ក្រសួងសុខាភិបាលនៅថ្ងៃព្រហស្បតិ៍នេះបាន ចេញសេចក្ដីអនុញ្ញាតមួយ ដោយសម្រេចឱ្យប្រើប្រាស់វ៉ាក់សាំង ឈ្មោះ Sinopharm Covid-19 ដែលជាវ៉ាក់សាំងការពារជំងឺកូវីដ១៩នាំមកពីប្រទេសចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់បន្ទាន់។
ក្នុងសេចក្ដីអនុញ្ញាតរបស់ក្រសួងសុខាភិបាល ចេញដោយរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នភថ្ងៃទី០៤ ខែមករា ឆ្នាំ ២០២១នេះ បញ្ជាក់ថា៖ «ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យប្រើប្រាស់នូវវ៉ាក់សាំង Sinopharm Covid-19 ដែលផលិតដោយវិទ្យាស្ថាន Beijing Institute of Biological Products Co,Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់បន្ទាន់ (Emergency Use Authorization) ដោយអនុវត្តតាមពិធីសារស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ របស់រាជរដ្ឋាភិបាល»។
គិតមកត្រឹមថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភ: ឆ្នាំ២០២១ នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន០១ នាក់ ដែលជាអ្នកដំណើរមកពីប្រទេសគុយវ៉ែត និងជាសះស្បើយចំនួន០៤នាក់។ អ្នកឆ្លងសរុបមានចំនួន៤៦៧នាក់ ជាសះស្បើយចំនួន៤៥១នាក់ ហើយអ្នកកំពុងសម្រាកព្យាបាលមានចំនួន១៦នាក់៕