(ភ្នំពេញ​): អ្នកជំនាញ​​ផ្នែក​​សេដ្ឋកិច្ច​​លើក​​ឡើង​​ថា កម្ពុជា​​នឹង​​ខាត​បង់​​ប្រយោជន៍​​ជាច្រើន​​ប្រសិន​បើ​មិន​​មាន​​គោល​​នយោបាយ​​ច្បាស់​លាស់​​ក្នុង​​ដំណើរ​ការ​​ធ្វើ​​ពាណិជ្ជ​កម្ម​សេរី​​ បន្ទាប់ពី​ការចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន។

មន្រ្តី​រដ្ឋាភិបាល​ប្រកាស​ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរីរវាង​​កម្ពុជា-ចិន​ ទើប​​នឹង​​ត្រូវ​​បាន​បិទ​បញ្ចប់​សព្វ​គ្រប់​នូវ​ដំណាក់​ការ​ចរចា​​តាក់​តែង​ ដែល​​ត្រូវ​ចំណាយ​ពេល​៦​ខែ ​ហើយ​ប្រទេស​ទាំង​ពីរ​គ្រោង​នឹង​ចុះ​ហត្ថលេខា​ជា​ផ្លូវការ ​នៅ​ខែ​សីហា​ខាង​មុខ​។

លោក ឆេង គឹមឡុង នាយក​​​​មជ្ឈ​មណ្ឌល​​នវានុវត្តន៍​​ផ្នែក​​អភិបាល​​កិច្ច និង​ប្រជា​ធិបតេយ្យ​របស់​វិទ្យាស្ថាន​​ចក្ខុ​វិស័យ​​អាស៊ី ​​លើក​​ឡើង​​ថា ការចុះ​កិច្ច​​ព្រមព្រៀង​​ពាណិជ្ជកម្ម​​សេរី​​ជាមួយ​​ចិន​​​ កម្ពុជា​​អាច​នឹង​រង​ផល​ប៉ះពាល់​ដល់​ការនាំចូល​ផលិតផល​ពី​ប្រទេស​ចិន​ច្រើនលើ​ស​លប់ ដែល​ជា​ហេតុអាច​​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់​ចុះ។ លោក​បន្តថា ការចុះ​កិច្ច​ព្រមព្រៀង​នេះ មិន​សូវ​ជា​ផ្តល់​ផល​ចំណេញ​ដល់​កម្ពុជា​ប៉ុន្មាន​នោះ​ទេ តែលោក​​ថា វា​ជា​ការព្រួយ​បារម្ភ​ពី​ការនាំចូល​ផលិតផល​​ច្រើន​​សន្ធឹក​​សន្ធាប់​​​ពី​​ប្រទេស​​ចិន ខណៈ​​ដែល​​ច្រក​​ពាណិជ្ជកម្ម​​បើក ហើយ​​ការនាំ​ចូល​​ផលិត​ផល​នានា មិនមាន​ការបង់​ពន្ធ។

លោក​ថា៖​ «ការ​ដែល​ធ្វើ​ឲ្យ​មាន​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​​ នឹង​​នាំឲ្យ កម្ពុជា​នឹង​ទទួល​នូវ​ទំនិញ​ចិន​ច្រើន​ភ្លូក​ទឹក​ភ្លូក​ដី មាន​ន័យ​ថា ទំនិញ​ទាំងអស់​​នោះ​នឹ​ង​មិន​ជាប់​ពន្ធ […] អញ្ចឹង​ដែល​ធ្វើ​ឲ្យ​ទីផ្សារ​កម្ពុជា​ក្លាយ​ជា​ទីផ្សារ​មួយ​ដែល​ស្រូប​ដោយ​ទំនិញ​ចិន ជា​ជាង​ទំនិញ​កម្ពុជា​នាំ​ចេញ​ទៅ​​ក្រៅ»។

លោក គឹមឡុង​​ បន្ថែម​ថា ក្រសួង​ពាក់ព័ន្ធ​នានា ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​​ការបណ្តុះ​បណ្តាល​ក្រុមហ៊ុន​ក្នុង​ស្រុក ក្នុង​ការផ្តល់​ការ​ទំនុក​បម្រុង និង​លើក​ទឹក​ចិត្ត​ក្នុង​ការផលិត​ផលិត​ផល ប្រកប​ដោយ​អនាម័យ និង​ប្រសិទ្ធភាព ហើយ​រក​ទីផ្សារ​​ដើម្បី​នាំចេញ​ទៅ​ប្រទេស​ក្នុង​តំបន់ និង​ក្នុង​ពិភ​ពលោក។​

