(សៀមរាប)៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ពាមតា​អួរ​ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប នាំ​គ្នា​ប្រមូល​ប្លាស្ទិក​​ច្រក​ការ៉ុង​ ដើម្បី​​ប្តូរ​យក​អង្ករ និង​លើក​ឡើង​​​ថា ការ​ប្រមូល​​​ប្លាស្ទិកដើម្បី​​​​ដូរ​យក​អង្ករ​ជានេះ​ បា​ន​ជួយសម្រួលដល់ជីវភាពរបស់ពួកគេ​ និង​ជំរុញ​ឲ្យ​មានការ​យល់​ដឹង​ពី​ការ​ការពារ​​បរិស្ថាន​យ៉ាង​ច្រើន​។

អ្នកស្រី ទឹម អូន អាជីវករ​នៅភូមិពាមតាអួរ ប្រាប់ថា ​ក្នុង​រយៈពេលជាង​ពីរ​ខែមក​នេះ​ អ្នកស្រី និង​ ប្រជា​ពលរដ្ឋ​​ផ្សេង​ទៀត​រស់​នៅ​ភូមិ​ពាម​​តាអួរ តែង​ប្រមូល​ប្លាស្ទិក​តាម​បឹង និង​ទន្លេ ព្រាម​ទាំង​​ប្លាស្ទិក​​ដែលមាន​នៅ​ផ្ទះ​រៀងៗ​ខ្លួន ដើម្បី​យក​ទៅ​ប្តូរ​អង្ករ ដែល​ផ្ត​ល់​ដោយ​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឬស្សី។ ស្រ្តី​វ័យ​៦០​ឆ្នាំ​រូប​នេះ​បន្ថែម​ថា ពួកគេ​ពេញចិត្ត​នឹង​គម្រោងនេះ​ខ្លាំង​ ដោយ​សារ​គម្រោង​នេះបា​នជួ​យការពារបរិស្ថាន និងផ្ដល់ភាពងាយស្រួលដល់ការនេសាទ។

«អ្នកភូមិ៩០%ពេញចិត្តណាស់ ទៅ​នឹង​គម្រោង​ខាង​អង្គការ​ស្នើសុំ​ឱ្យ​មាន​កម្មវិធី​នៃ​ការផ្លាស់​ប្តូរ​សំរាម​ថង់​ប្លាស្ទិក​ទៅ​ជា​អង្ករ គឺ​បាន​ជួយ​លើកទឹកចិត្តប្រជាពលរដ្ឋឲ្យចេះជួយការពារបរិស្ថាន និងផ្តល់​ភាពងាយស្រួលដល់ការនេសាទផងដែរ។ បើសិនជាមិនសម្អាត​ថង់ ត្រី​នៅ​ពេល​វា​ហែល​ទៅ​វា​ចូលទៅក្នុងថង់ វាងាប់នៅក្នុងថង់ហ្នឹងឯង ដល់ពេលស្អាតអីចឹងទៅ ត្រីហែល​ក៏​បាន​ស្រួល»។​

អ្នកស្រី​បានបន្ថែម​ថា ការទុកដាក់សំរាមរបស់ប្រជាពលរដ្ឋនៅទីនោះកន្លង​មក​ គឺ​បោះ​ចោល​តាម​បឹង​ទន្លេសាប និង​ដុត​ចោល ដោយសារ​​តែ​ប្រជាពលរដ្ឋមិនទាន់មានការយល់ដឹង និង​ខ្វះ​កន្លែង​ទុកដាក់សំរាម។

«សម្រាប់ប្រជាជនយើងដែលគ្នាមិនទាន់មានការយល់ដឹង ដែលគម្រោងនេះមិនទាន់មាន ចេះតែចោលទៅ បើគ្រួសារខ្ញុំប្រមូលចូលថង់ ហើយយកដាក់លើគោកដុតចោលទៅ។»

ក្រៅពីប្រកបរបរនេសាទត្រី ប្រជាពលរដ្ឋនៅទីនោះមានមុខរបរមួយទៀត គឺបើកទូក ឬ​កាណូត ជូនភ្ញៀវទេសចរណ៍ទស្សនាក្នុងភូមិ។

