សមាជិកគណបក្សភ្លើងទៀនមួយរូប នៅរាជធានីភ្នំពេញ ត្រូវបានជនមិនស្គាល់មុខ ២នាក់ ប្រើអំពើហិង្សាវាយដោយដំបងដែកបង្កឱ្យមានស្នាមរបួសត្រង់ដៃខាងឆ្វេង។
លោក ឃុន ស៊ីថា អាយុ៤៧ឆ្នាំ មានតួនាទីជាសន្តិសុខយាម នៅទីស្នាក់ការគណបក្សភ្លើងទៀននៅរាជធានីភ្នំពេញ និយាយថា កាលពីថ្ងៃទី១៣ ខែឧសភា នៅតាមដងផ្លូវទៅផ្ទះរបស់លោកត្រង់ចំណុចស្តុបលូប្រាំ លើផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានជនដៃដល់ចំនួន២នាក់ ជិះម៉ូតូម៉ាកឌ្រីម (Dream) ពាក់មួកការពារ ពាក់ម៉ាស់ខ្មៅ និងអាវយឺតខ្មៅទាំងពីរ បានជិះតាមពីក្រោយលោក រួចបានវាយលោកដោយដែករលាស់ត្រង់ក្បាលតែចំមួកការពារមួយលើក និងវាយត្រូវដៃខាងឆ្វេងចំនួន៣ដង ដែលបង្កឱ្យដៃខាងឆ្វេងរបស់លោកមានការចុកចាប់ហើម ហើយលោកក៏នៅមិនទាន់អាចជិះម៉ូតូទៅដាក់ពាក្យបណ្ដឹងដោយខ្លួនឯងបានផងដែរ។
លោក ស៊ីថា បានចាត់ទុកថា ករណីអំពើហិង្សានេះ មានជាប់ទាក់ទិនខាងនយោបាយ ដោយសំអាងថា លោកមិនធ្លាប់មានគំនុំគុំកួនជាមួយនរណាម្នាក់នោះទេ។
លោក ស៊ីថា និយាយថា៖ «វានៅចុកចាប់ខ្លាំងដែរយប់មិញដេកអត់លក់សោះវានៅចាប់ខ្ទោកៗ នៅកន្លែងគល់សាច់ដុំហ្នឹងមួយ នៅកន្លែងកដៃយើងហ្នឹង២ដំបងនៅហ្នឹង ហើមស្ពីង»។
ជុំវិញការប្រើប្រាស់អំពើហិង្សានេះ លោក ឯម ភារី មេប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ៣ មានប្រសាសន៍ថា លោកមិនទាន់ទទួលបានព័ត៌មានពីករណីនេះនៅឡើយទេ។ លោកបន្តថា សមត្ថកិច្ចនឹងស្រាវជ្រាវរកជនល្មើសមកផ្ដន្ទាទោស ប្រសិនបើជនរងគ្រោះមកដាក់ពាក្យបណ្ដឹង។
លោក ភារី និយាយថា៖ «បើគាត់អត់ដាក់ពាក្យបណ្ដឹងយើងអត់ដឹងមូលហេតុអីផង បើគាត់ដាក់ពាក្យបណ្ដឹងទៅយើងនេះហើយ។ ករណីហិង្សា ករណីបង្ករបួសស្នាម ជនរងគ្រោះគាត់មានសិទ្ធិប្ដឹង យើងស្រាវជ្រាវតាមនីតិវិធី ពាក់ព័ន្ធនយោបាយអីគឺអត់ដឹងទេ»។
ចំណែក អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា បានលើកឡើងថា ជនដៃដល់ ដែលវាយដំលើសកម្មជនគណបក្សភ្លើងទៀនរាប់សិបដងមកនេះ បានធ្វើសកម្មភាពក្នុងទម្រង់ប្រហាក់ប្រហែលគ្នា ដែលលោកយល់ថា អាចជាក្រុមមនុស្សតែមួយ។ លោកបន្ថែមថា ជនល្មើសទំនងមិនរអាចំពោះចំណាត់ការច្បាប់នោះទេ ទើបពួកគេហ៊ានប្រើប្រាស់អំពើហិង្សាលើសមាជិកគណបក្សភ្លើងទៀនជាហូរហែបែបនេះ។
