ខេត្តកណ្ដាល៖ សម្លេងដំខ្សាវៗលឺចេញពីរោងមួយដែលមានបុរសចំណាស់ម្នាក់ មានបង់ក្រមានៅក កំពុងអង្គុយលើកៅអីឈើ ដៃស្ដាំកាន់ញញួរ ដៃឆ្វេងកាន់ដែកដំ កំពុងឆ្លាក់ដងដាវដើម្បីឱ្យក្បាច់រចនាលេចចេញជារូបរាង។
លោក ជា យុទ្ធា ដែលមានសក់ស្កូវ ពាក់វែនតា វ័យ៧០ឆ្នាំរូបនេះ ប្រកបរបរជាជាងចម្លាក់ប្រាក់ស្ពាន់ ជិតពាក់កណ្ដាលជីវិតមកហើយ ដោយសារចិត្តស្រឡាញ់ការងារជាជាងចម្លាក់នេះ។ លោកបានផ្តើមប្រកបរបរនេះនៅផ្ទះរបស់ខ្លួន ហើយក្រោយមករបរនេះមានការរីកចម្រើន ដោយមានទទួលបណ្ដុះបណ្ដាលកូនជាងប្រហែលជាង១០នាក់មកហើយ។ ទីតាំងរោងជាងឈ្មោះ ‹‹Ramo-ជាងចម្លាក់››នេះស្ថិតនៅភូមិ សាលាកាត់សក់ ឃុំវិហារលួង ស្រុកពញ្ញាឮ ខេត្តកណ្ដាល។
ជាងចម្លាក់ប្រាក់ស្ពាន់ ស្នាដៃចាស់វស្សា ជា យុទ្ធា បានចាយពេលជិត៤០ឆ្នាំជាមួយចម្លាក់បុរាណ ដោយដកស្រង់ចេញពីក្បូរក្បាច់
រចនាប័ទ្មរបស់ខ្មែរដែលប្រតិដ្ឋលើប្រាង្គប្រាសាទនានា មកឆ្លាក់លើវត្ថុប្រើប្រាស់ដូចជា ផ្តិល កំសៀវ កែវទឹក ដាវ និងចានស្រាក់ជាដើម។ ស្នាដៃទាំងនេះ ជាមរតកដើម្បីឱ្យក្មេងជំនាន់ ក្រោយបានស្គាល់ និងចងចាំថាជាស្នាដៃ និងចម្លាក់របស់ដូនតាខ្មែរ។
លោក យុទ្ធា ឲ្យដឹងថាចម្លាក់នេះទាមទារឲ្យមានការអត់ធ្មត់ខ្ពស់ និងត្រូវការទាំងកម្លាំងកាយកម្លាំងចិត្ត ព្រោះការផ្ចិតផ្ចង់ឆ្លាក់ក្បាច់រចនានីមួយៗមានច្រើនដំណាក់កាល និងប្រើរយៈពេលយូរ។ នេះក៏ដើម្បីឱ្យ វត្ថុមួយៗដែលបានឆ្លាក់ចេញមកមានគុណភាពអាចតម្រូវចិត្តភ្ញៀវបាន។
លោកពន្យល់ថា មុននឹងអាចដាប់ឆ្លាក់បាន ជាដំបូងត្រូវស្លជ័រជាមុនសិន។ ការស្លជ័រនេះទៀតសោត ត្រូវការយកជ័រចុង (ជ័រឆៅ) ដាក់ជាមួយដីដំបូកដែលបុកម៉ត់ខៃដូចម្ស៉ៅលាយជាមួយខ្លាញ់ត្រី ដុតដោយអុសដែលប្រើរយៈពេលដុតយ៉ាងហោចណាស់៦ម៉ោង ទើបជ័រនោះទន់អាចយកទៅប្រើបាន ដែលគេហៅថាជាជ័រប្រមូល។ ជំហានបន្ទាប់ ក្រោយជ័រនោះទន់ហើយ ទើបអាចយកទៅដាក់លើពុម្ពផ្សេងៗដូចជាផ្ដិល និងកែវទឹកជាដើម។
