លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទប្រកាសថា ក្នុងឆ្នាំនេះពុំមានការប្រារព្ធពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញនោះទេ ប៉ុន្តែពិធីសំពះព្រះខែនៅតាមមូលដ្ឋាន និងការអនុវត្តថ្ងៃឈប់សម្រាកនៅតែមានដដែល។
លោក ហ៊ុន សែន លើកឡើងបែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ ភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅទីក្រុងរណបកោះនរា និងពីទីក្រុងរណបកោះនរាតភ្ជាប់ទៅផ្លូវជាតិលេខ១ ដែលមានតម្លៃជិត៤០លានដុល្លា កាលពីថ្ងៃចន្ទ័ទី២៧ ខែតុលា ឆ្នាំ២០២០។ លោកនាយករដ្ឋមន្រ្តីថ្លែងថា ក្នុងឆ្នាំ២០២០នេះរាជរដ្ឋាភិបាលបានសម្រេចផ្អាកពិធីបុណ្យអុំទូក អកអំបុកសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រ ទី៣០ ខែតុលា ដល់ថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះ
លោកថា៖ «ដោយសារកូវីដយើងបានលុបចោលព្រះរាជពិធីបុណ្យអុំទូក អកអំបុកសំពះព្រះខែនៅទីក្រុងភ្នំពេញ […] យើងគ្រាន់តែមិនចាត់តាំងអុំទូកតែប៉ុណ្ណោះ ប៉ុន្តែរឿងសំពះព្រះខែនៅតាមផ្ទះ អកអំបុកនៅតាមផ្ទះគឺនៅតែធ្វើ មន្រ្តីរាជការរបស់យើង កម្មករកម្មការិនីដែលទទួលបានការសម្រាកគឺនៅតែបន្តការឈប់សម្រាកដដែល»។
លោកនាយករដ្ឋមន្រ្តីបន្ថែមថា បើទោះបីជាគ្មានភ្ញៀវទេសចរណ៍មកពីក្រៅក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជានៅតែដើរ ព្រោះក្នុងថ្ងៃឈប់សម្រាកខាងមុខនេះ ជាគោលដៅមួយដែលភ្ញៀវទេសចរណ៍ក្នុងស្រុកនឹងធ្វើដំណើរចេញពីក្រុងចេញពីខេត្តមួយ ឆ្លងទៅតាមខេត្តនីមួយៗដើម្បីកំសាន្ត។
លោកលើកឡើងបន្ថែមថា ឆមាសទីមួយ កម្ពុជាមានសាច់ប្រាក់ប្រមាណជិត២០០ដុល្លារវាងចំណូល និងចំណាយ ប៉ុន្តែនៅត្រីមាសទី២នេះ ចំណូល និងចំណាយមានការថមថយ។
លោកថា៖ «បើទោះបីជាសេដ្ឋកិច្ចមានការថមថយបន្តិចមែន តែនៅតែអាចទ្រទ្រង់បាននូវថវិការសម្រាប់ឱ្យរាជរដ្ឋាភិបាលយកមកបើកប្រាក់បៀរវត្សរ៍ឱ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងការចំណាយដទៃទៀត»។
យោងតាមសេចក្តីជូនដំណឹងស្តីពីថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុករបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជម្រាបជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់អនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់ឈប់សម្រាកដោយមានប្រាក់ឈ្នួលក្នុងរយៈពេលបួនថ្ងៃគឺ៣០-៣១-០១ និងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ជំនួសឱ្យថ្ងៃទី០១ ដែលត្រូវចំថ្ងៃអាទិត្យ។
បើទោះជាមានការផ្អាកព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែនៅរាជធានីភ្នំពេញក៏ដោយ ក៏នៅតាមបណ្តាខេត្ត ភូមិ-ឃុំផ្សេងៗ អាចនឹងមានរៀបចំពិធីនៅតាមមូលដ្ឋាន។ នេះបើតាមការផ្សាយស្តីពីការពីការការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលនៅពេលមានការប្រារព្ធពិធីបុណ្យនៅតាមមូលដ្ឋាននីមួយៗ៕