លោកវេជ្ជបណ្ឌិតគួច ម៉េងលី បានផ្តល់អនុសាសន៍ទៅក្រសួងអប់រំថា ការរឹតបណ្តឹងទៅលើតែការប្រឡងរបស់សិស្សនៅថ្នាក់បាក់ឌុប គឺមិនទាន់គ្រប់គ្រាន់នោះទេដើម្បីធ្វើកំណែទម្រង់វិស័យអប់រំនៅកម្ពុជា តែត្រូវបន្ថែមការធ្វើកំណែទម្រង់គ្រូបង្រៀនគ្រប់កម្រិត និងរឹតបណ្តឹងម៉ោងសិក្សារបស់សិស្ស។ នេះបើយោងតាមទំព័រហ្វេសបុកផ្លូវការរបស់លោកចុះផ្សាយកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២។
ក្នុងនោះលោកបានសង្កត់ធ្ងន់ថា ការបង្កើតឱ្យមានថ្នាក់បង្រៀនគួរក្រៅម៉ោងសិក្សា នេះជាឧបសគ្គចម្បងចំពោះសិស្សដែលមានជីវភាពក្រីក្រ គឺមិនអាចទទួលបានឱកាសសិក្សាដូចសិស្សដែលមានជីវភាពធូរធារឡើយ។
លោកបានសសេរតាមន័យដើមថា៖ «ខ្ញុំក៏សូមបកស្រាយឱ្យបានច្បាស់ផងដែរថា បើយើងពិតជាចង់ធ្វើកំណែទម្រង់ យើងមិនត្រូវធ្វើតែកំណែទម្រង់តែទៅលើការប្រឡងរបស់សិស្សនោះទេ ប៉ុន្តែយើងត្រូវធ្វើកំណែទម្រង់ទៅលើគ្រូគ្រប់កម្រិត ដូចជាត្រូវផ្តល់ការបណ្តុះបណ្តាលគ្រូឱ្យបានពិតប្រាកដ ហើយគាត់ត្រូវបង្រៀនឱ្យបានពិតប្រាកដ តឹងតែងនៅក្នុងម៉ោងសិក្សា ដោយមិនត្រូវយកពេលវេលាទៅបង្រៀនគួរខាងក្រៅឡើយ។ នេះជាឧបសគ្គដែលសិស្សក្រីក្រ មិនអាចទៅរៀនគួរបាន។»
លោកបានបន្ថែមថា៖ «សិស្សមួយចំនួនប្រហែល ៤០ភាគរយ ទៅ ៥០ភាគរយ គ្មានពេលរៀនគួរទេ ដោយសារពួកគេជាប់រវល់កិច្ចការស្រែចម្ការរបស់ឪពុកម្តាយ ហើយក៏គ្មានលុយសម្រាប់រៀនគួរដែរ។»
លោកចោទសួរថា៖ «បើសិស្សរៀនមួយព្រឹកហើយ ហេតុអ្វីចាំបាច់ចំណាយពេលមួយល្ងាចទៅរៀនគួរទៀត?»
លោកវេជ្ជបណ្ឌិតបានបន្ថែមថា ប្រសិនជាសិស្សមិនខិតខំសិក្សា មិនមែនធ្លាក់នៅឆ្នាំចុងក្រោយ បន្ទាប់ពីសិក្សាអស់ពេល១២ឆ្នាំនោះទេ។ តែដើម្បីឱ្យសិស្សចេះ នៅរៀងរាល់ឆ្នាំសិក្សាគឺត្រូវមានការប្រឡងតាមកម្រិតថ្នាក់នីមួយៗពីថ្នាក់ទី៧ដល់ទី១២។
លោកបានចោទសំនួរថា តើហេតុអ្វីទើបសិស្សមិនអាចជាប់ ១០០ភាគរាយបាន? បញ្ហានេះ តើដោយសារសមត្ថភាពសិស្ស ឬមកពីផែនការណ៍របស់ខ្លួន? លោកបន្ថែមថា ប្រសិនជាគ្រូបង្រៀនបានល្អ នោះសិស្សប្រាកដជាចេះ ហើយបើសិស្សចេះគួរឱ្យសិស្សជាប់ ព្រោះនេះគ្មានអ្វីដែលត្រូវខាតបង់ឡើយ។
លោកបានសសេរថា៖ «ដោយសារយើងទម្លាក់សិស្សយើងពី ៤០ភាគរយ ទៅ ៥០ភាគរយ ក្នុងមួយឆ្នាំ យុវជនមួយចំនួនក៏មើលឃើញថា បើទោះជាបីពួកគេបន្តរៀនទៅមុខទៀតគង់តែធ្លាក់ដដែល ពួកគេក៏សម្រេចចិត្តបោះបង់ការសិក្សាតាំងពីថ្នាក់ទី៩ ឬទី១០ ដើម្បីស្វែងរកការងារធ្វើ ព្រោះចំណេញពេលវេលា និងបានថវិកាដើម្បីផ្គត់ផ្គង់គ្រួសារ ឪពុកម្តាយ ទិញដីធ្លី ឬសម្រាប់រៀនបន្តទៀត។»
លោកបានរំលេចដែរថា យុវជនមួយចំនួនធ្វើចំណាកស្រុកចេញទៅបរទេស បន្ទាប់ពីពួកគេបោះបង់ការសិក្សា នេះធ្វើឱ្យកម្ពុជាខ្វះធនធានមនុស្សសម្រាប់បំពេញទីផ្សារពលកម្ម និងធនធានបញ្ញវ័នដើម្បីបន្តការសិក្សា។ បន្ថែមពីនេះទន្ទឹមនឹងកង្វះបញ្ញវន្ត តើការអភិវឌ្ឍន៍កម្ពុជានឹងដំណើរការយ៉ាងណា? ដែលការណ៍នេះនឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ផុយស្រួយ។
