អ្នកប្រកបរបររកស៊ីដឹកភ្ញៀវទេសចរជិះទូកលេងកម្សាន្តនៅតាមដងទន្លេសាប និងទន្លេមេគង្គក្នុងរាជធានីភ្នំពេញ បានត្អូញត្អែរអំពីការបាត់បង់ភ្ញៀវទេសចរមកជិះទូកកម្សាន្ត ដោយសារការផ្ទុះឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ជាលើកទីបី។
លោក រិន ណារ៉ាន់ ម្ចាស់ទូកទេសចរណ៍ឈ្មោះចំការស្នេហ៍បានប្រាប់សារព័ត៌មាន Newsroom Cambodia ឱ្យដឹងកាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះថា ក្រោយមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ក្នុងសហគមន៍ជាលើកទីបីមក កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកជិះទូកលេងកម្សាន្តបានថយចុះជាខ្លាំង បើធៀបទៅនឹងព្រឹត្តិការណ៍សហគមន៍មុនៗ ។
លោកបញ្ជាក់ថា៖ «បើសិនជាភ្ញៀវជាតិយើង គឺថយតាមព្រឹត្តិការណ៍ ពេលណារាងបានធូរស្បើយមានការកើនឡើងវិញ ពេលណាស្ថានការណ៍ធ្ងន់ធ្ងរគឺស្ងាត់ ដូចដំណាក់កាលចុងក្រោយនេះ ថ្ងៃទី២០ កុម្ភៈហ្នឹង គឺស្ងាត់មែនទែនតែម្ដង»។
ព្រះតេជគុណ យាន សុខគីម ជាព្រះសង្ឃមួយអង្គគង់ក្នុងវត្តឧណ្ណាលោម រាជធានីភ្នំពេញ មានសង្ឃដីកាថា ជាញឹកញាប់ព្រះសង្ឃអង្គចូលចិត្តនិមន្តជិះទូកលេងកម្សាន្ត មុនពេលការផ្ទុះឡើងនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ជាលើកទីបី ។ ប៉ុន្តែព្រះអង្គថា ក្រោយការផ្ទុះការឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈមក លោកម្ចាស់ សុខគីម បានកាត់បន្ថយការនិមន្តជិះទូកកម្សាន្តដូចសព្វដង ដោយសារព្រះអង្គព្រួយបារម្ភចំពោះការរីករាលដាលក្នុងសហគមន៍នេះ។
ព្រះអង្គបានលើកឡើងថា៖ «កូណាអង្គុយគិតដែរថា បើថា បើឆ្លងសហគមន៍អីចឹងប្រហែលជាមិនមែនតិចទេ ប្រហែលអាចនឹងបែកទៅច្រើនៗទៀត ចេះតែអង្គុយបារម្ភ»។ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍ឆ្លងក្នុងសហមគន៍ ២០កុម្ភៈ មានចំនួន២៦ថ្ងៃហើយ ដែលក្នុងនោះអ្នកឆ្លងសរុបមានចំនួន៩៩០នាក់ អ្នកព្យាបាលជាសះស្បើយមានចំនួន៣៤០នាក់ នេះបើតាមការចេញផ្សាយរបស់ក្រសួងសុខាភិបាលកម្ពុជា៕