លោក ស៊ឹង សែនករុណា និយាយថា៖ «អ្នកប្រព្រឹត្តភាគច្រើនជាក្រុមមិនស្គាល់មុខជិះម៉ូតូម៉ាកក៏ស្រដៀងៗគ្នាដែរ ហើយវាយប្រើដែករលាស់គឺវាយដំចឹងទៅ ហើយអ្វីដែលជារូបភាពនៃការប្រើប្រាស់ហិង្សានេះហាក់បីដូចជាអត់មានខ្លាច អត់មានបារម្ភមានការចាប់ខ្លួនទេ ព្រោះមើលទៅឃើញថាធ្វើទាំងថ្ងៃ»។
ករណីដូចគ្នានេះដែរ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នៅចំណុចបុរីអង្គរ ស្ថិតក្នុងខណ្ឌទួលគោល លោក ធន ច័ន្ធថា ជាសមាជិកប្រតិបត្តិគណបក្សភ្លើងទៀន រាជធានីភ្នំពេញ ត្រូវបានជនមិនស្គាល់មុខដែលមានគ្នាចំនួន៤នាក់ ប្រើប្រាស់ហិង្សាវាយដំមកលើក្បាល ដងខ្លួននិងថ្គាមសងខាងដោយដេរសរុបទាំងអស់១២ថ្នេរ។
រយៈពេល៣ថ្ងៃក្រោយមានការវាយដំលើលោក ធន ច័ន្ធថា ដែលជាសមាជិកគណបក្សភ្លើងទៀន សមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញសេចក្ដីថ្លែងការណ៍មួយដោយថ្កោលទោសទៅលើជនទាំងឡាយដែលប្រព្រឹត្តអំពើហិង្សាលើសកម្មជននយោបាយទាំងអស់។
សេចក្ដីថ្លែងការណ៍ថា រយៈពេល៣ឆ្នាំចុងក្រោយនេះ សកម្មជនគណបក្សនយោបាយជាង៤០នាក់ បានរងអំពើហិង្សាពីជនមិនស្គាល់មុខក្នុងទម្រង់ស្រដៀងគ្នាដែលមានដូចជា ការជិះម៉ូតូតាមវាយពីក្រោយ ការស្ទាក់វាយនឹងដំបង ការកាប់នឹងកាំបិត ការគប់ និងវាយនឹងដុំថ្ម ការវាយទាត់ធាក់ ការធាក់ផ្ដួលម៉ូតូនិងបើករថយន្តបុកជាដើម។ ប្រភពដដែល អះអាងថា ក្នុងរយៈពេល៣ខែ នៅដើមឆ្នាំ២០២៣នេះ មានសកម្មជនគណបក្សនយោបាយ ជាពិសេសសកម្មជនគណបក្សភ្លើងទៀនចំនួន១០នាក់ បានរងការវាយប្រហារដោយជនមិនស្គាល់មុខ បណ្ដាលឱ្យរងរបួសស្រាល ធ្ងន់ មានខ្លះរហូតដល់ពិការភាពនិងស្លាប់ម្នាក់ កាលពីឆ្នាំ២០២២។
សមាគមអាហុក បានបង្ហាញក្ដីបារម្ភផងដែរថា បញ្ហានេះអាចបង្កឱ្យមាននិទណ្ឌភាពក្នុងសង្គម ដោយសារអាជ្ញាធរ ហាក់មិនទាន់ឃើញចាត់វិធានការចាប់ជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់នៅឡើយនោះទេ៕