ក្រសួងសុខាភិបាលនៅថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១នេះ បានណែនាំឲ្យរៀបចំការប្រារព្ធកម្មវិធីបុណ្យ កម្មវិធីរៀបអាពាហ៍ពិពាហ៍ ឬកម្មវិធីផ្សេងៗ ត្រូវកំណត់ចំនួនភ្ញៀវដែលដាក់ឱ្យអង្គុយក្នុងមួយតុត្រឹមតែ៥នាក់ប៉ុណ្ណោះ។
ក្នុងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា នេះជាការទប់ស្កាត់ការចម្លងវីរុសកូវីដ១៩នៅកម្ពុជា តាមរយៈកំណត់ចំនួនភ្ញៀវដែលដាក់ឱ្យអង្គុយក្នុងមួយតុត្រឹមតែ៥នាក់ និងត្រូវតែមានការរក្សាគម្លាតសុវត្ថិភាពបុគ្គលឱ្យយ៉ាងតិច១.៥ម៉ែត្រឡើងទៅពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ រាល់ការប្រារព្ធកម្មវិធីបុណ្យ កម្មវិធីរៀបអាពាហ៍ពិពាហ៍ ឬកម្មវិធីផ្សេងៗ។
ក្នុងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលដដែលបញ្ជាក់ថា ការចេញសេចក្តីណែនាំនេះ គឺដោយសារកន្លងមកការអនុវត្តវិធានការការបារក្នុងកម្មវិធីនានានៅមានកម្រិតទាបនៅឡើយ។
ក្រសួងក៏បានណែនាំឲ្យអាជ្ញាធរនៅបណ្តាខេត្តរាជធានីទាំងនោះ ឲ្យម្ចាស់កម្មវិធី និងអ្នកចូលរួមទាំងអស់អនុវត្តវិធានការសុខាភិបាល ដូចជាការបំពាក់ម៉ាស៊ីនវាស់កម្តៅស្វ័យប្រវត្តិ ដាក់អាល់កុល ឬជែលលាងដៃនៅគ្រប់ច្រកចូល ដាក់បង្ហាញស្លាកសញ្ញាណែនាំឲ្យពាក់ម៉ាស និងណែនាំឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិតាមដាន និងណែនាំម្ចាស់កម្មវិធី និងអ្នកចូលរួមឲ្យបានម៉ឺងម៉ាត់ជាដើម៕