រស់នៅក្នុងបន្ទប់ជួលបួនជ្រុង និស្សិតឆ្នាំទី៥ អាយុ ២៣ ឆ្នាំ ជំនាញវិស្វកម្មសំណង់ស៊ីវិល នៃសាកលវិទ្យាល័យន័រតុន លោក ញ៉ែត ប៊ុនរុង បានប្រាប់ Newsroom Cambodia ថា សព្វថ្ងៃលោកមិនទាន់មានការងារធ្វើ ហើយក្នុងអំឡុងពេលដែលមានអតិផរណាត្រូវការឱ្យលោកចំណាយថវិកាច្រើនដែលជាបន្ទុករបស់គ្រួសារលោក។
លោកថា៖ «អតិផរណាកាន់តែឡើង ទំនិញកាន់តែថ្លៃយើងត្រូវការចំណាយលុយច្រើន ដល់ពេលចំណាយលុយច្រើនដែលជាបន្ទុកគ្រួសារទាំងដែរយើងអត់ទាន់មានការងារធ្វើ»។
លោកបន្តថា កាលពីកន្លងទៅលោកចំណាយត្រឹម២៥០០០រៀល ទៅ៣០០០០រៀល សម្រាប់ថ្លៃធ្វើដំណើរទៅស្រុកកំណើតប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នលោកត្រូវចំណាយថ្លៃធ្វើដំណើរទ្វេដងសម្រាប់។
រាជរដ្ឋាភិបាលកម្ពុជាបានព្យាករណ៍ថា ឆ្នាំ២០២២នេះ កម្រិតអតិផរណា ត្រូវបានប៉ាន់ស្មានថា អាចកើនឡើងក្នុងវង្វង់៥% ដោយសារការកើនឡើងខ្ពស់នៃថ្លៃប្រេងអន្តរជាតិ និងថ្លៃទំនិញផ្សេងៗ ដែលបង្កឡើងដោយសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ នេះបើយោងតាមសារាចរណែនាំ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោកប៊ុនរុងបានបន្តថាជាក់ស្តែងនៅពេលដែលយើងធ្វើដំណើរពីភ្នំពេញទៅស្រុកកំណើត ដោយរាល់ដងជិះឡានក្រុងអាចអស់២៥០០០រៀល ទៅ៣០០០០រៀល គឺយើងអាចដល់បាត់ដំបងហើយ។ ប៉ុន្តែឥឡូវគឺអត់ទេ អាចគុណជាពីរ អាចឡើងដល់៤០០០០ ទៅ៤៥០០០រៀល ហើយបើខែបុណ្យទានទៀត គឺកើនកាន់តែច្រើន។
យុវតីវ័យ១៩ឆ្នាំ កំពុងដើរផ្សារបឹងកេងកងដើម្បីទិញទំនិញ កញ្ញាភឹម សៀកលីលី ជានិស្សិតនីតិសាស្ត្រឆ្នាំទី១ នៃសាកលវិទ្យាល័យពុទ្ធិកព្រះសីហមុនី បានបង្ហាញអំពីផលលំបាកពីការកើនឡើងថ្លៃប្រេងឥន្ធនៈ និងទំនិញនៅលើទីផ្សារ។
កញ្ញាលើកឡើងថា៖ «ពេលដែលប្រេងសាំងឡើងថ្លៃគឺខ្ញុំខ្វះខាតវារៀងច្រើនដែរ ខ្ញុំត្រូវចំណាយលុយចាក់សាំង ហើយក៏កាត់បន្ថយការញុំា អ៊ីចឹងដែរបងដើម្បីចាក់សាំងមករៀន។ និយាយកើនឡើងខ្លាំងអត់នឹកស្មានដល់ទេបង។ ថ្លៃការញុំា របស់ប្រើប្រាស់ក៏វាថ្លៃតាមហ្នឹងដែរ។ និយាយទៅពេលឡើងថ្លៃចឹងក៏មិនដឹងធ្វើម៉េចដែរបង បើទំនិញអីឡើងថ្លៃទាំងអស់ ខ្ញុំក៏ត្រូវខ្វះខាតច្រើន»។
កញ្ញាបន្ថែមថា ដោយការចំណាយកើនឡើង កញ្ញាត្រូវបង្ខំចិត្តកាត់បន្ថយរបបអាហារប្រចាំថ្ងៃ ដែលជាហេតុនាំឱ្យកញ្ញាសភាពស្គមស្គាំង និងមានសុខភាពចុះទ្រុឌទ្រោម។
