សហព័ន្ធកីឡាប្រដាល់គុនខ្មែរចាត់ទុកការដំឡើងតម្លៃខ្លួនឱ្យមន្ត្រីចៅក្រម-អាជ្ញាកណ្តាល ពី ១៥ដុល្លារទៅជា ២៥ដុល្លារអាមេរិកក្នុងមួយកម្មវិធីប្រកួត អាចធ្វើឱ្យមន្ត្រីរបស់ខ្លួនបង្កើនការយកចិត្តទុកដាក់ និងបញ្ចៀសនូវភាពមិនសុក្រិតក្នុងការរៀបចំការប្រកួត។
ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ខូវ ឆាយ បានឱ្យដឹងថា ក្រោយចរចាជាមួយម្ចាស់កម្មវិធីប្រដាល់ទាំងអស់រយៈពេល២ខែមកនេះ លោកសម្រេចដំឡើងប្រាក់តម្លៃខ្លួនឱ្យមន្ត្រីចៅក្រម-អាជ្ញាកណ្តាលប្រដាល់គុនខ្មែរទាំងអស់ឱ្យបានជាមធ្យម ២៥ដុល្លារក្នុងមួយកម្មវិធីប្រកួត ចាប់ពីថ្ងៃទី០១ ខែកក្កដាខាងមុខនេះទៅ។ការតំឡើងនេះ ដោយលោកយល់ឃើញថា ដើម្បីឱ្យសក្តិសមនឹងទំហំការងារចម្រុះដែលមន្ត្រីទាំងអស់ត្រូវបំពេញរយៈពេលយ៉ាងហោច ៦ម៉ោងក្នុងកម្មវិធីនីមួយៗ ស្របពេលដែលតម្លៃខ្លួនចាស់ទទួលបានជាមធ្យម ១៥ដុល្លារក្នុងមួយកម្មវិធី។
លោកមានប្រសាសន៍ថា៖«យើងបានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភចាប់ពី ១០ម៉ឺនរៀលទៅ។ អាជ្ញាកណ្តាលគឺ១០ម៉ឺន ហើយអាចលើសហ្នឹងតិចតួច សម្រាប់អ្នកដែលមានជំនាញច្បាស់លាស់ មានការងារច្រើនមុខ។ ដូចថាអ្នកខ្លះធ្វើអាជ្ញាកណ្តាលផង ចៅក្រមផង អាចបានលើសហ្នឹងតិចតួច»។
ប្រធានសហព័ន្ធប្រដាល់គុនខ្មែរថ្មីថ្មោងរូបនេះចាត់ទុកថា ការដំឡើងតម្លៃខ្លួនចៅក្រម-អាជ្ញាកណ្តាលនេះ អាចនឹងធ្វើឱ្យការរៀបចំការប្រកួតនីមួយៗមានភាពសុក្រិតជាងមុន និងយុត្តិធម៌ដូចដែលមហាជនចង់បាន។ ផ្ទុយទៅវិញ លោកថាប្រសិនបើទំហំការងារ និងការទទួលខុសត្រូវរបស់ពួកគាត់ខ្ពស់ ហើយទទួលបានចំណូលទាប នោះអាចនឹងធ្វើឱ្យការរៀបចំការប្រកួតមិនសូវមានប្រសិទ្ធភាព។
លោកថ្លែងថា៖«ធ្វើម៉េចឱ្យគាត់សប្បាយចិត្តដែរ បានន័យថាទទួលបានប្រាក់ឧបត្ថម្ភមួយដែលសមរម្យទៅតាមការទទួលខុសត្រូវរបស់គាត់ ហើយគាត់អាចរស់រានបានសមរម្យពីការឧបត្ថម្ភនោះ ទើបមន្ត្រីអាចបំពេញការងារដោយវិជ្ជាជីវៈ ដោយមានប្រសិទ្ធភាព»។
