អ្នកប្រដាល់មួយចំនួនអំពាវនាវឱ្យក្រុមយុវជនចូលហ្វឹកហាត់កីឡា ជាពិសេសប្រដាល់គុនខ្មែរ ដើ​​ម្បី​​ជួ​យ​​លើកតម្កើងក្បាច់គុនបុរាណខ្មែរឱ្យទទួលបានការគាំទ្រ និងរីកសុសសាយនៅទូទាំងសក​​ល​​លោក ដែលប្រការនេះនឹងជួយកាត់បន្ថយពីផល​​ប៉ះ​​​ពាល់​​ទៅដល់សណ្ដាប់ធ្នាប់សង្គម និង​បង្កភាពចលាចលផ្សេងៗនៅតាមសហគមន៍នានាដែរ។

ការអំពាវនាវនេះធ្វើឡើងក្រោយពួកគេសង្កេតឃើញថាមានក្រុមយុវ​ជនមួយចំនួនតែងតែបង្កភា​​ព​ចលា​​ច​​ល​​​ក្នុងសង្គម តាមរយៈការអួតអាង ប្រកាន់បក្ខពួក ប្រព្រឹ​​ត្ត​​អំពើអបាយមុខផ្សេងៗដែ​ល​​មិន​​បានផ្ដល់ផលប្រយោជន៍ដល់ខ្លួននិងសង្គមនោះទេ ផ្ទុយទៅវិញបែ​​រជាធ្វើឱ្យអាប់ឱនកិត្តិយសខ្លួនឯង គ្រួសារ និងសង្គមខ្មែរថែមទៀត។ ជាងនេះទៀត កីឡាករ​-កីឡាការិនីប្រដាល់គុនខ្មែរមួយចំនួនបានអំពាវនាវឱ្យយុវជនងាកមកចូលហ្វឹកហាត់ប្រដា​​ល់​គុនខ្មែរ ជំនួសឱ្យការបង្កបញ្ហានៅក្នុងសង្គម ដូចជា ការបង្កើតបងភឿនវាយតប់ កាប់ចាក់គ្នានៅខាងក្រៅ និងសេពគ្រឿងញៀន ជាដើម។

កីឡាករប្រដាល់គុនខ្មែរ ឈឿង ល្វៃ បានអំពាវនាវឱ្យយុវជនដែលចំណាយពេលដើរលេង ឬជ្រុ​ល​​ខ្លួន​ប្រើប្រាស់គ្រឿងញៀន ចូលហ្វឹកហាត់គុនខ្មែរ ដោយរូបគេបានអះអាងថា ការដើរលេងបង្កប​​ញ្ហាក្នុងសង្គម មិនបានផ្តល់ផលល្អនោះទេ ផ្ទុយទៅវិញវាជាទង្វើដែលសង្គមស្អប់ខ្ពើម។ កីឡាករនៃ​​ក្លិបនាគរាជចតុមុខរូបនេះ បញ្ជាក់ថា បើចូលហ្វឹកហាត់ប្រដាល់អាចរកបានទាំងថវិកា និងកិត្តិ​​យស ខណៈការវាយតប់គ្នានៅខាងក្រៅមានតែការខាតបង់តែប៉ុណ្ណោះ។​

លោកបន្តថា៖ «ខ្ញុំសំណូមពរឱ្យក្មេងៗស្ទាវដែលដើរលេងច្រើន ជក់ថ្នាំ ជក់អីហ្នឹង សូមបង្វែរម​​កហា​ត់​​ប្រ​​​ដាល់ ព្រោះថាប្រដាល់ឥឡូវកំពុងតែបោះជំហានទៅមុខកាន់តែខ្លាំងហើយ។ អ៊ីចឹងសូម​​បងប្អូន​​ម​​ក​​​ហាត់ប្រដាល់ កុំដើរលេងឥតប្រយោជន៍ច្រើន ព្រោះថាដើរលេងច្រើនមានតែគេស្អប់ទេ។ អ៊ីចឹង​​កី​​​ឡាយើង វាយបានលុយ តែបើវាយខាងក្រៅ គឺដឹងតែអស់លុយហើយ»។

