កម្ពុជាបានអាក់ខានរៀបចំកម្មវិធីពិព័រណ៍សៀវភៅថ្នាក់ជាតិអស់រយៈពេល២ឆ្នាំ ចាប់តាំងពីមានការរីករាលដាលជំងឺឆ្លងកូវីដ១៩។ ឆ្នាំនេះកម្ពុជារៀបចំកម្មវិធីពិធីព័រណ៍សៀវភៅលើកទី៩ ក្រោមប្រធានបទ មួយថ្ងៃអាន មួយថ្ងៃដឹង កម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ ១១ ខែធ្នូ ឆ្នាំ២០២២ នៅបណ្ណាល័យជាតិ។
យុវជនចំនួន៥រូបបានផ្តល់បទសម្ភាសដល់ Newsroom Cambodia អំពីទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេជុំវិញសារៈប្រយោជន៍នៃការអាននៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
កញ្ញា ថុន ថាវរី ជាអ្នកនិពន្ធ និងសហស្ថានិកនៃសៀវភៅជីវិត យល់ឃើញថា ការអានផ្តល់អត្ថប្រយោជន៍ក្នុងការសម្រេចចិត្ត ព្រោះការអានវាផ្តល់ឱ្យយើងនូវចំណេះដឹងជាច្រើន។ កញ្ញាបានចាប់ផ្តើមអានសៀវភៅតាំងពីឆ្នាំ២០១៦ ដែលកាលនោះនៅកម្ពុជាការអានមិនទាន់មានភាពផុសផុលនៅឡើយ។ កញ្ញាបានបន្ថែម កត្តាដែលធ្វើឱ្យការអានមានការកើនឡើងខ្លាំងនៅឆ្នាំ២០១៨ គឺដោយសារតែយុវជនមានការយល់ដឹងពីសារៈសំខាន់ពីនៃការអាន និងគាត់អាចមានលិទ្ធភាពអាចទិញសៀវភៅ។
កញ្ញាថា៖ «សម្រាប់ខ្ញុំការអានគឺសំខាន់ ហើយបើងាកទៅប្រទេសគេដែលជឿនលឿនវិញ ប្រជាជនគេសុទ្ធតែអ្នកចូលចិត្តអាន កាន់តែអានកាន់តែមានចំណេះដឹងទូលំទូលាយក្នុងការសម្រេចចិត្ត មិនបាច់ធំដុំអ្វីទេ សូម្បីតែការសម្រេចចិត្តក្នុងការប្រកបជីវិតប្រចាំថ្ងៃហ្នឹង ក៏វាសំខាន់ដែរ។ សម្រាប់ខ្ញុំ ខ្ញុំចាប់ផ្តើមប្រលូកចាប់តាំងពីឆ្នាំ២០១៦មក ជំនាន់ហ្នឹងអត់ទាន់មានការអានហ្នឹង ផុលផុសទូលំទូលាយទេ ប៉ុន្តែចាប់តាំងពី២០១៦រហូតមកដល់ឥលូវហ្នឹងគឺមានការកើនឡើងច្រើន ចន្លោះពីឆ្នាំ២០១៨ ទៅ២០១៩ គឺទាំងអស់គ្នាបែរមក ចាប់ផ្តើមទិញសៀវភៅអានអ៊ីចឹងណា។ ខ្ញុំគិតថា គាត់ប្រហែលចាប់ផ្តើមគិតថា កាហ្វេ១កែវ តម្លៃ២ដុល្លារ ឬ៣ដុល្លារគាត់ហ៊ានចំណាយ ហេតុអ្វីក៏គាត់មិនហ៊ានចំណាយ៣ ឬ៤ដុល្លារទៅលើចំណេះដឹងអ៊ីចឹងណា»។
លោក សុខ សុវណ្ណ ជានិស្សិតឆ្នាំទីបូននៃសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តនយោបាយ យល់ឃើញថា ការអានមានសារៈសំខាន់ណាស់ ព្រោះបើយើងមិនអានសៀវភៅ ភាពអវិជ្ជារបស់យើងនឹងកើនឡើង ហើយវានឹងធ្វើឱ្យយើងរស់ទាំងគ្មានក្តីសុខ។ លើសពីនេះទៀត ក្រៅពីចំណេះដឹងដែលទទួលបានពីសាលា ការអានផ្តល់នូវចំណេះដឹងជាច្រើន ព្រោះ នៅក្នុងករណីខ្លះ សៀវភៅមួយអ្នកនិពន្ធត្រូវចំណាយពេលតាក់តែងរហូតដល់១០ឆ្នាំឯណោះ។ លោកមានជាយោបល់ថា ទោះបីជារវល់យ៉ាងណាក៏ដោយ ក្នុងមួយថ្ងៃយើងគួរចំណាយពេលអានចន្លោះពី១០ទៅ៣០នាទី។