លោកថា ស្រលាញ់នឹងខិតខំថែរក្សាទុកឱ្យក្មេងជំនាន់ក្រោយកុំឱ្យបាត់បង់ និងមិនស្គាល់នូវអ្វីដែល ជារបស់ខ្លួនឯង ប្រយ័ត្នតែគេយកបាត់ពិបាកថែ អ្វីដែលធ្វើបានគឺលោកចេះតែព្យាយាមទៅពិសេស ចម្លាក់ក្បូរក្បាច់នេះតែម្ដង។
លោក ជា យុទ្ធា ថ្លែងថា៖ ‹‹បើយើងមិនបម្រើយើងមិនធ្វើរូបភាពឱ្យចេញជាចម្លាក់ គឺថារបស់ហ្នឹងវាត្រូវបាត់បង់។ ព្រោះយើងជាកូនខ្មែរ បើយើងមិនបម្រើនៅក្នុងក្បាច់ ចម្លាក់នោះលើប្រាក់ ស្ពាន់ គឺថាអន់ពេក ខ្សោយពេក អ៊ីចឹងប្រទេសណាក៏គេចង់បានចម្លាក់ខ្មែរដែរ››។
កាលពីកុមារភាពវ័យ១២ឆ្នាំ លោក ជា យុទ្ធា បានរៀនធ្វើតុ ទូ កៅអីជាមួយឳពុកដែលជាមុខរបរក្នុងគ្រួសារ។ លុះដល់ថ្នាក់ទី៩ លោកចាប់ផ្តើមគិតគូរពីជំនាញ ឬអាជីពអ្វីសម្រាប់ចិញ្ចឹមខ្លួននាពេលអនាគត។ គួបផ្សំនឹងការជំរុញពីឳពុកផង និងចិត្តស្រលាញ់ផង លោកក៏សម្រេចថាទៅរៀនជាជាងចម្លាក់ជាមួយឳពុកមារ នៅរាជធានីភ្នំពេញចាប់ពីឆ្នាំ១៩៦៦ ដល់១៩៧៧។
អាជីពជាជាងចម្លាក់របស់លោកនេះ ត្រូវបានផ្អាកដោយសារសម័យកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម។ ប៉ុន្តែលោកសម្រេចចាប់យកអាជីពជាជាងចម្លាក់នេះជាថ្មីក្រោយការផ្តួលរលំនៃរបប ខ្មែរក្រហម។
លោករៀបរាប់ថា ធ្លាប់មានប្រទេសផ្សេងៗដូចជាចិន កូរ៉េ និង អង់គ្លេសជាដើម បានចុះ មកដល់ទីតាំងរបស់លោកដោយផ្ទាល់ និងមកមើលពីរបៀបធ្វើចម្លាក់បែបបុរាណខ្មែរនេះ។ ហើយលោកថា ជនបរទេសទាំងនោះ បានសរសើរនិងស្ញប់ស្ញែងស្នាដៃចម្លាក់ទាំងនេះ។
លោក ជា យុទ្ធា បញ្ជាក់បន្ថែមថាឧបករណ៍ប្រើប្រាស់សម្រាប់ឆ្លាក់ទាំងអស់ដូចជាដែកដាប់ ជ័រប្រមូលសម្រាប់ចាក់ពុម្ព ដែកសម្រាប់ឈូសឈើ ញញួរ ដែកតូច ដែកធំសម្រាប់ចិតថែមថយរូបពេលឆ្លាក់ទាំងអស់សុទ្ធតែប្រើវត្ថុធាតុដើមរបស់ខ្មែរពីបុរាណ ហើយអ្នកឆ្លាក់ក៏សុទ្ធតែជាខ្មែរដែរ។
លោក គាំ ពិសី វ័យ៣៩ឆ្នាំ ជាកូនជាងធ្វើការនៅរោងជាង Ramo-ជាងចម្លាក់ ដែល រស់នៅជិតខាងម្ចាស់រោងជាង។ លោកបានរៀនឆ្លាក់នេះតាំងពីវ័យជាង១០ឆ្នាំមកម្ល៉េះ កាលនោះលោកនៅជាសិស្សបឋមសិក្សានៅឡើយ។
