្សា។
របាយការណ៍ចុងក្រោយរបស់ខេមបូចា ស្តីពី «ស្ថានភាពសារព័ត៌មានកម្ពុជា»បានបង្ហាញថា មានករណីយាយីចំពោះអ្នកសារព័ត៌មានចំនួន៣២ ករណីដែលបានកត់ត្រានៅក្នុងឆ្នាំ២០២៣ រួមទាំងករណីគំរាមកំហែងផ្លូវច្បាប់ចំនួន១៥ករណី។ ក្នុងនោះមានចំនួន៧ករណីក្នុងចំណោម ៣២ ករណីដែលជាប់ទាក់ទងទៅនឹងការរាយការណ៍អំពីបញ្ហាបរិស្ថាន។ ដោយឡែករយៈពេល៣ខែ ចាប់ពីខែ មករា ដល់ខែមីនា ឆ្នាំ២០២៤ មានករណីយារយីអ្នកសារព័ត៌មានចំនួន១០ករណី ក្នុងនោះមាន ៧ករណីនៃការគំរាមកំហែងផ្លូវច្បាប់។
ស្រដៀងគ្នានេះដែរ របាយការណ៍ប្រចាំឆ្នាំ២០២៣របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមអាដហុក និងមជ្ឈមណ្ឌលសាមគ្គីភាព ស្តីពី «ការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា»បានបង្ហាញថា មានអ្នកសារព័ត៌មានចំនួន២៦នាក់ ត្រូវប្រឈមមុខនឹងការរឹតបន្តឹង ឬការដាក់ទណ្ឌកម្មចំពោះការចុះបំពេញ ការងាររបស់ខ្លួននៅឆ្នាំ២០២៣។ អ្នកសារព័ត៌មានត្រូវបាននាំយកមកសួរនាំ បន្ទាប់ពីពួកគេបានធ្វើការស៊ើប អង្កេត ឬរាយការណ៍អំពីបញ្ហាសង្គម ដូចជា សកម្មភាពអាជីវកម្មខុសច្បាប់ អំពើពុករលួយ និងជម្លោះដីធ្លីជាដើម៕