សំឡេងឆ្នោតគាំទ្រតួលេខប្រាក់ឈ្នួល២០៦ដុល្លារអាមេរិកដែលលើកឡើងដោយនិយោជក បាននាំមុខគេដែលបញ្ហានេះ បានជំរុញឱ្យកម្មករនិយោជិតនឹងទទួលបានការដំឡើងប្រាក់ឈ្នួលផ្លូវការចំនួន២ដុល្លារបន្ថែមទៀត ពីភាគីនិយោជកនៅឆ្នាំ២០២៥ ហើយការដំឡើងនេះ បើធៀបនឹងតួលេខកាលពីឆ្នាំ២០២៤ គឺមានធំដូចគ្នា។
តាមរយៈការបោះឆ្នោត ដែលមានតំណាងសរុបចំនួន ៥១រូប ក្នុងនោះតំណាងមកពីសហជីព១៧រូប តំណាងនិយោជក១៧នាក់ និងតំណាងមកពីក្រសួងការងារ១៧រូប។ ការបោះឆ្នោតនេះ ធ្វើឡើងតាមរយៈកិច្ចប្រជុំចុងក្រោយ កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។
លទ្ធផលបោះឆ្នោតបង្ហាញថា តួលេខប្រាក់ឈ្នួល ២០៦ដុល្លារក្នុងមួយខែ ដែលលើកឡើងដោយក្រុមនិយោជក ទទួលបានការគាំទ្រ៤៦សំឡេង។ ដោយឡែក តួលេខប្រាក់ឈ្នួល២១៤ដុល្លារ ទទួលបានការគាំទ្រចំនួន៤សំឡេង និងតួលេខ២០៨ដុល្លារ ទទួលបាន១សំឡេង។
លទ្ធផលនេះបង្ហាញថា កម្មករនិយោជិតនឹងទទួលបានការដំឡើងប្រាក់ឈ្នូល២ដុល្លារពីនិយោជកក្នុងឆ្នាំ២០២៥ និងបូកបញ្ចូល២ដុល្លារបន្ថែមទៀតពីរដ្ឋាភិបាល តាមរយៈការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលធ្វើឱ្យប្រាក់ឈ្នួលកម្មករនិយោជិតនៅឆ្នាំ២០២៥ មានចំនួន២០៨ដុល្លារក្នុងមួយខែ ដែលកើន៤ដុល្លារ បើធៀបនឹងប្រាក់ឈ្នួល២០៤ដុល្លារ ក្នុងឆ្នាំ២០២៤។ ប៉ុន្តែតួលេខនេះ ត្រូវបានកម្មករនិយោជិត ចាត់ទុកថាជាចំនួនដែលមិនបំពេញសេចក្តីត្រូវការ ចំពោះទំនិញចេះតែបន្តឡើងថ្លៃនៅលើទីផ្សារ ហើយតួលេខនេះ ក៏មិនអាចជួយឱ្យពួកគេងើបចេញពីការលំបាកបានដែរ។
កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ W & D Cambodia ក្នុងទីក្រុងភ្នំពេញដែលធ្វើការរយៈពេល១០ឆ្នាំមកហើយ លោក សឿង ប្រុស លើកឡើងថា ការដំឡើងប្រាក់ឈ្នួលជូនកម្មករនិយោជិត៤ដុល្លារ នៅក្នុងឆ្នាំ២០២៥ខាងមុខនេះ គឺជាចំនួនមួយដែលពិបាកទទួលយក ហើយក៏មិនទាន់សក្តិសមនឹងតម្រូវការជាក់ស្តែងរបស់កម្មករដែរ។