កញ្ញាថា៖ «និយាយទៅទ្រុឌទ្រោមម៉្មង់បង ខ្សោយ មកពីព្រៃវែង។ ខ្ញុំមិនទាន់មានការងារទេបង ជាបន្ទុករបស់ប៉ាម៉ាក់។ ស្ថានភាពគ្រួសារខ្ញុំរៀងខ្វះខាត ពីព្រោះខ្ញុំមានប្អូនៗពីរនាក់នៅរៀន ត្រូវចំណាយច្រើន។ ខ្ញុំសូមសំណូមពរថា ប្រេងសាំងឥឡូវរៀងចុះថោកតិចហើយបង តែចំពោះទំនិញពីព្រោះប្រជាពលរដ្ឋយើងឥឡូវខ្វះខាតច្រើន ហើយគាត់ត្រូវការចំណាយច្រើន អ៊ីចឹងទំនិញត្រូវបញ្ចុះថោក បញ្ចុះតម្លៃ»។
និយាយភ្ជាប់ជាមួយទឹកមុខស្រពោនយុវជន វ័យ១៩ឆ្នាំម្នាក់ឡើងពីខេត្តក្រចេះមករាជធានីថ្មីៗ ដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សានិស្សិតឆ្នាំទី១នៃសកលវិទ្យាល័យភូមិន្ទ លោក ហ៊ួរ ដាវីដ ប្រាប់Newsroom Cambodia ថា លោកខ្វះខាតថវិកាសម្រាប់ការចំណាយទៅលើរបបអាហារដោយ បច្ចុប្បន្នទំនិញ និងម្ហូបអាហារឡើងថ្លៃទ្វេដង ហើយនេះគឺបានប៉ះពាល់ដល់របបអាហារ ដោយកាត់បន្ថយការហូបចុកប្រចាំថ្ងៃ។
លោកថា៖«រឿងទីមួគឺយើងខ្វះខាតទៅលើថវិកាដែលត្រូវចំណាយ ទៅលើការទិញរបស់របបសម្រាប់ហូបចុក យ៉ាងតិចមិនក្រោម៧០០០រៀលក្នុង១ថ្ងៃ។ ការចំណាយនោះទៀតសោត របស់របបមិនថាទំនិញតូចក្តី ធំក្តីនោះគឺវាមានតម្លៃថ្លៃជានៅឯជនបទគុណជាពីរ ជាពិសេសទៅទៀតចំពោះរបបអាហារហ្នឹង។ ចំពោះការហូបចុករបស់ខ្ញុំ នៅក្នុងមួយពេល ជួនកាលក៏មានញ៉ាំពងទាចឹងទៅ មួយពេលពងទាមួយគ្រាប់ […] យើងទិញសម្លរគេ អស់៣០០០ចឹងទៅ ហើយ៣០០០ហ្នឹងតិចដែរ ជួនកាលត្រូវបង្ខំចិត្តញ៉ាំពីរពេល។ ខ្ញុំអត់សូវជាមានកម្លាំងណាស់ណាទេ វាហាក់បីដូចជាខ្សោះៗជីវជាតិ។»
អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សិរីវឌ្ឍន៍មើលឃើញថា បញ្ហាអតិផរណានៅកម្ពុជានេះ បណ្តាលមកពីកត្តាចំនួន២ ទីមួយគឺវិបត្តិថ្លៃប្រេងឥន្ធនៈដោយសារសង្គ្រាមនៅអ៊ុយក្រែន និងការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិក។
លោកថា ៖ «មូលហេតុដែលធ្វើឱ្យមានអតិផរណា យើងឃើញថាបណ្តាលពីវិបត្តប្រេងឥន្ធនៈនៅអ៊ុយក្រែន ដែលធ្វើឱ្យថ្លៃប្រេងឡើងថ្លៃ ហើយវាទាញឱ្យតម្លៃទំនិញផ្សេងៗទៀតឡើងថ្លៃ ព្រោះការដឹងជញ្ជូនទំនិញផ្សេងៗប្រើប្រាស់កម្លាំងប្រេងឥន្ធនៈទាំងអស់ ចឹងកត្តាទីមួយគឺរឿងនេះ»។
លោកបន្ថែមថា៖ «កត្តាទីពីរប្រទេសកម្ពុជា រដ្ឋាភិបាលបានអនុញ្ញាតឱ្យទិញប្រេងពីប្រទេសចិន ដូច្នេះហើយថ្លៃប្រេងយើងមិនមានការកើនឡើងទេក្នុងពេលនេះ ក៏ប៉ុន្តែអ្វីដែលធ្វើឱ្យឡើងថ្លៃ គឺដោយសារតែវិបត្តិប្រាក់ដុល្លាឡើងថ្លៃ ដោយសារតែសហរដ្ឋអាមេរិក គាត់ធ្វើគោលនយោបាយ តម្លៃការប្រាក់ ចំណុចនេះធ្វើឱ្យលុយរៀលចុះថ្លៃ ដែលធ្វើឱ្យប្រេងស៊ាំងឡើងថ្លៃដល់ ៤៤០០រៀល»។
