រដ្ឋាភិបាលបានសម្រេចផ្អាកការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយទៀត និងបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសរយៈពេល១៤ថ្ងៃ គិតចាប់ពីវេលាម៉ោង១២យប់ ថ្ងៃទី០៧ មេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។
យោងតាមសេចក្ដីសម្រេចមួយរបស់រដ្ឋាភិបាលដែលបានចេញផ្សាយនៅថ្ងៃទី០៦ ខែមេសាកន្លងទៅនេះបានបញ្ជាក់ថា ចាប់ពីចាប់ពីថ្ងៃទី៧នេះតទៅនឹងមានការហាមប្រាមមិនឲ្យមានការធ្វើដំណើរឆ្លងកាត់ចេញចូលខេត្តមួយទៅខេត្តមួយទៀតរយៈពេល១៤ក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
ក្នុងសេចក្ដីសម្រេចនោះក៏បានបញ្ជាក់ផងដែរថា រមណីយដ្ឋានទូទាំងប្រទេសក៏ត្រូវបិទក្នុងរយៈពេល១៤ថ្ងៃផងដែរ ហើយគណៈអភិបាលរាជធានីខេត្តត្រូវបានប្រគល់ភារកិច្ចក្នុងការអនុវត្តវិធានការខាងលើនេះឲ្យមានប្រសិទ្ធភាព។
លោក ភ័ក្រ អ្នកប្រកបរបរបើកតាក់ស៊ីពីភ្នំពេញទៅផ្សារស្រែអំបិលខេត្តកោះកុង តាំងពីឆ្នាំ២០១៤មកបានប្រាប់ Newsroom Cambodia ថាវាជាគោលការណ៍ល្អមួយក្នុងអំឡុងពេលនេះសម្រាប់ការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែវាក៏បានធ្វើឲ្យប៉ះពាល់ដល់បញ្ហាជីវភាពរបស់គាត់ដែរ។
លោកបានបន្តថា៖ «និយាយពីបញ្ហាដែលពិបាកជាងគេគឺបញ្ហាសេដ្ឋកិច្ច បាទប៉ុន្តែវាជាគោលការណ៍មួយក៏ជារឿងល្អសម្រាប់ថាទប់ស្កាត់ជំងឺកូវីដប៉ិនបញ្ហាដែលប៉ះពាល់លើពួកខ្ញុំជាអ្នករត់តាក់ស៊ីគឺប្រឈម និងបញ្ហាសេដ្ឋកិច្ចឧទាហរណ៍ពាក់ព័ន្ធទៅលើត្រូវការលុយបង់ធនាគារអីចឹង ដល់ចឹងវាអត់មានចំណូលសោះតែម្ដង»។
ចំណែកឯលោក ស៊ីវឈី វណ្ណឆៃ និស្សិតផ្នែកទេសចរណ៍នៅសាលាអាស៊ីអឺរុបមកពីខេត្តស្វាយរៀង និងកំពុងរស់នៅរាជធានីភ្នំពេញបានប្រាប់ Newsroom Cambodia ដែរថា លោកគាំទ្រចំពោះចំណាត់ការរបស់រដ្ឋាភិបាលដើម្បីកុំឲ្យមានករណីឆ្លងពីខេត្តមួយទៅខេត្តមួយទៀតដូចករណីមុនៗ។ ប៉ុន្តែលោកថា លោកក៏បារម្ភថា ទំនិញអាចឡើងថ្លៃនៅតាមបណ្តាខេត្ត។
លោកថា៖ «អាការដែលទៅស្រុកនឹងខ្ញុំក៏ចង់ទៅដែរ តែដល់ពេលគេហាមចឹងទៅយើងទៅអត់កើតទេតែបើយើងទៅគេចាប់យើងដាក់ចត្តាឡីស័កដដែល ចឹងទៅបិទចរាចរណ៍ចឹងទៅវាទាំងអស់តែគ្នាទេ»។
គួរបញ្ជាក់ថា ទោះបីជារដ្ឋាភិបាលបានចេញសម្រេចបិទចរាចរណ៍ចេញចូលខេត្តក្តី ប៉ុន្តែក៏នៅមានករណីលើកលែងមួយចំនួនដូចជាឡានដឹកសំរាម ឡានសង្គ្រោះបន្ទាន់ ឡានដឹកទំនិញ ឡានពន្លត់អគ្គីភ័យ ការធ្វើដំណើររបស់មន្ត្រីរាជការក្នុងគោលការណ៍បំពេញការងារប្រចាំថ្ងៃជាដើម៕