កម្ពុជាបានចាប់ផ្ដើមការតស៊ូប្រឆាំងនឹងជំងឺកូវីដ១៩តាំងពីដើមឆ្នាំ២០២០មក។ រហូតមកដល់ពេលនេ កម្ពុជាបានជួបព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍បីដងធំៗ ដោយការរាលដាលក្នុងសហគមន៍លើកចុងក្រោយ ត្រូវបានប្រកាសរកឃើញនៅថ្ងៃទី២០ កុម្ភៈ ២០២១ ឬត្រូវបានហៅថាព្រឹត្តិការណ៍ ២០កុម្ភៈ គឺជាការឆ្លងមានលក្ខណៈទ្រង់ទ្រាយធំ និងមានរយៈពេលវែងជាងលើកមុនៗ ដែលមកទល់នឹងពេលនេះ កម្ពុជានៅតែមិនទាន់អាចបិទបញ្ចប់ព្រឹត្តិការណ៍នេះនៅឡើយទេ។
ការបន្ដអូសបន្លាយពេលរាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជាលើកនេះ បាននាំឱ្យមានបញ្ហាប្រឈមជាច្រើនដល់ប្រជាជនទូទៅ ទាំងដោយផ្ទាល់ និងដោយប្រយោល ដូចជាការប្រឈមនឹងបញ្ហាជីវភាព សេដ្ឋកិច្ច និងតម្រូវឱ្យមានការផ្អាករាល់សកម្មភាពផ្សេងៗ ជាពិសេសអត្រានៃការឆ្លងស្ថិតក្នុងកម្រិតខ្ពស់មួយ ព្រមទាំងមានអ្នកស្លាប់ជាបន្តបន្ទាប់ជាដើម។ ព្រឹត្តិការណ៍ទាំងនេះ ក៏ធ្វើឲ្យមនុស្សជាច្រើនងាយមានបញ្ហាធ្លាក់ទឹកចិត្ត ឬអាចឈានដល់ក្លាយជាមានបញ្ហាសុខភាពផ្លូវចិត្តខ្លាំងថែមទៀតផង។
ជាអ្នកគូររូបបែបច្នៃប្រឌិតក្នុងក្រុមហ៊ុនឯកជនមួយនៅរាជធានីភ្នំពេញ កញ្ញា ម៉ី លីដា អាយុ២២ឆ្នាំ កំពុងស្នាក់ក្នុងខណ្ឌសែនសុខ បានឆ្លើយឆ្លងជាមួយ Newsroom Cambodia តាមសារបណ្ដាញសង្គមហ្វេសប៊ុកថា ស្របពេលជំងឺកូវីដ១៩ កំពុងបន្តរាតត្បាតនេះ កន្លែងប្រកបការងាររបស់កញ្ញានៅបើកដំណើរការធម្មតា។ កញ្ញាថា កញ្ញានៅបន្ដធ្វើការ និងសម្រេចចិត្តមិនវិលត្រឡប់ទៅស្រុកកំណើតវិញទេ ដោយហេតុថា អាចបញ្ចៀសហានិភ័យផ្សេងៗ ដែលអាចកើតមានដល់ក្រុមគ្រួសារ និងសហគមន៍របស់នាង។
កញ្ញា ម៉ី លីដា៖ «កន្លែងធ្វើការរបស់ខ្ញុំ នៅបន្តដំណើរការធម្មតា ដោយពួកយើងធ្វើការក្នុងស្ទូឌីយូ(Stodio) មានគ្នាតិច អ៊ីចឹងខ្ញុំសម្រេចថានៅបន្តការងារ ដោយអនុវត្តវិធានការពារផ្សេងៗ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ហើយក៏ ខ្ញុំសម្រេចចិត្តថា នឹងមិនទៅស្រុកកំណើតទេ ព្រោះក្នុងពេលជំងឺកំពុងរាតត្បាតអ៊ីចឹង ណាមិនទុកចិត្តខ្លួនឯង ណាមិនចង់នាំទុក្ខដល់ក្រុមគ្រួសារ»។