លោកបន្តថា៖ «ខ្ញុំលើកទឹកចិត្តឲ្យរដ្ឋាភិបាលគិតគូរទៅដល់ ការវិនិយោគក្រុមហ៊ុនក្នុងស្រុក ការផ្តល់ជាការគាំទ្រផ្នែកបច្ចេក​ទេស និងការជួយជ្រោមជ្រែងជាប្រព័ន្ធណាមួយពីរដ្ឋាភិបាល ពីក្រសួងដែលពាក់ព័ន្ធទាំងអស់ ដូចជា​ក្រសួង​ពាណិជ្ជកម្ម ក្រសួង​កសិកម្ម និង​ក្រសួង​សេដ្ឋកិច្ច»។

លោក ង៉ែត​ ជូ អ្នកជំនាញ​ផ្នែកសេដ្ឋកិច្ច ប្រាប់ Newsroom Cambodia ថា ការ​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយចិន (​FTA) កម្ពុជា​មិន​សូវ​ជា​មាន​ផល​ចំណេញ​ប៉ុន្មាន​ទេ ដោយសារ​តែ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​មិន​ទាន់​មាន​ទំហំ​ធំ​នៅ​ឡើយ ខណៈ​ប្រទេស​ចិន​​នាំចូលទំនិញ​​មក​កម្ពុជា​​មាន​​ចំនួន​​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់។

លោក​ថា៖ «យើងមានឱនភាព​ពាណិជ្ជកម្ម​ ដោយសារ​ការនាំចេញ​វា​តិច​ជាង​ការនាំ​ចូល។ នាំ​ចូល​​មក​​៧ដង​​នៃ​ការ​នាំ​​ចេ​ញ​​រប​ស់​​យើង អញ្ចឹងហើយយើងខាតរយៈពេលខ្លី»។

លោកបន្ថែមថា ការ​ចុះ​កិច្ច​ព្រមព្រៀង​នេះ​មាន​ភាព​ប្រថុយ​ចំណេញ​​ និង​ថា ភាព​ប្រថុយ​ចំណេញ​នេះ​អាច​ប្រសើរ​ឡើង​បន្តិច​ប្រសិន​បើ​រដ្ឋាភិបាល​ពង្រឹង​សមត្ថភាព​របស់​សហគ្រាស​ក្នុង​ស្រុក​ដើម្បី​នាំចេញ។

លោក មាស នី អ្នកសិក្សាស្រាវជ្រាវ​ពីការ​អភិវឌ្ឍ​សង្គម​លើក​ឡើង​ថា មក​ទល់​ពេល​នេះ លោក​មិន​ទាន់​ឃើញ​កម្ពុជា​បញ្ចេញ​គោល​ន​យោបាយ ដើម្បី​ការពារ​ផល​ប្រយោជន៍​ខ្លួន​ឯង​បន្ទាប់ពី​ការចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា បើ​កម្ពុជា​មិនមាន​គោល​នយោបាយ​ច្បាស់លាស់​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​សេរី និង​ការការពារ​ផល​ប្រយោជន៍​រួម​ទេ ប្រជា​ពលរដ្ឋ​អាច​នឹង​ប្រឈម​ការធ្វើ​ជា​កម្មករ​របស់​បរទេស​លើ​ទឹកដី​ខ្លួន​ឯង។

លោក​មាន​ប្រសាសន៍​ថា៖ «កម្ពុជា​ ក្នុង​នាម​ជា​ប្រទេស​តូច គួរ​តែ​បង្ហាញ​នូវ​គោល​នយោបាយ​ច្បាស់​លាស់​​​​​ថា​ ​តើ​គោល​នយោបាយ​អ្វីខ្លះ​ដែល​កម្ពុជា​មាន ដើម្បី​ការពារ​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ​​ខ្លួន​ឯង ការពារ​សេដ្ឋកិច្ច​របស់​​ខ្លួន​ឯង កុំ​​ឲ្យ​​វា​​មាន​​ភាព​​លើស​​លុប ​ដោយសារ​​តែ​​ការ​ធ្វើ​ជំនួញ​​ជាមួយ​​ប្រទេស​​មួយ​​ដែល​​គេ​​ជា​​ប្រទេស​​អ្នក​មាន»។

