លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ ប្រកាសផ្ដល់អាទិភាពក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ជូនដល់សិស្សនិស្សិតដែលត្រូវបន្តការសិក្សានៅបរទេស តាមការស្ម័គ្រចិត្ត។
យោងតាមសេចក្ដីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រីដែលប្រព្រឹត្តទៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ នាព្រឹកថ្ងៃទី០៤ មីនា ឆ្នាំ២០២១ នាឱកាសដែលលោកទៅទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ AstraZeneca លើកទីមួយមានប្រសាសន៍ថា៖ «ឥឡូវចេះហ្មងទៅ ដើម្បីឲ្យ បើសិនជាមានវេលាគ្រប់គ្រាន់ និស្សិតខ្មែរទាំងអស់ដែលត្រូវចេញទៅក្រៅប្រទេសទាំងអស់ គួរត្រូវបានជាអាទិភាពក្នុងការទទួលបានវ៉ាក់សាំង»។
លោកនាយករដ្ឋមន្រ្តីក៏បានអំពាវនាវឲ្យនិស្សិតខ្មែរទាំងអស់ដែលត្រូវចេញទៅក្រៅប្រទេស ត្រូវទទួលបានអាទិភាពចាក់វ៉ាក់សាំងការពារកូវីដ១៩ ហើយថា និស្សិតទាំងនោះគួរចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ប្រទេសចិន ដោយសារចំណាយពេលខ្លី។
«ប៉ុន្តែត្រូវគិតវ៉ាក់សាំងវាមានពីរប្រភេទ វ៉ាក់សាំងAstraZeneca នេះរវាងដូសទី១ និងដូសទី២ ត្រូវប្រើពេល៤អាទិត្យ ទៅ៣អាទិត្យ បានទៅ១២ ពី៤ទៅ១២អាទិត្យ។ ហើយចំពោះ Sinopharm ប្រើរយៈពេលតែ១៤ថ្ងៃៗ អីចឹងពួកនិស្សិតត្រូវទៅរៀនអាចនឹងទទួលអាហ្នឹងគឺរហ័សជាង»។
លោក ជា ពុំសក្ខីណា និស្សិតថ្នាក់បណ្ឌិតឆ្នាំទី២ ជំនាញវិស្វកម្មសំណង់ស៊ីវិល សាកលវិទ្យាល័យ Tsinghua នៅទីក្រុងប៉េកាំង ប្រទេសចិន ដែលកំពុងរស់នៅរាជធានីភ្នំពេញលើកឡើងថា លោករីករាយ ហើយនឹងទៅចាក់វ៉ាក់សាំង ដោយសង្ឃឹមថា នឹងអាចត្រឡប់ទៅរៀននៅប្រទេសចិនវិញដោយសុវត្ថិភាព។
«បើទោះបីជាមិនទាន់មានដំណឹងអនុញ្ញាតឱ្យនិស្សិតវិលត្រលប់ទៅប្រទេសចិនវិញ តែការចាក់វ៉ាក់សាំងក៏ជាសញ្ញាវិជ្ជមានមួយផងដែរ ជាពិសេសវ៉ាក់សាំងអាចកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ។ នៅតាមបណ្ដាសាកលវិទ្យាល័យនៅប្រទេសចិន ក៏ចាប់ផ្ដើមចាក់ជូននិស្សិតផងដែរ»។
លោកបន្ថែមថា៖ «បើបានត្រលប់ទៅវិញ គ្រួសារក៏មិនសូវជាមានការបារម្ភខ្លាំង ព្រោះធម្មតាគ្រាន់ឈឺបន្តិចបន្តួចក៏ពួកគាត់បារម្ភដែរ ហើយបើមានបញ្ហានៅស្រុកគេគឺពិបាកណាស់ ថ្លៃព្យាបាលក៏ថ្លៃ ដូច្នេះវ៉ាក់សាំងនេះគឺអាចផ្ដល់ទំនុកចិត្តខ្ពស់ពេលបានត្រលប់ទៅវិញ»។
គួរបញ្ជាក់ថា មាននិស្សិតជាច្រើនដែលត្រូវត្រឡប់ទៅបន្តការសិក្សានៅបរទេស តែត្រូវជាប់គាំងដោយសារវិបត្តិជំងឺកូវីដ១៩៕