Newsroom Cambodia បានព្យាយាមទាក់ទងទៅអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច លោក មាន សុខសេនសាន ប៉ុន្តែមិនអាចទាក់ទងបាន។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានប្រាប់មក Newsroom Cambodia ថា អតិផរណាក្នុងពេលបច្ចប្បន្នគឺក្នុងចន្លោះក្រោម ៥ភាគរយ ហើយវាមិនជាផ្តល់ការព្រួយបារម្ភនោះប្រសិនជាវាមិនអាចឡើងលើសពី៥ភាគរយ។ លោកបានបន្តថា ក្រសួងពាណិជ្ជកម្មបានតាមដានលើការឡើងថ្លៃទំនិញ ក៏ដូចជាត្រួតពិនិត្យលើតារាងតម្លៃប្រេងឥន្ធនៈរៀងរាល់១០ថ្ងៃម្តង។
លោកថា៖ «យើងបានពិនិត្យតាមដានថ្លៃទំនិញជារៀងរាល់ថ្ងៃ ហើយកម្រិតនៃការឡើងថ្លៃគឺយើងសង្កេតឃើញថាក្នុងចន្លោះមួយក្រោម៥ភាគរយ ហើយចំពោះអតិផរណាដែលធ្វើឱ្យយើងមានការព្រួយបារម្ភនោះគឺលុះត្រាតែលើសពី៥ភាគរយ ភាគច្រើនទៅលើមុខម្ហូបបរិភោគប្រចាំថ្ងៃ ដែលយើងប្រើប្រាស់សម្រាប់ការបរិភោគដូចជាអង្ករ ត្រី សាច់ នេះ។ នៅតាមទីផ្សារខ្លះក៏វាថ្លៃ ឯទីផ្សារខ្លះក៏វាមានកម្រិតល្មម»។
«ប៉ុន្តែការតាមដានទំនិញរបស់ក្រសួងពាណិជ្ជកម្ម យើងតាមដានថ្លៃទំនិញប្រសិនបើការឡើងថ្លៃចំពោះទំនិញចាំបាច់ក្នុងជីវភាព…គឺថាក្រសួងនឹងមានវិធានការណ៍ទប់ទល់តាមរយៈការធ្វើអន្តរាគមន៍មួយចំនួនដូចជាករណីប្រេងឥន្ធនៈអ៊ីចឹង ប្រសិនបើជាការប្រែប្រួលយ៉ាងណាៗយើងធ្វើអន្តរាគមន៍តាមហ្នឹង អ៊ីចឹងបានជាក្រសួងលោកចេញដែលហៅថា តារាងស្តីការលក់រាយប្រេងឥន្ធនៈរៀងរាល់១០ថ្ងៃម្តងជូនប្រជាពលរដ្ឋ នៃជាផ្នែកមួយនៃកិច្ចការរបស់ក្រសួងពាណិជ្ជកម្ម»។
លោកក៏បានបញ្ជាក់ថា រដ្ឋាភិបាលបានចូលរួមដោះស្រាយបញ្ហាអតិផរណា ជាពិសេសលើគ្រួសារដែលងាយនឹងរងគ្រោះផងដែរ។
លោកថា៖ «រដ្ឋាភិបាលក៏បានដោះស្រាយបញ្ហាមួយចំនួនទាក់ទងនឹងអតិផរណានេះដល់ក្រុមគ្រួសារដែលងាយនឹងរងគ្រោះ អ៊ីចឹងក្រសួងពាណិជ្ជកម្មសង្កេតឃើញថាតម្លៃសម្រាប់គ្រឿងឧបភោគបរិភោគចាំបាច់មួយចំនួនវាមិនឡើងលើសកម្រិត៥ភាគរយដែលធ្វើឱ្យព្រួយបារម្ភពេកទេ អ៊ីចឹងវាស្ថិតក្នុងកម្រិតមួយដែលយើងអាចគ្រប់គ្រងបានតាមរយៈវិធានការណ៍មួយចំនួន»។
ត្រឡប់ទៅលោក ញ៉ែត ប៊ុនរុង បានសំណូមពរទៅរដ្ឋាភិបាលឱ្យយកចិត្តទុកដាក់ទៅលើទន់បម្រុង ពីព្រោះលោកយល់ថាវាអាចដោះស្រាយបញ្ហាបានខ្លះ។
លោកថា៖ «សម្រាប់ខ្ញុំជាយុវជនមួយរូបសំណូមពរទៅរដ្ឋាភិបាលឱ្យយកចិត្តទុកដាក់ខាងទន់បម្រុង ព្រោះថាប្រសិនជាយើងមានទុនបម្រុងផ្នែកថាមពលច្រើនយើងអាចដោះស្រាយបញ្ហាបាន ពេលខ្លះការកាត់បន្ថយពន្ធដោយមិនប៉ះពាល់ដល់សេដ្ឋកិច្ចខ្លាំង»។