អាជីវករប្រមាណជាង៤០នាក់ បានប្រមូលផ្តុំគ្នាតវ៉ាកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នៅពីមុខផ្សារបុរីសន្តិភាព២ ទាមទារសាលារាជធានីភ្នំពេញ កុំឲ្យអភិវឌ្ឍន៍ចំណតឡានក្រុងនៅទីនោះ។
ការតវ៉ាពីសំណាក់អាជីវករទាំងនោះនៅពីមុខផ្សារ ដែលស្ថិតនៅក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បានបង្ខំឲ្យមានការបិទផ្លូវ និងបានធ្វើឲ្យមានការកកស្ទះចរាចរណ៍ប្រហែលជាងកន្លះម៉ោង។
អាជ្ញាធរមូលដ្ឋាន និងប្រជាការពារ បានធ្វើការសម្របសម្រួលឲ្យពួកគាត់ទាំងនោះទៅខាងចិញ្ចើមផ្លូវវិញ ដើម្បីឲ្យអ្នកដំណើរធ្វើដំណើរបានធម្មតាឡើងវិញ។
ចំណតឡានក្រុងនេះ ត្រូវបានបញ្ឈប់ដំណើរការ ដោយសារតែការរីករាលដាលនៃជំងឺកូវី១៩ ហើយលែងមានដំណើរការរហូតដល់សព្វថ្ងៃនេះ។
អ្នកស្រី សាត ស្រីអូន ដែលជាអាជីវករលក់ដូរនៅក្នុងផ្សារបុរីសន្តិភាព២ និងជាអ្នកតវ៉ាផងនោះ បានប្រាប់ Newroom Cambodia កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នេះថា អ្នកស្រីមកធ្វើការតវ៉ាទាមទារដើម្បីឲ្យសាលាក្រុងរាជធានីភ្នំពេញ កុំឲ្យអភិវឌ្ឍន៍ទៅលើ ចំណតឡានក្រុងនោះអី ពីព្រោះគាត់មានលិខិតត្រឹមត្រូវដែលបញ្ជាក់ថា សាលាក្រុងសន្យាថាមិនមានការអភិវឌ្ឍទៅលើតំបន់នោះបន្តទៀតទេ។
លោក នៅ វិចិត្រ ដែលជាអ្នកធ្វើការតវ៉ានៅទីនោះផងដែរបានប្រាប់ Newsroom Cambodia ថា កាលពីប៉ុន្មានថ្ងៃមុននេះ មានឡានដឹកស៊ីម៉ង់ត៍ ដឹកខ្សាច់ ដឹកថ្ម ដឹកឥដ្ឋបានយកទៅចាក់នៅចំណតឡានក្រុងនោះ ប៉ុន្តែមិនមាននរណាចាប់អារម្មណ៍នោះទេ។
ក៏ប៉ុន្តែ ក្រោយមក ដោយឃើញមានឡានក្រឡុកស៊ីម៉ង់ត៍ និងការធ្វើរបងហ៊ុមព័ទ្ធនៅទីចំណតឡានក្រុងនោះ ទើបប្រជាពលរដ្ឋភ្ញាក់ផ្អើលធ្វើការតវ៉ាទាមទារតែម្ដង។
Newsroom Cambodia បានសុំសម្ភាសន៍អាជ្ញាធរដែលធ្វើការសម្របសម្រួលនៅទីនេះ ប៉ុន្តែពួកគាត់មិនបានផ្តល់កិច្ចសម្ភាសន៍នោះទេ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បាននិយាយតាមប្រព័ន្ធតេលេក្រាមថា គាត់មិនទាន់ទទួលបានដំណឹងនេះពីខាងណានៅឡើយទេ។
តំណាងខាងផ្សារបុរីសន្តិភាព២ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ពួកគាត់កំពុងតែស្វែងរកដំណោះស្រាយលើបញ្ហានេះ៕