ធនាគារពិភពលោក បានព្យាករណ៍នៅថ្ងៃទី២៩ ខែកញ្ញ ឆ្នាំ២០២០នេះថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនអវិជ្ជមាន -២ភាគរយសម្រាប់ឆ្នាំនេះ ដែលជាការធ្លាក់ចុះយ៉ាងគំហុកបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រថ្មីៗនេះរបស់កម្ពុជា បន្ទាប់ពីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិដែលបង្កឡើងដោយការរាលដាលជំងឺកូវីដ-១៩។

កំណើនអវិជ្ជមាននេះ យោងតាមធនាគារពិភពលោក អាចនឹងមានផលប៉ះពាល់ដល់ធ្ងន់ធ្ងរដល់សុខមាលភាពគ្រួសារនិងធ្វើឲ្យភាពក្រីក្រមានការកើនឡើង។

ធនាគារពិភពលោកបាននិយាយថា «អត្រាភាពក្រីក្រនៅកម្ពុជាទំនងជានឹងកើនឡើងវិញ ដោយសារតែកំណើនសេដ្ឋកិច្ចមានសភាពមិនសូវល្អ បន្ថែមដោយការបាត់បង់ការងារ, ការធ្លាក់ចុះក្នុងចំណូលគ្រួសារ, និងការឡើងថ្លៃទំនិញស្បៀងអាហារផង»។

«ការថមថយកាន់តែខ្លាំងនូវមូលធនមនុស្សក្នុងស្រុក ក៏ជាហានិភ័យមួយទៀតដែរ ដោយសារសកម្មភាពសិក្សានិងលទ្ធផលនៃការរៀនចេះធ្លាក់ចុះ នៅពេលដែលសាលារៀនត្រូវបានបិទទ្វារ»។

កូវីដ១៩ ក៏បានធ្វើឲ្យសេដ្ឋកិច្ច និងក្បាលម៉ាស៊ីនសំខាន់ៗរបស់កម្ពុជា មានដូចជាវិស័យសំណង់ ទេសចរណ៍ និងការនាំចេញទំនិញ បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ កូវីដ ១៩ ក៏បានធ្វើឲ្យវិស័យសំណង់ និងអចលនទ្រព្យនៅទ្រឹងផងដែរ ដែលជាវិស័យដែលមានការពឹងពាក់ខ្លាំងទៅលើការវិនិយោគពីបរទេស។

វិស័យ​ទេស​ចរណ៍ និង​បដិសណ្ឋារ​កិច្ច​របស់​កម្ពុជា​បាន​ដួល​រលំ ដោយ​សារ​តែការ​រឹតត្បិត​​លើ​ការ​ធ្វើ​ដំណើរ​និង​វិធានការ​រាំង​ខ្ទប់​ឱ្យនៅមួយ​កន្លែង។ ចំនួន​ភ្ញៀវ​មក​ដល់បាន​ធ្លាក់​ចុះ​ប្រហែល ៦៤,៦ភាគរយ ក្នុង​កំឡុងពេល៦ខែដំបូងនៃឆ្នាំ២០២០។

ចំណែកការ​នាំចេញ​ផលិតផលកាត់​ដេរ, សម្ភារធ្វើ​ដំណើរ និង​ស្បែកជើង បាន​ធ្លាក់​ចុះ​ ៧,២ភាគរយក្នុង​កំឡុងពេល៦ខែដំបូងនៃឆ្នាំ២០២០ ហើយ​ទន្ទឹមគ្នានោះ​ការនាំចូល​ក្រណាត់​សម្រាប់​យក​មក​កាត់​ដេរ​ បានធ្លាក់ចុះ​ ៨៥,៤ភាគរយ។

របាយការណ៍ដដែលនេះថា ការកាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA បានធ្វើឲ្យប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជាចំនួន២០ភាគរយ។

យ៉ាងណាក្តី សកម្ម​ភាព​សេដ្ឋកិច្ចផ្ទៃក្នុង​​របស់​កម្ពុជា​បាន​ចាប់​ផ្តើម​កម្រើកបណ្តើរៗឆ្ពោះទៅរកប្រក្រតីភាពឡើងវិញ​ហើយ ក្រោយ​ពី​មាន​ការ​សម្រាល​លើ​វិធានការរក្សា​គម្លាត​សុវត្ថិភាពសង្គម។​

ធនាគារពិភពបាននិយាយដូច្នេះថា «តម្រូវការក្នុងស្រុក រួមមានការធ្វើដំណើរនិងសកម្មភាពទេសចរណ៍ក្នុងស្រុកផង កំពុងតែងើបឡើងវិញ។ កម្ពុជា និងចិន បានប្រកាសបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ (CCFTA) រួចហើយៗកិច្ចព្រមព្រៀងនេះទំនងជានឹងចូលជាធរមានក្នុងឆ្នាំ២០២១»។