លោក ខូវ ឆាយ បានបង្ហាញក្តីរំពឹងដែរថា ការដំឡើងតម្លៃខ្លួនឱ្យមន្ត្រីរបស់ខ្លួននេះ នឹងធ្វើឱ្យមន្ត្រីទាំងអស់កាន់តែស្រលាញ់ការងារ ហើយបំពេញតួនាទីរបស់ខ្លួនប្រកបដោយយុត្តិធម៌ និងវិជ្ជាជីវៈ។
ការប្រកាសដំឡើងប្រាក់តម្លៃខ្លួនសម្រាប់មន្ត្រីចៅក្រម-អាជ្ញាកណ្តាលរបស់សហព័ន្ធប្រដាល់គុនខ្មែរនេះ ធ្វើឡើងក្រោយពីមានការចុះផ្សាយព័ត៌មានជាច្រើនជុំវិញករណីមន្ត្រីសហព័ន្ធប្រដាល់គុនខ្មែរម្នាក់ទម្លាយថា ពួកគាត់បំពេញការងារនៅតាមកម្មវិធីប្រកួតប្រដាល់នៃស្ថានីយទូរទស្សន៍នាពេលបច្ចុប្បន្នទទួលបានតម្លៃខ្លួនជាមធ្យម១៥ ឬ១៦ដុល្លារអាមេរិក ដោយទូទាត់តាមរយៈការបំពេញការងារក្នុងកម្មវិធីប្រកួតមួយដែលមានរយៈពេលប្រមាណ ៦ម៉ោង។
ជុំវិញការដំឡើងនេះ មន្ត្រីចៅក្រម-អាជ្ញាកណ្តាលរបស់សហព័ន្ធប្រដាល់គុនខ្មែរបានបង្ហាញការសាទរចំពោះការយកចិត្តទុកដាក់ធ្វើកំណែទម្រង់ដំឡើងប្រាក់តម្លៃខ្លួនឱ្យពួកគាត់នេះ ប៉ុន្តែមន្ត្រីមួយចំនួនអះអាងថា ក្រោយធ្វើកំណែទម្រង់នេះ ចំណូលរបស់ពួកគាត់នឹងមិនកើនឡើងទេ ថែមទាំងថយចុះជាងមុន ឬបានប្រហាក់ប្រហែលមុន។ ការអះអាងដូច្នេះ ដោយសារតែបច្ចុប្បន្ន ពួកគាត់កំពុងបំពេញការងារចំនួន ៥កម្មវិធីក្នុងមួយសប្តាហ៍ ខណៈដែលចាប់ពីខែកក្កដាខាងមុខនេះទៅ សហព័ន្ធប្រដាល់គុនខ្មែរបានកំណត់ឱ្យមន្ត្រីទាំងអស់បំពេញការងមិនឱ្យលើសពី៣កម្មវិធីទេ។
ក្នុងនោះមន្ត្រីចៅក្រម-អាជ្ញាកណ្តាលរបស់សហព័ន្ធប្រដាល់គុនខ្មែរម្នាក់ លោក ម៉ាក់ សាមឿន ក៏យល់ស្របនឹងការលើកឡើងរបស់លោក ខូវ ឆាយ ដែរ ដោយថាពេលដែលមន្ត្រីចៅក្រម-អាជ្ញាកណ្តាលរៀបចំការប្រកួតបានចំណូលសមរម្យ នោះធ្វើឱ្យពួកគាត់សប្បាយចិត្តនឹងបំពេញការងារ ហើយកាន់តែយកចិត្តទុកដាក់ថែមទៀត។
លោកបន្តថា៖«ដោយសារតែថវិកាច្រើនជាងមុន អ៊ីចឹងការធ្វើការរបស់អាជ្ញាកណ្តាលចៅក្រម ក៏មានការប្រឹងប្រែងជាងមុន និងប្រុងយប្រយ័ត្នខ្លាំងជាងមុនទៀត»។
