ក្រសួងសុខាភិបាលបានប្រកាសថា គិតត្រឹមម៉ោង៧:០០ព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ
មានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៦២នាក់ ខណៈករណីព្រឹត្តិការណ៍២០កុម្ភៈ បានឡើងដល់ ៧១២នាក់។
ក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល មានអ្នកជាសះស្បើយចំនួន ២២នាក់ ហើយក្នុងចំណោមករណីវិជ្ជមានកូវីដចំនួន ៦២នាក់ មានជនជាតិខ្មែរចំនួន ៤៤នាក់ ជនជាតិចិនចំនូន ១៥នាក់ ជនជាតិឥណ្ឌូនេស៊ី ចំនួន ២នាក់ និងជនជាតិវៀតណាម ០១នាក់។
អ្នកដែលមានផ្ទុកជំងឺកូវីដ ១៩ កំពុងសម្រាកព្យាបាលសណ្ឋាគារក្រេតឌុក (អតីតសណ្ឋាគារអាងទែកុងទីណង់តាល់) ចំនូន០៨នាក់ មន្ទីរពេទ្យបង្អែកខេត្តព្រៃវែងចំនួន ០៧នាក់ មន្ទីរពេទ្យបង្អែកខេត្តកោះកុង ០៨នាក់ មន្ទីរពេទ្យបង្អែកជ័យជម្នះខេត្តកណ្តាលចំនួន ១៦នាក់ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិនចំនួន ១៣នាក់ មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ១នាក់ និងចំនួន ០៩នាក់ទៀតក្រសួងនឹងជូនដំណឹងនៅពេលទទួលបានកន្លែងសម្រាកព្យាបាលបញ្ជូន។
សូមបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ ១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ថ្ងៃទី១២ ខែមីនានេះមានចំនួនសរុប ៧១២នាក់ រួមមានស្រ្តីចំនួន ៣៣៨នាក់ និងបុរសចំនួន៣៧៤នាក់។ ហើយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩សរុប ឡើងដល់ចំនួន១២២៥នាក់ អ្នកព្យាបាលជាសះស្បើយចំនួន ៦១៩នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៦០៤នាក់ និងអ្នកស្លាប់មាន ០១នាក់ ជាករណីថ្មីបំផុតនៅកម្ពុជា៕