ក្រសួង​បរិស្ថាន និង​កម្ម​វិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​(UNDP) សម្រេច​បង្កើត​ស្ថានីយ​បណ្តុះ​កូន​ឈើ សម្រាប់​ចែក​ជូន​ប្រជាជន​ដោយ​ឥត​គិត​ថ្លៃ ដើម្បី​ជំរុញ​ការ​ស្តារ​គម្រប​ព្រៃ​ឈើ​ឡើង​វិញនៅ​កម្ពុជា។ នេះបើ​យោងតាមកិច្ច​ព្រមព្រៀង​អនុវត្តគម្រោង«ពង្រឹង​យុទ្ធសាស្ត្រ​បៃតង​តាម​រយៈ​ស្ថានីយ៍​បណ្ដុះ​កូន​ឈើ​ថ្នាក់​តំបន់​នៅ​កម្ពុជា» ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។

គម្រោង​នេះ ​ផ្តោត​លើ​ការ​កសាង​ផែន​ការ​មេ​សម្រាប់​សាង​សង់​ស្ថានីយ​បណ្តុះកូន​ឈើ​ ក្នុងខេត្តចំនួន៥​រួមមាន ខេត្ត​កោះកុង កំពង់ស្ពឺ សៀមរាប ត្បូងឃ្មុំ និង មណ្ឌលគិរី។​តំបន់ទាំងនេះ​ត្រូវបានជ្រើសរើដោយសារលក្ខណៈបន្ស៊ាំទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ នវានុវត្ត ​និង​ទំនើបកម្ម។

ថ្លែងនៅក្នុងពិធីចុះកិច្ច​ព្រមព្រៀង​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុ​ផល្លែតថាក្រសួង​បរិស្ថាន បាន​និង​កំពុង​តែ​ប្រឹងប្រែងដើម្បី​សម្រេចឆន្ទៈ​នយោបាយ​របស់​កម្ពុជា និង​ការ​បង្កើត​ស្ថានីយ​បណ្តុះ​កូន​ឈើ ការ​ដាំ​កូន​ឈើ និងស្តារ​ព្រៃ​ឈើឡើង​វិញ។

លោក​សុផល្លែត​មាន​ប្រសាសន៍​ថា៖ «នេះ​គឺ​ជា​យុទ្ធ​សាស្រ្ត​មួយ​ដ៏​សំខាន់ សម្រាប់​ធានា​ដល់​ការ​ការពារ​​ជីវៈ​ចម្រុះ ការ​ថែ​រក្សា​សេវាកម្ម ប្រព័ន្ធ​អេកូឡូស៊ី និង​ការ​កាត់​បន្ថយ ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ក៏​ដូច​ជា​ជួយ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​សហគមន៍​មូលដ្ឋាន ដែល​រស់នៅ ក្នុង​និង​ក្បែរ​តំបន់​ការពារ​ធម្មជាតិ តាម​រយៈ​ការ​លក់​ឥណទាន​កាបូន​ពី​ការ​ថែ​រក្សា​ការ​ពារ​ព្រៃឈើ និង​សកម្មភាព​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព»។

​អ្នកតំណាង​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ លោក​ស្រី អាលីហ្សា ឆាកឃឺ(Alissa Chaker) បាន​ថ្លែង​ថា UNDP​ សាទរ​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់​ដឹកនាំកម្ពុជាក្នុង​ការ​ស្តារ​បរិស្ថាន​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​វិញ។

លោក​ស្រី​មាន​ប្រសាសន៍​ថា៖ «ក្នុង​នាម UNDP គឺ​សាទរ​ចំពោះ​យុទ្ធនាការ​កាត់​បន្ថយ​ប្លាស្ទិក និង​ការដាំ​ឈើ ១​លាន​ដើម របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដែល​គម្រោង​នេះ​នឹង​រួម​ចំណែក​ដ៏​ធំ​ក្នុងការ​បង្កើន​នូវ​គម្រប​ព្រៃ​ឈើ​ឱ្យ​បាន​៦០% និង​សម្រេច​ការ​អភិវឌ្ឍ​ប្រកប​ដោយ​អព្យាក្រឹត្យ​កាបូន នៅឆ្នាំ​២០៥០ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា»។