ការអំពាវនាវបែបនេះ ដោយសារតែកីឡាករប្រដាល់គុនខ្មែររូបនេះក៏ធ្លាប់ជាយុវជ​​នម្នាក់ដែរ​​ចូល​​ចិត្ត​​​​​ដើរលេង មានបនភឿន មិនសូវចូលផ្ទះ ប៉ុន្តែរូបគេអះអាងថា ទង្វើទាំ​ងនោះមិនបានផ្តល់​​​ផលប្រ​យោ​​​​​​ជន៍​​សម្រាប់រូបគេនោះទេ ប៉ុន្តែបានត្រឹមតែធ្វើឱ្យមនុស្សជុំវិញស្អប់ សូម្បីតែក្រុមគ្រួសារ។ ក្រោ​​យ​​​​​ម​​ក រូបគេក៏បានដកខ្លួនចេញពីសង្គមទាំងនោះ រួចចូលហ្វឹកហាត់ប្រដាល់គុនខ្មែរ​ ទើបធ្វើឱ្យជី​​​វិត​របស់គេចាប់ផ្តើមល្អប្រសើរឡើងវិញ ទាំងជីវភាព និងមានមហាជ​នគាំទ្រទូទាំងប្រទេស។

លោកបន្តថា៖ «[ពីមុន] សម្រាប់ខ្ញុំ ដើរលេងមិនសូវចូលផ្ទះ មិនដើរលេងបង្ករឿងបង្កអីទេ តែ​​ដូច​​ថា​​មិ​នសូវបានចូលផ្ទះ ចូលសម្បែង អាងគា្នអាងអីអ៊ីចឹងទៅ ចេះតែដើរលេងឥតប្រយោជន៍»

ស្រដៀងគ្នានេះដែរ អ្នកប្រដាល់គុនខ្មែរម្នាក់ទៀត គឺកីឡាករ លន បញ្ញា មើលឃើញថា បច្ចុ​​ប្បន្ន​​យុវជន​​មួយចំនួនបានភ្លើតភ្លើនដើរលេងវាយតប់គ្នានៅខាងក្រៅ ខណៈកីឡាកររូបនេះចាត់ទុកថាកា​​រ​ណ៍​​នេះគឺមិនមានផលចំណេញ ឬប្រយោជន៍អ្វីទាល់តែសោះ ពោលគឺមានតែធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ បាត់​​បង់តម្លៃ និងធ្វើឱ្យខាតបង់ថវិកា រួមនឹងប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតផងដែរ។

លោកបន្តថា៖ «យើងដើរលេង យើងវាយគ្នាតាមធុងបាសអីហ្នឹង វាអត់មានប្រយោជន៍ទេ! វាខាតបង់ទាំងគ្រួសារ ខាតបង់ទាំងខ្លួនឯង! ខូចកេរ្តិ៍ឈ្មោះគ្រួសារ ប្រទេសជាតិយើងក៏អត់រីកចម្រើន។

ប្រភពដដែលបន្តថា ដើម្បីឱ្យសង្គមគោរពស្រឡាញ់ និងមានការគាំទ្រពីសាច់ញាតិ ឱ្យយុវជនគួរ​​ចូ​​ល​​ហ្វឹកហាត់ប្រដាល់ជំនួសការដើរលេងកាប់ចាក់គ្នា ព្រោះ​ការចូលប្រឡូកក្នុងវិស័យនេះបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដូចជា ទទួលបានទាំ​​ង​​ថ​​វិកា កេរ្តិ៍ឈ្មោះខ្លួនឯង គ្រួសារ និងមុខមាត់សង្គមដែរ។

លោកបន្តថា«ប្រសិនបើយើងចូលមកហាត់ប្រដាល់ យើងបានអភិរក្សក្បាច់គុនដូនតាយើង ហើ​​យ​​អភិវឌ្ឍក្បាច់គុនដូនតាយើងឱ្យល្បីសុសសាយទៅកាន់ពិភពលោក ហើយយើងបានតម្លៃខ្លួន បា​​ន​​​លុយទៀត»។

មិនខុសគ្នាទេ ចំណែកកីឡាការិនីប្រដាល់ម្នាក់ទៀត គឺយុវតី ទូច ចាន់វត្តី បាន​​រៀ​​​ប​​រាប់ថា បច្ចុប្ប​​ន្ន​​អ្ន​​ក​​​ប្រដាល់ជាស្រ្តីមានតិចតួចនៅឡើយ ដូច្នេះរូបគេ​ចង់ឃើញយុវតី​​កម្ពុជា​​ចូល​​ហ្វឹក​​ហាត់ប្រដាល់​​គុន​​ខ្មែរ ដើម្បីចូលរួមលើកស្ទួយក្បាច់គុនដូនតាមួយនេះ ​ហើយក៏​​មាន​​អត្ថប្រ​​យោ​​ជន៍ក្នុងការ​​កា​​រពា​​រ​​ខ្លួន ចៀសវាងការដើរលេងប្រកាន់បក្ខពួក​ ឬបង្ហបញ្ហាផ្សេងៗដែលធ្វើ​​ឱ្យបាត់​​ប​​ង់​​​​តម្លៃជា​​ស្រ្តី​ខ្មែរ​​​ដែរ។

