នៅព្រឹកថ្ងៃពុធនេះ អាជ្ញាធរខណ្ឌចំការមនបានហាមឃាត់យុវជន និងព្រះសង្ឃជាង២០អង្គនាក់ មិនឲ្យដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ក្នុងខួបបួនឆ្នាំនៃការបាញ់សម្លាប់លោក នៅស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច ស្តុបបូកគោ។
យុវជនដែលគាំទ្រលោកបណ្ឌិត កែម ឡី និងព្រះសង្ឃជាង២០អង្គនាក់ នៅព្រឹកថ្ងៃទី០៨ ខែកក្កដានេះ បានប្រមូលផ្តុំគ្នាម្តុំស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ រាជធានីភ្នំពេញ ដើម្បីគ្រោងធ្វើពិធីបង្សុកូលរំឮកខួបនៃការបាត់បង់ជីវិតរបស់លោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគត្រូវបានគេបាញ់សម្លាប់នៅស្ថានីយ៍ប្រេងឥន្ធនៈនោះ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ។
ខណៈពួកគេកំពុងប្រមូលផ្តុំដើម្បីត្រៀមចូលទៅស្ថានីយ៍ប្រេងឥន្ធនៈនោះ កងសន្តិសុខខណ្ឌរាប់សិបនាក់បានហាមឃាត់ និងដេញពួកគេចេញពីបរិវេណនោះ មិនឲ្យពួកគេចូលធ្វើពិធី ដោយមូលហេតុថា មានការស្នើសុំពីម្ចាស់ស្ថានីយ និងដើម្បីរក្សាសណ្តាប់ធ្នាប់សន្តិសុខសាធារណៈ។
កញ្ញា ភឿន កែវរស្មី យុវជនម្នាក់ដែលបានចូលរួមក្នុងគម្រោងគោរពវិញ្ញាណក្ខន្ធនោះ លើកឡើងថា ការប្រមូលផ្តុំគ្នាដែលមានទាំងយុវជន និងព្រះសង្ឃ គឺចង់ធ្វើពិធីគោរពវិញ្ញាណក្ខ័ន្ធរបស់លោកបណ្ឌិត កែម ឡី។ កញ្ញាបន្តថា ការរារាំងពីសំណាក់អាជ្ញាធរគឺជាការបង្ហាញឲ្យឃើញពីការរឹតត្បិតសិទ្ធិសេរីភាព ដែលធ្វើឲ្យយុវជនមានការភ័យខ្លាច និងមិនហ៊ានធ្វើអ្វីដែលខ្លួនចង់ធ្វើ។
កញ្ញាបញ្ជាក់ថា៖ «អ្វីដែលយើងធ្វើរាល់ថ្ងៃនឹង ហើយក៏ដូចជាព្រឹកនឹង អត់មានខុសច្បាប់ទេ ប៉ុន្តែខាងអាជ្ញាធរទេដែលគាត់ខុសច្បាប់ ហើយក៏ដូចជាប្រមូលផ្តុំគ្នាច្រើនជាងយើងយុវជនយើងមកធ្វើផង។ អីចឹងទៅអ្នកខ្លះក៏មានម៉ាសអ្នកខ្លះក៏អត់ម៉ាស ហើយមើលទៅវា វាបង្កទៅជាគ្រោះថ្នាក់ដល់យើងដែលជាយុវជនមកចូលរួមវិញ»។
កញ្ញាបន្ថែមដោយសំណូមពរឲ្យអាជ្ញាធរចូលរួមគោរព ធ្វើការតាមនីតិវិធី និងអនុវត្តន៍ច្បាប់ ជៀសវាងការធ្វើអ្វីមួយតាមថ្នាក់លើដោយបំពានច្បាប់។
កញ្ញាថា៖ «បើគាត់កាន់ច្បាប់ គាត់ចេះច្បាប់ សូមឲ្យគាត់គោរពច្បាប់ មែនគាត់ជាអ្នកកាន់ច្បាប់ គាត់ចេះច្បាប់ តែទង្វើរដែលគាត់ធ្វើមកធ្វើតាមមេតាមកើយ តាមបញ្ជាថ្នាក់លើ មិនដែលលើកច្បាប់មកនិយាយទេ។ ហើយនៅពេលដែលប្រជាពលរដ្ឋលើកច្បាប់មកនិយាយគឹគាត់មិនទទួលស្គាល់ថា ស្អីដែលយើងធ្វើហ្នឹងត្រូវច្បាប់ដែរ។ គាត់នៅតែរឹតត្បិតសិទ្ធិសេរីភាពយើង»។
ចំណែកព្រះតេជគុណ កើត សារ៉ាយ ព្រះសង្ឃមួយអង្គដែលបានចូលរួមជាមួយយុវជន មានសង្ឃដីកាថា ការរារាំងយុវជន និងព្រះសង្ឃនាព្រឹកថ្ងៃពុធនេះ ជាការរំលោភបំពានសិទ្ធិធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ។ ព្រះតេជគុណបន្តថា សិទ្ធិសេរីភាពដែលចែងដោយច្បាប់ និងបានមកពីការច្បាំងដោយចំណេះដឹង ទើបជាសិទ្ធិសេរីភាពពិតប្រាកដសម្រាប់ប្រជាពលរដ្ឋទាំងអស់។
តេជគុណមានសង្ឃដីកាថា៖ «មិនមានការរំពឹងខ្ពស់នៅឡើយទេដែលអាចធ្វើឲ្យសង្គមខ្មែរមានសុចរិតភាព ដរាបណាការអនុវត្តច្បាប់នៅតែប្រកាន់និន្នាការនយោបាយ»។
