ក្រសួង​សុខាភិបាល បាន​​ប្រកាស​ថា គិតត្រឹមម៉ោង៧:០០ព្រឹកថ្ងៃទី១៤ ខែមីនានេះ
មាន​ករណី​ឆ្លង​ជំងឺ​កូវីដ ១៩ ​​ចំ​នួន ៤១នាក់ និងមានអ្នកជាសះស្បើយចំនួន ២៤នាក់
ដែល​ភាគច្រើនពាក់ព័ន្ធ​​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ។

ក្នុង​សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ​​ក្នុងចំណោមករណីវិជ្ជមានកូវីដ ១៩ថ្មីចំនួន ៤១នាក់
និងមានករណីជាសះស្បើយចំនួន ២៤នាក់ ក្នុងនោះមានជនជាតិខ្មែរចំនួន ១២នាក់ ជនជាតិចិនចំនួន ២៣នាក់ ជនជាតិវៀតណាមចំនួន ០៤នាក់ និងជនជាតិថៃចំនួន ០២នាក់ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១។

អ្នកដែលមានផ្ទុកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលសណ្ឋាគារក្រេតឌុក (អតីតសណ្ឋាគារអាងទែកុងទីណង់តាល់) ចំនូន០៧នាក់ មជ្ឈមណ្ឌលកំចាត់រោគរបេងនិងហង់សិនចំនួន ០៥នាក់ មន្ទីរពេទ្យបង្អែកជ័យជម្នះខេត្តកណ្តាលចំនួន ២៨នាក់ មន្ទីរពេទ្យបង្អែកខេត្តព្រៃវែង០១នាក់។

សូមបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ ១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ថ្ងៃទី១៤ ខែមីនានេះមានចំនួនសរុប៧៩២នាក់​ រួមមានស្រ្តីចំនួន ៣៦៨នាក់ និងបុរសចំនួន ៤២៤នាក់ ហើយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៣០៥នាក់។

អ្នកព្យាបាលបានជាសះស្បើយមានចំនួន ៦៤៧នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៦៥៦នាក់ និងស្លាប់០១នាក់៕