ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះ មានករណីឆ្លងជំងឺកូវីដ១៩ចំនួន២៦នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់ ដែលក្នុងនោះមានខ្មែរម្នាក់ ជនជាតិវៀតណាម៣នាក់ និងជនជាតិចិន២២នាក់។
ក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញនៅថ្ងៃទី២៧នេះ បញ្ជាក់ថា មានករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន២៦នាក់ និងមិនមានករណីជាសះស្បើយទេ ដែលរបាយការណ៍នេះគិតសម្រាប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ មកដល់ត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះ ។
ដោយក្នុងរបាយការណ៍នោះបានបង្ហាញករណីវិជ្ជមានកូវីដ១៩ ជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់។ ក្នុងនោះ រួមមានខ្មែរម្នាក់ ជនជាតិវៀតណាម៣នាក់ ជនជាតិចិន២២នាក់ ដែលបានស្នាក់នៅក្នុងរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ។
នៅក្នុងបណ្តាញសង្គមហ្វេកប៊ុក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈថា មានទីតាំងពាក់ព័ន្ធនឹងព្រឹត្តិការណ៍កូវីដ១៩ឆ្លងសហគមន៍២០កុម្ភៈ ក្នុងរាជធានីភ្នំពេញ សរុប៧៧កន្លែង និងបានអំពាវនាវអ្នកពាក់ព័ន្ធសូមទៅធ្វើតេស្តនៅទីតាំងមួយចំនួនដែលក្រសួងសុខាភិបាលបានកំណត់។
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានបង្ហាញថា មកដល់ត្រឹមថ្ងៃទី២៧ ខែកុម្ភៈនេះកម្ពុជា មានអ្នកឆ្លងជំងឺកូវីដសរុបចំនួន៧៦៦នាក់ ដែលក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន៤៧៧នាក់ និងអ្នកកំពុងព្យាបាលចំនួន២៨៧នាក់៕