អ្នកមានដើមកំណើតមកពីខេត្តកំពង់ឆ្នាំងរូបនេះបន្ថែមថា៖ «កូវីដហ្នឹង វាហាក់ធ្វើឱ្យយើងព្រួយបារម្ភ សូម្បីពេលក្រោកពីដំណេក ឬកំពុងធ្វើការ ដូចថា វានៅជាប់ខួរក្បាលយើង ធ្វើឱ្យខ្វល់ នឹកគិតបារម្ភជាប់រហូត។ កាលពីមុន ក្រោយចេញពីធ្វើការ ខ្ញុំតែងបានចេញទៅដើរហាត់ប្រាណ យកខ្យល់អាកាស បន្ធូរភាពតានតឹងតាមសួនមាត់ទន្លេអីជាដើម ដល់ឥឡូវចេញពីធ្វើការ ដឹងតែសំដៅផ្ទះហើយ អារម្មណ៍ធុញថប់ តប់ប្រមល់ប្រាកដជាមាន ចៀសមិនផុត តែធ្វើម៉េច?»។
ឆ្លើយឆ្លងតាមប្រព័ន្ធទូរសព្ទជាមួយ អ្នកស្រី នូ រាសី វ័យ៣៣ឆ្នាំ ជាអ្នកកាត់ដេរសម្លៀកបំពាក់ កំពុងរស់នៅក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ បានរៀបរាប់ដោយត្អូញត្អែរថា អ្នកស្រីបានបាត់បង់ប្រាក់ចំណូលធ្លាប់រកបានជាប្រចាំ និងត្រូវចំណាយពេលមើលថែរទាំកូនៗក្មេងៗក្នុងបន្ទុកពីរនាក់ ដោយសារតែបញ្ហាកូវីដ១៩ នៅបន្ដរាលដាល។
អ្នកស្រី រាសី បញ្ជាក់ថា៖ «កាលពីមុខ សៅរ៍អាទិត្យអីអាចនាំកូនៗដើរលម្ហែជាមួយគ្រួសារអ៊ីចឹងទៅ ដល់ឥឡូវនៅតែផ្ទះ បើផ្ទះមានធ្លាធំប្រហែលល្អ តែផ្ទះខ្ញុំស្នាក់នៅ មួយបង្វិលបន្ទប់ជាមួយកូនៗហ្នឹង ដល់អ៊ីចឹងពេលខ្លះខឹងមួម៉ៅ ស្រែកមាត់ធំមាត់តូចអី ដាក់ពួកគាត់ដែរ តែក៏បានគ្រួសារខ្ញុំជួយរំលែកដែរ ព្រោះគាត់ក៏ត្រូវធ្វើការពីផ្ទះដែរ ដោយសារកូវីដហ្នឹង។ ហើយអារម្មណ៍តែងខ្វល់ខ្វាយក្នុងចិត្តដោយបារម្ភថាអាចត្រូវឆ្លងកូវីដ ឬធ្លាក់ខ្លួនឈឺអីអ៊ីចឹង ចំពេលអាកូវីដកំពុងតែមានពាសពេញបែបហ្នឹង»។
គិតចាប់ពី ផ្ទុះវត្តមានជំងឺកូវីដ១៩ ក្នុងអំឡុងខែធ្នូ ២០១៩ មកទល់នឹងបច្ចុប្បន្ននេះ មានរយៈពេលជាងមួយឆ្នាំទៅហើយ។ បើទោះបីមកដល់ដំណាក់កាលនេះ អ្នកវិទ្យាសាស្ត្ររកឃើញ និងផលិតវ៉ាក់សាំង មានសញ្ញាណអាចការពារពីជំងឺនេះបានភាគរយខ្ពស់យ៉ាងណាក៏ដោយ ក៏ការរីករាលដាលនៅតែបន្តមាននៅលើពិភពលោក និងមិនទាន់មានសេចក្ដីប្រកាសជាក់លាក់ណាមួយថា ជំងឺឆ្លងតាមផ្លូវដង្ហើមពីមនុស្សទៅមនុស្សប្រភេទថ្មីនេះ អាចមានចំណុចបញ្ចប់នៅពេលណាមួយខាងមុខនោះឡើយ។