មិនតែប៉ុណ្ណោះ លោកឱ្យដឹងថាបច្ចុប្បន្ន ប្រាក់ឈ្នួលមិនទាន់នឹងបានឡើងផង ម្ចាស់ផ្ទះជួលមួយចំនួនចាប់ផ្តើមដំឡើងថ្លៃផ្ទះ និងទាមទារសេវាប្រមូលសំរាមចាប់ពីខែតុលាខាងមុខនេះទៅហើយ។ បន្ថែមលើនេះ តម្លៃទំនិញលើទីផ្សារ និងសាំង ក៏បន្តឡើងថ្លៃ ខណៈប្រាក់ខែកម្មករក្នុងពេលបច្ចុប្បន្នកម្មររោងចក្រទទួលបាន២៧០ដុល្លារ ក្នុងមួយខែ បូកបញ្ចូលទាំងការថែមម៉ោងធ្វើការផង។
លោកបន្តថា៖«ខ្ញុំគិតថាវាហាក់បីដូចជាមិនសក្តិសមសម្រាប់កម្មករទេ ដោយសារប្រាក់ខែមិនទាន់បានឡើងផង តែថ្លៃផ្ទះជួលឡើងមុនបាត់ទៅហើយ។ ហើយទំនិញនៅលើទីផ្សារក៏ឡើងដែរ ដូចជា ទឹកត្រី ខ្ទឹម ស្ករ ប៊ីចេងជាដើម»។
លោកបន្ថែមថា៖«ផ្ទះជួលមួយចំនួនគេចាប់ផ្តើមដំឡើងថ្លៃហើយ គេដើរប្រាប់ថា ចាប់ពីខែក្រោយទៅគេចាប់ផ្តើមតំឡើងហើយ តែផ្ទះជួលខ្លះក៏គាត់អត់តំឡើងដែរ នៅថេរដដែល។ ប៉ុន្តែគាត់យកសេវាថ្លៃសំរាម»។
ក្រៅពីនេះទៀត លោក សឿង ប្រុស ឱ្យដឹងថាការដំឡើងប្រាក់ឈ្នួល៤ដុល្លារនៅឆ្នាំ២០២៥នេះ មិនអាចជួយឱ្យកម្មករនិយោជិតរស់នៅស្រួលទេ៖«វាអត់អាចជួយសម្រួលជីវភាពបានទេ!»។
ប្រហាក់ប្រហែលគ្នានេះដែរ កម្មការិនីរោងចក្រនៅរាជធានីភ្នំពេញម្នាក់ទៀត អ្នកស្រី សោម រ៉ាវី ក៏យល់ឃើញថាការដំឡើងប្រាក់ឈ្នួលនៅឆ្នាំ២០២៥នៅមានកម្រិតតិចតួច ដែលថាមិនអាចជួយឱ្យពួកគេងើបផុតពីភាពលំបាកដូចបច្ចុប្បន្នទេ។ កម្មការិនីវ័យ៤១ឆ្នាំរូបនេះថា ដើម្បីអាចឱ្យពួកគាត់ធូរស្រាល រដ្ឋាភិបាលគួរណាស់ដំឡើងឱ្យបាន១០ដុល្លារអាមេរិក បន្ថែមទៀត ទើបអាចជួយឱ្យពួកគេ មានភាពប្រសើរផ្នែកជីវភាព ។
អ្នកស្រីថ្លែងថា៖«[ដំឡើងប្រាក់ឈ្នូល៤ដុល្លារ]ទាបខ្លាំងណាស់ វាមិនអាចជួយ[ជីវភាព]ឱ្យប្រសើរឡើងទេ ព្រោះទំនិញសព្វមុខវាឡើងថ្លៃមួយមុខបន្តិចៗ វាលើសកម្រិតជាងហ្នឹងទ្វេដង។យ៉ាងហោចណាស់ក៏បានត្រឹម១០ដុល្លារឡើងដែរ។ ១០ដុល្លារឡើង ចេះតែអាចទទួលយកបានខ្លះ »។
ការលើកឡើងដូច្នេះ ដោយអ្នកស្រីថា កម្មករនិយោជិតភាគច្រើនជាប់បំណុលធនាគារ។ ជាក់ស្តែងអ្នកស្រីកំពុងជាប់បំណុលជិត១ម៉ឺនដុល្លារ ហើយក៏ត្រូវផ្គត់ផ្គង់ការសិក្សារបស់កូនចំនួន២នាក់ដែរ។ផ្ទុយទៅវិញ គាត់អាចរកចំណូលបានប្រមាណ ៣០០ដុល្លារក្នុងមួយខែ បូកបញ្ចូលទាំងការថែមម៉ោងផង។ករណីនេះ អ្នកស្រីលើកឡើងថាតម្រូវការចំណាយច្រើន តែចំណូលទាប។