លោកបន្តថា៖ «បើសិនជា​យើង​គ្មាន​គោល​នយោបាយ​ការពារ​ផល​ប្រយោជន៍​ខ្លួន​ឯង ឲ្យ​ច្បាស់​លាស់​ទេ ពលរដ្ឋ​កម្ពុជា​នឹង​គ្រាន់​តែ​ក្លាយ​ជា​ពលករ​របស់​ក្រុមហ៊ុន​របស់​ចិន ឬ​ក៏​អាច​គ្រាន់តែ​ធ្វើ​ជា​កម្មករ​របស់​គេ​ដូច​ដែល​យើង​ទៅ​ធ្វើ​កម្មករ​នៅ​ថៃ ប៉ុន្តែ​ម្តង​នេះ​យើង​អាច​នឹង​ធ្វើ​ពលករ​នៅ​លើ​ទឹកដី​ខ្លួន​ឯង»។

ចំណែក​លោក គី សិរីវឌ្ឍន៍​ អ្នកជំ​នាញផ្នែ​ក​សេដ្ឋកិច្ច ប្រាប់ Newsroom Cambodia ថា ការនាំ​ចេញ​​ផលិត​ផល​​កម្ពុជា​ទៅ​ប្រទេសចិន​បាន​តិចតួច ដោយសារ​ផលិតផល​របស់​កម្ពុជា​ មិន​ត្រូវ​ស្តង់​ដារ​ និង​មាន​តម្លៃ​ថ្លៃជា​ងទីផ្សារ​នៅ​ប្រទេស​ចិន។

លោកថា៖ «ទំនិញរបស់យើងនាំទៅចិនអត់បាន ដោយសារអី ដោយសារ​តែ​ទីមួយ​យើង​ផលិត​អត់​ត្រូវ​ស្តង់​ដារ​របស់​គេ ទីពីរ​យើង​នាំ​ទៅ​ចិន​មិន​បាន ដោយសារ​តែ​ថ្លៃ​ដើម​ខ្ពស់​ជាង​ចិន»។

យ៉ាងណាក្តី លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការ​ក្រសួង​​ពាណិជ្ជ​កម្ម ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​ កាលពី​ថ្ងៃទី២៨ ខែ​កក្កដា នៅទីស្តីការ​គណៈរដ្ឋមន្រ្តី​ថា ​កិច្ចព្រមព្រៀង​នេះ​មាន​សារសំខាន់​​ណាស់​​សម្រាប់​កម្ពុជា ហើយ​ផ្តោត​លើ​ការវិនិ​យោគ​​លើ​ការចូល​មក​វិនិយោគ និង​នាំចេញ​ទៅ​វិញ និង​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ និង​បង់​ពន្ធ​ជូន​រដ្ឋ​កម្ពុជា។

លោកថា៖ «នេះ​ជា​ឱកាស​កម្រមាន​ណាស់ កិច្ច​ព្រមព្រៀង​នេះ​ជា​កិច្ច​ព្រមព្រៀង​ប្រវត្តិសាស្រ្ត​ទីមួយ ដែល​កម្ពុជា​បាន​ធ្វើ​ទ្វេរ​ភាគី មិនមែន​ជា​កិច្ចព្រមព្រៀង​ធម្មតា​ទេ គេ​ហៅថា​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេរ​ភាគី ហើយ​ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ ហើយ​បាន​ផ្តល់​ផល​ប្រយោជន៍​ដល់​កម្ពុជា​ច្រើន​ណាស់»។

លោក​បន្ថែម​ថា៖ «វិនិយោគ​នេះ​គឺ​យើង​ផ្តោត​លើ​អ្វី​ដែល​ចូល​ម​ក​វិនិយោគ ហើយ​ជំរុញ​ការនាំ​ចេញ​ទៅ​វិញ ហើយ​បង្កើត​ការងារ​ធ្វើ ហើយ​បង់​ពន្ធ​បង់​ដារ​ឲ្យ​ប្រទេស​យើង ហើយ​យើង​អាច​បង្កើត​មុខ​របរ​ផ្សេងៗ​ដែលគាំពារដោយវិនិយោគគេចូលមក»។

បើតាម​​លោក សុខ សុភ័ក្ត្រ ក្នុង​ឆ្នាំ២០១៩ កម្ពុជានាំចេញ​ផលិតផល​ទៅ​ប្រទេស​ចិន​ប្រមាណ ១ពាន់​លាន​ដុល្លារ និង​ការនាំចូល​ផលិតផល​ពី​ប្រទេស​ចិន​មក​កម្ពុជាមា​នប្រមាណ​ជិត ៧ពាន់​លាន​ដុល្លារ៕