យ៉ាងណាមិញ លោកឱ្យដឹងថា បច្ចុប្បន្នលោកប្រចាំការជាចៅក្រម-អាជ្ញាកណ្តាលនៅសង្វៀននៃស្ថានីយទូរទស្សន៍ថោនចំនួន ៥កម្មវិធីក្នុងមួយសប្តាហ៍។ ក្នុងកម្មវិធីនីមួយៗលោកទទួលបាន ១៦ដុល្លារ ដូច្នេះលោកអាចទទួលបានចំណូល ៨០ដុល្លារក្នុងមួយសប្តាហ៍។ ប៉ុន្តែលោកថាចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ទៅ សហព័ន្ធប្រដាល់គុនខ្មែរនឹងដំឡើងទៅ ២៥ដុល្លារក្នុងមួយកម្មវិធី ប៉ុន្តែបែងចែកឱ្យមន្ត្រីចៅក្រម-អាជ្ញាកណ្តាលទាំងអស់បំពេញការងារចំនួន ៣កម្មវិធីក្នុងមួយសប្តាហ៍វិញ។
លោកនិយាយថា៖«សហព័ន្ធគាត់កែទម្រង់ថ្មី គឺច្របាច់ចូលគ្នា។ កម្មវិធីច្របាច់ចូលគ្នា ចៅក្រមអាជ្ញាកណ្តាលក៏ច្របាច់ចូលគ្នា ក្នុងម្នាក់ធ្វើបានតែ ៣កម្មវិធីទេ ហើយថវិកាដែលទទួលបានគឺម្នាក់ ១០ម៉ឺនរៀលក្នុងមួយកម្មវិធី »។
ក្នុងន័យនេះ លោក ម៉ាក សាមឿន លើកឡើងថា បន្ទាប់ពីសហព័ន្ធប្រដាល់គុនខ្មែរធ្វើកំណែទម្រង់នេះហើយ លោកអាចទទួលបានចំណូលប្រមាណ ៧៥ដុល្លារក្នុងមួយសប្តាហ៍។
ប្រហាក់ប្រហែលគ្នានេះដែរ មន្ត្រីសហព័ន្ធគុនខ្មែរម្នាក់ទៀត លោក សៅ ប៊ុននឿន ចាត់ទុកថាជាដំណឹងមួយដ៏ល្អ ដែលថ្នាក់ដឹកនាំសហព័ន្ធបានយកចិត្តទុកដាក់ដំឡើងតម្លៃខ្លួនឱ្យមន្ត្រីថ្នាក់ក្រោម ខណៈដែលបច្ចុប្បន្នលោកកាន់ការងារចំនួន ៥កម្មវិធីក្នុងមួយសប្តាហ៍ ហើយទទួល១៥ដុល្លារក្នុងកម្មវិធីនីមួយៗ។ យ៉ាងណា លោកក៏លើកឡើងដែរថា ចាប់ពីខែកក្កដាខាងមុខនេះទៅ លោកក៏ត្រូវកាត់បន្ថយទំហំការងារឱ្យទទួលខុសត្រូវចំនួន ៣កម្មវិធីវិញ ហើយទទួលបានចំណូល ៧៥ដុល្លារក្នុងមួយសប្តាហ៍ដូចបច្ចុប្បន្នដែរ។
ផ្ទុយទៅវិញ លោកឱ្យដឹងថាការកែទម្រង់ថ្មីនេះ ក៏តម្រូវឱ្យមន្ត្រីទាំងអស់បំពេញការងារចល័តពីស្ថានីយមួយទៅស្ថានីយមួយទៀត តាមអ្វីដែលសហព័ន្ធចាត់ចែង ដែលលោកបារម្ភពីពេលវេលា និងសុវត្ថិភាពក្នុងការធ្វើដំណើរចុះឡើងដែរ។
លោកបន្តថា៖«ខ្ញុំធ្លាប់ធ្វើ ៥កម្មវិធី ឥឡូវគេបែងចែកឱ្យធ្វើតែ ៣កម្មវិធីទេ អ៊ីចឹង៣កម្មវិធីទាំងអស់គ្នា។ អាជ្ញាកណ្តាល-ចៅក្រម១០០នាក់ជាងហ្នឹង គេឱ្យធ្វើស្មើៗគ្នាទាំងអស់ បានតែ៣កម្មវិធី បានមួយអាទិត្យ ៣០ម៉ឺន»។
