អាជ្ញាធរខេត្តព្រះសីហនុបានកាយដីដែលជនសង្ស័យលួចចាក់ចូលសមុទ្រត្រង់ចំណុចមុខក្រុមហ៊ុនតេលា
ស្ថិតក្នុងភូមិ៤ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។
អភិបាលស្រុកស្ទឹងហាវ លោក ឆាយ សុគន្ធដា បានប្រាប់ Newsroom Cambodia កាលពីថ្ងៃទី១៩ ខែមីនា
ឆ្នាំ២០២១ នេះថា ក្នុងរយៈពេលពីរថ្ងៃនេះ អាជ្ញាធរបានកាយដីដែលចាក់លុបចូលសមុទ្រ ប៉ុន្តែលោកថា
រហូតមកដល់ពេលនេះសមត្ថកិច្ចមិនកំណត់អត្តសញ្ញាណជនដែលលួចចាក់ដីចូលសមុទ្របាននៅឡើយទេ។
លោកបញ្ជាក់ថា៖ «ជនល្មើសយើងរកមិនទាន់ឃើញទេតែខាងសមត្ថកិច្ចនៅតែបន្តស៊ើបអង្កេតរកដដែល នេះទីមួយទីពីររដ្ឋបាលស្រុកបានរកគ្រឿងចក្រហើយឡានដឹកដីកាយបានពីរថ្ងៃ ហើយឥឡូវកំពុងដាក់លិខិតទៅខាងក្រុមហ៊ុនធ្វើផ្លូវ និងឲ្យជួយចាក់មានឡានបីបួន និង អាអិចមួយមកកាយបន្ត ពីរថ្ងៃទៀតហើយៗ»។
ចំណែកលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុក៏បានប្រាប់ Newsroom Cambodia តាម
Telegram កាលពីថ្ងៃទី១៩ ខែមីនា ដែរថា លោកអាចជម្រាបបានថា ករណីនេះបន្ទាប់ពីរដ្ឋបាលស្រុកស្ទឹងហាវបានចេញសេចក្ដីជូនដំណឹងនេះទៅ មិនទាន់មានបុគ្គលណាចេញមកដោះស្រាយជាមួយរដ្ឋបាលនៅឡើយទេ។ ប៉ុន្តែលោកថារដ្ឋបាលស្រុកបានប្រើប្រាស់គ្រឿងចក្រទៅកាយដីដែលគេចាក់ចូលសមុទ្រចេញមកវិញអស់ហើយ។
ការសម្រេចកាយដីចេញនេះ ធ្វើឡើងបន្ទាប់រដ្ឋបាលស្រុកស្ទឹងហាវ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១
ចេញសេចក្តីជូនដំណឹងមួយអំពីការឆ្លៀតឱកាសរបស់ជនមិនស្គាល់មុខ លួចចាក់ដីចូលក្នុងសមុទ្រ។
អ្នកស្រី ជៀប សុធារី មន្រ្តីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តព្រះសីហនុ លើកឡើងកាលពីថ្ងៃទី១៩
ខែមីនា ថា ករណីនេះអាចជារឿងឃុបឃិតគ្នា ដោយសារការចាក់ដីចូលសមុទ្រនៅខេត្តមួយនេះមិនមែនជាលើកទីមួយទេ។
អ្នកស្រីបានបន្តថា៖ «សម្រាប់ខ្ញុំ ខ្ញុំយល់ឃើញថាអានេះវាមិនមែនជាលើកទីមួយទេ វាមានមនុស្សមួយចំនួនឃុបឃិតគ្នាព្រោះរឿងនេះវាអត់អាចធ្វើម្នាក់ឯងបានសម្រេចទេ វាត្រូវតែមានការឃុបឃិតគ្នាជាក្រុមហើយ»។
អ្នកស្រីបន្ថែមថា ការចាត់វិធានការគឺមិនបានទូទៅនោះទេកន្លែងខ្លះអ្នកចាក់ក៏បានសម្រេចកន្លែងខ្លះក៏អាជ្ញាធរចុះទៅហាមឃាត់ទាន់ពេលវេលា ហើយការចាក់ចូលសមុទ្រដើម្បីពង្រីកផ្ទៃដីធ្វើអ្វីក៏ដោយ គឺវាជារឿងរំលោភលើតំបន់ឆ្នេរ។
បើតាមអ្នកស្រី ជៀប សុធារី ក្នុងខេត្តដែលមានឆ្នេរសមុទ្រផ្សេងៗទៀត ដូចជាខេត្តកោះកុង ខេត្តកែបជាដើម
ក៏មានករណីចាក់ដីចូលសមុទ្រនេះជាបន្តបន្ទាប់ផងដែរ៕