ពលរដ្ឋរស់នៅតំបន់បឹងតាមោកបង្ខំចិត្តសុំកិច្ចអន្តរាគមន៍ទៅស្ថាប័នរដ្ឋសភាជាថ្មីទៀត ដោយសារពួកគេរស់នៅក្នុងស្ថានភាពភ័យខ្លាច ក្រោយអាជ្ញាធរសង្កាត់ព្រែកព្នៅដាក់ឱសានទុកពេលឱ្យពលរដ្ឋរុះរើលំនៅដ្ឋានចេញដោយបង្ខំ។
ពលរដ្ឋដែលរងការបណ្តេញចេញដោយបង្ខំម្នាក់ អ្នកស្រី សឿន ស្រីសុទ្ធ បានឱ្យដឹងថា អ្នកស្រីកំពុងរស់នៅដោយការភ័យខ្លាច ព្រោះថាសូម្បីយប់ឡើងក៏អ្នកស្រីសម្រាន្តមិនលក់ដែរ ដោយសារតែបារម្ភពីការបណ្តេញចេញពីលំនៅដ្ឋាន និងការប្តឹងពីសំណាក់អាជ្ញាធរខណ្ឌព្រែកព្នៅ ខណៈបច្ចុប្បន្នអ្នកស្រីជាប់បណ្តឹងចំនួន២សំណុំរឿងផ្សេងគ្នារួចទៅហើយ។
អ្នកស្រីថ្លែងថា៖«ការភិតភ័យរបស់ខ្ញុំ គឺខ្ញុំដេកលែងលក់អស់ហើយ ព្រោះអី! ណាមួយគេបណ្តេញចេញពីផ្ទះ ណាជាប់បណ្តឹងតុលាការ វាមិនមែនតែមួយរឿងទេ! គឺវាដាក់សម្ពាធផ្លូវចិត្តខ្ញុំខ្លាំង ធ្វើឱ្យខ្ញុំដេកភ័យ ដេកព្រួយ យប់ឡើងដេកអត់លក់ហ្មង ក្នុងខ្លួនញ័រអស់ហើយ ខ្លាចបាត់បង់ផ្ទះផង ខ្លាចជាប់គុកផង»។
ការត្អូញត្អែរបែបនេះ ក្រោយរដ្ឋបាលខណ្ឌព្រែកព្នៅកាលពីថ្ងៃទី០៨ ខែឧសភា បានចេញបញ្ជាដោយគ្មានការយល់ដោយតម្រូវឱ្យពលរដ្ឋនៅតំបន់បឹងតាមោកចំនួន ៦គ្រួសារ ដែលស្ថិតក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រុះរើផ្ទះយ៉ាងយូរត្រឹមថ្ងៃទី២៤ ខែឧសភា ក្រោមហេតុផលសាងសង់ស្ពានកាត់បឹងទន្លេសាប ស្របនឹងស្ពានដែលមានស្រាប។អាជ្ញាធរខណ្ឌព្រែកព្នៅចោទប្រកាន់ថាប្រជាពលរដ្ឋទាំងនោះរស់នៅលើដីរដ្ឋខុសច្បាប់។
សម្រាប់ អ្នកស្រី សឿន ស្រីសុទ្ធ ចាត់ទុកថាជាការបណ្តេញពួកគេចេញពីទីតាំងដែលរស់នៅជាច្រើនឆ្នាំ ដោយចោទថារស់នៅលើដីចំណីផ្លូវនេះ ជាការចោទប្រកាន់មួយដែលមិនអាចទទួលយកបាន ខណៈដីធ្លីពួកគេរស់នៅសព្វថ្ងៃនេះ ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ។
អ្នកស្រីបន្តថា៖«ពួកគាត់(អាជ្ញាធរ)មករំលោភបំពានទាំងភ្លាមៗអ៊ីចឹង ធ្វើឱ្យខ្ញុំពិបាកទទួលយក ហើយវាជារូបភាពមួយមើលទៅឈឺចាប់បំផុតសម្រាប់ពួកខ្ញុំជាម្ចាស់ដីម្ចាស់ផ្ទះ បែរជាគេចោទប្រកាន់ថារស់នៅលើដីចំណីផ្លូវ»។
គេសង្កេតឃើញថានេះជាលើកទី៣ហើយដែលពលរដ្ឋបឹងតាមោកស្វែងរកកិច្ចអន្តរាគមន៍ជាថ្មីទៀតពីស្ថាប័នរដ្ឋសភា។ការស្វែងរកកិច្ចអន្តរាគមន៍ កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ដែលមានអ្នកចូលរួមសរុបចំនួន ២៦នាក់ ក្នុងនោះតំណាងពលរដ្ឋបឹងតាមោក២នាក់ ព្រះសង្ឃ២អង្គ និងនិស្សិតមកពីសាកលវិទ្យាល័យផ្សេងៗបានយកញត្តិទៅដាក់រួចហើយនៅរដ្ឋសភា។ប៉ុន្តែមកដល់ថ្ងៃនេះ គេនៅមិនទាន់ឃើញមានការឆ្លើយតបបែបណា ពីស្ថាប័នកំពូលរបស់ជាតិនេះនៅឡើយទេ។