អ្នកស្រី ទឹម អូន ​បន្ត​ថា នៅពេលខែទឹកស្រក ថង់ប្លាស្ទិក​ទាំងនោះ​ជាប់​ទៅ​នឹង​មែក​ឈើ​តាម​ជាយ​ច្រាំង ដែល​ធ្វើ​ឲ្យ​បាត់​សោភ័ណ​​ភាព និង​សម្រស់​របស់​បឹង​ទន្លេសាប នៅ​ពេល​មាន​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា។

«ជួនកាលថង់នឹងវា​អណ្តែត​នៅខែវស្សា ដល់​ពេលខែទឹកស្រកមកវិញ ថង់ហ្នឹង  វា​ទៅ​ជាប់​នៅ​លើ​ចុង​ឈើ ដល់​ពេល​វា​មើល​ទៅ​អាក្រក់​មើល ហើយ​ធម្មតា​តំប​ន់​នេះជាតំបន់ទេសចរណ៍  មាន​​ភ្ញៀវ​ទេសចរណ៍ជិះទូកទស្សនាច្រើន»។

អ្នកស្រី ហេង ឡា អាយុ ៤៦ឆ្នាំ ជាអ្នកនេសាទនៅភូមិពាមតាអួរ បានឲ្យ​ដឹងថា គម្រោង​នេះ​អាចជួយសំអាតអនាម័យ និង​ជួយ​សម្រួ​លដល់ជីវភាពរបស់អ្នកស្រី ព្រម​ទាំង​ពល​រដ្ឋ​ផ្សេង​ទៀត។

«ពេញចិត្ត ដូចថាជួយសំអាតអនាម័យ ហើយពេលមានសំរាមច្រើនប៉ះពាល់សុខភាព ពីព្រោះ​យើង​ប្រើ​ទឹ​កនឹង យើងប្រើដូច​បោក​ខោអាវ​ ងូត​ទឹក​ងូត​អី»។​

សមាជិកគ្រួសាររបស់មេភូមិពាមតាអួរបានបង្ហាញការ៉ុងដែលសម្រាប់ដាក់ប្លាស្ទិច

ជំទប់ទី២ នៅឃុំកែវពណ៌ លោក សាម ឈឿន លើកឡើង​ថា ក្នុង​ពេល​បច្ចុប្បន្ន​នេះ បឹង​ទន្លេ​សាប​​​នៅ​ក្នុង​ភូមិ​ពាមតាអួរ មិនសូវមានថង់ប្លាស្ទិកច្រើន​ និង​មាន​សម្រស់​ស្អាត​ជាង​មុន។ លោក​បន្ថែម​ថា ក្នុងរយៈពេល​២៥ថ្ងៃ ការប្រមូលប្លាស្ទិកទាំងនោះ បានរហូត​ដល់​២តោន ក្នុង​៤០​គ្រួសារ នៅភូមិពាមតាអួរ។

លោកក៏បានបន្តថា លោកនឹងយកវិធានការនេះយកទៅអប់រំនៅភូមិដទៃទៀត ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​ចេះ​ការពារបរិស្ថាន និងយល់ដឹងពីអនាម័យ។​ លោក​ថា គម្រោង​ប្លាស្ទិក​ដូរយ​ក​អង្ករ​នេះអាច​ជួយ​ឲ្យ​លោក​បាន​ចូលរួមថែរក្សាសុខភាពដល់ប្រជាពលរដ្ឋ និង​ជួយ​​ការពារ​ជល​ផល​ដែល​រស់នៅ​ក្នុង​បឹង​ទន្លេសាប។

«ខ្ញុំពេញចិត្ត ដែលបានចូលរួមចំណែកថែរក្សាសុខភាពដល់ប្រជាពលរដ្ឋ និង​ជួយ​សង្គ្រោះ​ធនធាន​ធម្មជាតិ​ដែល​រស់នៅ​ក្នុង​ទឹក»។

