មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​នៅ​ថ្ងៃ​អង្គារ​នេះ ផ្អាក​ចរាចរ​​រថយន្ត​​ដឹក​​ទំនិញ​​ធុនធ្ងន់​​គ្រប់​ប្រភេទ​លើ​​កំណាត់​ផ្លូវជាតិ​​​លេខ​​២០​ ផ្លូវ​លេខ​១២០​ 1KD9​​ (៣៤)​ និង​ផ្លូវ​លេខ​1KD11​​ (១៤៣) ក្នុងខេត្ត​កណ្តាល​​ជា​​​បណ្តោះ​អាសន្ន​​ដោយសារជំនន់ទឹកភ្លៀង។

តាមសេចក្តីជូនដំណឹងរបស់មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​កណ្តាល​ ចេញ​នៅថ្ងៃ​ទី​២៦​ ខែ​តុលា​ ឆ្នាំ​២០២១​ ​​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ និង​ម្ចាស់​រថយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់​ទាំងអស់​ឲ្យ​​ផ្អាក​ចរាចរ​​រថយន្ត​​ដឹក​​ទំនិញ​​ធុនធ្ងន់​​ជា​​បណ្តោះអាសន្ន​​​ ដោយសារ​​​ស្ថាន​ភាព​​ទឹក​ជំនន់​​ទឹកភ្លៀង​​បាន​​និ​ង​​កំពុង​​ជន់​​ឡើង​​យ៉ាងខ្លាំង​​លើ​ចិញ្ចើម​​ផ្លូវ​ជាតិ​​លេខ​២០​​ ផ្លូវ​លេខ​១២០ 1KD9​​(៣៤)​ និង​ផ្លូវ​លេខ​1KD11​​ (១៤៣)​ ស្ថិត​ក្នុង​ស្រុក​កណ្តាល​ស្ទឹង​ និង​ស្រុកអង្គស្នួល​ ខេត្តកណ្តាល។ ការ​ផ្អាក​នេះ គឺ​ដោយសារស្ថានភាព​​ទឹក​លិច​​ធ្វើឲ្យ​ផ្លូវ-ស្ពាន​ មិនអាច​ទ្រាំទ្រ​នឹង​ទម្ងន់​រថយន្ត​ដឹកទំនិញធុនធំបានទេ។

សេចក្តីជូនដំណឹងមន្ទីរសាធារណការដដែលបានបញ្ជាក់ថា៖ «សូមធ្វើការបិទ​ចរាចរ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​គ្រប់​ប្រភេទនៅលើកំណាត់ផ្លូវជាតិលេខ២០ ចាប់ពីរង្វង់មូលកួរស្រូវ រហូត​ដល់​ផ្លូវ​ជាតិ​លេខ៣ ផ្លូវលេខ១២០ ចាប់ពីផ្លូវជាតិលេខ២ រហូតដល់ផ្លូវជាតិលេខ៣ ផ្លូវលេខ1KD9 (៣៤) ចាប់​ពី​ផ្លូវ​ជាតិ​លេខ​៣ រហូតដល់ផ្លូវលេខ៤១ ផ្លូវលេខ1KD11 (១៤៣) ចាប់ពីផ្លូវ​លេខ​1KD9 (៣៤) រហូត​ដល់​ផ្លូវ​ជាតិ​លេខ៤ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូត​ដល់​ស្ថានភាព​ទឹក​ស្រក​ចុះ​ជា​ប្រក្រតី​វិញ ដើម្បីថែរក្សាផ្លូវ ស្ពាន កុំឱ្យបាក់ស្រុត និង​ធានា​ដ​ល់​ការធ្វើ​ចរាចរ​ប្រកប​ដោយ​សុខ​សុវត្ថិភាព»។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី២៥ ខែ​តុលា ឆ្នាំ​២០២១ រដ្ឋបាលខណ្ឌដង្កោ​​ដែល​ជាខណ្ឌ​ស្ថិត​ជិត​ខេត្ត​កណ្តាល បានអំពាវ​នាវឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​​​សណ្ត​​ស្ទឹង​ព្រែក​ត្នោត ​មាន​សង្កាត់​ដង្កោ សង្កាត់​ព្រៃស សង្កាត់​​ព្រៃ​វែង សង្កាត់​ក្រាំង​ពង្រ សង្កាត់​ស្ពាន​ថ្ម​ សង្កាត់​ទៀន សង្កាត់​សាក់​សំពៅ សង្កាត់​ជើងឯក សង្កាត់​ព្រែក​កំពឹស និងសង្កាត់​​គងនយ ត្រៀម​​សម្ភារ​ និង​តាម​ដាន​ស្ថាន​ភាព​ទឹក​ជំនន់​ជាប្រចាំ ជៀស​វាង​ការ​បាត់​បង់​​សម្ភារ និង​អាយុ​ជីវិត​ដែល​អាច​កើត​មាន​ដោយសារ​កម្ពស់​ទឹក​ស្ទឹង​ព្រែក​ត្នោត​​​កំពុង​​ហក់​ឡើង​ខ្ពស់​ជាបន្ត​បន្ទាប់​៕​