បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ ២៨វិច្ឆិកា កាលពីចុងខែធ្នូ ២០២០ កន្លងទៅ បានធ្វើឱ្យតាមដងវិថី តំបន់ផ្សារ ហាងអាជីវកម្ម និងសាលារៀន ក្នុងរាជធានីភ្នំពេញ ចាប់ផ្ដើមមានសភាពអ៊ូអរស្ទើរវិលមករកជីវភាពដូចដើមឡើងវិញ។
ប៉ុន្ដែសកម្មភាពទាំងអស់នោះ បានប្រែស្ងប់ស្ងាត់ជាថ្មីម្ដងទៀត បន្ទាប់ពីមានការឆ្លងរាលដាលជំងឺកូវីដ១៩ ជាលើកទី៣ ឬហៅថាព្រឹត្តិការណ៍ ២០កុម្ភៈ ដែលជាដំណាក់កាលឆ្លងជាចង្កោមក្នុងសហគមន៍ទ្រង់ទ្រាយធំបំផុត ដោយនៅតែបន្ដរាលដាល និងឈានដល់មានករណីអ្នកឆ្លងបានស្លាប់ជាបន្តបន្ទាប់ទៀតផង។
ដោយសារមានការឆ្លងរីករាលដាលបន្ដបន្ទាប់មិនស្រកស្រុតបែបនេះ រដ្ឋាភិបាលបានដាក់ចេញច្បាប់បន្ទាន់ ស្ដីអំពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ឬហៅកាត់ខ្លីថា «ច្បាប់ប្រឆាំងជំងឺកូវីដ» ដោយបានអនុម័តដាក់ប្រកាសជាប្រញាប់ឱ្យប្រើប្រាស់ ហើយចូលជាធរមានភ្លាមៗ កាលពីថ្ងៃទី១២ មីនា ២០២១ កន្លងទៅ។
Newsroom Cambodia បានសម្ភាសប្រជាពលរដ្ឋតាមរយៈបណ្ដាញសង្គម និងដកស្រង់ មតិយោបល់ ការយល់ឃើញចម្រុះ ព្រមទាំងការបកស្រាយពន្យល់ ពីរដ្ឋាភិបាល អង្គការសង្គមស៊ីវិល អ្នកឃ្លាំមើលសង្គម និងប្រជាពលរដ្ឋមួយចំនួន ជុំវិញការដាក់កម្រិតផាកពិន័យ និងដាក់ទោសទណ្ឌ របស់ច្បាប់កូវីដ១៩នេះ ។
លោក សំបាន ច័ន្ទដារ៉ា វ័យ១៨ឆ្នាំ ជានិស្សិតឆ្នាំទី១ កំពុងសិក្សានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ខ្លួនបានអានលម្អិតច្បាប់ថ្មីស្ដីអំពីកូវីដ១៩នេះ តាំងពីអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីបានផ្សាយ ដែលមានលម្អិតច្រើនជំពូក និងមាត្រា។
យុវជនរូបនេះយល់ឃើញថា ច្បាប់នេះមានទាំងចំណុចល្អ និងចំណុចមិនល្អ ដោយសម្អាងថា ចំណេះដឹងប្រជាជននៅមានកម្រិត ជាពិសេសពួកគាត់ មិនសូវបានយល់ដឹងស៊ីជម្រៅអំពីកត្តាជីវសាស្ត្ររបស់ជំងឺកូវីដ១៩ ជំណែកការផ្សព្វផ្សាយច្បាប់នេះឲ្យពលរដ្ឋបានដឹងមិនទាន់ទូលំទូលាយនៅឡើយ។
យុវជន ច័ន្ទដារ៉ា៖ «ចំណុចល្អសម្រាប់ច្បាប់នេះនៅត្រង់ថា ជាគោលដៅសុទិដ្ឋិនិយម សម្រាប់ប្រទេសជាតិយើង ដែលកំពុងរងគ្រោះដោយសារការរីករាលជំងឺកូវីដ១៩ ក្នុងសហគមន៍ អ៊ីចឹងរដ្ឋាភិបាលបើគួរពុំគួរ ក៏ត្រូវបង្កើតច្បាប់មួយដើម្បីទប់ស្កាត់ការរាលដាល។ ក្នុងដំណាក់កាលមួយដែលប្រជាពលរដ្ឋ គាត់មិនសូវយកចិត្តទុកដាក់ និងមិនសូវជាខ្វល់ខ្វាយ រដ្ឋាភិបាលបង្កើតច្បាប់ហ្នឹងមកដើម្បីបង្អាក់ និងដាស់តឿនស្មារតីប្រជាពលរដ្ឋ ដោយការដាក់កំហិតបង្ខំ ព្រោះពេលខ្លះសម្រាប់ប្រទេសយើងទាល់តែបង្ខំ បានទទួលផល»។