បើតាមតំណាងពលរដ្ឋបឹងតាមោកម្នាក់ អ្នកស្រី ស៊ា ដាវី បានឱ្យដឹងថា គោលបំណងនៃការដាក់ញត្តិនេះ គឺដើម្បីស្នើឱ្យប្រធានរដ្ឋសភា លោកស្រី ឃួង សុដារី ជួយអន្តរាគមន៍ករណីប្រើវិធានការបណ្តេញចេញដោយបង្ខំរបស់អាជ្ញាធរខណ្ឌព្រែកព្នៅ ចំពោះពលរដ្ឋបឹងតាមោកទាំង៦គ្រួសារ និងស្នើឱ្យមេដឹកនាំកំពូលរូបនេះរក្សាផ្ទៃបឹងតាមោកដែលនៅសេសសល់ ទុកឱ្យពលរដ្ឋអាចអាស្រ័យផលចិញ្ចឹមជីវិតបានខ្លះផង។
អ្នកស្រីឱ្យដឹងដែរថា ជាច្រើនឆ្នាំដែលអ្នកភូមិរងគ្រោះកន្លងមកនេះ មិនធ្លាប់មានស្ថាប័នរដ្ឋណាមួយចេញមុខដោះស្រាយទេ សូម្បីការដាក់ញត្តិសុំការអន្តរាគមន៍មករដ្ឋសភា២ដងកន្លងមកកាលពីអំឡុងឆ្នាំ២០២២ ក៏ត្រូវបានទម្លាក់ទៅឱ្យរដ្ឋបាលខណ្ឌជាអ្នកអនុវត្ត ដែលមិនបានដោះស្រាយពលរដ្ឋរងគ្រោះឱ្យបានសមរម្យណាមួយឡើយ។
អ្នកស្រីបន្តថា៖«យើងស្នើឱ្យគាត់(រដ្ឋសភា)ជួយអន្តរាគមន៍ពាក់ព័ន្ធនឹងការបណ្តេញចេញដោយបង្ខំពីសំណាក់អាជ្ញាធរខណ្ឌព្រែកព្នៅ មកលើប្រជាពលរដ្ឋនៅសហគមន៍សំរោងត្បូងបឹងតាមោក ដោយសារយើងរងគ្រោះច្រើនឆ្នាំហើយ មិនទាន់មានខាងណាអន្តរាគមន៍។ អ៊ីចឹងសង្ឃឹមថាស្ថាប័នកំពូលរដ្ឋសភា គាត់អាចជួយរកដំណោះស្រាយឱ្យប្រជាពលរដ្ឋដែលអាចសមរម្យមួយដែលពួកយើងអាចទទួលយកបាន»។
តំណាងពលរដ្ឋដដែលបានឱ្យដឹងទៀតថា ការដាក់ញត្តិជាថ្មីទៀត កាលពីថ្ងៃម្សិលមិញនេះ តំណាងរដ្ឋសភាបានចេញមកទទួលញត្តិពីពលរដ្ឋដែរ ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ក្នុងការផ្តល់លទ្ធផលឡើយ។បញ្ហានេះ រឹតតែធ្វើឱ្យក្រុមអ្នករងគ្រោះពីគំរោងនៃការបណ្តេញចេញដោយបង្ខំមានការព្រួយបារម្ភ ដោយសារការបញ្ជាឱ្យរុះរើពីសំណាក់អាជ្ញាធរក៏ផុតឱសានវាទ ខណៈរាល់ការចុះអនុវត្តការងាររបស់អាជ្ញាធរខណ្ឌព្រែកព្នៅមកទីតាំងលំនៅដ្ឋានរបស់ពួកខ្លួន គឺតែងបង្កការគំរាមកំហែងជានិច្ច។
អ្នកស្រីបន្តថា៖«វាជាកង្វល់មួយដែរ ព្រោះអីអត់ដឹងថាថ្ងៃណាជាក់លាក់ ឱ្យពួកយើងរង់ចាំអ៊ីចឹង[..]នៅតែបារម្ភ! ដឹងស្រាប់ហើយសហគមន៍បឹងតាមោកពេលដែលអាជ្ញាធរចុះមកអនុវត្តគឺហិង្សា ហើយបន្ទាប់ពីហិង្សាទៅគឺពួកយើងទទួលបណ្តឹងតុលាការ»។
គេហទំព័រ Newsroom Cambodia មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បាននៅឡើយទេ នៅថ្ងៃទី២៨ ខែឧសភា នេះ ដោយទូរសព្ទចូលមិនមានអ្នកទទួល។
