មានមនុស្សតិចតួចដែលបន្តពាក់ម៉ាសនៅភ្នំពេញ និងកន្លែងផ្សេងទៀតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បើទោះបីជាមានករណីឆ្លងវីរុសថ្មីនៅក្នុងប្រទេសក៏ដោយ មនុស្សម្នាជាច្រើននាំគ្នានិយាយថា ពួកគេមានអារម្មណ៍ថាការឆ្លងនៃជំងឺនេះបានកន្លងផុតទៅហើយ ហើយថា ការពាក់ម៉ាស់ធ្វើឲ្យគាត់មានអារម្មណ៍ថាក្តៅ និងធុញថប់។
ការណែនាំជាផ្លូវការរបស់ក្រសួងសុខាភិបាល នៅតែបន្តណែនាំឲ្យប្រជាជនពាក់ម៉ាស់ពេលដែលមានអារម្មណ៍ថាខ្លួនឈឺ ខណៈពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យប្រជាជនទាំងអស់បន្តពាក់ម៉ាស់។
លោក នឿន ណារិទ្ធិ វេជ្ជបណ្ឌិតនៅតំបន់កោះដាច់នៃរាជធានីភ្នំពេញប្រាប់ថា ចំនួនមនុស្សដែលពាក់ម៉ាស់នៅក្នុងភូមិរបស់គាត់បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា៖ «ចំនួនអ្នកពាក់ម៉ាសពិតជាមានការថយចុះ។ ខ្ញុំសង្កេតឃើញថា ប្រជាជនប្រហែល ៧០ ទៅ ៨០ ភាគរយនៅក្នុងភូមិរបស់ខ្ញុំមិនមានពាក់ម៉ាស់ទេ»។
វេជ្ជបណ្ឌិត ណារិទ្ធិ បន្ថែមថា នៅពេលប្រឹក្សាយោបល់ជាមួយអ្នកជំងឺ លោកព្យាយាមណែនាំពីអនាម័យល្អជាមួយពួកគេ ជៀសវាងការនិយាយធ្វើឲ្យពួកគេមានភាពភិតភ័យដោយសារជំងឺនេះ។
វេជ្ជបណ្ឌិត ណារិទ្ធិ ប្រាប់ថា៖ «រាល់ថ្ងៃពេលជួបពួកគាត់ ខ្ញុំតែងតែលើកទឹកចិត្តដល់អ្នកជំងឺ និងអ្នកជិតខាងខ្ញុំកុំឲ្យ ព្រួយបារម្ភ និងស្ត្រេសពេក។ តែខ្ញុំប្រាប់គាត់ឲ្យយកចិត្តទុកដាក់លើរឿងអនាម័យផ្ទាល់ខ្លួន ដែលជារឿងគួរតែត្រូវធ្វើឲ្យបានជាប់ជានិច្ច»។
លោកបញ្ជាក់ដែរថា រូបលោកផ្ទាល់ក៏ពាក់ម៉ាស់តែក្នុងស្ថានភាពដែលគិតថាមានហានិភ័យខ្ពស់ ដូចជាកន្លែងដែលមានមនុស្សច្រើនជាដើម ប៉ុន្តែលោកព្យាយាមចៀសវាងការចាប់ដៃគ្នា។
លោកថា៖ «និយាយត្រង់ទៅ ក្រៅពីជួបអ្នកជម្ងឺ និងទៅកន្លែងសាធារណៈ ឬកន្លែងជួបជុំគ្នាច្រើន ខ្ញុំក៏អត់ពាក់ម៉ាស់ដែរ»។
ព្រះមហាវិមលធម្មធារ៍ ស៊ូ តារា លេខាគណក្រុងសួង ព្រះគ្រូសូត្រស្ដាំវត្តវិហារទន្ទឹម មានសង្ឃដីកាថា ព្រះចៅអធិការរបស់ព្រះអង្គបានណែនាំទៅកាន់ព្រះសង្ឃទាំងអស់ឱ្យពាក់ម៉ាស់ក្នុងពិធីបុណ្យផ្សេងៗ ជាពិសេសនៅពេលនិមន្តទៅសូត្រមន្ត។
ព្រះអង្គមានសង្ឃដីកាបន្តថា វត្តភាគច្រើនក៏បានរក្សាអនាម័យដោយមានទឹកអាល់កុលលាងដៃ និងកន្លែងសម្រាប់លាងដៃផងដែរ។ ទោះជាយ៉ាងនេះក្តី ឧបាសក ឧបាសិកាមកវត្តបច្ចុប្បន្ន មិនសូវមានពាក់ម៉ាស់នោះទេ។