លោកបន្ថែមថា៖ «ក្នុងលក្ខណៈទុទ្ទិដ្ឋិនិយមវិញ គឺការផាកពិន័យជាប្រាក់រហូតដល់ ២លានរៀល ឬលើសពីនេះ ប្រជាពលរដ្ឋខ្លះ គាត់គ្មានប្រាក់ច្រើនដល់នេះទេ និងជាប់ពន្ធនាគារដល់៥ឆ្នាំ ១០ឆ្នាំ ២០ឆ្នាំ វាហាក់ធ្ងន់ធ្ងរពេក»។
កញ្ញា ទឺន សុលីដា ក្នុងវ័យ២៤ឆ្នាំ បច្ចុប្បន្នជាបុគ្គលិកបម្រើការ ក្នុងក្រុមហ៊ុនមួយនៅរាជធានីភ្នំពេញ។ យុវតីមានដើមកំណើតពីខេត្តតាកែវរូបនេះបាននិយាយថា ការដាក់ចេញច្បាប់ថ្មីទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩នេះ វាមិនជាធ្ងន់ធ្ងរពេកទេ សម្រាប់ប្រជាជនទូទាំងប្រទេស។
កញ្ញាបញ្ជាក់ថា៖ «ដោយការណ៍នេះនាំឱ្យការរាតត្បាតនៃជំងឺអាចនឹងធូរស្រាលខ្លះ ប្រសិនបើប្រជាជនទាំងអស់ចូលរួមសហការ ព្រោះវាមានភាពងាយស្រួលក្នុងការតាមដាន ស្វែងរកប្រភពនៃជំងឺ និងអាចទប់ស្កាត់ចំពោះប្រជាជន ដែលមិនទាន់ប៉ះពាល់អ្នកមានផ្ទុកជំងឺ ដោយអាចបង្ការមិនឱ្យឆ្លងចូលក្នុងសហគម៍ ក៏ដូចជាគ្រួសាររបស់ពួកគាត់ដែរ។ សម្រាប់ច្បាប់ មិនបង្ខំមនុស្សឱ្យស្លាប់ទេ មានតែជំងឺទេដែលឱ្យមនុស្សស្លាប់»។
ទន្ទឹមនឹងគុណសម្បត្តិ សុលីដា ក៏បានលើកឡើងពីផលវិបាកផងដែរ ដោយសង្កត់ថា ការផាកពិន័យ និងដាក់ទោសទណ្ឌ គឺប៉ះពាល់ខ្លាំង ចំពោះអាជីវករតាមផ្សារបន្លែ និងតាមតូបលក់ទំនិញតូចៗ ជាពិសេសប្រជាជន ដែលមានជីវភាពមធ្យម អាចធ្លាក់ទៅទាប និងទាប កាន់តែធ្លាក់ទាបន្ថែមទៀត។
កញ្ញាបញ្ជាក់ថា៖ «ម្នាក់ៗនឹងមិនហ៊ានចេញក្រៅផ្ទះ ដោយខ្លាចឆ្លងជំងឺទៅត្រូវផាកពិន័យ ជាប់ទោសដាក់ពន្ធនាគារ ប៉ុន្ដែការគ្មានលទ្ធភាពសងបំណុលគេ ខ្លាចក្រុមគ្រួសារដាច់ពោះ ខ្លាចគ្រប់សព្វបែបយ៉ាង សរុបទៅការផាកពិន័យ និងដាក់ទោស ដូចដាក់បន្ទុកបន្ថែម»។
សុលីដាបន្ថែមថា រឹតតែអាក្រក់ទៅទៀត ចំពោះជនអនាថាគ្មានទីពឹង និងអ្នកមានលទ្ធភាព ពួកគាត់មានលទ្ធភាពឯណា នឹងមានប្រាក់ទៅបង់ថ្លៃផាកពិន័យ។
លោក កេត ប៊ុនធឿន មានវ័យ ៣៨ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបង្ហាញការយល់ឃើញថា ច្បាប់នេះល្អប្រសើរ និងចាំបាច់បន្ទាន់ ក្នុងការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ ប៉ុន្ដែច្បាប់នេះអាចថាចេញរាងយឺតបន្តិច និងថា ការផ្សព្វផ្សាយមិនសូវទូលំទូលាយ ឲ្យមានប្រសិទ្ធភាពខ្ពស់។
លោក កេត ប៊ុនធឿន បញ្ជាក់ថា៖ «ស្ថានភាពកូវីដបច្ចុប្បន្នរាលដាលខ្លាំង ដូចនេះរដ្ឋមិនគួរ ត្រឹមកំណត់កន្លែងចាំបាច់សម្រាប់ការពាក់ម៉ាស់ទេ គួរ ត្រូវតែ កំណត់ថាគ្រប់ទីកន្លែងសាធារណៈ ឬឯកជន គ្រប់មនុស្សត្រូវតែពាក់ម៉ាស់ជាកំហិត ដោយរដ្ឋត្រូវចាត់ខាងមូលដ្ឋានឲ្យអនុវត្តច្បាប់នេះ ហើយរដ្ឋខ្លួនឯងក៏ត្រូវធ្វើឱ្យតម្លៃ និងចំនួនម៉ាស់ គឺសមរម្យនឹងពលរដ្ឋទិញពាក់។