យ៉ាងណា ប្រធានគម្រោងសិទ្ធិរស់នៅក្នុងទីក្រុងនៃអង្គការសមាគមធាងត្នោត លោក ស៊ាង មួយឡៃ យល់ថា ការបណ្តេញពលរដ្ឋរស់នៅសហគមន៍សំរោងត្បូងចេញ ក្រោមហេតុផលរស់នៅលើដីសាធារណៈរបស់រដ្ឋ គឺជារឿងមិនសមហេតុផល។ ដូច្នេះលោកជំរុញឱ្យរដ្ឋសភាបញ្ជូនមន្ត្រីជំនាញថ្នាក់ជាតិចុះវាស់វែងផ្ទាល់ នោះទើបអាចរកច្រកចេញឃើញ ខណៈលោកថាបើរដ្ឋសភានៅតែបន្តទម្លាក់ករណីនេះឱ្យរដ្ឋបាលរាជធានីភ្នំពេញ និងខណ្ឌព្រែកព្នៅដោះស្រាយ នោះនឹងមិនអាចរកច្រកចេញបានឡើយ។
លោកបន្តថា៖«បើខាងរដ្ឋសភាគាត់បញ្ជូនរឿងនេះទៅឱ្យខាងអាជ្ញាធរថ្នាក់ក្រោមជាតិ គឺសាលារាជធានីភ្នំពេញ ឬក៏ខណ្ឌដោះស្រាយ ខ្ញុំគិតថារឿងនេះ វាហាក់ដូចជាវិលចុះវិលឡើង និងគ្មានដំណោះស្រាយ រកច្រកចេញនោះទេ។ អ៊ីចឹងចំណុចនេះ បើបានជារដ្ឋសភាបានទទួលលិខិត ឬញត្តិពីសហគមន៍ហើយ ខ្ញុំសង្ឃឹមថារដ្ឋសភានឹងមិនបញ្ជូនរឿងហ្នឹងឱ្យទៅឱ្យអាជ្ញាធរថ្នាក់ក្រោមដោះស្រាយទៀតទេ»។
តាមរយៈសេចក្តីសម្រេចស្តីពី តួនាទី និងភារកិច្ចរបស់គណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានៃរដ្ឋសភា ចុះថ្ងៃ០៩ ខែមករា ឆ្នាំ២០១៤ ត្រង់ប្រកា៣បានកំណត់ថា គណៈកម្មការសិទ្ធិមនុស្សមានភារកិច្ចទទួលពាក្យបណ្តឹងទូទៅរបស់ប្រជាពលរដ្ឋ តំណាងក្រុមអង្គការ និងសហគមន៍នានា រួចពិនិត្យ និងសម្របសម្រួលទៅអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយតាមរយៈប្រធានរដ្ឋសភា។ បន្ថែមលើនេះ ត្រូវការពារគាំទ្រ និងជំរុញការលើកស្ទួយសិទ្ធិពលរដ្ឋគ្រប់រូប ដើម្បីធានាសិទ្ធិជាមូលដ្ឋានក្នុងជីវភាពរស់នៅ ប្រកបដោយសេរីភាព យុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។
កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ អង្គការសមាគមធាងត្នោត បានចេញរបាយការណ៍ថ្មីមួយ ដោយរកឃើញថា ពលរដ្ឋដែលរស់នៅក្នុងសហគមន៍ចំនួន១១ទីតាំង ក្នុងរាជធានីភ្នំពេញ រួមទាំងសហគមន៍សំរោងត្បូង ឬបឹងតាមោក កំពុងប្រឈមនឹងការបាក់ទឹកចិត្ត បញ្ហាជីវភាព ការរំលោភបំពានដីធ្លី ការគំរាមកំហែងពីអាជ្ញាធរ និងទទួលរងបណ្ដឹងតាមផ្លូវតុលាការ។
ដោយឡែក កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៤ ក្រុមសង្គមស៊ីវិល និងសមាគមអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍មូលដ្ឋានចំនួន៣៨ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយស្នើឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញ គំរាមកំហែង និងផ្ដល់ការកាន់កាប់ដីធ្លីស្របច្បាប់ជូនប្រជាសហគមន៍សំរោងត្បូង៕