ដោយឡែក អ្នកគាំទ្រគុនខ្មែរម្នាក់ លោក អ៊ុំ កុសល បានបង្ហាញការភ្ញាក់ផ្អើលនៅពេលដែលដឹងការពិតថា មន្ត្រីចៅក្រម-អាជ្ញាកណ្តាលបានតម្លៃខ្លួនចំនួន១៥ ឬ១៦ដុល្លារក្នុងមួយកម្មវិធី។យ៉ាងណា លោកក៏សាទរចំពោះការតំឡើងតម្លៃខ្លួនចៅក្រម-អាជ្ញាកណ្តាលប្រដាល់គុនខ្មែរនេះដែរ ប៉ុន្តែលោកចង់ឃើញសហព័ន្ធប្រដាល់គុនខ្មែរបង្កើនការយកចិត្តទុកដាក់ចំពោះមន្ត្រីរបស់ខ្លួន កុំចាំដល់មានព័ត៌មានបែកធ្លាយហើយ ទើបធ្វើកំណែទម្រង់តាមក្រោយ។
លោកបន្តថា៖«វាជារឿងមួយដែលយើងនឹកស្មានមិនដល់ វាតិចតួចខ្លាំងមែនទែនសម្រាប់អាជ្ញាកណ្តាល[..]វាជាចំណុចមួយដែលមិនគួរឱ្យកើតមាន ហើយក៏កុំឱ្យទាល់តែមានការបែកធ្លាយបានរៀបចំការតំឡើង អាហ្នឹងមិនគួរទេ ក្នុងនាមសហព័ន្ធ»។
បន្ថែមលើនេះ លោកក៏ជំរុញឱ្យចៅក្រម-អាជ្ញាកណ្តាលប្រដាល់គុនខ្មែរទាំងអស់ពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានល្អជាងមុនថែមទៀត និងមានឯករាជភាពក្នុងការកាត់សេចក្តី ចៀសវាងភាពមិនច្បាស់លាស់ ដូចការប្រកួតរវាងកីឡាករ ពេជ្រ សម្បត្តិ និងធន់ វណ្ណា កាលពីថ្ងៃទី១៦ ខែមិថុនាកន្លងទៅ ដែលមានភាពមិនប្រក្រតី ហើយត្រូវប្រកាសលទ្ធផល ២ដងថែមទៀត។
លោកបន្តថា៖«ក្រុមអាជ្ញាកណ្តាល-ចៅក្រម គាត់គួរតែពង្រឹងឱ្យបានថែមទៀតក្នុងការកាត់សេចក្តី បានន័យថាគាត់គឺជាអ្នកដែលមានសិទ្ធិក្នុងការកាត់សេចក្តីនៅលើសង្វៀនហើយ»។
គិតត្រឹមខែមេសា ឆ្នាំ២០២៤ សហព័ន្ធកីឡាប្រដាល់គុនខ្មែរមានមន្ត្រីចៅក្រម-អាជ្ញាកណ្តាលក្នុងកំពុងបម្រើនៅក្នុងវិស័យមួយនេះមានចសរុបចំនួន ១៥០នាក់។ដោយឡែកការប្រកួតនៅតាមបណ្តាស្ថានីយទូរទស្សន៍មានជាង ១០កម្មវិធីដូចជា នៅស្ថានីយទូរទស្សន៍បាយ័ន ស៊ីអិនស៊ី ភីអិនអិន ថោន ទទក រួមនិងទូរទស្សន៍កងយោពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ ខណៈឆាប់ៗនេះស្ថានីយទូរទស្សន៍ហង្សមាស ក៏គ្រោងនឹងបង្កើតសង្វៀនថ្មីមួយដែរ។ក្រៅពីនេះក៏មានកម្មវិធីប្រកួតសង្វៀនថ្នាលគុនខ្មែរមួយចំនួនទៀត ដែលកំពុងរៀបចំប្រចាំសប្តាហ៍ និងប្រចាំខែដូចគ្នា៕