លោក ប៊ុន ធឿន បន្ថែមថា ការបកស្រាយច្បាប់នេះក៏មិនទាន់លម្អិតគ្រប់គ្រាន់នៅឡើយ។
លោកថា៖ «ឯការបកស្រាយច្បាប់ មិនទាន់បានច្បាស់លាស់ ដូចជាការកំណត់តំបន់ ដែលតម្រូវឱ្យពាក់ម៉ាស់ ធ្វើឡើងមិនបានទូលំទូលាយ ប្រជាជនភាគច្រើនលើសលុប នៅតែយល់ច្រឡំថាត្រូវពាក់ម៉ាស់គ្រប់ទីកន្លែង។ ក្នុងខ្លឹមសារច្បាប់សោត ដូចជាមិនមានចែងអំពីកាតព្វកិច្ច និងការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន ដែលនៅស្និទ្ធនឹងពលរដ្ឋទេ បើដូចនេះកាតព្វកិច្ច និងតួនាទីរបស់អ្នកទទួលខុសត្រូវមិនច្បាស់លាស់ ធ្វើឲ្យច្បាប់បានត្រឹមតែច្បាប់ តែការអនុវត្ត គឺនៅតែរញ៉េរញ៉ៃ គ្មានសណ្តាប់ធ្នាប់ដដែល»។
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយក្រសួងសុខាភិបាល ដើម្បីស្រាយបំភ្លឺ និងពន្យល់ជាសាធារណៈជុំវិញការបង្កើតច្បាប់ថ្មីនេះ កាលពីទី១៥ ខែមីនា ឆ្នាំ២០២១ កន្លងទៅថា ច្បាប់កូវីដនេះ បង្កើតឡើងក្នុងស្ថានភាពបន្ទាន់ និងប្រកាសជាការប្រញាប់ ដោយត្រូវចូលជាធរមានភ្លាមក្រោយប្រកាស ព្រមទាំងប្រដេញឱ្យទាន់សភាពការណ៍នៃការឆ្លងរបស់ជំងឺកូវីដ១៩ ក្នុងសហគមន៍ ២០កុម្ភៈ។
លោកបញ្ជាក់ថា៖ «ច្បាប់នេះគឺដាក់ទោសតែចំពោះអ្នកដែលមិនគោរពវិធានការ ក្នុងការប្រយុទ្ធទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ដែលអាចផ្ដាច់ជីវិតប្រជាជនកម្ពុជា និងបង្កភាពមហន្តរាយដល់សង្គមជាតិតែប៉ុណ្ណោះ»។
លោកក៏បានបញ្ជាក់បន្ថែមអំពីបទល្មើស ដែលមានចែងសំខាន់ៗក្នុងច្បាប់នេះថា មានចំនួនប្រាំ រួមមាន បទគេចវេះក្នុងការធ្វើចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័ក បទគេចវេះពីការព្យាបាល ឬគេចចេញពីកន្លែងព្យាបាល បទចម្លងដោយចេតនានូវជំងឺកូវីដដល់អ្នកដទៃ បទមិនគោរពវិធានការរដ្ឋបាល និងបទរារាំងដល់ការអនុវត្តវិធានការ។ បទល្មើសទាំងនេះត្រូវភ្ជាប់ជាមួយការផាកពិន័យជាប្រាក់ចន្លោះពី ១លានរៀល ដល់ ២០លានរៀល ព្រមទាំងអាចជាប់ទោសដាក់ពន្ធនាគារជាអន្តរការណ៍ចន្លោះពី៦ខែ រហូតដល់២០ឆ្នាំ។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានផ្ដល់សម្ភាសដល់ Newsroom Cambodia កាលពីថ្ងៃទី១២ មីនា នេះ ជុំវិញការយល់ឃើញរបស់លោកស្រីថា ការតាក់តែងច្បាប់ធ្វើឡើងដោយតក់ក្រហល់ ឬមិនទាន់មានការចែករំលែកព័ត៌មាន ឱ្យសាធារណជនបានដឹងឮទូលំទូលាយនៅឡើយ។