កញ្ញាណុប ស្រី ជាអតីតសិស្សថ្នាក់ទី១២នៃវិទ្យាល័យឈូក ដែលស្ថិតនៅឃុំសត្វពង ស្រុកឈូក ខេត្តកំពត បានប្រាប់ Newsroom Cambodia ថាបើប្រៀបធៀបរវាងការសិក្សាក្នុងប្រព័ន្ធនឹងការរៀនគួរវិញ គឺសិស្សទទួលបានការអប់រំ និងការយកចិត្តទុកដាក់មិនស្មើភាពគ្នាទេ។
កញ្ញាថា៖ «ការរៀននៅសាលារដ្ឋ គ្រូចង់មកក៏មក គ្រូអត់ចង់មកក៏បាន ថ្នាក់រៀនគួរវិញមកទៀង បើគាត់អត់មកបង្រៀនមិចបានលុយ? ព្រោះអីបង្រៀនតាមម៉ោងគាត់។ ហើយនៅរដ្ឋគាត់អត់សូវមកទេ ជួនកាលគាត់មក ជួនកាលគាត់អត់មក ហើយជូនកាលទៀតគាត់ឱ្យសិស្សត្រលប់ទៅផ្ទះវិញ។ ការពន្យល់របស់គាត់វិញ អាចនិយាយបានថា ក្បោះក្បាយដែរ តែគ្រាន់តែមិន Perfect ដូចយើងរៀនគួរ ហើយទោះគាត់ពន្យល់មែន តែគាត់ពន្យល់តែសិស្សដែលរៀនគួរ។ កែវភ្នែកគាត់ គាត់និយាយជាមួយតែសិស្សរៀនគួរ មានន័យថាការយកចិត្តទុកដាក់ខុសគ្នា។
កញ្ញាបន្តថា៖ «បើរៀនសាលារដ្ឋ ឈ្មោះជាសាលារដ្ឋមែន តែការអប់រំ មុខវិជ្ជា ការរៀនអីហ្នឹង អត់ដូចហ្នឹងការរៀនគួរទេ ព្រោះការរៀនគួរល្អជាង ចឹងប្រាកដជាត្រូវរៀនគួរ។»
កញ្ញាបន្ថែមទៀតថា បើនិយាយពីលទ្ធផលសិក្សាវិញ គឺសិស្សរៀនគួរទទូលបានលទ្ធផលខ្ពស់ជាង។
កញ្ញាថា៖ «ដឹងស្រាប់ហើយ អ្នករៀនគួរបានលទ្ធផលខ្ពស់ជាងអ្នកអត់រៀនគួរ។ សិស្សរៀនគួរល្អជាង ឧទាហរណ៍ដូចជាខ្ញុំជាដើម គ្រូឱ្យពិន្ទុយើងច្រើនពេលយើងរៀនគួរជាមួយគាត់ ឧទាហរណ៍ដូចជាគណិត ភាសាខ្មែរចឹង ការកែរបស់គ្រូក៏មានលក្ខណៈខុសគ្នាដែរ ទីមួយ ការកែមួយគាត់យកចិត្តទុកដាក់ ទីពីរសិស្សដែលអត់រៀនគួរ គាត់កែយកៗ តែបើសិស្សរៀនគួរគាត់អានគាត់ឱ្យពិន្ទុតាមលំដាប់លំដោយ។»
កញ្ញាសំណូមពរទៅក្រសួងអប់រំថា ក្រសួងគួរបិទផ្អាកកុំឱ្យមានការបើកថ្នាក់រៀនគួរ ព្រោះនេះបានបន្ថែមការចំណាយលើការសិក្សារបស់កញ្ញា ហើយកញ្ញាឱ្យគ្រូបង្រៀនគួរបែរមកយកចិត្តទុកដាក់ក្នុងថ្នាក់វិញ ដើម្បីឱ្យសិស្សទាំងទទួលបានចំណេះស្មើៗគ្នា។
កញ្ញាថា៖ «បើគិតមើលទៅខ្ញុំចំណាយហួស៦០ម៉ឺនទៀតក្នុងមួយខែ ទាំងរៀនគួរធម្មតា និងគួរពិសេស។»
កញ្ញាថា៖ «ចង់សំណូមពរឱ្យក្រសួងអប់រំ ឱ្យបិទការបង្រៀនគួរ ចឹងណា ដោយសារខ្ញុំចំណាយច្រើន ណាមួយយើងរៀនគួរហ្នឹង យើងត្រូវថែមម៉ោងទៀត ចឹងយើងខាតពេលវេលាទៅជួយម៉ាក់ប៉ា កិច្ចការងារផ្ទះ ពេលយើងចេញពីរៀនរដ្ឋហើយ យើងត្រូវរៀនគួរទៀត។ ហើយថ្ងៃសៅរ៍អាទិត្យថ្ងៃទំនេរទេ ប៉ុន្តែយើងត្រូវមករៀនទៀត ចឹងទៅត្រូវខាតពេលយើងច្រើន។ តែបើយើងផ្តោតតែរៀនរដ្ឋមួយមុខគត់ គ្រូគាត់យកចិត្តទុកដាក់ យើងបានចេះទាំងអស់គ្នាចឹងទៅណា។»
Newsroom Cambodia ពុំអាចស្វែងរកការឆ្លើយតបពីអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានទេ ដោយទូរស័ព្ទចូលប៉ុន្តែគ្មានអ្នកទទួល៕