លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន នៅ​ថ្ងៃចន្ទ​នេះ​ថ្លែងថា ប្រេងឆៅ​ដែល​កម្ពុជា​បាន​ផលិត​ក្នុង​រយៈ​ពេល​​ជាង​មួយ​ខែ​​មក​នេះ ​​​មានកម្រិតទាបនៅឡើយ ដោយសារផលិតបានត្រឹមតែ​៧០០០ ទៅ៧៥០០​បារ៉ែល​ ឬស្មើ​នឹង​ជាង​១លាន​លីត្រ​តែប៉ុណ្ណោះក្នុងមួយថ្ងៃ។​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែង​បែបនេះ​ក្នុង​ពិធី​សម្ពោធ​​ការ​បើក​ការដ្ឋាន​សាងសង់​រោង​ចក្រ​​ប្រព្រឹត្តកម្ម​ទឹក​ស្អាត​បាខែង និងដាក់​ឲ្យ​ដំណើរ​ការ​​រោងចក្រ​ប្រព្រឹត្តកម្ម​ទឹក​ស្អាត​ចំការ​​មក នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១។ លោក​បញ្ជាក់ថា ប្រេងឆៅ​ដែល​កម្ពុជា​​កំពុ​ង​​ដំណើរ​​ផលិត​ជា​មធ្យម​​បាន​​៧០០០ ទៅ​៧៥០០​បារ៉ែល​ក្នុងមួយថ្ងៃ​នេះ គឺជា​​ចំនួន​ដែល​តូច​ខ្លាំង ហើយ​លោក​ថា ចំនួ​ន​​​នេះមិនអាច​​មាន​ឥទ្ធិពល​ដល់សេដ្ឋកិច្ចជាតិបាននោះទេ។

លោកបញ្ជាក់​ថា៖ «គឺជាទំហំតូចណាស់ វាមិនទាន់ជះឥទ្ធិពលទៅផ្នែកសេដ្ឋកិច្ច​ទេ ប៉ុន្តែ​យ៉ាង​ណា​​ក៏​ដោយ​វា​ជាការចាប់ផ្ដើមមួយដ៏ល្អ​នៃដំណើរការឧស្សាហកម្មប្រេង»។

លោកបានបន្ថែមថាសម្រាប់តម្លៃប្រេងបើស្ថិតក្នុងរង្វង់​៥៥​ដុល្លារអាមេរិក​​ក្នុង​មួយបារ៉ែល​ នោះ​ចំណូល​របស់​កម្ពុជាក្នុងមួយឆ្នាំគឺទទួល​មិនបាន​ដល់​៣០​លានដុល្លារនោះទេ។

លោក​ថា៖ «អីចឹង​វាមិនបានស្មើជាមួយនិងចំណូលមិនមែនសារពើពន្ធ ទៅ​លើ​ទិដ្ឋាការ​នៃ​ទេសចរ​​ក្នុង​មួយ​លាន​នាក់​ផង និង​មិនទាន់​​ពឹង​ផ្អែក​លើ​បញ្ហា​ប្រេងបាន​​ទេ»។

កាលពី​​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ រដ្ឋាភិបាល​បាន​​ប្រកាស​​ពី​ការ​ទទួល​បាន​តំណក់​ប្រេង​ដំបូង​នៅ​កម្ពុជា​។ លោក​នាយករដ្ឋមន្រ្តី​​ ហ៊ុន សែន ​​នា​ពេល​នោះ​ប្រកាស​​​ថា  នេះជា​ការចាប់ផ្ដើម​មួយ​ជំហាន​​ដំបូង​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និង​ខឿន​ឧស្សាហកម្ម​ប្រេង​​​​កាត ឧស្ម័ន និង​​ថាមពល​នៅកម្ពុជា។ លោក​បន្ថែម​ថា​ ចំណូល​បាន​ពី​ប្រេង​នឹង​យក​ទៅ​អភិវឌ្ឍន៍​​វិស័យអប់រំ និង​សុខាភិបាល។

យោងតាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​រ៉យទ័រ រដ្ឋាភិបាល​កម្ពុជា​មាន​ភាគហ៊ុន​​​​៥% ​ក្នុង​​ការ​បណ្តា​ក់​​ទុន​​ជាមួយ​ក្រុមហ៊ុន KrisEnergy និង​ថា កម្ពុជា​នឹង​ទទួល​បាន​ប្រមាណ​ជា​៥០០​លាន​ដុល្លារ ជាថ្លៃព​ន្ធ និង​ផ្សេងៗ៕​