លោកស្រី ចក់ សុភាព៖ «ទោសប្បញ្ញត្តិ មានការដាក់ទោសទណ្ឌពី ១០ ទៅ ២០ឆ្នាំនេះ ខ្ញុំយល់ថាវាហាក់បីដូចជាធ្ងន់ធ្ងរ ហើយត្រូវធ្វើយ៉ាងម៉េច ចែងឱ្យច្បាស់ពាក់ព័ន្ធនឹង ការចម្លងជំងឺកូវីដ១៩ ដោយចេតនាហ្នឹង ថាតើលក្ខខណ្ឌបែបណា ដែលយើងកំណត់ថាអាចជាការចម្លងជំងឺដោយចេតនា កន្លែងនេះជាចំណុចមួយ ដែលវានឹងអាចប្រឈមសម្រាប់ពលរដ្ឋ។ ជួនកាលជាការបកស្រាយច្បាប់តាមឆន្ទៈរបស់សមត្ថកិច្ច អ៊ីចឹងពលរដ្ឋអាចនឹងរងគ្រោះទ្វេដង រងគ្រោះមួយដោយសារជំងឺ ហើយរងគ្រោះមួយទៀតដោយសារការដាក់ទោសទណ្ឌ»។
សម្រាប់អ្នកឃ្លាំមើលសង្គម លោក ឡៅ ម៉ុងហៃ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៦ មីនា ថា៖ «ច្បាប់ [កូវីដ១៩] បង្កើតបន្ទុកធ្ងន់ធ្ងរមិនសមាមាត្រ ដល់ប្រជាពលរដ្ឋ បង្កើតស្ថានភាពមិនទៀងទាត់ ពិបាកដល់ការរកស៊ីធ្វើការ និងបង្កលក្ខណ:ឱ្យមានការរំលោភអំណាចថែមទៀត។ ច្បាប់នេះ មានលក្ខណ:ជាច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នៅពេលប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សុខភាពសាធារណ: និងអាយុជីវិតប្រជាពលរដ្ឋ»។
លោកសរសេរបន្ថែមថា៖ «ច្បាប់នេះរឹតត្បិតសិទ្ធិ និងសេរីភាពជាច្រើន របស់ប្រជាពលរដ្ឋ តាមច្បាប់សិទ្ធិមនុស្ ស(មាត្រា៤ នៃICCPR) និងរឹតត្បិតបែបនេះបាន លុះណាតែប្រទេសស្ថិតក្នុង ភាពអាសន្នសាធារណៈ ដែលគំរាមកំហែង ដល់អត្ថិភាពជាតិ និង [ដែល] ត្រូវបានប្រកាសជាផ្លូវការ»។
ទោះយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ ករណីឆ្លងក្នុងសហគមន៍ នៅតែបន្ដកើនឡើង ដោយមិនមានទាន់ឃើញសញ្ញាណាថាអាចវិលមកសភាពល្អប្រសើរនៅឡើយទេ។
លើសតែពីការភ័យខ្លាច ប្រជាពលរដ្ឋក៏បានចូលរួមជាចំណែកក្នុងការទប់ស្កាត់ និងពិតជាចង់ឱ្យស្ថានភាពជំងឺកូវីដ-១៩នេះ អាចត្រូវទប់ស្កាត់បានឆាប់ៗ។ ជាមួយគ្នានេះ ពលរដ្ឋមួយចំនួនក៏ស្នើសុំរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធពិចារណា និងមើលឡើងវិញ ចំពោះទោសប្បញ្ញត្តិ ការផាកពិន័យ និងការកម្រិតការដាក់ទោសទណ្ឌ។
យុវជន សំបាន ច័ន្ទដារ៉ា លើកឡើងថា៖ «ក្នុងដំណាក់កាលនេះប្រជាជនមានការភ័យព្រួយនឹងបញ្ហាកូវីដហ្នឹងផង ហើយក៏ចាំបាច់ក្នុងការប្រកបជីវភាពប្រចាំថ្ងៃ ដើម្បីចិញ្ចឹមក្រពះ និងគ្រួសារពួកគាត់ផង ដូច្នេះអ្នកខ្លះ គាត់រងបន្ទុកគ្រួសារធ្ងន់ធ្ងរ និងមិនមានជីវភាពល្អប្រសើរដូចជាអ្នកមានអំណាច ឬអ្នកធូរធារស្រាប់នោះទេ ដូច្នេះ ការជំរុញ ការលើកទឹកចិត្ត ការគាំពារ គឺជារឿងប្រសើរ និងសូមក្រសួងពាក់ព័ន្ធជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ បង្រៀន និងពន្យល់ប្រជាជនពលរដ្ឋឱ្យបានយល់ដឹង ជាជាងដាក់ច្បាប់ដោយកំហិតបង្ខំ»៕