បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍មួយចំនួនអះអាងថា ពួកគេត្រូវបានជូនដំណឹងពីការបើកដំណើរការកាស៊ីណូផ្នែកខ្លះឡើងវិញនៅសប្តាហ៍នេះ ខណៈបុគ្គលិកមួយចំនួនទៀតគ្រោងបន្តទាមទារប្រាក់ឧបត្ថម្ភ៤០ដុល្លារពីរដ្ឋាភិបាល និងប្រាក់ខែ៥០ភាគរយក្នុងខែមិថុនាពីក្រុមហ៊ុន។
ដំណឹងពីការប្រកាសបើកឡើងវិញនេះ ធ្វើឡើងបន្ទាប់រដ្ឋាភិបាលប្រកាសឲ្យកាស៊ីណូ និងក្លឹបកំសាន្តផ្សេងៗ អាចបើកទ្វារឡើងវិញបាន ក្រោយផ្អាកមួយរយៈដោយសារជំងឺកូវីដ១៩។
អ្នកស្រី ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរក្នុងក្រុមហ៊ុនណាហ្គាវើលដ៍លើកឡើងថា ក្រុមបុគ្គលិកត្រូវបានផ្នែកគ្រប់គ្រងហៅទៅប្រជុំកាលពីថ្ងៃចន្ទ ដោយប្រាប់ថា ក្រុមហ៊ុននឹងបើកទ្វារឡើងវិញនៅថ្ងៃទី៨ ខែមិនថុនា នេះ។ អ្នកស្រីបន្តថា អ្នកស្រីនៅតែបារម្ភពីជីវភាព និងការប្រឈមនានាក្នុងការរស់នៅរបស់បុគ្គលិកទាំងអស់ ដោយសារការបើកដំណើរការឡើងវិញនេះគឺមិនទាន់បើកមួយរយភាគរយនោះទេ ពោលគឺបើកតែផ្នែកដែលសំខាន់ និងចាំបាច់ប៉ុណ្ណោះ ដូចជាកាស៊ីណូ និងសណ្ឋាគារជាដើម។
អ្នកស្រីបញ្ជាក់ថា៖ «បញ្ហារបស់ពលរដ្ឋ បញ្ហារបស់បុគ្គលិកដែលបម្រើការ ពាក់ព័ន្ធនឹងជីវភាព បំណុលធនាគារ និងប្រាក់ឈ្នួល គឺនៅតែជាបញ្ហាដដែល ដោយហេតុថាក្រុមហ៊ុនមិនទាន់បានបើកដំណើរការមួយរយភាគរយ ដើម្បីឲ្យបុគ្គលិកទាំងអស់ចូលធ្វើការបានទេ»។
បើតាមអ្នកស្រី ឈឹម ស៊ីថរ សហជីពបុគ្គលិកណាហ្គាវើលដ៍រូបនេះបន្ថែមថា បុគ្គលិកប្រមាណជា៣,៥០០នាក់ត្រូវបានព្យួរកាងារបន្ទាប់ពីក្រុមហ៊ុនណាហ្គាវើលបានផ្អាកកាលពីថ្ងៃទី០១ ខែមេសា ហើយមកទល់ពេលនេះមានរយៈពេលជាង៣ខែហើយ។ អ្នកស្រីបន្តថា បុគ្គលិកកាស៊ីណូទាំងនោះបានដាក់ញត្តិទៅក្រសួងការងារ ទាមទារប្រាក់ឧបត្ថម្ភ៤០ដុល្លារពីរដ្ឋាភិបាល ប៉ុន្តែអ្នកស្រីថា បុគ្គលិកទាំងអស់មិនទាន់ទទួលបាននៅឡើយ។ ចំណែកក្នុងអំឡុងពេល៣ខែដែលក្រុមហ៊ុនបិទទ្វារបណ្តោះអាសន្ន ក្រុមហ៊ុនបានផ្តល់ប្រាក់ពាក់កណ្តាលនៃប្រាក់ខែតែប៉ុណ្ណោះ ពោលគឺ៥០%នៃប្រាក់ខែ ហើយក្រុមហ៊ុនបានផ្តល់ឲ្យតែ២ខែដំបូង ខណៈខែចុងក្រោយ ដែលជាខែមុថិនានេះមិនទាន់មានការដោះស្រាយនៅឡើយ។
ចំណែកអ្នកស្រី រី សុវណ្ណឌី បុគ្គលិកមួយរូបធ្វើការនៅកាស៊ីណូណាហ្គាវើលដ៍ និយាយថា បើទោះបីជាក្រុមហ៊ុនត្រៀមបើកដំណើរវិញ តែអ្នកស្រីមានការព្រួយបារម្ភពីជីវភាពនៅអំឡុងពេលដែលការងារមិនទាន់ដំណើរការទាំងស្រុង ដោយសារចំណូលអាចទទួលបានតិច ខណៈចំណាយដែលត្រូវប្រើប្រាស់ចាំបាច់ច្រើន។ អ្នកស្រីបានសំណូមពរឲ្យរដ្ឋាភិបាលជួយជំរុញឲ្យក្រុមហ៊ុនណាហ្គាវើលដ៍ផ្តល់ប្រាក់៥០ភាគរយដល់បុគ្គលិក និងជួយជំរុញឲ្យធនាគារពន្យារពេលបង់សងក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩។
