អាកាសយានិក​ទាំង​ពីរ​រូប ត្រូវ​បាន​ក្រុម​ប្រតិបត្តិការ​រុក​រក​នៃ​ក្រសួង​ការពារ​ជាតិ រក​ឃើញ​ស្លាប់​ជា​បន្តបន្ទាប់ នៅ​ថ្ងៃ​ទី​២៩ និង​៣០ ខែ​កក្កដា ឆ្នាំ​២០២៤​នេះ នៅ​កន្លែង​ឧទ្ធម្ភាគចក្រ​ធ្លាក់ នៅ​​​ចង្កេះ​ភ្នំយ៉ាវយ៉ៃ ស្ថិត​នៅ​ក្នុង​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។ នេះ​បើ​​តាម​សារ​​លើទំព័រ​ហ្វេសប៊ុក របស់​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ។

​បើ​​តាម​សារ​​លើទំព័រ​ហ្វេសប៊ុក​របស់​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បង្ហោះ​នៅ​ថ្ងៃទី​៣០ ខែកក្កដានេះ​បង្ហាញ​ថា អាកាស​យានិក ឈ្មោះ ខេង ឆៃយុទ្ធ ត្រូវ​បាន ក្រុម​ប្រតិបត្តិការរុករក និងសង្គ្រោះ ប្រទះ​ឃើញ​សព​នៅ​ក្នុង​ឧទ្ធម្ភាគចក្រ នៅ​វេលា​ម៉ោង​ជាង៥ រសៀល នា​ថ្ងៃ​ទី​២៩ ខែ​កក្កដា។ ចំណែក​សព​របស់​អាកាស​យានិក​ម្នាក់​ទៀត​ឈ្មោះ ស៊ុន ផល្លា ត្រូវ​បាន​ក្រុម​ប្រតិបត្តិការ​រុករក និង​សង្គ្រោះ​ប្រទះ​ឃើញ នៅ​វេលា​ម៉ោង​១០:៣០នាទី ព្រឹក​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០២៤​នេះ។

យោងតាម​វីដេអូ​ផ្សាយ​លើ​ទំព័រហ្វេសប៊ុក​របស់​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​៣០ ខែកក្លដា​នេះ ​លោក​ ​លោក ឥត សារ៉ាត់ អគ្គ​មេ​បញ្ជាការរង និង​ជា​នាយ​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ​លើកឡើងថា ​ភាព​យឺតយ៉ាវ​នៃ​ការ​ស្វែង​រក​អាកាយានិក​ទាំង​ពីរ​រូប គឺ​ដោយសារ​បញ្ហា​អាកាសធាតុ។

លោក​ថា បច្ចុប្បន្ន​សាកសព​របស់​អាកាសយានិក​ទាំង​​ពីរ​នៅ​មិនទាន់​អាច​យក​ចេញ​ពី​តំបន់​នោះ​បាន​នៅ​ឡើយ។

សូម​បញ្ជាក់​ថា ឧទ្ធម្ភាគចក្រ​យោធា Z9 លេខ MH912 បាន​បាត់​ដំណឹង​ជា​មួយ​យោធា​២​រូបនេះ គឺតាំង​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា នា​អំឡុង​ពេល​ហ្វឹកហ្វឺន នៅ​ក្នុង​ភូមិសាស្រ្ត​ជួរ​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កោះកុង។ ហើយ​បន្ទាប់​ពី​កើត​ហេតុ ក្រុម​ប្រតិបត្តិការ​រុករក​ឧទ្ធម្ភាគចក្រ និង​ជន​រង​គ្រោះ បាន​ចាប់​ផ្តើម​ភ្លាមៗ ដោយ​មាន​ការ​ចូលរួម​ពី​កង​កម្លាំង​ចម្រុះ ជិត ១ ០០០នាក់។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទំព័រហ្វេសប៊ុក​អ្នកនាំពាក្យ​ក្រសួង​​ការពារជាតិ៕​