ទំនាក់ទំនងអន្តរជាតិ បានក្លាយជាមុខវិជ្ជាពេញនិយមមួយក្នុងចំណោមមុខវិជ្ជានានា ដែលកំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់សិស្សនិស្សិត ខណៈពេលដែលប្រទេសកម្ពុជាចាប់ផ្តើមសហការ និងកសាងទំនាក់ទំនងល្អជាមួយបណ្តាប្រទេសផ្សេងៗក្នុងពិភពលោក ដើម្បីពង្រឹងនូវការទូត និងកិច្ចសហប្រតិបត្តិការ រួមមានផ្នែកនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សាសនា និងច្បាប់។
តើអ្វីទៅគឺជាទំនាក់ទំនងអន្តរជាតិ?
អ្នកស្រី សន សុផានី សាស្ត្រាចារ្យបង្រៀនមុខវិជ្ជាវិធីសាស្រ្តស្រាវជ្រាវនៃមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានប្រាប់ Newsroom Cambodia តាមរយៈបណ្តាញសង្គមតេលេក្រាមកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ថា ទំនាក់ទំនងអន្តរជាតិ គឺផ្តោតសំខាន់ទៅលើទំនាក់ទំនងពីរដ្ឋមួយទៅមួយ ជាពិសេសពាក់ព័ន្ធជាមួយនឹងនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌។ អ្នកស្រីបន្ថែមថា សិស្សនិស្សិតដែលអាចរៀនមុខវិជ្ជានេះបាន ទាល់តែមានចំណេះដឹងជាមូលដ្ឋានខ្លះៗ ទាក់ទិនទៅហ្នឹងសង្គម សេដ្ឋកិច្ច នយោបាយ សិទ្ធិមនុស្ស និងអ្វីៗផ្សេងទៀត។
អ្នកស្រីថា៖ «មានឱកាសការងារជាច្រើនដែលសិស្សនិស្សិតរៀនមុខវិជ្ជាហ្នឹងអាចធ្វើបានដូចជានៅ អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការតំបន់ ក្រសួង វិទ្យាស្ថានស្រាវជ្រាវ អ្នកវិភាគពាណិជ្ជកម្ម និងនយោបាយ»។
លោក ទឺ វេងហុក និស្សិតឆ្នាំទី៣ផ្នែកទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានប្រាប់ Newsroom Cambodia ថា លោករៀនមុខវិជ្ជានេះ ដោយសារមើលឃើញថា កម្ពុជាក៏ដូចជាអាស៊ានទាំងមូល កំពុងមានសក្តានុពលក្នុងការអភិវឌ្ឍ ហើយសក្តានុពលនេះតែងតែនាំមកនូវបញ្ហាទាំងក្នុង និងក្រៅប្រទេស។
«ខ្ញុំសិក្សាទំនាក់ទំនងអន្តរជាតិនេះ គឺដើម្បីរកវិធីដោះស្រាយ និងផ្សះផ្សារទំនាក់ទំនងឲ្យវាប្រសើរឡើង។ ហើយមួយវិញទៀត វាអាចជាចំណង់ចំណូលចិត្តព្រោះខ្ញុំចូលចិត្តអានសៀវភៅប្រវត្តិសាស្ត្រនយោបាយ និងអានព័ត៌មានទំនាក់ទំនងកាទូត ឬក៏ព័ត៌មានផ្សេងៗនៅក្នុងពិភពលោក»។
លោក វេងហុក បន្ថែមថា ការរៀនមុខវិជ្ជានេះ អាចបើកគំនិតរបស់យើងឲ្យមើលឃើញអ្វីដែលជាជ្រុងធំមិនមែនឃើញតែជ្រុងតូចនោះទេ។
លោកថា៖ «ដើម្បីទទួលជោគជ័យនៅក្នុងមុខវិជ្ជាហ្នឹង កត្តាចម្បងបំផុតគឺការអាន ការអានគឺសំខាន់ណាស់ ការអាននូវព័ត៌មានក្នុងស្រុក និងព័ត៌មានអន្តរជាតិផ្សេងៗ ហើយជាពិសេសនៅពេលដែលយើងអានហើយយើងអាចចាប់ផ្ដើមគិតវិភាគពីព្រឹត្តិការណ៍ទាំងអស់នោះ ឬហេតុអ្វីបានជាពួកវាកើតឡើង?»។
កញ្ញា កួច ឡៃហេង ជានិស្សិតឆ្នាំទី៣ ផ្នែកទំនាក់ទំនងអន្តរជាតិ នៅដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ បានប្រាប់ Newsroom Cambodia ថា ហេតុដែលកញ្ញារៀនមុខវិជ្ជានេះ ដោយសារចង់ដឹងថាហេតុអ្វីបានអ្នកនយោបាយនៃប្រទេសទាំងអស់នោះគេធ្វើបែបហ្នឹង? ពេលខ្លះគេធ្វើស្លូត ពេលខ្លះគេធ្វើកាច វាប្រាកដជាមានរឿងអីមួយនៅពីក្រោយខ្នង។ ហើយមួយវិញទៀតទាក់ទងនឹងការងារ ចង់ធ្វើដូចគេ ចង់ក្លាយទៅជាធ្វើការនៅក្នុងមជ្ឈមណ្ឌលសាធារណៈ និងអ្នកបង្កើតគោលនយោបាយផ្សេងៗ។
