ពលរដ្ឋរស់នៅសង្កាត់ជើងឯក ខណ្ឌដង្កោ ប្រមាណ៨០នាក់តំណាងឱ្យពលរដ្ឋ១០១គ្រួសារ បន្តទទូចឱ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើប្លង់កម្មសិទ្ធិដីលំនៅដ្ឋានជូនពួកគេដែលរស់នៅប្រមាណ៤០ឆ្នាំមកនេះ ក្រោយសុំការអន្តរាគមន៍ពីអាជ្ញាធរខណ្ឌ និងក្រុងជាច្រើនលើកច្រើនសារ ប៉ុន្តែមិនទទួលបានលទ្ធផល។
ប្រជាពលរដ្ឋរស់នៅសហគមន៍ដូនឱ សង្កាត់ជើងឯក នៅព្រឹកថ្ងៃទី០៦ ខែឧសភានេះ បានប្រមូលផ្តុំគ្នាដាក់លិខិតនៅមុខសាលារាជធានីភ្នំពេញ ដើម្បីជំរុញឱ្យលោក លោក ឃួង ស្រេង ដោះស្រាយដីលំនៅឋានសម្រាប់ពួកគេ។បើទោះបែបណា រដ្ឋបាលរាជធានីភ្នំពេញ បានបើកផ្លូវឱ្យតំណាងពលរដ្ឋចំនួន៥នាក់ចូលទៅដាក់លិខិត។
អ្នកស្រី អាន សុខឃីម ដែលអះអាងថាជាតំណាពលរដ្ឋម្នាក់ក្នុងចំណោម៤នាក់ផ្សេងទៀត ដែលបានចូលទៅដាក់លិខិត បានឱ្យដឹងថា ពួកគេបានដាក់សំណើររួចហើយ នៅព្រឹកថ្ងៃទី៦ឧសភានេះ។ប៉ុន្តែមិនបានជួបលោក ឃួង ស្រេង ដោយផ្ទាល់ទេ។ជាមួយគ្នានេះ អ្នកស្រីបន្ថែមថា គោលបំណងនៃការដាក់សំណើជាថ្មីនេះ គឺដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញពន្លឿនការធ្វើប្លង់កម្មសិទ្ធិដីលំនៅដ្ឋានឱ្យពួកគេទាំង១០១គ្រួសារ ដែលភាគច្រើនរស់នៅតាំងពីឆ្នាំ១៩៨២ និង១៩៨៣មក។
អ្នកស្រីថ្លែងថា៖«ខ្ញុំ និងអ្នកភូមិ មកជួបនឹងមន្ត្រីសាលាក្រុង(ភ្នំពេញ) ជំរុញឱ្យគាត់ពន្លឿន និងស្នើសុំមន្ត្រីដែលពាក់ព័ន្ធ ជំនាញផ្នែកធ្វើឯកសារ សូមឱ្យគាត់ជួយពន្លឿនការធ្វើបណ្ណកម្មសិទ្ធិឱ្យលឿនជូនប្រជាពលរដ្ឋ ដោយសារពួកគាត់មានផលលំបាកច្រើន»។
បន្ថែមលើនេះ ពលរដ្ឋវ័យ៣៩ឆ្នាំរូបនេះ ដែលរស់នៅក្នុងសហគមន៍នោះជិត១០ឆ្នាំឱ្យដឹងទៀតថា ពួកគេក៏ចង់ឱ្យអាជ្ញាធរក្រុងភ្នំពេញបញ្ជាក់ពីពេលវេលាជាក់លាក់នៃការវាស់វែង និងធ្វើប្លង់កម្មសិទ្ធិដីធ្លី។មិនតែប៉ុណ្នោះអ្នកស្រីក៏ធ្លាប់មកដាក់សំណើផ្ទាល់ទៅសាលាក្រុងចំនួន៣ដងរួចមកហើយដែរ។លើសពីនេះទៅទៀត ក្រោយដាក់សំណើររួច ពលរដ្ឋតែងសាកសួរតាមទូរសព្ទញឹកញាប់ តាំងពីឆ្នាំ២០២០មក។ប៉ុន្តែអាជ្ញាធរក្រុងបានអះអាងម្តងហើយម្តងទៀតថា នឹងប្រជុំដោះស្រាយលើករណីនេះ។
ហាក់មិនខុសគ្នាទេ ពលរដ្ឋម្នាក់ទៀត អ្នកស្រី ជ្រុន គឹមសាន បានឱ្យដឹងដែរថា ការដាក់លិខិតនៅថ្ងៃទី០៦ ខែឧសភានេះ ក៏មន្ត្រីតំណាងសាលាក្រុងដែលចេញមកទទួលសំណើអះអាងថា លោក ឃួង ស្រេង នឹងរៀបចំកិច្ចប្រជុំនាថ្ងៃទី០៧ ខែឧសភាស្អែកនេះ។
អ្នកស្រីបន្តថា៖«គាត់(មន្ត្រីតំណាង)ថាគាត់គ្រាន់តែនិយាយថា គាត់គ្រាន់តែជាអភិបាលរងក្រុងទេ។ គាត់ថាអភិបាលក្រុងនឹងដាក់ប្រជុំស្អែក គាត់ប្រាប់អ៊ីចឹង[…]គាត់ថាខានស្អែកចាំខលមក បើអត់មានដំណោះស្រាយទៀត គាត់ថាឱ្យយើងឡើងមកទៀត »។
ទោះជាបែបនេះក្តី ស្ត្រីវ័យ៤០ឆ្នាំរូបនេះហាក់មិនមានជំនឿចិត្តថា អាជ្ញាធរក្រុងភ្នំពេញនឹងអាចប្រជុំរកដំណោះស្រាយដូចការសន្យានោះឡើយ ដោយសំអាងលើការសន្យាបែបនេះជាច្រើនដងមកហើយ ប៉ុន្តែមិនដែលមានលទ្ធផលឡើយ ក្រៅពីឱ្យពួកគាត់ព្យាយាមម្តងហើយម្តងទៀត ជាច្រើនឆ្នាំមកហើយ។
