រដ្ឋាភិបាលស៊ុយអែត ប្រកាសបិទការិយាល័យស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា នៅបំណាច់ខែកញ្ញានេះ ហើយទុកឱ្យស្ថានទូតស៊ុយអែតប្រចាំទីក្រុងបាងកកប្រទេសថៃ ឈរពីចំងាយជាតំណាងឱ្យប្រទេសស៊ុយអែតនៅកម្ពុជាវិញ។
យ៉ាងណា រដ្ឋាភិបាលប្រទេសនេះមិនបានបញ្ជាក់ពីមូលហេតុជាក់លាក់នៃការបិទនេះទេ ដោយគ្រាន់តែលើកឡើងថា ការសម្រេចបិទនេះ ដោយសារតែរដ្ឋាភិបាលស៊ុយអែត បានបញ្ចប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីជាមួយប្រទេសកម្ពុជា។នេះបើតាមការប្រកាសនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតស៊ុយអែតដែលមានការិយាល័យប្រចាំទីក្រុងភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ប្រភពបន្តថា៖«ស្ថានទូតស៊ុយអែតការិយាល័យប្រចាំទីក្រុងភ្នំពេញ នឹងត្រូវបិទជាផ្លូវការ និងឈប់ធ្វើការ ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយសារសេចក្តីសម្រេចរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការបញ្ចប់ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីជាមួយប្រទេសកម្ពុជា» ។
រដ្ឋាភិបាលស៊ុយអែត កាលពីថ្ងៃខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ បានប្រកាសបិទស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា នៅចុងឆ្នាំ២០២១ ដោយបន្សល់តែការិយាល័យបេសកកម្មស្ថានទូត។ ប៉ុន្តែនៅថ្ងៃទី៣០ ខែកញ្ញាខាងមុខ ស៊ុយអែតនឹងបន្តបិទទាំងការិយាល័យស្ថានទូតតែម្តង។
មិនតែប៉ុណ្ណោះ ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតស៊ុយអែត ក៏នឹងត្រូវបិទដំណើរការដំណាលគ្នាជាមួយនឹងការិយាល័យបេសកកម្មដែរ។ ជាមួយគ្នានេះ ស្ថានទូតស៊ុយអែតប្រចាំនៅប្រទេសថៃ នឹងឈរជាតំណាងពីចំងាយឱ្យប្រទេសស៊ុយអែតសម្រាប់កម្ពុជា៖«ស្ថានទូតស៊ុយអែតប្រចាំទីក្រុងបាងកក នឹងបន្តតំណាងឱ្យប្រទេសស៊ុយអែតនៅកម្ពុជា»។
យ៉ាងណា ស្ថានទូតដដែលបញ្ជាក់ថា ស្ថានកុងស៊ុលស៊ុយអែតប្រចាំទីក្រុងភ្នំពេញនឹងបន្តបើក និងផ្តល់សេវាការទូតមូលដ្ឋានសម្រាប់ពលរដ្ឋស៊ុយអែតនៅកម្ពុជាដដែល។
ដោយឡែក ការគ្រប់គ្រងការគាំទ្រដល់កម្ពុជា ស្របតាមយុទ្ធសាស្រ្តតំបន់សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយអាស៊ី និងប៉ាស៊ីហ្វិកវិញ ត្រូវបានផ្ទេរទៅអង្គការសហប្រតិបត្តិការអន្តរជាតិអភិវឌ្ឍន៍ស៊ុយអែត ដែលមានមូលដ្ឋាននៅទីក្រុងស្តុកហូម (Stokholm)(Sida – Styrelsen för Internationellt Utvecklingssamarbete) កាលពីថ្ងៃទី១៦ ខែសីហាកន្លងទៅ។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត សម្តែងការសោកស្តាយ ដោយចាត់ថាការប្រកាសបិទការិយាល័យ និងផ្តាច់ជំនួយនេះ ជាការខាតបង់ធំសម្រាប់រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលនៅកម្ពុជា ខណៈប្រទេសស៊ុយអែត ជាប្រភពជំនួយមួយដ៏ធំសម្រាប់កម្ពុជា។
លោកថ្លែងថា៖«យើងមានការសោកស្តាយ ព្រោះកន្លងមកស្ថានទូតស៊ុយអែតបានជួយច្រើន ទាំងរដ្ឋាភិបាល ទាំងសង្គមស៊ីវិល។ ប៉ុន្តែឥឡូវនេះបានផ្តាច់ជំនួយទាំងរដ្ឋាភិបាល ហើយសង្គមស៊ីវិលក៏ត្រូវបានផ្តាច់ដូចគ្នាដែរ»។