បញ្ហាជាសកលមួយនេះជារបត់ប្រឈមថ្មី ចំពោះប្រជាជនទូទាំងពិភពលោកត្រូវតស៊ូ ហែលឆ្លងគ្រប់ការលំបាក និងចូលរួមការពារទប់ស្កាត់ការរាតត្បាត ព្រមទាំងក្លាយជាបន្ទុកថ្មីមួយ ដែលតម្រូវឱ្យមនុស្សជាតិរៀនសម្របខ្លួនរស់នៅជាមួយ។
លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា អ្នកជំនាញឯកទេសជំងឺផ្លូវចិត្ត និងជានាយកប្រតិបត្តិអង្គការចិត្តសង្គមអន្តរវប្បធម៌ ហៅកាត់ថា ធីភីអូ (TPO) បានប្រាប់ Newsroom Cambodia ថា ក្នុងអំឡុងពេលកូវីដនេះបញ្ហាប៉ះពាល់សុខភាពផ្លូវចិត្តអាចកើតមានដល់មនុស្សគ្រប់គ្នា មិនមែនប្រឈមសម្រាប់តែកម្ពុជាប៉ុណ្ណោះទេ។ លោកថា ជំងឺផ្លូវចិត្តជាជំងឺបន្ទុកមួយផ្សេងទៀតដែលឈានដល់អាចឆាបឆក់យកជីវិតមនុស្សផងដែរ ខណៈដែលរយៈពេលជំងឺកូវីដ១៩កំពុងបន្តអូសបន្លាយរាតត្បាត ដែលអាចកើតមានចំពោះមនុស្សគ្រប់ស្រទាប់វណ្ណៈ។
លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា បញ្ជាក់ថា៖ «ក្រុមមនុស្សដែលងាយរងការធ្លាក់ទឹកចិត្ត ឬជួបបញ្ហាសុខភាពផ្លូវចិត្តក្នុងរយៈពេលកូវីដនេះ គឺអ្នកធ្លាប់មានបញ្ហាសុខភាពផ្លូវចិត្តពីមុន ក្រុមស្ត្រីមេផ្ទះ ក្រុមមនុស្សចាស់ មេគ្រួសារ [អ្នកទទួលបន្ទុកចិញ្ចឹមគ្រួសារ] មន្ត្រីជួរមុខ [ធ្វើការងារដើម្បីប្រយុទ្ធការពារនឹងជំងឺកូវីដ] និងក្រុមគ្រូពេទ្យជួរមុខជាដើម»។
លោកបន្ថែមថា ហេតុការណ៍នៃជំងឺកូវីដ១៩ គឺជារឿងមួយហួសអំពីសមត្ថភាពសម្រាប់មនុស្សគ្រប់គ្នាក្នុងការទប់ទល់ អ៊ីចឹងអាចបង្កឱ្យមានការភ័យបារម្ភ ប៉ុន្តែលោកថា ពលរដ្ឋគួរតែផ្ដោតលើអ្វីដែលអាចធ្វើបាន ដូចជាគោរពវិធានការពារជាដើម។
លោកបញ្ជាក់ថា៖ «ការកាត់បន្ថយព័ត៌មាននាំឱ្យភ័យខ្លាច រៀនធ្វើសមាធិ ហាត់ដំណកដង្ហើម ធ្វើលំហាត់ប្រាណ នេះជាវិធីដកឃ្លាចេញពីភាពភ័យ ដែលនាំឱ្យធុញថប់។ កុំដោយសារការភ័យធ្វើឱ្យយើងភ្លេចធ្វើការងារស្នូលសំខាន់របស់យើង ហើយត្រូវសម្របរៀនរស់ក្នុងបរិបទថ្មីនេះ»។
អង្គការ ធីភីអូ បានបើកឱ្យមានការជួបពិភាក្សាតាមប្រព័ន្ធអនឡាញ ចាប់តាំងពីមានផ្ទុះកូវីដ១៩ កាលពីឆ្នាំ២០២០មក។
