ភ្នំពេញ៖ អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(អ.វ.ត.ក.) ដែល​គេ​ស្គាល់​ថា​ជា​សាលា​ក្តី​ខ្មែរ​ក្រហម បាន​ក្លាយ​ជា​គំរូ​របស់​អន្តរជាតិ​មួយ ក្នុង​ការ​កាត់​ទោស​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ ក្រោយ​ស្ថាប័ននេះ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះពីរបប​កម្ពុជា​ប្រជា​ធិប​តេយ្យ។ នេះបើតាមការលើកឡើងរបស់ភាគីពាក់ព័ន្ធ​ នៅ​ក្នុង​កម្មវិធីដាក់​សម្ពោធ​សមិទ្ធផល​នៅ​អគារ​អនុវត្ត​មុខងារ​សេស​សល់​របស់អ.វ.ត.ក. នាព្រឹកថ្ងៃអង្គារ៍ទី១៦ ខែកក្កដា។

លោក វង្សី វិស្សុត ជា​ប្រធាន​ក្រុម​ការ​ងារ​របស់​រដ្ឋាភិបាល​ទទួល​បន្ទុក​ដំណើរ​ការ​អនុវត្ត​មុខងារ​សេស​សល់​របស់អ.វ.ត.ក. ឱ្យ​ដឹង​ថាកម្ពុជាបាន​ផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ក្រោយ​​អតីត​នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន បាន​ផ្តួច​ផ្តើម​គំនិត​បង្កើត​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​​កម្ពុជា ដែល​មាន​អង្គការ​សហ​ប្រជាជាតិ​ជួយ​គាំទ្រ​ក្នុង​ដំណើរ​ការ​កាត់​ក្តី។

លោក វង្សី វិស្សុត មាន​ប្រសាសន៍​ថា៖«អ.វ.ត.ក. ​បាន​បង្កើត​តុលាការ កំពូល​អន្តរជាតិ​គំរូ​មួយ​ក្នុង​ការ​កាត់​ទោស​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍​ដែល​បាន​ប្រើ​យុត្ថាធិការ​របស់​ប្រទេស​ម្ចាស់​បញ្ហា​ហើយ​ប្រើច្បាប់ Civil law  Common Law​​ ​ហើយ​ឆ្លុះ​បញ្ចាំង​ពី​សក្តានុពល​ភាព​នៃ​និតី​វិធី​តុលាការ​កម្ពុជា ក្នុង​ការ​បង្រួប​បង្រួម​ជាតិ  ផ្សះ​ផ្សារ​ជាតិ ​សម្រេច​បាន​យុត្តិធម៌​ជូន​ជន​រង​គ្រោះ ព្រម​ទាំង​ធានា​បាន​នូវ និរន្ត​ភាព​នៃ​សុខ​សន្តិភាព​សម្រាប់​ជាតិ»។

លោក មីហ្គែល ឌីសែប៉ា សូអារ៉េស (Miguel de Serpa Soares) ជា​ទីប្រឹក្សា​ច្បាប់​របស់​អង្គការ​សហ​ប្រជាជាតិ ​ថ្លែងថា​ទាំង​អស់​គ្នា​ត្រូវ​តែ​រក្សា​កេរ​តំណែល​ដ៏​ល្អ​ជា​ប្រវត្តិសាស្រ្ត​របស់​កម្ពុជា ពី​ព្រោះ អ.វ.ត.ក.​នេះជា​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញា​ដ៏​ពិសេស​មួយរបស់​កម្ពុជា​ធ្វើ​ការ​លាត​ត្រដាង​នូវឧក្រិដ្ឋ​កម្ម​ប្រល័យ​​ពូជសាសន៍​ទៅ​កាន់​អន្តរជាតិ។    

លោកមាន​ប្រសាសន៍​ជា​ភាសា​អង់គ្លេស ហើយ​បក​ប្រែ​ជា​ខេមរ​ភាសា​ថា៖«អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ គឺ​ជា​គំរូ​តុលាការ​មូយ​គត់​ដែល​មាន​ភាព​ជា​ម្ចាស់ លើ​គម្រោង​យុត្តិធម៌​អន្តរកាលអ.វ.ត.ក. គឺ​ជា​តុលាការ​ពិសេស​មួយ​ដែល​ទទួល​បាន​ជំនួយ​អន្តរជាតិ តាម​រយៈ​អង្គការ​សហ​ប្រជាជាតិ និង​ស្ថាប័ន​មាន​លក្ខណៈ​​ខុស​ប្លែក​ពី​គេ​ជា​ច្រើន គំរូ​តុលាការ​នេះ​ត្រូវបានសម្តេច​បង្កើត​ឡើងពីព្រោះ​ប្រជាជន​កម្ពុជា​ចង់​បាន​នូវ​យុត្តិធម៌»។