លោក សំអាត យល់ឃើញថាការសម្រេចនេះ អាចដោយសាររដ្ឋាភិបាលស៊ុយអែត មិនបានមើលឃើញពីភាពល្អប្រសើរនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។
លោកបន្តថា៖«គេមើលឃើញថា បញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា នៅតែមានបញ្ហា អ៊ីចឹងហើយបានយើងឃើញថាស៊ុយអែត បានសម្រេចដកស្ថានទូត ហើយក៏ផ្តាច់ជំនួយទាំងរដ្ឋាភិបាល ទាំងអង្គការសង្គមស៊ីវិល »។
ចំណែក ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន យល់ឃើញថា នេះជាការបាត់បង់អ្នកគាំទ្រមួយផ្នែកធំ ដែលបានជួយជ្រោមជ្រែងដល់ការលើកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាច្រើនឆ្នាំកន្លងមកនេះ។
លោកបន្តថា ការដកការិយាល័យ និងផ្តាច់ជំនួយនេះ ក៏នឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជាដែរ ស្របពេលដែលរដ្ឋាភិបាល ស៊ុយអែត ធ្លាប់ផ្តល់ជំនួយជាច្រើន ជួយគាំទ្រដល់អង្គការ និងស្ថាប័នរដ្ឋនៅកម្ពុជា។
លោកថ្លែងថា៖«ជាការបាត់បង់អ្នកគាំទ្រកិច្ចការងារអភិវឌ្ឍន៍ និងការងារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ។ វាមានផលវិបាកច្រើន! វាធ្វើឱ្យអង្គការស្ថាប័នដែលធ្វើកិច្ចការងាររឿងសិទ្ធិមនុស្ស កាន់តែលំបាករកធនធានដើម្បីបន្ត និងពង្រីកកិច្ចការរបស់ខ្លួននៅពេលខាងមុខ។ ហើយការបាត់បង់ជំនួយ ក៏ជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជាមួយផ្នែកដែរ។ បើសិនជាមានជំនួយច្រើន ក៏វាជាចំណូលមួយផ្នែកសម្រាប់ជួយស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាយើងដែរ»។
យ៉ាងណាក៏ដោយ លោករំពឹងថា រដ្ឋាភិបាលស៊ុយអែតនឹងពិចារណាក្នុងការវិលត្រឡប់មកដាក់ស្ថានទូត និងបន្តផ្តល់ជំនួយដល់ការអភិវឌ្ឍនៅកម្ពុជាឡើងវិញ នាពេលខាងមុខ។
ជុំវិញករណីនេះ គេហទំព័រ Newsroom Cambodia មិនទាន់អាចសុំការអត្ថាធិប្បាយបាននៅឡើយទេ ពីអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី និងអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា គិតត្រឹមរសៀលថ្ងៃទី១៦ ខែកញ្ញានេះ។ ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបដិសេធថាមិនអាចឆ្លើយបានទេ ព្រោះមិនមែនមន្ត្រីជំនាញ។
រដ្ឋាភិបាល ស៊ុយអែត បានបិទស្ថានទូតរបស់ខ្លួនប្រចាំនៅរាជធានីភ្នំពេញនៅចុងឆ្នាំ២០២១។ មុននឹងការសម្រេចបិទស្ថានទូតនេះ ស៊ុយអែតក៏បានបង្វែរជំនួយសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយរដ្ឋាភិបាលកម្ពុជាប្រមាណ២០លានដុល្លារអាមេរិកទៅជាជំនួយលើការគាំទ្រការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋកាន់។ប្រភពបន្តដដែលបន្តថា លំហប្រជាធិបតេយ្យនៅកម្ពុជាមាន«ការរឹតត្បិតយ៉ាងធ្ងន់ធ្ងរ» ។
បើតាមព័ត៌មាននៅលើគេហទំព័រ ស៊ីដា ក្នុងឆ្នាំ២០២៣ ស៊ុយអែត បានផ្តល់ជំនួយអភិវឌ្ឍន៍មកកម្ពុជាសរុបប្រមាណ១៧លានដុល្លារអាមេរិក ដែលជំនួយទាំងនោះ ផ្តោតលើអភិបាលកិច្ចមូលដ្ឋាន លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ហើយអង្គការដៃគូរ គឺជាតួអង្គដែលទទួលបានជំនួញទាំងនោះដោយផ្ទាល់ រួមទាំងរដ្ឋាភិបាលផង៕