ទោះជាយ៉ាងណា អ្នកស្រី រ៉ាវី បានរម្លឹកថា រូបគេធ្លាប់រំពឹងថាការចរចាប្រាក់ឈ្នួលឆ្នាំនេះអាចនឹងមានលក្ខណៈប្រសើរជាងការចរចាបើធៀបនឹងឆ្នាំមុន។ ប៉ុន្តែជាក់ស្តែងប្រាក់ឈ្នួលដែលត្រូវដំឡើង គឺ៤ដុល្លារដូចឆ្នាំមុនដែរ។
អ្នកស្រីបន្តថា៖«[ការចរចាឆ្នាំនេះ ខ្ញុំ]រំពឹងថាបានគ្រាន់បើជាងឆ្នាំទៅ[ការចរចាកាលពីឆ្នាំ២០២៣] តែដល់ពេលឥឡូវវាមិនលើសគ្នាអ៊ីចឹង ឡើងតិចតួច។ ហើយដល់ពេលឥវ៉ាន់ឡើងថ្លៃគ្រប់សារពើ »។
ដោយឡែក ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ ចាត់ទុកថាការដំឡើងប្រាក់ឈ្នួល៤ដុល្លារក្នុងឆ្នាំ២០២៥នេះ ទាបជាងតម្រូវការជាក់ស្តែងរបស់កម្មករនិយោជិត។អ្នកស្រី សោភ័ណ្ឌ បន្តថា និយោជកគួរតែដំឡើងឱ្យកម្មករនិយោជិតចន្លោះពី៦ ទៅ៧ដុល្លារអាមេរិកក្នុងមួយខែ ទើបអាចមានសមាមាតទៅនឹងអតិផរណាទីផ្សារដែលកំពុងកើតមាន។ បើពុំដូច្នេះទេ កម្មករនិយោជិតនឹងប្រឈមបញ្ហាជីវភាពរស់នៅ។
អ្នកស្រីថ្លែងថា៖«តួរលេខនេះមើលទៅ ហាក់ដូចជាឡើងបានតិចតួចមែនទែន ។ ស្របពេលទៅនឹងអតិផរណាទីផ្សារ វាហក់ឡើងខ្ពស់ ហើយបើសិនប្រាក់់ឈ្នួលរបស់កម្មករនិយោជិតអត់កែសម្រួលទៅតាមទីផ្សារទេ ខ្ញុំគិតថានឹងប្រឈមនូវហានិភ័យនៅក្នុងការចំណាយ នៅក្នុងការរស់នៅរបស់ពួកគាត់»។
បន្ថែមលើនេះ អ្នកស្រីក៏ចង់ឃើញមានការសិក្សារួមគ្នាមួយពីការចំណាយ និងបញ្ហាប្រឈមរបស់កម្មករនិយោជិតមុននឹងដំឡើងប្រាក់ឈ្នួល។ ការធ្វើដូច្នេះ អ្នកស្រីថានឹងដឹងពីទុក្ខលំបាករបស់ពួកគេ ហើយអាចដំឡើងប្រាក់ឈ្នួលដល់កម្រិតមួយសមស្រប ដែលអាចធានាការរស់នៅសមរម្យជូនពួកគេ ហើយពុំចាំបាច់ត្រូវជជែកវែកញែកគ្នាច្រើនដូចបច្ចុប្បន្នឡើយ។
យ៉ាងនេះក្តី ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា លោក គឹម ចាន់សំណាង អះអាងថា ខ្លួនពេញចិត្តចំពោះតួលេខនេះ ដោយថាការដំឡើងប្រាក់ឈ្នួលហួសហេតុពេក អាចធ្វើឱ្យបាត់បង់នូវសង្វាក់ផលិតកម្ម ហើយរោងចក្រប្រឈមនឹងបិទទ្វារ ដែលផ្តល់ផលអាក្រក់ដល់កម្មករនិយោជិត។
