ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសអនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សាសាធារណៈទាំងអស់បើកដំណើរការឡើងវិញ បន្ទាប់ពីស្ថានភាពនៃជំងឺកូវីដ១៩ មានភាពប្រសើរឡើងជាងមុន។
បើតាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំចេញនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ស្ដីអំពីការអនុញ្ញាតឱ្យដំណើរការឡើងវិញនូវគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ បញ្ជាក់ថា ក្នុងដំណាក់កាលនៃការប្រកាសឱ្យបើកសាលាឡើងវិញនេះ ធ្វើឡើងដោយទៅយោងតាម គោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញក្នុងបរិបថនៃជំងឺកូវីដ-១៩ របស់ក្រសួងអប់រំយុវជននិងកីឡា ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។
ក្នុងសេចក្តីប្រកាសនោះបន្ថែមថា៖ «ការអនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សាសាធារណៈទាំងអស់ អាចបើកដំណើរការឡើងវិញបាន ស្ថិតក្នុងលក្ខខណ្ឌដែលគ្រឹះស្ថានឧត្តមសិក្សាសាធារណៈទាំងអស់ត្រូវគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត តាមខ្លឹមសារនៃគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗទៀតដែលមានជាធរមាន»។
ការប្រកាសឱ្យបើកសាលាឡើងវិញនៅកម្ពុជា ធ្វើឡើងបន្ទាប់ពីបានបិទទ្វារអស់រយៈពេលប្រមាណជា៧ខែ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយគិតចាប់ពីថ្ងៃទី១៤មីនា រហូតដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ដែលជាកាលកំណត់ឱ្យដំណើការគ្រឹះស្ថានឧត្តមសិក្សាសាធារណៈឡើងវិញ។
តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចេញនូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) នេះ គឺសម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ១៩ ដែលបានរៀបចំឡើង មានវត្ថុបំណងណែនាំអំពីវិធាននានា រួមទាំងវិធានការសុខាភិបាល ដើម្បីឱ្យគ្រឹះស្ថានសិក្សាអាចរៀបចំ និងត្រៀមលក្ខណៈដំណើរការការបង្រៀន និងរៀនឡើងវិញ ក៏ដូចជាការបន្តអភិវឌ្ឍន៍គ្រឹះស្ថានសិក្សានីមួយៗឱ្យមាននិរន្តរភាព ធានាបាននូវសុវត្ថិភាព សុខភាពសម្រាប់បុគ្គលិកសិក្សា គ្រូបង្រៀន និងសិស្សានុសិស្សក្នុងបរិបទកូវីដ១៩ និងទៅអនាគត។
គិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ អ្នកព្យាបាលជាសះស្បើយពីកូវីដ១៩ មានចំនួនសរុប២៧៨នាក់ នៅទូទាំងប្រទេស ដោយមានអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យចំនួន ៥នាក់។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៕