ព្រះតេជគុណ តារា មានសង្ឃដីកាថា៖ «អាត្មាកត់សម្គាល់ឃើញថា បច្ចុប្បន្ននេះមានញាតិញោមជាច្រើនដែលអញ្ជើញមកវត្ត មិនមានពាក់ទេ។ ឧទាហរណ៍នៅក្នុងកម្មវិធីដង្ហែទៀនវស្សា និងបច្ច័យដល់ព្រះសង្ឃនៅថ្ងៃច័ន្ទនេះ អាត្មាឃើញថា ញាតិញោមដែលចូលរួមហ្នឹងមានជាងពាក់កណ្តាលមិនបានពាក់ម៉ាស់ទេ។»
នៅរាជធានីភ្នំពេញ មនុស្សម្នាជាច្រើនបានបង្ហាញពីទំនោរនៃការឈប់ចង់ពាក់ម៉ាស់ ដោយលើកឡើងថា ពួកគេលែងមានការព្រួយបារម្ភខ្លាំងទៀតហើយចំពោះជំងឺកូវីដនេះ។
ជំងឺកូវីដ១៩ បានសម្លាប់មនុស្សចំនួនប្រមាណ ៥៦០.៨១៤នាក់ នៅទូទាំងពិភពលោក ក្នុងប្រទេសចំនួន២១៦ ក្នុងនោះមានអ្នកឆ្លងជំងឺនេះរហូតដល់ទៅ ១២.៤៨៦.៤៨៤ករណី។ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់អង្គការសុខភាពពិភពលោកកាលពីថ្ងៃ១២ ខែកក្កដា ឆ្នាំ២០២០។
សម្រាប់កម្ពុជា ក្នុងពេលបច្ចុប្បន្នមានករណីអ្នកកំពុងផ្ទុកជំងឺកូវីដចំនួន២៣ករណីប៉ុណ្ណោះ ដែលករណីទាំងនោះជាករណីនាំចូលពីក្រៅប្រទេស។
យុវតី មុន្នី រិទ្ធត្យា ដែលមកជួយលក់កាហ្វេជាមួយឪពុកម្តាយរបស់នាងនៅឯហាងកាហ្វេ កៅហេង បាននិយាយថា នាងបានឈប់ពាក់ម៉ាស់ពីព្រោះនាងគិតថាស្ថានភាពនៃជំងឺរាតត្បាតនេះមានភាពប្រសើរឡើង។
នាងនិយាយថា៖ «ខ្ញុំមិនចូលចិត្តម៉ាស់ទេ។ ខ្ញុំមានអារម្មណ៍មិនស្រួលសោះ ពេលដែលខ្ញុំពាក់វាហើយខ្ញុំគិតថាជំងឺកូវីដឥឡូវមិនមែនជាជំងឺធ្ងន់ធ្ងរខ្លាំងទេ»។
រីឯយុវជនវ័យ៣០ឆ្នាំ លោក ចិន សុខ ជាសន្តិសុខក្រុមហ៊ុនឯកជននៅក្លឹបស្នូឃឺរដាត ឲ្យដឹងដែរថា អាកាសធាតុក្តៅ លោកមិនចូលចិត្តពាក់ម៉ាសទេ ដោយថា ធ្វើឲ្យលោកមានអារម្មណ៍មិនស្រួល។ ប៉ុន្តែលោកថា លោកត្រូវបង្ខំចិត្តពាក់ដោយសារការងារ។
«ក៏ប៉ុន្តែខ្ញុំត្រូវតែពាក់វា ព្រោះនោះជាអ្វីដែលមេ (អ្នកគ្រប់គ្រងក្លឹប) បញ្ជា។ បើមេឃើញខ្ញុំអត់ពាក់ម៉ាស់ គាត់នឹងពិន័យម្តង១០ដុល្លារ។ រឿងពិន័យនេះធ្វើឡើងមិនមែនតែខ្ញុំទេ គឺជាមួយបុគ្គលិកទាំងអស់ ព្រោះនៅទីនេះមនុស្សភ្ញៀវចេញចូលច្រើនណាស់»។
ចំណែកយុវជនវ័យ២១ អាត អ៊ាត់ ជានិស្សិតឆ្នាំទី១ផ្នែកគីមីវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និយាយថា តម្លៃម៉ាស់ក៏ជាហេតុផលដែលលោកឈប់ពាក់វាដែរ។
លោកនិយាយថា៖ «ពីមុនខ្ញុំអាចទិញម៉ាស់បានបីក្នុងតម្លៃ៥០០រៀល ប៉ុន្តែឥឡូវនេះម៉ាស់មួយ២,០០០ ទៅ ២,៥០០រៀល។ អង្កាល់កូវីដផ្ទុះ ខ្ញុំធ្លាប់បានពាក់ម៉ាស់ជាប់ដែរ តែឥឡូវខ្ញុំអត់ពាក់ទេ ព្រោះខ្ញុំគិតថាស្ថានភាពកូវីដ១៩រាល់ថ្ងៃហ្នឹងលែងអីហើយ។»
