ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ចន្ទនេះ ​អំពាវ​នាវ​​ឱ្យ​​ប្រជាពលរដ្ឋ​​​បន្ថែម​ការ​ប្រុង​ប្រយ័ត្ន​​ពី​​​ជំងឺ​កូវីដ​​១៩​ និង​ការពារ​សុខភាព ​អំឡុង​ពេល​ធាតុ​អាកាស​ចុះ​ត្រជាក់​ខ្លាំង​ និង​​​ខណៈ​ដែល​​ស្ថាន​ភាពជំងឺ​​កូវីដ​១៩​​កំពុង​​ងើប​​ឡើង​វិញ​​លើ​សកល​លោក​។

​នៅ​ថ្ងៃ​ទី​១៩​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ ក្រសួង​សុខា​ភិបាល​ចេញ​សេចក្តី​ជូន​ព័ត៌មាន​មួយ​លើ​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ ដោយ​ក្រើន​រំឮក​ទៅ​កាន់​ប្រជាជន​ទូទាំង​ប្រទេស​ ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​លើ​សុខ​ភាព​ចំពោះ​ជំងឺ​​កូវីដ​១៩​ អំឡុង​ពេល​អាកាស​ធាតុ​ចុះ​ត្រជាក់​នៅ​តាម​បណ្តា​ខេត្ត​ ហើយ​ទន្ទឹម​គ្នា​នឹង​ស្ថានភាព​ជំងឺ​កូវីដ​១៩​លើ​សកល​លោក​កំពុង​តែ​ងើប​ឡើង​វិញ​។​

​សេចក្តី​ជូន​ព័ត៌មាន​​នោះ​បញ្ជាក់​យ៉ាង​​ដូច្នេះ​ថា៖​ «ព្រះរាជាណាចក្រ​កម្ពុជា​យើង​បាន​ឈាន​ចូល​ជា​បណ្តើរៗ​ ដល់​ពេល​វេលា​ដែល​អាកាស​ធាតុ​ត្រជាក់​នៃ​រដូវ​រងារ​បាន​នឹង​កំពុង​មក​ដល់​ ដូច្នេះ​ដើម្បី​ការពារ​សុខភាព​ផ្ទាល់​ខ្លួន​ និង​ក្រុម​គ្រួសារ​ឱ្យ​បាន​ល្អ​ និង​ចៀស​ផុត​ពី​ជំងឺ​ដង្កាត់​ដែល​អាច​កើត​មាន​ជាយ​ថា​ហេតុ​បណ្តាល​មក​ពី​អាកាស​ធាតុ​ចុះ​ត្រជាក់​នេះ​»។

ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា​ចាប់​ផ្តើម​ចុះ​ត្រជាក់​ពី​ថ្ងៃ​ទី​១៤​ ដល់​ ២០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ ខណៈ​ពេល​ដែល​កម្ពុជា​រក​ឃើញ​ចំនួន​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ​១៩​ កើន​ដល់​ ៣២​ករណី​សម្រាប់​ថ្ងៃ​ទី​១៨​ ខែ​ធ្នូ​ ឆ្នាំ​២០២២​នេះ​។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​ និង​ក្រសួង​ធនធាន​ទឹក​ និង​ឧតុ​និយម​។

ក្រសួង​ធនធាន​ទឹក​​ និង​​ឧតុ​និយម​​ព្យាករណ៍​ថា កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​ប្រទេស​ចិន​ និង​ខ្យល់​មូសុង​ឦសាន្ត​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង​ បែប​នេះ​ធ្វើ​ឱ្យ​នៅ​តាម​បណ្តា​ខេត្ត​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​នឹង​មាន​ស្ថាន​ភាព​ធាតុ​អាកាស​ចុះ​ត្រជាក់​។ ​ស្ថាន​ភាព​ធាតុអាកាស​​ចុះ​ត្រជាក់​ចាប់​ពី​ថ្ងៃទី​១៤​នេះ​រហូត​ដល់​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០២២​។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ចុះ​ នាថ្ងៃទី​១៣​ ខែ​ធ្នូ ​ឆ្នាំ​២០២២​។

ក្រសួង​ព្យាករណ៍ទៀត​ថា​​ នៅ​តំបន់​ទំនាប​កណ្តាល​មាន​ខេត្ត​បន្ទាយមានជ័យ​ ប៉ៃលិន​ សៀមរាប​ និង​បាត់ដំបង​នឹង​ចុះ​ត្រជាក់​រង្វង់​ពី​ ១៦​ ទៅ​ ១៩​អង្សារ​ រី​ឯ​តំបន់​ខ្ពង់​រាប​មាន​ខេត្ត​មណ្ឌលគិរី​ រតនគិរី​ ព្រះវិហារ​ និង​ឧត្តរមានជ័យ​នឹង​ស្ថិត​ក្នុង​រង្វង់​ពី ​១៦​​ ទៅ ​១៨​អង្សារ​ និង​តំបន់​មាត់​សមុទ្រ​នឹង​ចុះ​ត្រជាក់​ក្នុង​រង្វង់​ពី ​១៨​ ទៅ​ ២០​អង្សារ​ លើ​ផ្ទៃ​សមុទ្រ​ អាច​មាន​រលក​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​។

គួរ​រំឭក​ដែរ​ថា​ គិត​ត្រឹម​ថ្ងៃទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ២០២២​នេះ​ កម្ពុជា​មាន​ករណី​កូវីដ​ឆ្លង​សរុប​ ១៣៨,៤១៩​ករណី​ ជា​សះ​ស្បើយ​សរុប​ចំនួន​ ១៣២,២២៤​ករណី​ និង​ស្លាប់​សរុប​ចំនួន​ ៣,០៥៦​ករណី​ រីឯ​អាត្រា​នៃ​លទ្ធផល​ចាក់​វ៉ាក់សាំង​​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​ ១៦​លាននាក់​ ស្មើ​នឹង​ ៩៥.២២​ភាគរយ​ នេះ​បើ​យោង​តាម​ព័ត៌មាន​ផ្លូវការ​របស់​ក្រសួង​សុខាភិបាល​៕​