រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស ខេង ​នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះបានចេញបទបញ្ជា​ផ្អាកការចូលបំពេញ​ការងារ​​បណ្ដោះ​អាសន្ន ​ចំពោះមន្ត្រីរាជការដែលបម្រើការងារនៅតាមអគ្គនាយកដ្ឋាន និងអង្គភាពដែលស្ថិត​នៅ​​​​​ក្នុងបរិវេណ​ទីស្តីការ​ក្រសួង បន្ទាប់ពីបានរកឃើញស្រ្តី០១នាក់ទៀតវិជ្ជមានកូវីដ ១៩។

កម្ពុជា​បានរកឃើញករណីវិជ្ជមានកូវីដ ១៩ ចំនួន៣៤៨នាក់ ដោយក្នុងនោះ មានអ្នកឆ្លងក្នុងសហគមន៍ ឬ ព្រឹត្តិកាណ៏ ២៨ វិច្ឆិកា ចំនួន ៣២នាក់ដែលបានពាក់ព័ន្ធនឹងករណីវិជ្ជមានលើភរិយារបស់ប្រធាននាយកដ្ឋានពន្ធនាគារនៅក្នុងក្រសួងមហាផ្ទៃ។​

ស្ត្រីជនជាតិខ្មែរឈ្មោះ ជី ពេជ្រឆារ៉ា អាយុ ២៩ឆ្នាំ ដែលជាមន្ត្រីរាជការនៅក្រសួងមហាផ្ទៃ ត្រូវបានគេរកឃើញវិជ្ជមានកូវីដ ១៩​​ ចុងក្រោយគេនៃ «ព្រឹត្តិកាណ៏២៨ វិច្ឆិកា»។ ​នេះយោងតាមក្រសួងសុខាភិបាល។

ការបិទផ្អាកក្រសួងមហាផ្ទៃនេះគឺ ដើម្បីបានធ្វើតាមអនុសាសន៍របស់នាយករដ្ឋមន្ត្រី លោកហ៊ុន សែន និងបន្ទាប់ពីមានការពិគ្រោះពិភាក្សាជាមួយក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាល​ដាល​នៃជំងឺកូវីដ ១៩ ដល់មន្ត្រីធ្វើការនៅតាមអគ្គនាយកដ្ឋាន​ និង​អង្គភាពដែលមាន​ទីតាំងស្ថិតក្នុង​បរិវេណ​ក្រសួង។

បទបញ្ជានោះបានសរសេរដូច្នេះថា «ផ្អាកការចេញចូលមកបំពេញការងារ ជាបណ្តោះអាសន្នក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ចំពោះមន្រ្តីរាជការ មន្រ្តីនគរបាលជាតិ​ និងមន្រ្តីពន្ធនាគារ នៅតាមអគ្គនាយកដ្ឋាន និងអង្គភាពនានា ដែលមានទីតាំងស្ថិតក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០​ នេះរហូតដល់មានការជូនដំណឹងជាថ្មី»។

លោកស ខេង ក៏បានអំពាវនាវឲ្យថ្នាក់ដឹកនាំ និងមន្ត្រីខាងលើដែលមិនទាន់បានមកយកសំណាកពីការធ្វើតេស្តរកវីរុស​កូវីដ ១៩ រួសរាន់មកក្នុងថ្ងៃនេះ និងតម្រូវឲ្យពួកគាត់ធ្វើចត្តាឡីស័ក ១៤ ថ្ងៃទៅតាមការ​ណែនាំរបស់ក្រសួងសុខាភិបាល។

អគ្គនាយកដ្ឋាន​ និងអង្គភាពនានាត្រូវចាត់មន្ត្រីដែលមិនប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយ ព្រឹត្តិការណ៍ ២៨ វិច្ឆិកា ពី០៥ ទៅ ០៧នាក់ មកប្រចាំការនៅទីស្តីការក្រសួង ព្រមទាំងអនុវត្តឲ្យ​បានត្រឹមត្រូ​វនូវវិធាន​ការការពារ​ជំងឺកូវីដ ១៩។ នេះយោងតាមបទបញ្ជាដដែលនេះ៕