ចំណែកលោក ហ៊ុន វណ្ណៈ យុវជនម្នាក់ទៀតដែលចូលរួមប្រារព្ធពិធីនោះដែរ លើកឡើងថាសកម្មភាពរបស់អាជ្ញាធរធ្វើឲ្យប្រជាពលរដ្ឋ និងយុវជនចាប់ផ្តើមមើលរំលង និងមិនឲ្យតម្លៃពួកគាត់ទៅវិញ។
លោកថា៖ «បើយើងសិក្សាពីផ្លូវច្បាប់ គឺលិខិតហ្នឹង [លិខិតចេញដោយរដ្ឋបាលខណ្ឌចំការមន ហាមមិនឲ្យពលរដ្ឋប្រារព្ធពិធីរំឮកវិញ្ញាណក្ខន្ឌលោកបណ្ឌិត កែម ឡី] ក៏គាត់រំលោភសិទ្ធិសេរីភាពប្រជាពលរដ្ឋ ក៏ធ្វើខុសនឹងច្បាប់រដ្ឋធម្មនុញ្ញដែរ។ អីចឹងរបស់ដែលគាត់ធ្វើកន្លងមក ដូចបង្រៀនឲ្យប្រជាពលរដ្ឋចាប់ផ្តើមលែងគោរពគាត់ »។
លោក ស៊ឹង សែនករុណា មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លើកឡើងថា ការហាមឃាត់ព្រះសង្ឃ និងក្រុមយុវជនដែលគាំទ្រលោកបណ្ឌិត កែម ឡី មិបឲ្យធ្វើពិធីរំលឹកវិញ្ញាណក្ខ័ន្ធលោកនៅក្នុងបរិវេណម៉ាតកាល់តិចបូកគោ ក្រោមហេតុផលរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងមានបណ្តឹងពីខាងម្ចាស់ម៉ាតកាល់តិច គឺជារឿងមិនសមហេតុផល។ លោកបន្ថែមថា អាជ្ញាធរគួរតែអនុញ្ញាតឲ្យប្រជាពលរដ្ឋដែឡជាអ្នកគាំទ្រលោកលបណ្ឌិត កែម ឡី ទាំងនោះបានធ្វើកម្មវិធី ដើម្បីគោរពវីរៈភាពរបស់លោក។
លោកបន្តថា៖ «អាជ្ញាធរគួរតែសម្រួលឲ្យគាត់ធ្វើពិធីបានចប់សព្វគ្រប់ នៅម៉ាតបូកគោហ្នឹង គឺមិនមានភាពច្របូកច្របល់ទេ។ អាជ្ញាធរធ្វើអីចឹងអាចនឹងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ វាមិនអាចមកពីពួកគាត់ទេ អាចមកពីអាជ្ញាធរទាំងអស់ហ្នឹងវិញ»។
នៅព្រឹកនេះដែរ ក៏មានការឃា៦ត់ខ្លួនយុវជនម្នាក់ដែលមានពាក់អាវយឺតរូបលោកបណ្ឌិត កែម ឡី នៅស្តាម៉ាត ក្នុងស្ថានីយ៍ប្រេងឥន្ធនៈនោះផងដែរ។
លោក ថេង សុថុល អភិបាលខណ្ឌចំការមនមានប្រសាសន៍ អាជ្ញាធរមិនបានចាប់ខ្លួនយុវជននោះទេ គ្រាន់តែហៅសាកសួរតែប៉ុណ្ណោះ។ លោកបន្តថា មូលហេតុគឺ «ដោយសារយុវជននោះពាក់អាវយឺតដែលគួរឲ្យសង្ស័យ»។ ប៉ុន្តែលោកថា អាជ្ញាធរក៏បានឲ្យយុវជននោះត្រឡប់ទៅវិញផងដែរនៅព្រឹកមិញនេះ។
សម្រាប់ការហាមឃាត់ក្រុមយុវជន និងព្រះសង្ឃមិនឲ្យធ្វើពិធី លោក ថេង សុថុល លើកឡើងថា ដោយសារក្រុមយុវជនទាំងនោះមិនបានសុំច្បាប់អនុញ្ញាត និងថា នោះក៏ជាសំណូមពររបស់ម្ចាស់ស្ថានីយ៍អោយរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងដោយការជូនដំណឹងរបស់រដ្ឋាភិបាល និងក្រសួងធម្មការមិនឲ្យជួបជុំក្នុងកំឡុងពេលមានជំងឺកូវីដ។
លោកថា៖ «ខ្ញុំមើលឃើញថាវាអត់មានប៉ះពាល់សិទ្ធិអីផង ព្រោះអីកន្លែងគោរពពិធី កន្លែងអី អឺ ចង់និយាយថា ខ្ញុំជាអាជ្ញាធរ ខ្ញុំគិតរឿងបញ្ហាសុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម »។
លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ ត្រូវបានឃាតករបាញ់សម្លាប់ទាំងកណ្តាលថ្ងៃ នៅក្នុងហាងលក់ទំនិញមួយកន្លែង ក្នុងស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ នៅរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦។ ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១០ ខែកក្កដា តែងមានក្រុមយុវជន និងអ្នកគាំទ្រលោកចូលរួមប្រារព្ធពិធីគោរពវិញ្ញាក្ខន្ធ ដោយមានដាក់កម្រងផ្កា និងរៀបចំពិធីបែបសាសនាផ្សេងៗ ប៉ុន្តែរាល់ការជួបជុំនោះ អាជ្ញាធរតែងរារាំងដោយមូលហេតុផ្សេងៗ៕