លោកថ្លែងថា៖«ភាគីសហជីពពួកខ្ញុំទាំងប៉ុន្មាននាក់ ដែលសម្រេចចិត្តឯកភាព និងទទួលយកដោយពេញចិត្តនេះ គឺយើងយល់ថា ការទទួលយកដោយទទួលបាននូវការងារធ្វើច្រើនបន្តបន្ទាប់ទៀត។ យើងមិនអាចទទួលយក ដើម្បីឱ្យបាត់បង់នូវសង្វាក់ផលិតកម្ម ក៏ដូចជាការបិទរោងចក្រជាបន្តបន្ទាប់នោះទេ»។
ដោយឡែក តំណាងនិយោជក លោក ណាង សុធី មើលឃើញពីសញ្ញាណវិជ្ជមាន ដោយថាតំណាងកម្មករនិយោជិតដែលមកចូលរួមកិច្ចប្រជុំកំណត់ប្រាក់ឈ្នួលអប្បរមាឆ្នាំនេះ មានអាកប្បកិរិយាទន់ភ្លន់ជាងឆ្នាំកន្លងទៅ ក្នុងការទទួលយកតួលេខ២០៨ដុល្លារ ក្នុងមួយខែនេះ។
លោកបន្តថា៖«ភាគីនិយោជកយើងសប្បាយចិត្ត ចំពោះលទ្ធផលនេះ ។យើងពេញចិត្តមែនទែន បងប្អូនកម្មករនិយោជិតទាំង១៧ភាគី គឺលោកបង្ហាញនូវអារម្មណ៍ស្និទស្នាល ខុសពីឆ្នាំមុនៗ ដែលពេលប្រជុំម្តងៗ គឺមួរម៉ៅដាក់គ្នា។ ឆ្នាំនេះលោកទន់ភ្លន់ ហើយអាចទទួលយកនូវការពិភាក្សាដ៏យល់ដឹងទៅវិញទៅមក»។
យ៉ាងណាមិញ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ជំរុញឱ្យរដ្ឋាភិបាល និងភាគីនិយោជកបង្កើនប្រាក់ឈ្នួលឱ្យកម្មករឱ្យបានចំនួន២៥០ដុល្លារក្នុងមួយខែ ដើម្បីធានាថាពួកគេអាចរស់នៅបានសមរម្យ ព្រោះលោកថាការដំឡើងប្រាក់ឈ្នួល៤ដុល្លារ មិនអាចឱ្យពួកគេរស់នៅបានដោយប្រសើរនោះនៅឡើយទេ។
លោកបន្ថែមថា រដ្ឋាភិបាលក៏គួរបន្ថែមការយកចិត្តទុកដាក់ទៅលើការចំណាយថ្លៃទឹក និងថ្លៃភ្លើងឱ្យកម្មករនិយោជិតដែរ ដើម្បីសម្រួលជីវភាពពួកគេមួយផ្នែក។បើពុំដូច្នេះទេ លោកថាគួរតែបញ្ចុះតម្លៃឱ្យបានក្នុងកម្រិតមួយដែលទាបជាងនេះ។
លោកបន្តថា៖«អាចពិនិត្យមើលថា បើសិនអាចជួយទៅលើថ្លៃទឹក ថ្លៃភ្លើង ឬក៏បញ្ចុះឱ្យដល់កម្រិតមួយទាបបំផុត ដែលការពារកុំឱ្យពួកគាត់ប្រឈមនឹងការចំណាយអស់ហ្នឹងច្រើន»។
របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញថាគិតត្រឹមខែមិថុនា ឆ្នាំ២០២៤កម្មករនិយោជិតកំពុងបម្រើការងារនៅក្នុង វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប មានជាង៩០ម៉ឺននាក់ នៅតាមរោងចក្រ សហគ្រាសចំនួន ១,៥៣៨កន្លែង។