លោក ហេង គីមហុង នាយក​ប្រតិបត្តិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា(CYN)ថ្លែង​ថា លោក​មាន​ការ​គាំទ្រ​ចំពោះ​ការ​បង្កើត​ស្ថានីយ​បណ្តុះ​កូនឈើ ការ​ដាំ​កូន​ឈើ និង​ស្តារ​ព្រៃ​ឈើ​ឡើង​វិញនេះ តែ​លោក​ចង់​ឱ្យ​មាន​ការ​ជំរុញ​សកម្មភាព​បន្ថែម និង​មាន​ការ​អភិវឌ្ឍកាន់​តែ​ប្រសើរ​ឡើង​លើ​វិទ្យាសាស្រ្ត​ព្រៃ​ឈើ។

ទាក់​ទង​នឹង​ទិស​ដៅ​ស្តារ​គម្រប​ព្រៃ​ឈើ​នៅ​កម្ពុជា​លោក​គិត​ថា បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​គម្រប​ព្រៃ​ឈើ​សឹក​រិករិល​គួរ​ឱ្យបារម្ភ​ដោយសារ​ការ​កាប់​បំផ្លាញ ការ​បំពារ​បំពាន និង​ការ​កាប់ព្រៃឈើស្ថិត​ក្រោម​ការ​អភិវឌ្ឍកន្លងមក​។

លោក គីមហុង​បញ្ជាក់​ថា៖ «សកម្មភាព​អភិវឌ្ឍ​ផ្សេងៗបាទ ដូច្នេះ​ដើម្បី​យើង​ឃើញ​ថា​លក្ខ័ណ្ឌ​ពិសេស​របស់​ព្រៃ​ត្រូពិក​ ការ​ស្តារ​ការ​ការពារ​ព្រៃ​ត្រូពិក​ហ្នឹង​គឺ​យើង​គ្រាន់តែ​កុំ​ឈូស​ឆាយ​វាទៅ​វា​អាច​ធំ​មក​វិញ​ដោយ​ខ្លួន​ឯង​ហើយ»។

លោក​គីមហុង អំពាវនាវ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​អភិរក្ស​ឱ្យ​បាន​ល្អប្រសើរ និង​ទប់​ស្កាត់​រាល់​សកម្មភាព​បំផ្លិច​បំផ្លាញ​ព្រៃ​ឈើ ឱ្យ​បាន​ក្នុង​កម្រិត​ជា​អតិបរមា ជាជាងបណ្តែត​បណ្តោយ​​ឱ្យ​គេ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ហើយទើប​គិត​រឿង​ស្តារ​ឡើង​វិញព្រោះ​អាច​នឹងយឺត​ពេល។

លោក​បន្ត​ថា៖ «ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ឱ្យ​មានភាព​ប្រសើរ​ឡើង ពង្រីក​ពន្លឿន​ការ​ការពារ កុំ​ឱ្យ​មាន​ការ​កាប់​បំផ្លាញ ជា​ពិសេស​អប់រំ​ពី​ក្រម​បរិស្ថាន​ហ្នឹង ឱ្យ​ទៅ​ដល់​ភាគី​ពាក់ព័ន្ធ ឱ្យ​យល់​ដឹង​ក្នុង​រយៈពេល​លឿន ហើយ​ព្រៃ​ឈើ​វា​អាច​កើន​ឡើងហើយបាទ ប៉ុន្តែ​បើ​យើង​គិត​ពី​ការដាំ ការស្តារ ប៉ុន្តែ​យើង​អត់​គិត​ពី​ពង្រឹង​យន្តការ​ក្នុង​ការ​អនុវត្តន៍ ក៏យើងអត់​មាន ក៏​យើង​ជួប​បញ្ហា​ប្រឈម​ខ្លាំង​ដែរ​បាទ»។

យោង​តាម​ទិន្នន័យ​ស្តីពី​ការ​បាត់បង់​ព្រៃ​ឈើ​នៅ​កម្ពុជា ដោយ Global Forest Watch បង្ហាញ​ថា ចាប់ឆ្នាំ២០០១ ដល់២០២៣ មាន​ខេត្ត​ចំនួន​៥ ដែល​បាន​បាត់បង់​ព្រៃ​ឈើ​ច្រើន​ជាង​គេ។ ក្នុង​នោះ ​ខេត្ត​ក្រចេះបាត់​បង់​អស់៣៧៣,០០០ហិកតា ខេត្ត​កំពង់ធំបាត់​បង់​អស់ ៣៦៨,០០០ហិកតា ខេត្ត​រតនគីរីបាត់បង់​អស់​២៧៦,០០០ហិកតា ខេត្ត​ស្ទឹងត្រែងបាត់បង់​អស់​២៦៨,០០០ហិកតា និងខេត្តសៀមរាប​បាត់បង់​អស់​២៦៧,០០០ហិកតា៕