(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋក្នុងភូមិចំនួនបី នៅឃុំក្សេមក្សាន្ដ និងឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានត្អែញត្អែរថា ក្រុមហ៊ុនដឹកដីឯកជនមួយចំនួនបាន និងកំពុងធ្វើឲ្យផ្លូវលំមួយខ្សែរកាត់ភូមិស្រុករបស់ពួកគេខូចខាត។
ភូមិចំនួន៣ ដែលពលរដ្ឋអះអាងថា មានផ្លូវលំមួយខ្សែរខូចខាតស្ទើរទាំងស្រុងនោះរួមមាន ភូមិតាលីងត្បូង ភូមិតាលីងជើង និងភូមិវត្តត្រាចទង ឃុំក្សេមក្សាន្ដ និងឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
នៅពេលទៅដល់ផ្លូវលំដែឡមានទំហំប្រមាណជា៦ម៉ែត្រ និងប្រវែងប្រមាណជាពីរគីឡូម៉ែត្រនោះ គេឃើញមានឡានដឹកដីធំៗ ទំងន់ផ្ទុក៥តោន និង៨តោន បើកបរដោយមានឮ សំឡេងកងរំពង។ ចំណែករុក្ខជាតិនៅតាមដងផ្លូវរួមទាំងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ត្រូវបានគ្របដណ្ដប់ដោយធូលីដី។
អ្នកស្រី យឹម លួន ជាពលរដ្ឋនៅភូមិតាលីងជើង ប្រាប់ Newsroom Cambodia កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះថា តៃកុងឡានដែលដឹកដីកាត់ផផ្លូវលំដែលអ្នកស្រីរស់នៅ បើកបរគ្មានសណ្ដាប់ធ្នាប់ ចុចស៊ីផ្លេរឡានឮសំឡេងកងរំពង។ អ្នកស្រីបន្តថា ក្នុងរយៈពេលប្រមាណជាមួយខែនេះ រាល់ពេលដែលពលរដ្ឋធ្វើដំណើរឆ្លងកាត់ម្ដងៗ ពួកគេត្រូវពាក់ម៉ាស់ ឬរុំនឹងក្រមាដើម្បីការពារធូលីដី។
អ្នកស្រីបន្ដថា៖ «កូរ៉ូណាយើងអាចការពារបាន តែនេះដីហុយគ្រប់កន្លែង ហើយឲ្យការពារយ៉ាងម៉េច?»។
លោក ម៉ន វិន អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវលំមួយនេះដែរ បានលើកឡើងថា ពេលលោកជិះកាត់ផ្លូវនេះម្ដងៗ មានដីហុយ និងរលាក់ខ្លាំង។
«ចង់ឲ្យខាងក្រុមហ៊ុនគេហ្នឹង មានស្រោចទឹកស្រោចអីទៅ កុំឲ្យហុយដល់ប្រជាពលរដ្ឋ»។
ចំណែកកញ្ញា សិទ្ធិ ធីតា ដែលជាសិស្សវិទ្យាល័យបាត់ដឹង និងជាអាជីវករលក់កាហ្វេនៅផ្ទះជាមួយម្ដាយនិយាយថា កញ្ញាបារម្ភថា ផ្លូវនេះនឹងកាន់តែទ្រុឌទ្រោមទៅៗ ដផោយសារមានឡានដឹកដីទម្ងន់រាប់តោនបើកកាត់។
«ឡានធំៗបានធ្វើឲ្យខ្ញុំជួបបញ្ហាក្នុងការធ្វើដំណើរ ព្រោះផ្លូវនេះមានជង្ហុកដូចបាយខុម ហុយដូចខ្យល់ព្យុះអីចឹង»។
ចំពោះវត្តអារាមវិញ ព្រះសង្ឃបានត្អូញត្អែរអំពីសំឡេងរំខានជុំវិញទីតាំងវត្ត ដោយសារវត្តជាទីកន្លែងស្ងប់ស្ងាត់ក្នុងការបដិបត្តធម៌។
ព្រះតេជគុណ ម៉ន បាន គង់នៅវត្តសម្ដេចកែវ ហៅវត្តត្រាចទង ក្នុងឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺមានសង្ឃដីកាថា នៅពេលថ្ងៃត្រង់វិញ ព្រះសង្ឃគ្រប់អង្គត្អូញញត្អែរថាពិបាកក្នុងការសិក្សាព្រះធម៌ដោយសារសំឡេងខ្ទរ និងសំឡេងរំខានរបស់ឡានទាំងនោះ។
ព្រះអង្គបន្ថែមថា៖ «ដោយអាត្មាភាពជាព្រះសង្ឃ អីចឹងហើយបានជាពិបាកក្នុងការនិយាយ ប៉ុន្តែអាត្មាភាពចង់សំណូមពរទៅកាន់ក្រុមហ៊ុនក៏ដូចជាមេឃុំឲ្យជួយដោះស្រាយទៅលើបញ្ហារឿងដីហ្នឹង ក៏ដូចជាជួយសម្របសម្រួលរឿងផ្លូវទៅឲ្យបានប្រសើរឡើងផង»។
លោក រុច សារីម មេឃុំក្សេមក្សាន្តលើកឡើងថា លោកមានការព្រួយបារម្ភខ្លាំងជុំវិញករណីនេះ ដោយលោកថា លោកតែងទទួលបានការរាយការណ៍ពីពលរដ្ឋអំពីបញ្ហាផ្លូវខូច ដីហុយដោយសារឡានទាំងនោះ។ លោកបន្តថា ខាងក្រុមហ៊ុនឯកជនបានធ្វើកិច្ចសន្យាជាមួយសាលាឃុំ ដោយសន្យាចំនួន៣ចំណុច គឺត្រូវស្រោចទឹកឲ្យបានច្រើនដងក្នុងមួយថ្ងៃ ត្រូវបញ្ឈប់រាល់សកម្មភាពដឹកដីត្រឹមម៉ោង៤ល្ងាច នៅពេលបញ្ចប់គម្រោង ត្រូវធ្វើផ្លូវថ្នល់ឲ្យបានល្អប្រសើរឡើងវិញ។
លោកមេឃុះរូបនេះបញ្ជាក់ថា៖ «ការយកចិត្តទុកដាក់របស់ឃុំគឺយកចិត្តទុកដាក់ជាងប្រជាពលរដ្ឋទៀត ព្រោះផ្លូវជាផ្លូវគម្រោងរបស់ឃុំជាអ្នកធ្វើ»៕