ក្នុងនាមជាប្រជាជាតិនៃប្រទេសមួយគឺចាំបាច់ណាស់ត្រូវមានគំនិតជាតិនិយម ដើម្បីរួមចំណែកក្នុងការការពារវប្បធម៌ជាតិ ទឹកដី ទ្រព្យសម្បត្តិជាតិ ការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងតម្លៃរបស់ប្រទេសជាតិទាំងនៅក្នុងថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ។
សម្រាប់យុវជនមួយចំនួនយល់ថា ប្រសិនបើមានគំនិតជាតិនិយមជ្រុល នោះមិនមានអ្វីចំណេញចំពោះជាតិមាតុភូមិនោះទេ ប៉ុន្តែវាអាចនាំមកនូវបញ្ហាជាច្រើនចំពោះប្រទេសជាតិរបស់ខ្លួនទៅវិញ។
តើមូលហេតុអ្វីបានជាគំនិតជាតិនិយមជ្រុលបង្កជាបញ្ហាចំពោះជាតិ?
លោក ធូ រិទ្ធិ និស្សិតប្រវត្តិសាស្ត្រ ឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិយាយថា ជាតិនិយមអាចធ្វើឲ្យចម្រើនដល់សង្គម ហើយក៏អាចធ្វើឲ្យសង្គមជួបបញ្ហាដែរ។ លោកបន្តថា បើតាមការសង្កេតរបស់លោក ជាតិនិយមសម្រាប់សង្គមកម្ពុជាបច្ចុប្បន្ន កើតចេញជាមួយនឹងបរទេស និយាយឲ្យចំគឺវៀតណាម។ លោកថា ការបណ្តុះគំនិតឲ្យមានការរើសអើងជនជាតិវៀតណាម បានជំរុញឲ្យយើងប្រជាជនចេះតែនាំគ្នាខឹងគេ ហើយភ្លេចមើលសង្គមខ្លួនឯងថាស្ថិតនៅកម្រិតណា។
«ជាតិនិយមមួយទៀតគឺការស្រឡាញ់វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ គឺជារឿងប្រសើរហើយ ប៉ុន្តែបើធ្វើជ្រុលហួសហេតុពេកក៏មិនល្អដែរ ព្រោះដំណាក់កាលនេះគឺជាសម័យកាលសកលភាវូបនីយកម្ម យើងត្រូវតែបើកទូលាយ មើលឲ្យបានឆ្ងាយ និងទទួលយកអ្វីដែលល្អៗមកកែសម្រួល។ សរុបមក ជាតិនិយមគឺជាអាវុធមុខពីរអញ្ចឹង។ ប្រសិនបើយើងមិនចេះប្រើវាឲ្យចំកាលៈទេសៈទេនោះ នោះវានឹងមានគ្រោះថ្នាក់»។
ចំណែក លោក ផល់ ភេត្រា និស្សិតប្រវត្តិសាស្ត្រ ឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មណ្ឌល២ បាននិយាយថា ក្នុងនាមជាប្រជាជាតិនៃប្រទេសមួយ គឺចាំបាច់ណាស់ត្រូវមានគំនិតជាតិនិយម ដើម្បីរួមចំណែកក្នុងការការពារវប្បធម៌ជាតិ ទឹកដី ទ្រព្យសម្បត្តិជាតិ ការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងតម្លៃរបស់ប្រទេសជាតិទាំងនៅក្នុងថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ។ លោកថា ប៉ុន្តែប្រសិនបើមានគំនិតជាតិនិយមជ្រុល នោះនឹងមកនូវបញ្ហាជាច្រើនចំពោះប្រទេសជាតិរបស់ខ្លួនទៅវិញ។
«ជាតិនិយមជ្រុល គឺជាគំនិតជ្រុលនិយមមួយដែលស្ថិតនៅក្នុងគំនិតរបស់បុគ្គលដែលតែងតែមើលទៅជាតិសាសន៍របស់ខ្លួនល្អជាងជាតិសាសន៍ផ្សេងៗជានិច្ច។ មានន័យថា មិនព្រមបើកចិត្តទទួលអ្វីដែលថ្មីសម្រាប់ជាតិសាសន៏របស់ខ្លួន នោះបុគ្គលនោះនឹងមិនរីកចម្រើននោះទេ។ ផ្ទុយទៅវិញនឹងធ្វើឱ្យប្រទេសជាតិកាន់តែវឹកវរថែមទៀត។ ជាក់ស្ដែងនៅសម័យកម្ពុជាប្រជាធិបតេយ្យ ឬហៅថាសម័យខ្មែរក្រហម ដោយសារគំនិតជាតិនិយមជ្រុលទើបធ្វើឱ្យប្រជាជនខ្មែរស្លាប់អស់ជា២លាននាក់ និងខូចខាតសម្បត្តិសាធារណៈជាច្រើនទៀត»។
រីឯចំណែកលោក សុខ ចន្ត្រាវុធ និស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឯកទេស ប្រវត្តិសាស្ត្រ បាននិយាយថា ការប្រកាន់ជាតិនិយមជ្រុល អាចបង្កនូវរឿងមិនល្អជាច្រើនសម្រាប់ជាតិមួយ ហើយនឹងឈានទៅដល់ការរើសអើងជាតិសាសន៍ ហើយមានបង្កអសន្តិសុខមួយចំនួនផងដែរ។ លោកបន្តថា ការប្រកាន់នូវជាតិនិយមដោយមិនច្រានចោលជាតិសាសន៍ដទៃ ហើយបណ្ដុះមនុស្សឲ្យយល់ពីវប្បធម៌ ប្រពៃណី និងបូរណភាពទឹកដីរបស់ខ្លួនក្នុងគោលដៅអភិរក្សប្រកបដោយបញ្ញាថ្លឹងថ្លែងដោយហេតុ និងផល នោះទើបជារឿងដែលប្រសើរបមផុត។
«អ្វីដែលខ្ញុំភ័យបារម្ភនោះនៅពេលដែលយើងស្រឡាញ់ជាតិ តែការស្រឡាញ់របស់យើងអត់មានមូលដ្ឋាននៃចំណេះ កង្វះនូវមនសិការត្រឹមត្រូវ។ កាលណាដែលយើងដឹកនាំ ឬសាបព្រួសនូវផ្នត់គំនិតណាមួយ បានត្រឹមតែការបង្កជម្លោះតែប៉ុណ្ណោះ បើសិនជាយើងជាមនុស្សប្រកាន់ពេកនោះ»៕