កញ្ញាបន្តថា៖ «ខ្ញុំចង់សំណូមពរដល់បងប្អូននារីៗដែលស្រឡាញ់ខាងប្រដាល់នេះ គឺចង់ឱ្យចូលហា​ត់ឱ្យបានច្រើន ដើម្បីលើកស្ទួយប្រដាល់យើង ហើយជួយផ្សព្វផ្សាយគុនខ្មែរ ដើម្បីឱ្យបរទេសបានស្គាល់​​ដែរ។ ហើយមួយទៀតក៏ហាត់ដើម្បីការពារខ្លួនដែរ»។

ជុំវិញករណីនេះ អគ្គលេខាធិការសហព័ន្ធប្រដាល់គុនខ្មែរ និងជាប្រធានសហព័ន្ធ​​ឃីកប៊ុកស៊ីង​​កម្ពុ​​ជា លោក ហេង សុឃន​ សាទរចំពោះការអំពាវនាវរបស់កីឡាករ-កីឡាការិនី ដោ​​យ​​លោ​​​​​​កអះ​​អាងថា ស​​ហ​​ព័ន្ធប្រដាល់គុនខ្មែរ ស្វាគមន៍ និងគាំទ្រជានិច្ចចំពោះការ​​ចូលរួមរបស់យុវជ​​ន​​ក្នុងវិស័យប្រ​​ដា​​ល់​។ ជាងនេះទៀត លោកថា ការចូលរួមនេះនឹងជំរុញឱ្យ​​វិស័យប្រដាល់កម្ពុជាកាន់តែ​​រីក​​ចម្រើ​ន​​។

បើតាមលោក ហេង សុឃន សហព័ន្ធ​​លើកទឹកចិត្តចំពោះយុវជនដែ​​លប្រព្រឹត្តអំពើអបាយមុខ​​ផ្សេ​ង​​​ៗឱ្យ​​ចូលមកវិស័យកីឡា ដើម្បីសុខភាព​ កិត្តិយស មុខមាត់ជាតិ និងទទួលបាន​​ថវិកាផង​​ដែរ​​។

លោកបន្តថា៖ «សហព័ន្ធគាំទ្រជានិច្ចក្នុងការឱ្យយុវជនយើងចូលលេងកីឡាទាំងអស់គ្នា […] សហព័ន្ធ​​បើកទូលាយ ព្រោះមានក្លិបដល់ទៅ១០០ជាងឯណោះ ចូលទៅក្លិបណាក៏បានដែរ។ សហព័ន្ធ​​នឹង​​​​គាំទ្រ និងកិច្ចសហការឱ្យយុវជនចូលទៅតាមបណ្តាក្លិបទាំងអស់ ដើម្បីឱ្យយុវជនងាក​​ចេញពី​​កា​​រដើរផ្លូវខុស មកលេងកីឡាទាំងអស់គ្នា»។

រដ្ឋាភិបាល​​តែងតែអំពាវនាវឱ្យពលរដ្ឋកម្ពុជា​​ចូលរួមលេងកីឡាឱ្យបាន​​គ្រប់​​ៗ​​គ្នា តាមរយៈ​​ការ​​ដា​​ក់​​​​ចេ​ញនូវពាក្យស្លោក «ប្រជាជនម្នាក់លេងកីឡាមួយមុខ» ដើម្បី​​បញ្ជ្រា​​​​បឱ្យ​​ប្រជាពលរដ្ឋ​​​​​​​​​ចូ​​ល​រួម​​លេ​​ង​កី​ឡា ដើម្បីសុខភាព មិត្តភាព និងជាការត្រៀម​​ធ្វើជា​​ម្ចាស់ផ្ទះនៃ​​ព្រឹត្តិ​​ការណ៍​ស៊ី​​ហ្គេ​​ម​​​​ លើ​​​ក​ទី៣២ នា​​​​ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះដែរ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ(CDC) បានបង្ហាញថា ការលេងកីឡាជារឿងមួយ​​ដ៏សំ​​ខា​​ន់​​បំ​​ផុ​​ត​​សម្រាប់សុខភាព។ បន្ថែមពីលើនេះទៀត ការលេងកីឡាអាចធ្វើឱ្យខួរក្បាលមានសុខភាពប្រសើរឡើង ជួយរក្សាទម្ងន់ កាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរមួយចំនួន ជួយពង្រឹងឆ្អឹង និងសាច់ដុំ រួម​​ទាំ​ងបង្កើនសមត្ថភាពការងារប្រចាំថ្ងៃថែមទៀត៕