អ្នកស្រីបន្តថា៖«ខ្ញុំអត់មានជឿជាក់ទេ បើគាត់នៅតែសន្យាអត់មានឱ្យទំនុកចិត្តខ្ញុំផង នៅតែមកអ៊ីចឹងថា ស្អែកដាក់ការប្រជុំ តេមកអ៊ីចឹងថា អាទិត្យក្រោយប្រជុំ។ អាទិត្យក្រោយមកទៀតអ៊ីចឹងថា អាទិត្យក្រោយមួយទៀតប្រជុំ។ នៅតែអ៊ីចឹងរហូត ឱ្យព្យាយាមរហូត ខ្ញុំអត់ដឹងព្យាយាមម៉េចទៀត ព្យាយាម៤ឆ្នាំ។ អ្នកខ្លះអស់អង្ករហូបហើយ»។
បន្ថែមលើនេះ អ្នកស្រី គឹមសាន បានឱ្យដឹងថា បច្ចុប្បន្នពួកគាត់កាន់តែជួបផលលំបាកច្រើន ដោយសារមិនអាចចាក់ដី ឬធ្វើផ្ទះថ្មីបាន ដោយសារគ្មានប្លង់កម្មសិទ្ធិនោះ។ បញ្ហានេះ បានធ្វើឱ្យពួកគាត់ងាយប្រឈមនឹងទឹកជំនន់ ព្រោះតែដីផ្ទះទាប ក្រោយក្រុមហ៊ុនឯកជនមួយដែលអ្នកស្រីមិនស្គាល់ឈ្មោះបានចាក់ដីខ្ពស់ជុំវិញផ្ទះរបស់ពួកគាត់។អ្នកស្រីក៏ងឿងឆ្ងល់ថា ក្រុមហ៊ុនឯកជននោះទើបតែមកចាក់ដីលុបបឹងជើងឯកសោះ ស្រាប់តែមានប្លង់កម្មសិទ្ធិ ខណៈពួកគាត់រស់នៅយូរឆ្នាំតជំនាន់ បែរជាមិនទទួលបានប្លង់កាន់កាប់។
ឆ្លើយតបរឿងនេះ អភិបាលសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អះអាងថា ជុំវិញករណីនេះ លោកបានបញ្ជាឱ្យមន្ត្រីរបស់លោកដោះស្រាយហើយ។លោកថ្លែងការពារថាដីនៅតំបន់នោះមានភាពមិនប្រក្រតី ដូច្នេះត្រូវការសិក្សាឱ្យបានល្អិតល្អន់ជាមុនសិន។ដោយឡែកបច្ចុប្បន្នដីស្របច្បាប់នៅរាជធានីភ្នំពេញ អាជ្ញាធរបានធ្វើប្លង់កម្មជូនពលរដ្ឋ ហាក់រួចរាល់ទៅហើយ។
លោកបញ្ជាក់ថា៖«ខ្ញុំសូមជម្រាបថាគាត់ស្នាក់នៅហ្នឹងមិនប្រក្រតី អ៊ីចឹងត្រូវការសិក្សាបន្ថែម។ បើសិនជាសុំប្រទានកម្មក៏ត្រូវតែមើលសិក្សាឱ្យច្បាស់លាស់ថាត្រូវប្រទានកម្មគាត់យ៉ាងម៉េច! ប៉ុន្តែបើប្រទានកម្មដើម្បីបិទច្រមុះប្រឡាយ ខ្ញុំអត់អាចប្រទានកម្មជូនបានទេ »។
ចំណែក នាយកទទួលបន្ទុកកិច្ចការទូទាំង នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំ អាត សង្កេតឃើញថា ជាហូរហែរដ្ឋាភិបាលតែងធ្វើអនុប្រយោគពីសាធារណៈរបស់រដ្ឋទៅដីឯកជនរបស់រដ្ឋ ។ដូច្នេះលោកក៏ជំរុញឱ្យរដ្ឋគិតគូរដល់ការផ្តល់ប្លង់កម្មសិទ្ធិដល់ប្រជាពលរដ្ឋដែលរស់នៅ និងអាស្រ័យផលដែរ ដើម្បីឱ្យមានតម្លាភាព។
លោកបន្តថា៖«ទោះបីជាពីមុនគាត់រស់នៅលើដីរដ្ឋក៏ដោយ ប៉ុន្តែនៅពេលដែលរដ្ឋគិតគូរធ្វើការអភិវឌ្ឍន៍ ហើយនិងផ្តល់ដីរដ្ឋទៅធ្វើអនុប្រយោគដីរដ្ឋទៅជាឯកជន ហើយផ្តល់ឱ្យទៅឯកជនធ្វើជាកម្មសិទ្ធិ ក៏គួរតែគិតពីពលរដ្ឋដែលរស់នៅ និងអាស្រ័យផលជាយូរមកហើយ ឱ្យទទួលបានកម្មសិទ្ធិនឹងគេដែរ ដើម្បីកាត់បន្ថយនូវជម្លោះដីធ្លី ក៏ដូចជាផលលំបាកសម្រាប់ប្រជាពលរដ្ឋ »។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ក៏ធ្លាប់បានណែនាំឱ្យអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ពិនិត្យ និងដោះស្រាយករណីនេះដែរ ក្រោយពីមានប្រជាពលរដ្ឋ៥៦គ្រួសារ ស្នើសុំប្លង់កម្មសិទ្ធិដីលំនៅដ្ឋាន៕