លោក ពិសី រៀបរាប់ពីការតស៊ូនៅពេលលោកចាប់ផ្តើមរៀនឆ្លាក់ក្បាច់ដែលបន្សល់ទុកពីដូនតាខ្មែរសម្រាប់អ្នកជំនាន់ក្រោយនេះថា៖ «ពិបាកពេលដំបូង យើងវ៉ៃ[ឆ្លាក់]អត់ត្រូវ ឥឡូវលែងអីហើយវ៉ៃ[ឆ្លាក់]អត់មើលក៏បានដែរ វ៉ៃ[ឆ្លាក់]មើលតែដែកទេ ញញួរលែងមើលហើយ។ កាលមុនមើលទាំងពីរវាយឺត ជួនកាលវ៉ៃ[ឆ្លាក់]ខុសចំថ្ងាស»។
លោក ពិសី បន្ថែមទៀតថា ចំពោះការធ្វើចម្លាក់នេះត្រូវការទីកន្លែងមួយដែលស្ងប់ស្ងាត់ ដើម្បីងាយស្រួលក្នុងការប្រើអារម្មណ៍បានល្អ និងផ្ចិតផ្ចង់ទៅលើការងារដែលកំពុងធ្វើ។
លោករៀបរាប់បន្តថា ការងារចម្លាក់ដែលលោកធ្វើរាល់ថ្ងៃនេះជាចម្លាក់ក្បាច់អង្គរ ដែលការឆ្លាក់ក្បាច់នានា គឺធ្វើទៅតាមតម្រូវការរបស់អតិថិជន ហើយត្រូវចំណាយពេលវេលាច្រើនថ្ងៃក្នុងការរចនា ប៉ុន្តែលោកនៅតែចង់បន្តធ្វើការងារដែលលោកស្រលាញ់។
លោកនិយាយថា៖ «និយាយទៅឱ្យតែភ្នែកនៅភ្លឺ ឱ្យតែភ្នែកនៅមើលឃើញ នៅអាចធ្វើបាន យើងចេះតែធ្វើទៅ»។
ចំណែកកូនជាងចម្លាក់ដែលជាអ្នករស់នៅជិតខាងដូចគ្នាម្នាក់ទៀត គឺលោក ស្រស់ ចំរើន វ័យ៣៩ឆ្នាំ ។ លោក ស្រស់ ចំរើន ធ្លាប់បោះបង់ការងារជាងចម្លាក់នេះម្តងហើយកាលពីប៉ុន្មានឆ្នាំមុន ដើម្បីទៅធ្វើការផ្នែកចុងភៅ ប៉ុន្តែក្រោយមកលោកបានត្រឡប់មកធ្វើការងារចម្លាក់នេះវិញដោយសារក្តីស្រលាញ់។ លោកមានបំណងស្នងតំណែងការងារចម្លាក់ទាំងអស់ពីម្ចាស់រោងជាងដែលមានវ័យកាន់តែចាស់ ខណៈតំបន់ដែលលោកកំពុងរស់នៅមិនមានអ្នកចេះធ្វើចម្លាក់នេះច្រើនទេ។
លោក ស្រស់ ចំរើន ថ្លែងយ៉ាងដូច្នេះ៖ «ការងារជាជាងចម្លាក់នេះ គឺលែងបោះបង់ទៀតហើយ ពីព្រោះខ្ញុំស្រលាញ់ការងារនេះដោយខ្លួនឯង និងចង់បន្តធ្វើជារៀងរហូត។ ឃើញអ៊ំចាស់ៗហើយ យើងចាប់អាហ្នឹងទៅ ដើម្បីស្នងគាត់កុំឱ្យបាត់បង់ព្រោះនៅយើងនេះមិនសូវជាមានជាងធ្វើទេ››។
លោកបន្តថា ចំពោះក្បាច់ចម្លាក់មានច្រើនប្រភេទដែលលោកនៅបន្តសិក្សាស្វែងយល់ និងរៀនឆ្លាក់។ ចំណែកចម្លាក់ខ្លះទៀត ជាការកម៉្មង់ផ្ទាល់ពីអតិថិជន។
យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ការលក់ដូរចម្លាក់ដែលរំលេចពីស្នាដៃបែបខ្មែរនាពេលបច្ចុប្បន្ន ហាក់មានកំណើនឡើងជាងមុន។ ក្រសួងបន្ថែមថា ក្រសួងនៅតែបន្តអនុវត្តគោលនយោបាយជាតិស្តីពីវប្បធម៌ ដែលលើកស្ទួយគ្រប់វិស័យ វប្បធម៌ និងសិល្បៈ រួមទាំងផ្នែកចម្លាក់ផងដែរ ដើម្បីអភិរក្សនូវចម្លាក់ដែលជាស្នាដៃបែបខ្មែរ។
ក្រសួងឱ្យដឹងថា៖ «ការកើនឡើងនេះ គឺដោយសាររាជរដ្ឋាភិបាលបានរៀបចំយន្តការបើកប្រទេសឡើង វិញក្រោយវិបត្តិកូវីដ-១៩យ៉ាងមានប្រសិទ្ធភាព ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍ចូលមកប្រទេសកម្ពុជាកើនឡើង។ កត្តាសំខាន់មួយទៀត គឺដោយសារតាមបណ្តាតូបសាជីវកម្មនីមួយៗ មានមធ្យោបាយផ្ទាល់ខ្លួនក្នុងការផ្សព្វផ្សាយតាមបណ្តាញសង្គមទូលំទូលាយជាងមុន»។
បន្ថែមពីនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏កំពុងបន្តយន្តការបណ្តុះបណ្តាលក្បួនខ្នាតក្បាច់ចម្លាក់ ក្នុងនោះរួមមានការរៀបចំកំណែទម្រង់រចនាសម្ព័ន្ធផ្សេង និងការរៀបចំសម្រួចមុខងារថ្មី យកវិស័យសិល្បៈសូនរូប និង សិប្បកម្មធ្វើជាមូលដ្ឋាននៃឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិតផងដែរ។
ថ្វីដៃចម្លាក់ប្រកបដោយភាពផ្ចិតផ្ចង់ និងរំលេចនូវក្បូរក្បាច់រចនាខ្មែរនេះ ធ្វើឲ្យលោក ជា យុទ្ធា ទទួលបានគោរមងារ«ទេពហត្ថកោសល្យ ជា យុទ្ធា» ពីព្រះមហាក្សត្រនៅក្នុងឆ្នាំ ២០២១ និង ទទួលពានកិតិ្តយសចម្លាក់ប្រាក់ស្ពាន់ពីក្រសួងពាណិជ្ជកម្មនៅ២០២២ផងដែរ។
លោក ជា យុទ្ធា ចង់មើលឃើញយុវជនជំនាន់ក្រោយបន្តថែរក្សាកេរ្តិ៍ដំណែលខ្មែរតាមការរៀនសូត្រ ស្វែងយល់ ឬធ្វើចម្លាក់ទាំងនេះ។
លោក ជា យុទ្ធាដែលជាគ្រូ និងជាជាងចម្លាក់ក្បាច់ខ្មែរថ្លែងថា៖‹‹ខ្ញុំចង់ឱ្យកូនចៅកូនក្មួយស្រករក្រោយខិតខំអភិរក្សរៀនសូត្រចម្លាក់ល្អៗដើម្បីដកស្រង់ពីប្រាង្គប្រាសាទនៅប្រាសាទអង្គររបស់យើង ដើម្បីឱ្យបានក្បាច់ចម្លាក់ល្អឡើងៗ ដើម្បីយើងរក្សានូវវប្បធម៌ខ្មែរយើង ទុកបន្ដទៅថ្ងៃក្រោយ››៕