កូនសត្វផ្សោតកំណើតថ្មីមួយក្បាលបន្ថែមទៀត ត្រូវបានគេប្រទះឃើញហែលជាមួយសត្វផ្សោតពេញវ័យ ៤ក្បាលផ្សេងទៀត នៅឯជម្រកធម្មជាតិ កាំពី កាលពីថ្ងៃទី៥ មីនា ដែលនេះជាកំណត់ត្រាកំណើតកូនផ្សោតថ្មីទី២ នាប៉ុន្មានខែ ដើមឆ្នាំ ២០២១នេះ។ នេះយោងតាមក្រុមអ្នកស្រាវជ្រាវសត្វផ្សោតទន្លេមេគង្គ នៃរដ្ឋបាលជលផល និងអង្គការមូលនិធិសកលសម្រាប់ការអភិរក្សធនធានធម្មជាតិ (WWF-Cambodia)។

យោងតាមហ្វេសប៊ុកអង្គការខាងលើ មកទល់នឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ ក្រុមអ្នកស្រាវជ្រាវ បានប្រទះឃើញកំណើតកូនសត្វផ្សោតថ្មីចំនួនពីរលើក។ កូនផ្សោតទី១ ប្រទះឃើញនៅជម្រកធម្មជាតិ នៃខេត្រស្ទឹងត្រែង កាលពីចុងសប្ដាហ៍កន្លងទៅ និងទី២នេះ នៅជម្រកធម្មជាតិ កាំពី ខេត្រក្រចេះ។

អង្គការលើកឡើងបន្ថែមថា «ព្រឹត្តិការណ៍ទាំងពីរនេះ គឺជាការលើកទឹកចិត្តខ្លាំងបំផុតមួយដល់ក្រុមអ្នកស្រាវជ្រាវ ក្នុងការបន្ដតាមដានស្ថានភាព និងកំណត់អត្តសញ្ញាណសត្វផ្សោត នៅតំបន់ទន្លេមេគង្គ» ។

ទន្ទឹមនឹងដំណឹងរំភើបនេះ ក៏នៅតែមានការព្រួយបារម្ភពីសត្វផ្សោត​​​ ផងដែរ ដោយពួកវា នៅតែអាចរងគ្រោះ ងាយស្លាប់ជាបន្ដបន្ទាប់ ដោយសារតែជាប់មងអ្នកនេសាទ និងការនេសាទដោយប្រើឧបករណ៍ច្បាប់ហាមឃាត់ ដែលសុទ្ធសឹងជាមូលហេតុចម្បងៗ ដែលបណ្ដាលឱ្យ ផ្សោតពេញវ័យស្លាប់ ​ហើយចាំបាច់ត្រូវអនុវត្ត ជាបន្ទាន់នូវវិធានការរួមគ្នា ឱ្យខ្លាំងបន្ថែមទៀត ដើម្បីការពារសត្វផ្សោតទន្លេមេគង្គ ឱ្យរួចពីការបាត់បង់​ នេះបើតាមសារបង្ហោះដោយអង្គការដដែល។

អង្គការបន្ដបន្ថែមថា «ការចូលរួមការពារសត្វផ្សោត ឱ្យនៅគង់វង្ស គឺមានសារសំខាន់ណាស់ មិនត្រឹមតែសម្រាប់ផ្សោតខ្លួនវាប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំង មានអត្ថប្រយោជន៍ ដល់ទន្លេទាំងមូល រាប់បញ្ចូលទាំងហ្វូងត្រី ដែលត្រូវបានអ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថា មានចំនួនជាង ១,១០០​ប្រភេទ និងប្រព័ន្ធជីវៈអេកូឡូស៊ីដ៏សម្បូរបែបដទៃទៀត នៅក្នុងទន្លេនេះ»។

គួរឱ្យដឹងថា សត្វផ្សោតនៅកម្ពុជា ដែលគេរាប់បញ្ចូលជាសត្វជិតផុតពូជនេះ មាននៅតំបន់ទន្លេមេគង្គផ្នែកខាងលើ ពោលគឺខេត្រ ក្រចេះ និងស្ទឹងត្រែង និងម្ដងម្កាលធ្លាប់ឃើញហែលដល់ទន្លេមេគង្គក្នុងខែត្រ​ត្បូងឃ្មុំ និងកំពង់ចាម។

បើតាមរបាយការណ៍ជំរឿនសត្វផ្សោត ឆ្នាំ២០២០ ចំនួនសត្វផ្សោតសរុប មានត្រឹម ៨៩ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងទន្លេមេគង្គ។ កាលពីឆ្នាំ២០២០ ក្រុមអ្នកស្រាវជ្រាវ បានកត់ត្រាកូនសត្វផ្សោតចំនួន ៩ក្បាល ខណៈកូនផ្សោតចំនួន​ ១៣ក្បាល​ត្រូវបានកត់ត្រាក្នុងឆ្នាំ ២០១៩៕​