លោក​បាន​បន្ថែម​ថា កម្ពុជា​មិន​មែន​អំពាវនាវ ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​មក​ទទួល​ភារកិច្ច​ស្វែង​រកយុត្តិធម៌​ជំនួស​កម្ពុជា​នោះ​ឡើយ ប៉ុន្តែកម្ពុជាបាន​អញ្ជើញ​សហគមន៍​អន្តរជាតិ​ឱ្យ​ជួយ​កម្ពុជា​ក្នុងដំណើរ​ផ្លូវ​ស្វែង​រក​យុត្តធម៌ និង​ការ​ផ្សះផ្សារ​ជាតិ។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​សម្ពោធ​នោះ​ថា ប្រវត្តិសាស្ត្រ​ដែល​​​កម្ពុជា​មាន គឺ​មិន​ត្រឹម​តែ​ទុក​នៅ​កម្ពុជា សម្រាប់​កូន​ខ្មែរ​នោះ​ទេ យើងក៏​ចែក​រំលែក​ទៅ​បណ្ដា​តំបន់​​ផ្សេងៗ​តាម​រយៈ​ការ​បើក​ឲ្យ​ស្រាវជ្រាវ​ និង​ចែក​រំលែក​បទ​ពិសោធន៍​នៅ​កម្ពុជា ជា​ពិសេសអំពី​តុលាការ​​ដែល​មាន​ចរិត​ប្រវត្តិសាស្ត្រ​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «នេះ​គឺ​ជា​អ្វី​ដែល​ជា​ភាព​ចាំ​បាច់​ទៅ​ក្នុង​ការ​រៀប​ចំ​ថែ​រក្សា​អគារ​នេះ ថ្ងៃ​នេះជា​ជំហាន​មួយ ថ្ងៃ​ក្រោយ​យើង​រៀប​ចំ​វិទ្យាស្ថាន​មួយ​ដើម្បី​ពង្រីក​សក្ដានុពល ដើម្បី​ទុក​ជា​តម្លៃ​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​របស់​យើង។ ទាំង​វប្បធម៌​នៃ​ការ​ជឿជាក់ និង​ប្រវត្តិសាស្ត្រ​ដែល​លំបាក​វា​​បង្ហាញ​ឲ្យ​ភាព​ចាំ​បាច់​នៅ​ក្នុង​ការ​ថែ​រក្សា​សន្តិភាព​ជាប់​គ្នា វា​ភ្ជាប់​គ្នា​នូវ​អ្វី​ដែល​ជា​ប្រវត្តិសាស្ត្រ​របស់​យើងតាំង​ពី​សម័យ​មហានគរ»។

ក្នុង​ដំណើរ​ការ​កាត់ក្តី រយៈ​ពេល​១៦ឆ្នាំ របស់ អ.វ.ត.ក. ក្រៅ​ពីបានក្លាយជា​គំរូតុលាការ​អន្តរជាតិ​ហើយនោះ អ.វ.ត.ក.ក៏​​មាន​សមិទ្ធផល​ផ្សេងទៀតជាអាទ៍​ ប័ណ្ណសារ​តុលាការចំនួ​នជាង​២​ទំព័រ ចង​ក្រង​ជា​បី​ភាសា​គឺខ្មែរ ​អង់គ្លេស និង​​បារាំង ការ​ស្វែង​រក​ការ​ពិត និងពង្រឹង​នីតិ​រដ្ឋ​ពិសេសការ​ផ្តល់​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ ព្រមទាំងការពង្រឹង​សមត្ថភាព​តុលារការ​និង​មន្រ្តី​ច្បាប់តាមរយៈការ​ផ្ទេរ​ចំណេះ​ដឹង និង​បទពិសោធន៍​ពីអ.វ.ត.ក.ជាដើម។

សូម​បញ្ជាក់​ថា តុលាការ​គំរូ​កូន​កាត់អ.វ.ត.ក. មាន លក្ខណៈ​ខុសប្លែកពីតុលាការ​អន្តជាតិ ផ្សេងៗទៀតដូចជា ការកាត់​ទោសនិង​ផ្តន្ទា​ទោសអស់មួយ​ជីវិត​លើ​អតីតប្រមុខ​រដ្ឋ​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ ការអនុញ្ញាត​ឲ្យ​ជន​រង​គ្រោះ​ចូលរួម​ជា​ដើម​បណ្តឹងរដ្ឋ​ប្បវេណី ការ​ផ្សព្វផ្សាយ​ដោយ​ផ្ទាល់​ដល់​អ្នក​ចូល​រួម​ប្រមាណ៦​៥០០០០នាក់ និង​ជនរង​គ្រោះ​ចូល​រួម​តាម​ដាន​សវនាការ​ជំនុំ​ជម្រះ​ក្តី​ដោយ​ផ្ទាល់ ព្រមទាំងការចំណាយ​ថវិកាតិចក្នុងដំណើរការតុលារការជាដើម។ ចាប់​ពី​ឆ្នាំ ​២០០៦​​ដល់​ ២០២៣​​ អ.វ.ត.ក. បាន​ចំណាយ​អស់​ថវិកា​សរុបចំនួន ​៤០៧លាន​ដុល្លារ​អាមេរិក៕