អង្គការការពារសិទ្ធិមនុស្ស លីកាដូ(Licadho) រកឃើញថា មនុស្សប្រមាណ៦០នាក់ ត្រូវបានរងកា​​រ​ចោទប្រកាន់ និងកំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយសារការបង្ហោះសារលើបណ្តាញស ង្គម និងគម្រោ​​ងជួបជុំ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DT​A​​) ក្នុងពេលកន្លងទៅនេះ។

របាយការណ៍របស់អង្គការលីកាដូ ដែលបានចេញផ្សាយកាលពីថ្ងៃទី១៦ ខែកញ្ញា បានឱ្យដឹងថា មនុ​ស្ស​ជាង១០០នាក់ត្រូវចាប់ខ្លួន​ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ CLV នៅចន្លោះខែកក្កដា និងខែសីហា ឆ្នាំ២០២៤។ប៉ុន្តមនុស្សមួយចំនួនក្នុងចំណោមនោះ ត្រូវដោះលែងវិញ ខណៈមនុស្សដែលសេសសល់​​ប្រមាណ៦០នាក់ ត្រូវរងការចោទប្រកាន់ និងឃុំខ្លួនក្នុងពន្ធនាគារនៅទូទាំងប្រទេស ដែល​​ពន្ធ​នា​​គារទាំងនោះភាគច្រើនកំពុងតែមានបញ្ហាចង្អៀតណែន និងលំបាកក្នុងការផ្តល់នូវសេវាកម្មជាមូ​ល​​ដ្ឋា​​ន​ដល់អ្នកជាប់ឃុំ។

ប្រភពដដែលបង្ហាញថា អ្នកជាប់ឃុំភាគច្រើនរងការចោទ ពីបទ «រួមគំនិតក្បត់ថាបានបង្កើតគម្រោ​ងឡើ​ងដើម្បីប្រព្រឹត្តឧបឃាត» ដែលអាចត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចាប់ពី៥ ទៅ ១០ឆ្នាំ។ ចំណែ​​កអ្នកផ្សេងទៀត ប្រឈមនឹងបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលអា​ច​ប្រ​ឈ​ម​នឹងការជាប់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ ខណៈអ្នកខ្លះទៀតប្រឈមនឹងបទចោទប្រ​កាន់​ផ្សេ​​ងៗទៀត។

លីកាដូ ក៏បានបញ្ជាក់ដែរថា​អ្នកដែលរងបទចោទប្រកាន់ និងកំពុងជាប់ឃុំទាំងនោះ មានអាយុច​ន្លោះ​ពី ១៦ឆ្នាំទៅ ៧០ឆ្នាំ ហើយក៏មានអនីតិជនដែលមានអាយុក្រោម១៨ឆ្នាំ ចំនួន ៤នាក់ដែរ។

របាយការណ៍នេះលម្អិតថា៖«ជនជាប់ឃុំទាំងនោះ រួមមានយ៉ាងហោចណាស់ ៦រូប ជាសមាជិកអង្គការនិងសមាគម ៤រូប ជាសកម្មជន និង១២រូប ជាសកម្មជនគណបក្សជំទាស់។ ចំណែកអ្នកផ្សេងទៀត គឺជាពលរដ្ឋ ដែលបានបង្ហោះសារលើ បណ្តាញសង្គម ឬការចង់ជួបជុំរបស់ពួកគេជុំវិញព្រឹត្តិការណ៍នៃកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)»។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត បង្ហាញការសោកស្តាយ ដែលអ្នកដែលត្រូវបានចោទប្រកាន់ និងជាប់ឃុំបណ្តោះអាសន្នមួយចំនួន ត្រូវខាតបង់ការសិក្សា ខណៈពួកគេជាសិស្សកម្រិតវិទ្យាល័យ និងសាកលវិទ្យាល័យ។

លោកថ្លែងថា៖«យុវជនទាំងអស់ហ្នឹងជាទំពាំងស្នងឫស្សី ហើយអ្វីដែលចាំបាច់សម្រាប់ពួកគាត់ គឺការសិក្សា។ សោកស្តាយដែលពួកគាត់ត្រូវបានចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន»៕

គម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍(CLV-DTA) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដោយរដ្ឋាភិបាលប្រទេសចំនួន ៣គឺកម្ពុជា ឡាវ និងវៀតណា បានឯកភាពគ្នាក្នុងការដាក់ខេត្តចំនួន១៣ រួមគ្នា ដើ​​ម្បី​អភិវឌ្ឍន៍។ក្នុងនោះកម្ពុជាមានខេត្តចំនួន៤ គឺខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង​​។

គេហទំព័រNewsroom Cambodia មិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យអគ្គស្នងការនគ​រ​បា​លជាតិ លោក ឆាយ គឹមឃឿន បាននៅឡើយទេ ជុំវិញតួលេខពិតប្រាកដនៃមនុស្សដែលត្រូវបានចា​ប់ខ្លួន និងអ្នកដែលត្រូវបានចោទប្រកាន់ ហើយឃុំខ្លួនបណ្តោះអាសន្ន។

បើទោះជាបែបណា លោក ទូច សុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ និយាយនៅក្នុង​សេចក្តីថ្លែ​ងកា​រ​ណ៍​ កាលពីថ្ងៃទី០៤ ខែកញ្ញា ដោយបានលើកឡើងថា ពាក់ព័ន្ធនឹងការគ្រោងធ្វើបាតុកម្មប្រឆាំងនឹ​​ង​​គម្រោងCLVនេះ អាជ្ញាធរបាន​​ឃាត់ខ្លួនមនុស្សចំនួន ១​៨​៨នាក់។ក្នុងនោះមនុស្សចំនួន ៥៧នាក់ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ក្រោយពីបានអប់រំ និងធ្វើកិច្ចសន្យារួចរាល់។

មិនតែប៉ុណ្ណោះ ការឃាត់ខ្លួននេះ ធ្វើឡើងក្រោយអ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​បាន​បង្ហោះ​សារ​អំពី​ការ​ប្រ​មូ​ល​ផ្តុំគ្នា គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ CLV ​ ​​នៅ​ថ្ងៃ​ទី​១៨ ​ខែ​សីហា ​ឆ្នាំ​២០២៤។ប្រតិកម្មនេះ គេសង្កេតឃើញថា នៅបន្ទាប់ពីក្រុមយុវជនចេះ​តែបន្តកើនឡើងឥត​ឈប់​​ឈ​រ តាមរយៈការបង្កើតក្រុម នៅលើបណ្តាញសង្គម តេឡេក្រាមឈ្មោះ«រួបរួម​ដើម្បី​ជាតិ»​។នៅក្នុ​ង​ក្រុ​​មនេះ យុវជនបង្ហាញការមិនសប្បាយចិត្ត នៅពេលដឹងថាខេត្តទាំងបួន ត្រូវដាក់ឱ្យស្ថិតនៅ​ក្នុង​​ផែ​ន​​កា​រអភិវឌ្ឍន៍ជាមួយវៀតណា និងឡាវ។

យ៉ាងនេះក្តី អង្គការអន្តរជាតិចំនួន២ រួមមាន អង្គការលើកលែងទោសអន្តរជាតិ(Amnesty Inte​rn​​a​​​​​tional) និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស(Human Right Watch) កាលពីថ្ងៃទី២៨ ខែសីហា បា​​ន​​ចាត់ទុកថា ការចាប់ខ្លួនប្រឆាំងអ្នករិះគន់ទាំងនោះថា ជាការអនុវត្តរំលោភបំពាននីតិវិធីច្បាប់៕