ប្រធានអង្គការមូលនិធិទំពាំងស្នងឬស្សី លោក ស៊ា សុផល បានប្រាប់ Newsroom Cambodia តាមរយៈ​ទូរស័ព្ទថា មុននឹងបង្កើតគម្រោងអង្ករដូរយកប្លាស្ទិចនេះឡើង មាន​យុទ្ធនាការ​អប់រំ​ផ្សេងៗ​ទៀត​ក្នុង​សហគមន៍​ទន្លេសាប​ដែល​ឲ្យ​ប្រ​ជាពលរដ្ឋ​ប្រមូល​ប្លាស្ទិក​ក្នុង​រដូវ​ទឹក​ឡើង និង​ទឹក​ស្រក។ លោក​​បន្ថែម​​ថា ការបង្កើត​គម្រោង​នេះ​គឺចាប់​ផ្តើម​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២០​ ​ដើម្បី​ជួយ​សម្រួល​​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បឹង​ទន្លេសាប​នៅ​អំឡុង​ពេល​​មាន​ការ​រាល​ដាល​ជំងឺ​កូវីដ​១៩ និង​ជួយ​អប់រំ​ប្រជាពលរដ្ឋ​ក្នុង​កា​រ​ការពារ​បរិស្ថាន។

លោកថា៖ «ខ្ញុំបានចុះណែនាំ និងអប់រំប្រជាពលរដ្ឋពីការទុកដាក់សំរាមដែល​បែង​ចែក​ជា​២​ការ៉ុង គឺ​ប្លាស្ទិក​ដែលប្រើប្រាស់ប្រចាំថ្ងៃក្នុងគ្រួសារ និង​សំរាម​ប្លាស្ទិក​​ពី​បរិស្ថាន​ដែល​នៅ​តាម​បឹង ដើម្បីកុំឲ្យមានការបោះក្នុងទឹក និងប្រមូលដុតចោល […] ក្នុង១​គ្រួសារ ទទួលបាន១០​គីឡូ​​ក្រាម លុះត្រាគាត់ចេះទុកដាក់សំរាមបានត្រឹមត្រូវ ដែលទី១ សំរាមក្នុងផ្ទះ និង​បរិស្ថាន»​។

លោក ស៊ា សុផល បន្ថែមថា ចាប់​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២០ រហូត​​ដល់​បច្ចុប្បន្ននេះ ការប្រមូល​សំរាម​ប្លាស្ទិច​នៅ​ក្នុង​សហគម​ន៍មេជ្រៃ​បាន​ចំនួន​៤៥៥ការ៉ុង និង​បាន​បង្កើត​ទីតាំង​សម្រាប់​ស្តុក​ទុក​សំរាមប្លាស្ទិចទាំង​នោះនៅវត្ត​មេជ្រៃ។

«ធម្មតាយើងឲ្យ​គាត់​ទុក​ដាក់​ហើយ តើគា​ត់យកទៅណា ផ្ទះគាត់​តូច​ៗផ​ង ២ ៣ការ៉ុង មិន​ពេញ​ផ្ទះគា​ត់? អី​ចឹងយើងក៏មានកន្លែងទុកដាក់ វាដែលបានបង្កើតជង្រុកនៅវត្តមេជ្រៃ»។

លោកបានបញ្ជាក់ថា ប្លាស្ទិក​ទាំងនោះនឹងកែច្នៃជាសម្ភារៈសំណង់ ដែល​ដំណាក់​កាល​ដំបូ​ង​យក​​មកធ្វើឥដ្ឋកាឡា ហើយក៏ទទួលបានជោគជ័យដែរ។ គម្រោងនេះ លោក​បង្កើត​ឡើង​រយៈពេល​២ឆ្នាំ និងចង់រៀបចំគម្រោងនេះជុំវិញបឹងទន្លេសាប។