លោកវេជ្ជបណ្ឌិត សុធារ៉ា បានបញ្ជាក់ផងដែរថា ធីភីអូ មានសហការធ្វើកម្មវិធី «កុំលាក់ទុកក្នុងចិត្ត» ដែលមានបំណងចង់ឱ្យអ្នកមានបញ្ហា បានទម្លាយអ្វីដែលតានតឹងក្នុងចិត្ត កុំលាក់ទុក។ លោកថា យុទ្ធនាការនេះបានលេចចេញជាផ្លែផ្កា ដោយអ្នកជួបបញ្ហាទាក់ទងទៅលោកមានការកើនឡើងច្រើន ដោយក្នុងមួយថ្ងៃមានចំនួនអ្នកខលពី២០ ទៅ៣០នាក់។
កម្មវិធីខលជួបពិភាក្សាបើកដំណើរការចាប់ពីពេលថ្ងៃដល់យប់ ហើយវេលាមានអ្នកខលមកច្រើន គឺចន្លោះពីម៉ោង៨ ដល់១២យប់។ លោក ឈឹម សុធារ៉ា បញ្ជាក់ថា បច្ចុប្បន្ននេះ ក្នុងមួយសប្ដាហ៍ទទួលបានអតិថិជន១០០នាក់ និងឃើញថា តម្រូវការការប្រឹក្សាតាមប្រព័ន្ធទូរស័ព្ទបានកើនឡើងចំនួនបីដង បើធៀបនឹងកាលមិនទាន់មានជំងឺកូវីដ។
លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា បន្ថែមថា ការកើនឡើងនៃអ្នកមកប្រឹក្សាអំពីបញ្ហាសុខភាពផ្លូវចិត្ត ជាសញ្ញាល្អមួយ មិនមែនបានន័យថាការមានវិបត្តិផ្លូវចិត្តជាសញ្ញាល្អទេ ប៉ុន្ដែជាសញ្ញាបង្ហាញថា ពួកគាត់យល់ឃើញ និងមានភាពក្លាហាន ដោយឈប់លាក់ទុកក្នុងចិត្ត ហើយស្វះស្វែងរកជំនួយ និងរកដំណោះស្រាយ។
លោកវេជ្ជបណ្ឌិតជំនាញបញ្ហាផ្លូវចិត្តរូបនេះក៏បានផ្ដល់ការណែនាំ និងដំបូន្មានផងដែរថា៖ «ការផ្ដល់កម្លាំងចិត្ត និងយកចិត្តទុកដាក់ពីសំណាក់មនុស្សនៅជុំវិញខ្លួន ពិតជាត្រូវការចាំបាច់ណាស់សម្រាប់អ្នកងាយរងការធ្លាក់ទឹកចិត្ត ឬជួបវិបត្តិសុខភាពផ្លូវចិត្ត ពិសេសអំឡុងពេលកូវីដនេះ។ ហើយការចូលរួម រួបរួម លើកទឹកចិត្ត មើលថែរទាំគ្នាទៅវិញទៅមក គឺសំខាន់ខ្លាំងណាស់ ដើម្បីឆ្លងកាត់ដំណាក់កាលលំបាកនេះ ឈានទៅរកភាពល្អប្រសើរវិញ មានន័យថាមិនគួរបន្ទោស ឬចោទដាក់គ្នា ថាអ៊ីចឹងអ៊ីចុះជាដើម។ ជួយខ្លួនឯងបាន គឺដូចជួយមនុស្សគ្រប់គ្នា»។
លោកបន្ថែម៖ «ការរក្សា និងភ្ជាប់ទំនាក់ទំនង បើទោះមិនអាចជួបគ្នាពេលនេះ ទៅកាន់ក្រុមគ្រួសារ មនុស្សជុំវិញខ្លួន តាមប្រព័ន្ធទូរសព្ទ វីឌីអូខល (Video Call) ទង្វើទាំងអស់នេះ ក៏ជាកត្តាមួយអាចជួយធ្វើឱ្យផ្លូវចិត្តមានភាពប្រសើរ។ កាលណាសុខភាពផ្លូវចិត្តរឹងមាំ កម្លាំងចិត្តរឹងមាំ គឺអាចយកឈ្នះអ្វីៗបានទាំងអស់»៕