ជារៀងរាល់ថ្ងៃនៅក្នុងរាជធានីភ្នំពេញ ចាប់តាំងពីព្រលឹមទល់ព្រលប់ សំឡេងម៉ាស៊ីនម៉ូតូឡានតូចធំ តែងតែបញ្ចេញភាពទ្រហឹងអឺងកងមិនដែលលុះថ្ងៃ។ មនុស្សម្នាក់ៗ មិនថាជាអាជីវករលក់ដូរ សិស្ស និស្សិត សាស្រ្តាចា្យ មន្រ្តីរាជការ បុគ្គលិក ឬពលរដ្ឋសាមញ្ញនោះទេ គឺសុទ្ធតែប្រើប្រាស់ដងផ្លូវ ឬវិថីនានា ឆ្លងកាត់ទៅមកដើម្បីប្រកបរបរចិញ្ចឹមជីវិតរៀងៗខ្លួន។
ជាមួយនឹងភាពមមាញឹកនៅលើដងផ្លូវ ជានិច្ចកាលក៏តែងតែមានការប៉ះទង្គិចគ្នាធ្ងន់ស្រាលមិនអាចជៀសបាន ដោយសារតែកំហុសផ្ទាល់ខ្លួនឯង ឬក៏ជាការធ្វេសប្រហែសរបស់អ្នកបើកបរដទៃទៀត។ ភាគច្រើននៃកំហុសទាំងនោះគឺជាកំហុសអចេតនា ដែលយើងទាំងអស់គ្នាសុទ្ធសឹងតែមិនចង់ឲ្យកើតឡើងទាល់តែសោះ។
ក្នុងករណីបង្កជាជម្លោះ ប្រសិនបើរឿងតូចតាចអាចចេញជាជម្លោះពាក្យសម្តីនៅលើដងផ្លូវ តែខ្លះទៀតអាចក្លាយទៅជាការវាយតប់បង្ករបួសស្នាម ដោយសារតែភាគីទាំងសងខាងប្រកាន់ត្រូវតែរៀងៗខ្លួន។ ហើយក្នុងចំណោមនៃភាគីជម្លោះក៏មានអ្នកខ្លះដឹងខុសហើយ តែមិនទទួលខុស នៅតែប្រកែកថាខ្លួនឯងត្រូវ ដែលនេះរឹតតែដុតកំហឹងភាគីដែលមិនមានកំហុសឲ្យកាន់តែឆែវឆាវថែមទៀត។
អ្នកខ្លះយកការជេរប្រទេចគ្នាជាត្រីមុខ ហើយអ្នកខ្លះវិញចូលចិត្តប្រើកម្លាំងបាយវាយតប់ ដែលនេះធ្វើឲ្យខាតពេលវេលា ខាតថវិកា ឈឺខ្លួន និងត្រូវបានគេមើលឃើញថា គ្មានក្រមសីលធម៌ក្នុងខ្លួនថែមទៀតផង។
ក្នុងករណីជម្លោះបែបនេះ ជម្រើសតែមួយគត់គឺត្រូវដោះស្រាយវិវាទគ្នាតាមផ្លូវច្បាប់ ដើម្បីបញ្ជាក់ឲ្យច្បាស់ថាអ្នកណាត្រូវអ្នកណាខុស។ តែការប៉ះទង្គិចតូចតាច ទាំងយើងទាំងគេ មិនចង់ឲ្យរឿងតូចក្លាយជារឿងធំ ដែលនាំឲ្យខាតបង់ថវិកា និងពេលវេលារបស់ខ្លួនទៅប៉ុស្តិ៍ប៉ូលីស ឬឡើងតុលាការនោះទេ។
ប្រសិនបើអាចអនុគ្រោះបានក៏អនុគ្រោះទៅ នេះហើយជាអ្វីដែលប្រជាជនយើងមួយចំនួនតែងតែធ្វើកន្លងមក។ ហើយនៅក្នុងការប៉ះទង្គិចគ្នាខ្លះ ភាគីទាំងសងខាងបានស្រុះស្រួលគ្នាជាមុន ដោយមិនមានវត្តមានសមត្ថកិច្ចដើម្បីធ្វើការសម្របសម្រួលនោះទេ។
ការអនុគ្រោះគ្នាក្នុងពេលបើកបរ ជាទម្លាប់មួយដ៏ល្អរបស់ពួកយើងរាល់គ្នា។ ជាក់ស្ដែងកន្លងមក មានអ្នកបើកបរយានយន្តធំៗមួយចំនួនតែងតែជួយធ្វើជារនាំងសម្រួលឲ្យអ្នកថ្មើរជើង ឬទោចក្រយានយន្តតូចៗឆ្លងកាត់បានដោយសុវត្ថិភាព។ នេះជាទង្វើមួយដែលគួរឲ្យគោរព ប្រៀបដូចជាអ្នកខ្លាំងជួយអ្នកខ្សោយ ឬអ្នកមានជួយអ្នកក្រដូច្នោះដែរ ព្រោះនៅលើដងផ្លូវ អ្នកបើកបរយានយន្តធំៗគឺចាត់ទុកថាជាអ្នកខ្លាំង អ្នកមានអំណាច ហើយប្រសិនបើអំណាចដែលមាន អាចរំលែកទៅជាប្រយោជន៍របស់បុគ្គលតូចតាចនោះ វាជាអ្វីដែលគួរឲ្យកោតស្ងប់ស្ងែង។
បើទោះបីអ្នកបើកបរយានយន្តតូចៗមិនបានងក់ក្បាលអរគុណ ដោយហេតុព្រោះប្រញាប់ជាដើម ប៉ុន្តែគេក៏មានការកោតស្ងប់ស្ងែងក្នុងចិត្តដែរ។ នៅត្រង់ចំណុចនេះ គេអាចភ្ជាប់ទៅនឹងសុភាសិតខ្មែរយើងមួយដែលនិយាយថា «អ្នកមានរក្សាក្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន»។ សុភាសិតនេះបានបង្កប់អត្ថន័យអប់រំថា អ្នកមានទ្រព្យធន គួរតែជួយចែករំលែកដល់អ្នកក្រក្សត់ រីឯអ្នកមានចំណេះដឹងគួរតែចែករំលែកដល់អ្នកផងគ្នាដែលមិនសូវចេះ មិនសូវបានរៀនសូត្រ ហើយការធ្វើរបៀបនេះមិនខុសគ្នាពីសំពៅដែលពឹងពាក់សំប៉ានដើម្បីអណ្ដែតនៅក្នុងមហាសាគរនោះទេ។
ការប៉ះទង្គិចគ្នាក្នុងពេលបើកបរ ដោយមិនបញ្ចេញកំហឹងដាក់គ្នានៅលើដងផ្លូវ គឺជាផ្នែកមួយទាក់ទងនឹងកម្រិតនៃក្រមសីលធម៌របស់ប្រជាជនយើងផងដែរ។ ក្រៅពីអ្វីជាសំបកកាយដែលមាន មនុស្សគ្រប់គ្នាត្រូវមានសីលធម៌ និងគុណធម៌ ជាយាននៃជីវិតរៀងៗខ្លួន។ មិនថាអ្នកមាន ឬអ្នកក្រ អ្នករៀនសូត្របានតិច ឬអ្នករៀនសូត្របានច្រើន សុទ្ធតែមិនអាចរស់នៅប្រាកចាសពីក្រមទាំងនេះបានឡើយ៕