លោកបានឲ្យដឹងថា៖ «ក្នុងឆ្នាំនឹង ចង់បញ្ចប់ ២-៣ឃុំទៀត នៅពេលអនាគត បើ​ក្រសួង​មាន​ការ​ចូល​រួម យើង​អាចអំពាវនាវជុំវិញបឹងទន្លេសាប […] គម្រោងនឹងធ្វើរយៈពេលខ្លី ២ឆ្នាំ ប្រសិន​បើ​​គម្រោង​នឹ​ង​កាន់តែ​ធំ អាចបន្ត​៣ឆ្នាំអីទៀតពីលើទៀត»។

លោក​បន្ថែមថា បើ​ទោះបីជាគម្រោងប្លាស្ទិចដូរយកអង្ករ​បញ្ចប់ លោក​នឹង​នៅ​តែ​បន្ត​មាន​គម្រោង​ផ្សេងៗ​ទៀត ដើម្បីចុះអប់រំ និងណែនាំដល់ប្រជាពលរដ្ឋ។ ការអប់រំ​ទាំង​នោះ​មាន​ដូចជា ការប្រើប្រាស់​បង្គន់ និង​អនាម័យផ្សេ​ងៗ​ទៀត។​

លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានប្រាប់ Newsroom Cambodia តាមរយៈទូរស័ព្ទឱ្យដឹងថា កាលពីមុន នៅពេលមិនទាន់មានគម្រោងប្លាស្ទិកដូរយកអង្ករ ប្រជាពលរដ្ឋ​នៅ​តាម​ផ្ទះប​ណ្តែត​ទឹក​​បោះ​ចោល​សំរាម​រាយប៉ាយពេញផ្ទៃទឹក។ លោក​ថា​​បច្ចុប្បន្ន ការបង្កើត​ឱ្យ​មាន​គម្រោង​នេះ​ឡើង ដោយ​មា​នការអប់រំ​ណែនាំ និង​​ផ្សព្វផ្សាយ​​ធ្វើឱ្យប្រជាពលរដ្ឋស្រុកកែវពណ៌ មាន​ការយក​ចិត្ត​ទុក​​ដាក់ និង​យល់ដឹងច្រើនជាងមុន។

លោកមាន​ប្រសាសន៍​ថា​៖ «យុទ្ធនាការម្តងជាមួយសហគមន៍ប្រជាពលរដ្ឋនៅតាមព្រែក យើង​បាន​ប្លាស្ទិក​ជាង៥ពាន់​ការ៉ុង តាមអ្វីដែលខ្ញុំបានកត់សម្គាល់ពីប្រជាពលរដ្ឋនៅទីនោះ គឺ​គាត់​ថា​តែ​កាក​សំណល់​ប្លាស្ទិកហូរ​ចូល​បឹង​ទន្លេ​សាប គឺវាបង្កឱ្យមានជាតិពុល ឬ​បង្ក​ឱ្យក​ង្វះនូ​វ​អុក​ស៊ី​សែន​ ប​ង្កឱ្យពុំមានចំណីគ្រប់គ្រាន់សំរាប់​ពពួក​មច្ជាជាតិ​ដែល​រស់នៅ​តាមព្រែក តាមបឹងអញ្ចឹង ដោយសារ​តែគាត់យល់ដឹង ពីមួយឆ្នាំទៅមួយឆ្នាំការនេសាទមានការថយ អញ្ចឹងគា​ត់យល់​រឿង​ហ្នឹង ពីរបៀបបោះចោល​សំរាម។»

ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប​រូបនេះ​​បាន​សំណូមពរ​​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​មាត់​ទន្លេ​ បន្តយ​កចិត្តទុកដាក់ ហើយសូមចូលរួមធ្វើការផ្សព្វផ្សាយបន្ត ដើម្បី​ឱ្យ​មាន​ប្រសិទ្ធ​ភាព​​ក្នុងការ​កាត់បន្ថយ​​ការបោះ​ចោល​​សំណល់ថង់​ប្លាស្ទិក​រាយប៉ាយតាម​ទីសាធារណៈ ឬ​ក៏​នៅតា​មទឹ​កផ្សេងៗ​ទៀត៕​