គេសង្កេតឃើញថា បើទោះជាមានភាគីខ្លះពេញចិត្ត និងខ្លះទៀតមិនចេញចិត្តចំពោះប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៥ក្តី ក៏រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានអះអាងថា រដ្ឋាភិបាលកម្ពុជានៅតែយកចិត្តទុកដាក់ចំពោះការដំឡើងប្រាក់ឈ្នូលឱ្យកម្មករនិយោជិត ថ្វីបើដំឡើងនេះមិនគ្រប់ទៅតាមការចង់បានរបស់ពួកគេក៏ដោយចុះ។ ការលើកឡើងដូច្នេះ ដោយលោកប្រៀបធៀបថា ប្រទេសខ្លះមិនបានចរចាប្រាក់ឈ្នួលប្រចាំឆ្នាំដូចកម្ពុជានៅឡើយផង។
លោកថ្លែងថា៖«មែនទែនទៅ មានតែយើង[កម្ពុជា]ទេ ដែលចរចាប្រាក់ឈ្នួលប្រចាំឆ្នាំ។ ឡើងតិច ឬច្រើន គឺរាល់ឆ្នាំ យើងឡើង តែបើនៅស្រុកគេ៥ឆ្នាំ ឬ១០ឆ្នាំ បានគេជជែកគ្នាម្តង។ អ៊ីចឹងនៅយើង ទោះបីថាឡើងតិច ឬឡើងច្រើន គឺថារៀងរាល់ឆ្នាំ គឺបូករហូត អត់មានដកដូចនៅប្រទេសគេទេ»។
បន្ថែមលើនេះ លោកគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាក៏នឹងបន្តជួយអន្តរាគមន៍មិនឱ្យតម្លៃផ្ទះជួលឡើងថ្លៃហួសកំណត់ដែរ។ ជាមួយគ្នាកម្មករនិយោជិត ត្រូវតែទទួលបានតម្លៃទឹក និងភ្លើងពីរដ្ឋ ក្នុងតម្លៃដែលបានកំណត់។
លោកបន្តថា៖«ក្រៅពីដំឡើងប្រាក់ឈ្នួល រាជរដ្ឋាភិបាលក៏នឹងបន្តអន្តរាគមន៍ ដើម្បីធ្វើម៉េចរក្សានូវស្ថិរភាពតម្លៃ ហើយនិងអន្តរាមន៍ផ្សេងៗទៀត ដើម្បីធ្វើម៉េចឱ្យចំណាយការរស់នៅរបស់បងប្អូនកម្មករនិយោជិត ដូចជាការគ្រប់គ្រងតម្លៃផ្ទះជួល គឺយើងនឹងបន្តតាមដាន ដើម្បីធ្វើម៉េចឱ្យតម្លៃនៃការជួលបន្ទប់ ឱ្យវាសមស្រប កុំឱ្យមានការឡើងថ្លៃហួសហេតុពេក»។
ត្រឡប់មក កម្មកររោងចក្រ លោក សឿង ប្រុស ឯណេះវិញ ប្រសិនបើកម្មករនិយោជិតនៅតែទទួលបានការដំឡើងប្រាក់ឈ្នួលតក់ៗបែបនេះ ពួកគាត់ទំនងជាមិនអាចមានជីវភាពប្រសើរ ពោលគឺកាន់តែយ៉ាប់យឺនទៅៗ។
លោកបន្តថា៖«បើសិនជាប្រាក់ខែនៅតែឡើងតិចតួចៗអ៊ីចឹង គឺអត់អាចផ្គត់ផ្អង់ជីវភាពប្រចាំថ្ងៃបានទេ។ ទៅថ្ងៃមុខទៅកម្មកររោងចក្រប្រឈមមុខនឹងជំពាក់ធនាគារ និងប្រឈមមុខនឹងភាពក្រីក្រ»៕