ការណែនាំស្តីពីការពាក់ម៉ាស់មានភាពស្រពិចស្រពិល ចាប់តាំងពីការរីករាលដាលនៃជំងឺរាតត្បាតនេះកាលពីដើមឆ្នាំមកម៉្លេះ។
អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ម៉ាស់គួរតែត្រូវបានប្រើ «ជាផ្នែកមួយនៃយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
«ម៉ាស់តែឯងនឹងមិនអាចការពារអ្នកពីជំងឺកូវីដ១៩ទេ។ ប្រជាជនក៏គួរតែលាងសម្អាតដៃរបស់ពួកគេឱ្យបានញឹកញាប់ និងរក្សាគម្លាតយ៉ាងតិច១ម៉ែត្រពីអ្នកដទៃ»។
បើតាមការណែនាំរបស់ក្រសួងសុខាភិបាល អ្នកដែលមិនមានរោគសញ្ញាផ្លូវដង្ហើមមិនចាំបាច់ពាក់ម៉ាស់ពេទ្យឡើយ ដោយសារតែគ្មានភស្តុតាងណាមួយបញ្ជាក់ថា ម៉ាស់អាចមានសារប្រយោជន៍សម្រាប់ការការពារអ្នកដែលគ្មានជំងឺឡើយ។ ទោះយ៉ាងណា ក្រសួងបានសង្កត់ធ្ងន់ថា អ្នកដែលមានទំនាក់ទំនងជិតស្និទ្ធ (ក្នុងគម្លាត១ម៉ែត្រ) ពីអ្នកដែលមានរោគសញ្ញាផ្លូវដង្ហើម ដូចជាកណ្តាស់ និងក្អក គឺមានហានិភ័យប្រឈមនឹងការស្រូបចូលនូវដំណក់ទឹកតូចៗចេញតាមផ្លូវដង្ហើមរបស់អ្នកជំងឺដែលអាចចម្លងជំងឺបាន។ ក្រសួងបញ្ជាក់ថា អ្នកដែលមានរោគសញ្ញាផ្លូវដង្ហើមគួរតែពាក់ម៉ាស់ពេទ្យ និងស្វែងរកការថែទាំសុខភាពឲ្យបានឆាប់រហ័សបំផុត ប្រសិនបើពួកគេមានរោគសញ្ញាដូចជាក្តៅខ្លួន ក្អក និងពិបាកដកដង្ហើម។
ខែមិថុនាកន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកដោយជំរុញឱ្យប្រជាជនទាំងនៅក្នុងទីក្រុង និងជនបទ ត្រូវបន្តពាក់ម៉ាស់ និងឧស្សាហ៍លាងសម្អាតដៃជាមួយទឹកអាល់កុល ឬជែលសម្លាប់មេរោគឲ្យបានជាប្រចាំ។
លោកក៏បានសរសេរបន្ថែមថា ចំពោះទីកន្លែងប្រមូលផ្តុំដែលមានមនុស្សច្រើន ដូចជាផ្សារ ផ្សារទំនើប ភោជនីយដ្ឋាន ហាងកាហ្វេ តូបលក់ដូរ ហាងលក់ទំនិញ ជាពិសេសមន្ទីរព្យាបាល និងមន្ទីរពេទ្យទាំងរដ្ឋ និងឯកជន ត្រូវតែមានម៉ាស ទឹកអាល់កុល ឬជែល ដើម្បីឲ្យពលរដ្ឋប្រើប្រាស់ការពារ កុំឲ្យមានការចម្លងជំងឺកូវីដ១៩ពីម្នាក់ទៅម្នាក់។
យោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីឆ្លងនៃជំងឺកូវីដសរុបមាន១៥៦ករណី ត្រូវបានគេរកឃើញនៅក្នុងប្រទេសកម្ពុជាគិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។ រហូតមកដល់ពេលនេះ មិនមានសេចក្តីរាយការណ៍ណាមួយពីការស្លាប់នៅការស្លាប់ដោយជំងឺនេះ នៅកម្ពុជានៅឡើយ៕