សមាគមសម្ព័ន្ធអ្នកសារព័ត៌មាន (ខេមបូចា)​ បានចេញរបាយការណ៍នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ដោយបាននិយាយថា អ្នកសារព័ត៌មានចំនួន ៧២នាក់ ត្រូវបានគេយាយី ទទួលរងអំពើហិង្សា និងដាក់ឱ្យមានទោសជាប់ពន្ធនាគារថែមទៀតផង ដែលមានរហូតដល់ ៣៥ករណី កាលពីឆ្នាំ២០២០ កន្លងទៅ។

របាយការណ៍របស់ខេមបូចា បានបង្ហាញថា៖ «យ៉ាងតិចណាស់មានអ្នកសារព័ត៌មានចំនួន ៣១នាក់ត្រូវបានចាប់ឃុំខ្លួន (ស្មើនឹងប្រមាណ ៤៣ភាគរយនៃករណីសរុប)…..អ្នកសារព័ត៌មានចំនួន ២២នាក់ ត្រូវបានទទួលរងការវាយដំលើរូបរាងកាយ ឬរងការគំរាមប្រើអំពើហិង្សានៅពេលកំពុងបំពេញការងារ»។

ទោះបីជាមានការបង្ហាញរបាយការណ៍អំពីការយាយីលើអ្នកសារព័ត៌មានយ៉ាងណាក្តី លោកមាស សោភ័ណ្ឌ
អ្នកនាំពាក្យ​ក្រសួងព័ត៌មាន បានប្រាប់ Newsroom Cambodia នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ថា របាយការណ៍នេះមានចរិត និងចេតនាមួយចំនួនដើម្បីបំភាន់សាធារណៈជនអំពីបរិយាកាសពិតប្រាក។

លោកបានបន្តថាអ្នកសារព័ត៌មាន ត្រូវតែគោរពទៅតាមច្បាប់ ក្រមសិល៍ធម៌វិជ្ជាជីវៈសារព័ត៌មាន បើករណីអ្នកសារព័ត៌មានប្រព្រឹត្តខុស ឬផ្ទុយនឹងច្បាប់ គឺអ្នកសារព័ត៌មានត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

លោកបាននិយាយថា៖ «ក្នុងរបាយការណ៍នេះ ខ្ញុំកត់សម្គាល់ឃើញថា វាមានចរិក ឬចេតនាមួយចំនួន ទី១ របាយការណ៍នេះគឺមានចរិត ឬចេតនាបំភាន់ សាធារណៈជនអំពីបរិយាកាសពិតប្រាកដ៏នៃការអនុវត្តសិទ្ធិសេរីភាពក្នុងការអនុវត្តវិជ្ជាជីវៈសារព័ត៌មានដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់របបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ទី២ របាយការណ៍នេះមានចរិត ឬចេតនាក្នុងការចោទប្រកាន់ទៅលើស្ថាប័នអនុវត្តច្បាប់ ដោយមិនឈរលគោលការណ៍នៃទិដ្ឋភាពច្បាប់ព្រះរាណាចក្រកម្ពុជារបស់យើង»។

លោកបានបន្តទៀតថា កន្លងមកនេះស្ថាប័នអនុវត្តច្បាប់ ​លើសំណុំរឿងនានាដែលពាក់ព័ន្ធអ្នកសារព័ត៌មាន
គឺផ្អែកទៅលើអង្គហេតុ និងអង្គច្បាប់លើករណីនីមួយៗ។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា លោកណុប វី បានប្រាប់ Newsroom Cambodia នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ដែរថា របាយកាណ៍នេះមិនមែនជាគំនិតផ្ទាល់របស់ខេមបូចានោះទេ ហើយគឺមិនមែនលើកឡើងក្នុងចេតនាណាមួយបង្កឱ្យមានការយល់ច្រលំ ឬមានចំណុចណាមួយដែលបំប៉ោងព័ត៌មាន
ឬព្រឹត្តការណ៏ដែលបានកើតឡើងនោះទេ។

«របាយការណ៍ដែលបានចេញជារបាយការណ៍មួយដែលឆ្លងកាត់ការកត់ត្រានូវករណីផ្សេងៗដែលបានកើតមានឡើងយ៉ាងពិតប្រាកដ៏នៅក្នុងប្រទេសយើងក្នុងឆ្នាំ២០២០ និងបានដាក់បញ្ជូលក្នុងរបាយការណ៍នេះ» ។

លោកណុប វី បានបន្តទៀតថាលោកក៏មិនគាំទ្រសម្រាប់អ្នកសារព័ត៌មានមួយចំនួនដែលប្រព្រឹត្តខុសក្រមសិល៍ធម៌វិជ្ជាជីវៈសារព័ត៌មានដែរ។

«ជារួមយើងមិនគាំទ្រទេ សម្រាប់បងប្អូនអ្នកសារព័ត៌មានណាដែលអនុវត្តមិនបានត្រឹមត្រូវតាមក្រមសិល៍ធម៌វិជ្ជាជីវៈ ឬមួយក៏អនុវត្ត ប្រព្រឹត្តនូវបទល្មើសទាំងឡាយណាប្រឆាំងនឹងច្បាប់រដ្ឋ គឺយើងមិនគាំទ្រទេ»។

ប៉ុន្តែលោកណុប វី បានសង្គត់ធ្ងន់ថា ប្រសិនបើអ្នកសារព័ត៌មានប្រព្រឹត្តខុសវិជ្ជាជីវៈសារព័ត៌មានគួរតែមានការសួរនាំ និងដាក់ពិន័យតាមច្បាប់នៃរបបសារព័ត៌មាន ជាជាងយកក្រមព្រហ្មទណ្ឌចាត់វិធានការ។

«ការអនុវត្តច្បាប់សម្រាប់អ្នកសារព័ត៌មាន គួរតែប្រើច្បាប់ស្តីពីរបបសារព័ត៌មាន ជាជាងការប្រើប្រាស់ក្រមព្រហ្មទណ្ឌដើម្បីយកមកចាត់វិធាការណ៍ចំពោះអ្នកសារព័ត៌មាន ហើយមួយផ្នែកទៀតយើងក៏បានពិនិត្យឃើញថាករណីជាច្រើន ក៏បានកើតឡើងលើអ្នកសារព័ត៌មាន ដែលគាត់កំពុងបំពេញការងារ ហើយត្រូវបានហាម និងរារាំង ដោយកម្លាំងសមត្ថកិច្ច និងកងសន្តិសុខជាដើម»៕