កញ្ញា ឡៃហេង បន្តថា៖ «ខ្ញុំមិនមែនជាអ្នកអានសៀវភៅជាប់រហូតនោះទេ អញ្ចឹងយុទ្ធសាស្ត្រដែលខ្ញុំប្រើជារៀងរាល់ថ្ងៃដើម្បីរៀនមុខវិជ្ជានេះគឺស្តាប់គ្រូពន្យល់ឲ្យបានច្រើន ព្រោះគ្រូចែករំលែកចំណេះដឹងដែលមាននៅក្នុងសៀវភៅផង និងបទពិសោធន៍ផ្ទាល់របស់គាត់ទាក់ទងនឹងទំនាក់ទំនងអន្តរជាតិនេះផងដែរ»។
កញ្ញា ខាំ ម៉ារីណែត ជានិស្សិតឆ្នាំទី៣ ផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានប្រាប់ Newsroom Cambodia ថា កញ្ញាសម្រេចរៀនមុខវិជ្ជានេះ ដោយសារកញ្ញាមើលឃើញបញ្ហាក្នុងសង្គមពាក់ព័ន្ធជាមួយនឹងអំពើពុករលួយ ហើយចង់មានជាយន្តការមួយសម្រាប់ជួយដល់អ្នកស្រុកភូមិដែលមានបញ្ហា។
កញ្ញាថា៖ «ខ្ញុំសួរខ្លួនឯងដែរថា ដើម្បីជួយសង្គមរបស់យើងបានត្រូវធ្វើយ៉ាងម៉េច»។
កញ្ញាបន្តថា ដើម្បីរៀនឯកទេសនេះបានជោគជ័យ សិស្សនិស្សិតត្រូវស្វែងយល់ពីតម្រូវការរបស់សាលា និងធ្វើស្វ័យសិក្សាដោយខ្លួនឯង តាមរយៈការស្រាវជ្រាវ ការសាកសួរ និងដោះដូរយោបល់ពីមិត្តភក្តិ សិស្សច្បង ឬក៏សាស្ត្រាចារ្យ។
លោក រ៉ហ្វេក រ៉ាដា និស្សិតទំនាក់ទំនងអន្តរជាតិ ឆ្នាំទី២ នៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ប្រាប់ Newsroom Cambodia ថា ការចាប់យកជំនាញនេះ ដោយសារចំណងចំណូលចិត្តផ្ទាល់ខ្លួន ចង់យល់អំពីព្រឹត្តិការណ៍ពិភពលោកដែលកើតមានជុំវិញខ្លួន ទាំងអតីតកាល បច្ចុប្បន្ន អនាគត និងទាក់ទងនឹងនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សាសនា ច្បាប់ និងទ្រឹស្ដីអ្នកប្រាជ្ញផ្សេងៗ។
លោកថា៖ «ជំនាញនេះទាមទារឱ្យយើងសិក្សាស្រាវជ្រាវដោយខ្លួនឯងផ្ទាល់ឱ្យបានច្រើន គឺមិនពឹងក្នុងថ្នាក់ទាំងស្រុងនោះទេ។ ត្រូវព្យាយាមយកទ្រឹស្ដីទៅអនុវត្តន៍ផ្ទាល់តាមរយៈការធ្វើការងារស្ម័គ្រចិត្ត កិច្ចការសង្គម និងកម្មវិធីផ្សេងៗទៀតដែលយើងអាចអនុវត្តន៍ផ្ទាល់បាន»។
លោកបានបន្ថែមថា ឱកាសការងារគឹមិនប្រាកដនោះទេ ដោយសារជំនាញនេះផ្ដល់ចំណេះដឹងទូលំទូលាយពេក មិនស៊ីជម្រៅលើផ្នែកណាមួយ ប៉ុន្ដែយើងអាចចាប់យកផ្នែកណាមួយក្នុងជំនាញនេះទៅធ្វើការអ្វីមួយបាន។
ចំណែកឯ កញ្ញា កែវ យ៉ារី បញ្ចប់បរិញ្ញាបត្រពីសាកលវិទ្យាល័យកម្ពុជា ផ្នែកទំនាក់ទំនងអន្ដរជាតិ បានប្រាប់ Newsroom Cambodia ថា ទំនាក់ទំនងអន្តរជាតិក្លាយជាមុខវិជ្ជាពេញនិយមមួយនៅក្នុងសង្គមកម្ពុជា ខណៈពេលដែលប្រទេសកម្ពុជាចាប់ផ្តើមសហការ និងកសាងទំនាក់ទំនងល្អជាមួយបណ្តាប្រទេសលើពិភពលោកក៏ដូចជាសហគមន៍អន្តរជាតិដើម្បីពង្រឹងការទូត និងភាពជាដៃគូអាជីវកម្មរបស់ខ្លួន។
កញ្ញាថា៖«ការមើលឃើញពីជនគំរូ ចូលចិត្តរៀនភាសា ការទំនាក់ទំនង ការងារស្ម័គ្រចិត្ត ចូលរួមកម្មពិធីផ្សេងៗ និងចង់ស្គាល់មនុស្សថ្មីៗច្រើន ក៏ជាកត្ដាមួយដែលជំរុញឱ្យខ្ញុំចាប់យកមុខវិជ្ជានេះ»។
កញ្ញាថា៖ «មុខវិជ្ជាហ្នឹងភាគច្រើនជាទ្រឹស្ដី អញ្ចឹងទាល់តែយើងអានច្រើន ដឹងច្រើន យកទៅដាក់បញ្ចូលជាមួយទ្រឹស្ដីដែលបានរៀនពីសាលា ទើបយើងអាចចេះវិភាគ និងចេះប្រើប្រាស់ការគិតបែបស៊ីជម្រៅបាន។ បើយើងមិនពូកែអានទេ អាចស្ដាប់ វិទ្យុ ព័ត៌មាន មើលយូធូប ឬអ្វីផ្សេងៗ ដែលជាប្រភពមានប្រយោជន៍»៕