ចំពោះលោក ប្រយោជន៍ដ៏ធំចំនួនពីរដែលយើងទទួលបានពីការអានមានដូចជា ការអានធ្វើឱ្យខួរក្បាលរបស់យើងមានការវិវឌ្ឃនល្អ និងកាត់បន្ថយភាពតានតឹង។ និងជាចុងក្រោយ ការអានធ្វើឱ្យយើងមានសុជីវធម៌ល្អ។
លោកថា៖ «ការអានសៀវភៅគឺពិតជាសំខាន់មែនទែន និយាយរួមទៅសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់យើង។ បើសិនជាយើងដកឃ្លាចេញពីអំណាន គឺយើងយកជីវិតខ្លួនឯងទៅផ្សាភ្ជាប់ជាមួយនឹងភាពល្ងង់ខ្លៅ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយធ្វើឱ្យជីវិតយើងរស់នៅអត់មានសេចក្តីសុខ។ នៅពេលដែលយើងបានអានសៀវភៅ យើងបានដឹងពីអ្វីៗដែលថ្មីច្រើនណាស់ សូម្បីតែពេលខ្លះនៅក្នុងសាលា គ្រូគាត់អត់បានបង្រៀនយើងទេ តែសៀវភៅមួយក្បាលកើតចេញពី ស្នាដៃមួយដែលគេបង្កើតឡើងមក ជួនកាលសៀវភៅខ្លះនិពន្ធរហូត១០ឆ្នាំឯណោះ។ ជាយោបល់របស់ខ្ញុំក្នុងមួយថ្ងៃ ១០នាទីក៏បាន ១៥នាទីក៏បាន ៣០នាទីក៏បានឱ្យតែយើងមានពេលអាចឆ្លៀតអានបាន»។
លោកបន្តថា៖ «ប្រយោជន៍ដែលធំជាងគេ គឺចំណេះដឹង នៅពេលណាយើងមានចំណេះដឹង យើងមានសីលធម៌ នៅពេលដែលយើងមានសីលធម៌ យើងនឹងមានសុជីវធម៌ នៅពេលណាយើងមានសុជីវធម៌យើងចាប់ផ្តើមមានគុណធម៌។ ទី១ ការអានសៀវភៅផ្តល់ផលប្រយោជន៍ឱ្យយើងមានខួរក្បាលល្អរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ទី២ការអានសៀវភៅជួយឱ្យផ្លូវចិត្តយើងកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ វាអាចជួយយើងពីជំងឺបាក់ទឹកចិត្ត ស្ត្រេស តប់ប្រម៉ល់ ចឹងគាត់អាចអានសៀវភៅបានដើម្បីរំសាយអារម្មណ៍ទាំងអស់ហ្នឹងបាន»។
លោក លឹម សូនិច ជានិស្សិតឆ្នាំទី២ សិក្សាផ្នែកសំណង់ស៊ីវិល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ការអានធ្វើឱ្យយើងមានការគិតបែបស៊ី ( Critical Thinking ) ដោយសារតែសៀវភៅដែលយើងអានវាផ្តល់គំនិតជាច្រើនដល់យើង។ លោកបន្ថែមទៀតថា ជាជាងចំណាយពេលធ្វើកិច្ចការគ្មានប្រយោជន៍ ការអានជាប្រចាំនឹងធ្វើឱ្យខួរក្បាលយើងមានការលូតលាស់ល្អ។
លោក លឹម សូនិច បានបន្តទៀតថា ការអានក៏ជាផ្នែកមួយនៃការកំសាន្តដែរ ជាឱទាហរណ៍ សម្រាប់លោកពេលលោកទំនេរ លោកចំណាយពេលអានសៀវភៅប្រលោមលោកគំនូរជីវចលជប៉ុន (Manga) ដើម្បីកាត់បន្ថយភាពតានតឹង។
លោក ថា ៖ «ខ្ញុំយល់ថា ការអានសំខាន់ព្រោះថាការអានផ្នែកមួយនៃការបណ្តុះគំនិតឱ្យយុវជនយើងមានការគិតវែងឆ្ងាយជាងមុន ចេះគិតជាងមុន។ កាលណាយើងអានបានច្រើន គំនិតយើងមានកាន់តែច្រើន ហើយឱ្យយើងចេះគិតគូរបានវែងឆ្ងាយ តាមប្រភេទសៀវភៅដែលយើងបានអាន។ ប៉ុន្តែការអានវាល្អជាជាង ការដែលយើងយកពេលទៅធ្វើអ្វីដែលអត់សូវមានប្រយោជន៍ យើងទំនេរ យើងអាចព្យាយាមអភិវឌ្ឍន៍សមត្ថភាពខ្លួនឯងឱ្យទម្លាប់អានចឹងទៅ ក៏វាជួយស្មារតី ជួយខួរក្បាល»។
