ក្នុងសម័យបច្ចេកវិទ្យាជឿនលឿននេះ ការបញ្ចេញទស្សនៈ មតិយោបល់ និងការចែករំលែកព័ត៌មានតាមបណ្ដាញសង្គម ពិតជារហ័ស និងបានបង្កភាពងាយស្រួល ប៉ុន្ដែក៏ប្រកបដោយគ្រោះថ្នាក់ផងដែរ។
ដោយសារការចែករំលែកទូលំទូលាយលើបណ្ដាញសង្គម យើងអាចនឹងទទួលបានព័ត៌មានពីគ្រប់ប្រភព ប៉ុន្តែខ្លួនយើងផ្ទាល់ មានជម្រើសក្នុងការជ្រើសយកសារព័ត៌មាន ដែលមានប្រភពច្បាស់លាស់ ចេញពីស្ថាប័នសារព័ត៌មានមានវិជ្ជាជីវៈ ដែលគួរឲ្យទុកចិត្ត និងយកជាការណ៍បាន ដោយមិនអាចចេះតែជឿ ឬចែកចាយដោយមិនបានគិតនោះទេ។
ក្នុងនាមប្រជាពលរដ្ឋ យើងមានសិទ្ធិ ភារកិច្ច ការចូលរួម ព្រមទាំងជាសំឡេងមួយ អាចជួយឲ្យសង្គមជាតិទទួលបានដំណើរការល្អប្រសើរ និងយ៉ាងហោចណាស់ ក៏ត្រូវមានចំណេះជាមូលដ្ឋាន អាចបែងចែករវាងដំណឹង ព័ត៌មាន សារព័ត៌មាន ហើយគិតពិចារណា មុនចែករំលែក ឬបញ្ចេញគំនិតយោបល់ ។ យើងក៏គួរស្វែងយល់ថា អ្វីជាសារព័ត៌មាន ហើយអ្វីជា អ្នកសារព័ត៌មានវិជ្ជាជីវៈ ក្រមសីលធម៌ ព្រោះមិនមែនគ្រប់ដំណឹង ឬព័ត៌មាន ជាសារព័ត៌មាននោះឡើយ។
កន្លងមកជាឧទាហរណ៍ មានអ្នកជួបបញ្ហា និងប្រឈមការចោទ ឬឈានដល់ជាប់ទោសដាក់ពន្ធនាគារ ក៏ដោយសារការចែកចាយព័ត៌មានគ្មានប្រភពច្បាស់លាស់ ឬរឿងរ៉ាវមិនពិត ដូច្នេះ យើងគួរពិចាររណា និងជ្រើសរើសប្រើវីធីក្នុងការបញ្ចេញជាទស្សនៈ គំនិតយោបល់ ដែលមានសុវត្ថិភាព និងអាចនាំឲ្យមានចំណុចវិជ្ជមាន ព្រមទាំងក្លាយជាសំឡេង អាចកែប្រែស្ថានការណ៍ ឬរឿងអ្វីមួយឲ្យល្អប្រសើរបាន ជាជាង ប្រើការវាយប្រហារទៅលើនរណាម្នាក់ ញុះញង់ ផ្ដល់ ឬចែកចាយព័ត៌មានមិនពិតជាដើម។
ក្រមសីលធម៌វិជ្ជាជីវៈ គឺជាអាវក្រោះសម្រាប់ការពារយើងគ្រប់ៗគ្នា ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ វិជ្ជាជីវៈ ក្រមសីលធម៌នេះ មិនមែននៅលើមេឃ ឬជាពាក្យគ្រាន់និយាយឲ្យពិរោះឡើយ ប៉ុន្តែជាអ្វីដែលយើងគ្រប់គ្នាត្រូវប្រកាន់ខ្ជាប់ និងចាប់ផ្ដើមធ្វើពីយើងគ្រប់គ្នា ឥឡូវតទៅ។
ប្រការទាំងនេះពិតជាសំខាន់ណាស់ ព្រោះការយល់ ការស្គាល់ និងដឹងអំពីកាតព្វកិច្ចខ្លួនឯងក្នុងនាមពលរដ្ឋ នោះយើងនឹងមិនខ្លាចឡើយក្នុងការផ្ដល់ការយល់ឃើញ ដើម្បីកែលម្អរភាពអសកម្ម ឬធ្វើឲ្យប្រសើរ ទៅលើរឿងអ្វីមួយ ទៅអ្នកសារព័ត៌មានវិជ្ជាជីវៈ ដែលជាអ្នក នៅកណ្ដាល ចាំពាំនាំរឿងរ៉ាវរវាងប្រជាជន និងរដ្ឋាភិបាល ព្រមទាំងសម្រាប់ពិភពលោក។
យើងគ្រប់គ្នាគឺជាសំឡេង យើងត្រូវបញ្ចេញសំឡេង ព្រោះសារជាសំឡេងដ៏មានទស្សនៈមួយរបស់យើង អាចជួយប្រែរឿងអសកម្មឱ្យល្អប្រសើរបាន។
ពាក្យស្លោករបស់អាហ្វ្រិកមួយបានលើកឡើងថា “If you think you are too small to make a difference, you haven’t spent the night with a mosquito” សម្រួលជាខេមរភាសាថា «បើអ្នកគិតថា ខ្លួន ឬសំឡេងរបស់អ្នក តិចតួចខ្លាំងពេកក្នុងការធ្វើឲ្យអ្វីមួយកែប្រែផ្លាស់ប្ដូរបាន សូមអ្នកគិតឡើងវិញ ព្រោះថាសត្វមូសតូចតែមួយក្បាល គឺអាចរំខានដំណេកមនុស្ស ពេញមួយយប់បាន»។
ដូច្នេះចូរកុំខ្លាច ក្នុងការបញ្ចេញសំឡេងដ៏មានវិជ្ជាជីវៈរបស់អ្នកដើម្បីផ្លាស់ប្ដូរអ្វីមួយ និងពិភពលោកដ៏ធំធេង ជាពិសេសទៅកាន់ប្រភពដែលអ្នកចង់ឱ្យមានការផ្លាស់ប្ដូរ ការកែប្រែឲ្យមានភាពល្អប្រសើរឡើង។
ដរាបណាយើងមានវិជ្ជាជីវៈ ក្រមសីលធម៌ គ្រោះអាក្រក់មិនងាយកើតឡើងលើយើងឡើយ ទោះបីជាយ៉ាងណា ភាពស្អាតស្អំនឹងនៅចាំតាមថែរក្សាយើង៕