អ្នកស្រីបញ្ជាក់ថា៖ «ធនាគារភាគច្រើនគឺអត់យោគយល់ពួកយើងទេ ហើយធនាគារខ្លះគឺគាត់នៅតែទាមទារឲ្យបុគ្គលិក នៅពេលដែលបង់ទៅវិញគឺបង់ការប្រាក់សរុប អីចឹងហើយធ្វើឲ្យពួកយើងអត់មានលទ្ធភាព ព្រោះដោយសារចន្លោះពេលនឹងយើងគ្មានលុយឯណាសន្សំទេ សូម្បីតែប្រាក់ខែគ្រាន់តែយើងចាយក៏សឹងតែមិនគ្រប់ផង»។
Newsroom Cambodia បានព្យាយាមទាក់ទងទៅលោក Hein Dames ប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុនណាហ្គាវើលដ៍ជាច្រើនដង ប៉ុន្តែលោកប្រាប់ថារវល់ជាប់ប្រជុំ។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៣ ខែមិថុនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសអនុញ្ញាតឲ្យកាស៊ីណូនៅទូទាំងប្រទេស ដែលត្រូវបានបញ្ជាឲ្យបិទដោយសារជំងឺកូវីដ១៩ បើកដំណើរការឡើងវិញ។ លោកបន្ថែមថា ម្ចាស់កាស៊ីណូទាំងអស់តម្រូវឲ្យមានកិច្ចព្រមព្រៀងជាមួយក្រសួង ឬក៏មន្ទីរសុខាភិបាល ដើម្បីមានវិធានការទប់ស្កាត់ក្នុងអំឡុងពេលបើកឡើងវិញ ធ្វើយ៉ាងណាឲ្យមានសុវត្ថិភាពទាំងបុគ្គលិក និងភ្ញៀវ។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាស់ លើកឡើងថា ការសម្រេចបើកកាស៊ីណូណាហ្គាវើលដ៍ អាចជួយសម្រាលដល់កម្មករ ខណៈដែលពួកគាត់មិនទទួលបានប្រាក់ឧបត្ថម្ភគាំពារពីរដ្ឋដូចកម្មករផ្នែកផ្សេងៗ។
លោកបញ្ជាក់ថា៖ «វាអត់មានជម្រើសអីក្រៅពីត្រូវតែបង្ខំចិត្តទៅធ្វើការងារទេ ព្រោះការងារហ្នឹងជាឆ្នាំងបាយគាត់ ជាលទ្ធភាពដែលគាត់អាចដោះស្រាយជីវភាពរស់នៅ គាត់អាចសងទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ ឬក៏កម្ចីឯកជន»។
លោកបន្តថា រដ្ឋាភិបាល និងនិយោជកគួរពិចារណាក្នុងការផ្តល់ប្រាក់ឧបត្ថម្ភគាំពារដល់បុគ្គលិកទាំងនោះ ដូចវិស័យដទៃទៀត។
លោកថា៖ «ពេលដែលរាជរដ្ឋាភិបាលមិនមានលទ្ធភាពផ្តល់ប្រាក់ឧបត្ថម្ភអោយកម្មករ យើងគិតថាខាងណាហ្គានៅតែមានលទ្ធភាពក្នុងការផ្តល់នូវប្រាក់ឧបត្ថម្ភគាំទ្រកម្មករនយោជិត ក្នុងអំឡុងពេលអត់មានការងារធ្វើ ព្រោះលុយដែលចំណេញមករាប់លានដុល្លារ បើកឲ្យកម្មករនិយោជិតក្នុងស្ថានភាពកូវីដមួយខែពីរខែហ្នឹង វាមិនស្មើមួយភាគរយនៃផលចំណេញនៃណាហ្គាវើលដ៍ផង»។
បុគ្គលិកកាស៊ីណូណាហ្គាវើលដ៍កាលពីពាក់កណ្តាលខែមិថុនា បានដាក់ញត្តិទៅក្រសួងការងារដើម្បីស្នើឲ្យមានការឧបត្ថម្ភពីរដ្ឋាភិបាលក្នុងអំឡុងជំងឺកូវីដ១៩ បន្ទាប់ពីក្រសួងការងារបានប្រកាសថារដ្ឋាភិបាលបានបើកប្រាក់ឧបត្ថម្ភដល់កម្មករក្នុងវិស័យកាត់ដេរ និងទេសចរណ៍ចំនួនជិតពីរម៉ឺននាក់ នៃរោងចក្រសហគ្រាសទាំង៥០ក្នុងវិស័យកាត់ដេរ និងទេសចរណ៍។ ប្រាក់ឧបត្ថម្ភនោះមានចាប់ពី១៥ដុល្លារ ទៅ៤០ដុល្លារក្នុងមួយខែ ទៅតាមពេលវេលានៃការព្យួរ៕