លោកបន្តថា៖ «នៅពេលដែលខ្ញុំស្ត្រេស ខ្ញុំចូលចិត្តអាន Manga (សៀវភៅប្រលោមលោកគំនូរជីវចលជប៉ុន) នៅពេលអានទៅខ្ញុំបាត់ស្ត្រេស និងជួយឱ្យខ្ញុំមានគំនិត ហើយណាមួយពេលខ្លះវាមានការអប់រំនៅក្នុងហ្នឹងដែរ ចឹងធ្វើឱ្យខ្ញុំដឹងពីការគិតវែងឆ្ងាយជាងមុន ដឹងថាធ្វើអ្វីមួយអាចជោគជ័យជាងមុន»។
កញ្ញា វិច្ឆិកា និស្សិតបញ្ចប់ថ្នាក់បរិញ្ញប័ត្រផ្នែក វិស្វករ មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា យល់ថា ការអានធ្វើឱ្យយើងសម្រេចចិត្តជ្រើសរើសមេដឹកនាំបានល្អជាងមុន តាមរយៈការទទួលបានគំនិតល្អៗពីសៀវភៅ។ ក្រៅពីនេះ ការអានច្រើនធ្វើឱ្យយើងអាចដោះស្រាយបញ្ហាបានល្អជាងមុន។
កញ្ញាថា៖ «ការអានសំខាន់ព្រោះការអានហ្នឹងធ្វើឱ្យយើងក្លាយទៅជាមនុស្សដែលទទួលបានចំណេះដឹងជាច្រើនអំពីការអាន ហើយការអានហ្នឹងទៀតសោត ជួយឱ្យយើងបាននូវគំនិតល្អៗពីសំណាក់អ្នកនិពន្ធ ក៏ដូចជាគំនិតល្អៗដែលមាននៅក្នុងសៀវភៅ។ ហើយមួយវិញទៀតការអានក៏ជួយឱ្យយុវជនដឹងថា តើមេដឹកនាំបែបណាគួរតែដើរតាម?»។
កញ្ញាបន្តថា៖ «ខ្ញុំគិតថាការអានវាសំខាន់សម្រាប់យើង ការអានវានាំមកនូវបញ្ញា ឬមួយក៏យើងហៅថាពុទ្ធិដែលវាពិតជាមានសារៈសំខាន់ណាស់សម្រាប់ជីវិតប្រចាំថ្ងៃ ព្រោះមែនទែនទៅកាលណាតែចំណេះដឹងយើងវាមានច្រើន បញ្ហាដែលកើតមានក្នុងជីវិតយើងកើនតែតិចជាងមុន។ ការអានវាផ្តល់ជាគំនិតល្អៗសម្រាប់យើងជាពិសេស ជួយឱ្យយើងទទួលបានចំណេះដឹងថ្មីៗជាច្រើន។ ការអានជួយយើងបានច្រើនពិសេស ប្អូនៗដែលកំពុងរៀននៅសាកលវិទ្យាល័យ និងថ្នាក់វិទ្យាល័យ»។
លោក សៀង ពិសាល អនុប្រធានការិយាល័យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យល់ឃើញថាការអានមិនត្រឹមតែជួយឱ្យបុគ្គលមានភាពជោគជ័យនៅថ្ថៃអនាគតនោះទេ វាចូលរួមចំណែកក្នុងការអភិវឌ្ឍនប្រទេសជាក់ផងដែរ។
លោកថា៖ «អំណាន និងការអានគឺមានសារៈសំខាន់សម្រាប់យុវជនទាំងអស់ អ៊ីចឹងបើសិនជាយុវជនទាំងអស់គាត់អត់មានការអាន គាត់ក៏អត់មានអំណាន សង្គមជាតិមួយគឺវានឹងអត់រីកចម្រើនទេ។ កាន់តែសំខាន់ទៀតនោះ ការអានធ្វើឱ្យមនុស្សមានចំណេះដឹងទូលំទូលាយធ្វើឱ្យអនាគតបរវររុងរឿង»។ល
លោកបន្តថា៖ «នៅពេលគាត់អានកាន់តែច្រើន គាត់នឹងយល់អំពីទិដ្ឋភាពធំៗច្រើន ចឹងជីវភាពប្រចាំថ្ងៃរបស់គាត់គឺគាត់មានដំណោះស្រាយច្រើន សម្រាប់អ្នកដែលមិនបានអាន អាហ្នឹងគាត់អត់សូវមានដំណោះស្រាយទេ គេហៅថាគំនិតខ្លី។ អ្នកដែលបានអាន គឺគំនិតគាត់គិតវែងឆ្ងាយ គិតបានជ្រៅជាងអ្នកមិនបានអាន»៕