ក្រុមអ្នកប្រមូលសំរាមអះអាងថាឥរិយាបថនៃការទុកដាក់កាកសំណល់របស់ប្រជាពលរដ្ឋមួយចំនួននៅតែមិនទាន់ល្អប្រសើរនៅឡើយ ដោយនៅតែមានការបោះចោលពាសវាលពាសកាល ខណៈអ្នកខ្លះឈានដល់ការបោះចូលទឹកទន្លេ និងប្រឡាយ បណ្តាលឱ្យមានការលំបាកក្នុងការសម្អាត។
តំណាងក្រុមយុវជនសំរាមដែលតែងតែដើររើសសំរាម និងកន្ទុយបារីនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺលោក សាន ដារ៉ាវីត លើកឡើងថាពលរដ្ឋមួយចំនួននៅតែមិនទាន់យល់ដឹងពីការទុកដាក់សំរាម ពោលគឺបោះចោលគ្មានសណ្តាប់ធ្នាប់ ដែលបង្កជាការព្រួយបារម្ភចំពោះប្រទេសកម្ពុជាទាំងមូល។ ជាក់ស្តែងលោកថា ទោះបីជាមានការផ្សព្វផ្សាយពីស្ថាប័នពាក់ព័ន្ធ និងក្រុមយុវជនមួយចំនួនក៏ដោយ ប៉ុន្តែការបោះកាកសំណល់សំរាមចូលទៅក្នុងទឹកទន្លេ និងបណ្តាលូបង្ហូរទឹកមួយចំនួននៅតែកើតមានឡើង ដែលធ្វើឱ្យមានភាពកខ្វក់ និងក្លិនស្អុយ ថែមទាំងស្ទះទឹកមិនអាចហូរកាត់បាន។
លោកថា៖«ប្រជាពលរដ្ឋនៅតែចោលចូលទៅក្នុងលូ ហើយក៏បោះចោលនៅតាមបណ្តោយច្រាំងទន្លេនៅតែមានដដែល។ ទាំងអស់ហ្នឹងគឺជាកត្តាដែលគួរឱ្យព្រួយបារម្ភ»។
លោកបន្ថែមថា៖«គាត់មានទម្លាប់ម្យ៉ាងមិនខ្វាយខ្វល់ទី១! ទី២ គាត់មានទម្លាប់ម្យ៉ាងគឺអត់មានទំនួលខុសត្រូវលើសំរាមខ្លួនឯង»។
ស្រដៀងគ្នា បុគ្គលិកក្រុមហ៊ុនប្រមូលសំរាម Mizuda ក្នុងរាជធានីភ្នំពេញម្នាក់សុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា បច្ចុប្បន្ននេះនៅតែមានប្រជាពលរដ្ឋខ្លះដែលទុកដាក់សំរាមមិនទាន់បានត្រឹមត្រូវ ខណៈមានជនអនាថាក៏បានកាយកាកសំណល់ទាំងនោះបន្ថែមទៀត ធ្វើឱ្យមានភាពរញ៉េរញ៉ៃ ដែលធ្វើឱ្យពិបាកក្នុងការសម្អាត។ ដូច្នេះហើយលោកក៏ស្នើឱ្យអាជ្ញាធរឱ្យជួយណែនាំដល់ជនទាំងនោះ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រមូលសំរាម។
មិនខុសពីអ្នកសម្អាតសំរាមទាំង២ខាងលើនោះទេ តំណាងយុវជននៃក្រុមនិស្សិតប្លាស្ទិកម្នាក់ គឺលោក ហែម សុភេម ជាសមាជិកម្នាក់ក្នុងចំណោមសមាជិកជាច្រើនរូបទៀត ដែលបានចុះសម្អាតតាមបណ្តាប្រឡាយទឹកស្អុយមួយចំនួនដូចជា ប្រឡាយបឹងត្របែក ស្ទឹងមានជ័យ និងតំបន់ទួលសង្កែ រួមនិងតំបន់មួយចំនួនទៀត បានរៀបរាប់ថា ពលរដ្ឋខ្លះនៅតែមិនបានទុកដាក់សំរាមរបស់ខ្លួនបានត្រឹមត្រូវនៅឡើយ បើទោះបីជាធ្លាប់បានឃើញការណែនាំ និងអប់រំពីគ្រប់ភាគីក៏ដោយ។
យុវជនវ័យ២១ឆ្នាំដដែលបានបញ្ជាក់ថា ការបោះចោលសំរាមរបស់ពលរដ្ឋមួយចំនួនបាននិងកំពុងបង្កឱ្យបរិស្ថាន និងប្រឡាយក្នុងទីក្រុងភ្នំពេញស្ទើរតែទាំងអស់ក្លាយជាកន្លែងកខ្វក់ និងបង្កផលលំបាកដល់អ្នកសម្អាត។
ជាក់ស្តែងលោកបានឱ្យដឹងថា ការចុះទៅសម្អាតកាកសំណល់ដែលដក់នៅក្នុងបរិវេណប្រឡាយទឹកស្អុយទាំងនោះ មិនមែនជារឿងងាយស្រួលនោះទេ ដោយទឹកមានជម្រៅជ្រៅ ដូច្នេះត្រូវប្រឈមនឹងកាកសំណល់ដែលស្អុយរលួយគ្រប់មុខ ជាពិសេសេគឺកាកសំណល់ដែលសល់ពីទីផ្សារ ដូចជាគ្រឿងក្នុងសត្វជាដើម។ មិនតែប៉ុណ្ណោះលោកក៏ព្រួយបារម្ភពីបញ្ហាសុខភាពខ្លួនឯង និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ និងរស់នៅតំបន់ជុំវិញនោះដែរ ដោយសារតែក្លិនស្អុយ និងកាកសំណល់ដែលកខ្វក់ទាំងនោះ អាចបង្កមេរោគដល់ពួកគាត់។
លោកនិយាយថា៖«ឥឡូវនេះបញ្ហាមានតែពេលយើងចុះប្រមូលនៅក្នុងលូទឹកស្អុយទេ។ បញ្ហាហ្នឹងវាទាក់ទងរឿងក្លិន ទាក់ទងរឿងសុខភាព ដោយសារតែយើងដឹងហើយថាក្នុងលូ គឺវាមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ ហើយគគ្រិចមែនទែន»។
ដោយសារតែមើលឃើញបញ្ហាប្រឈមផ្ទាល់បែបនេះ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការចោលសំរាមតាមទីសាធារណៈ ហើយបែរមកទុកដាក់ឱ្យបានត្រឹមត្រូវ ហើយស្រលាញ់បរិស្ថានឱ្យដូចស្រលាញ់ជីវិតរបស់ខ្លួនដែរ ព្រោះលោកថាបើមិនដូច្នេះទេ នោះកម្ពុជានឹងប្រឈមនឹងបញ្ហាសំរាមគ្មានសណ្តាប់ធ្នាប់នេះជាក់ជាមិនខាន។
លោកអំពាវនាវថា៖«អំពាវនាវឱ្យឈប់ចោលសំរាម! ស្រលាញ់ទីក្រុងឱ្យដូចស្រលាញ់ជីវិត បើយើងស្រលាញ់ជីវិតយើង ឈប់ចោលសំរាមទៅ»។
កាលពីដើមឆ្នាំ២០២១ រដ្ឋាភិបាលបានធ្វើកំណែទម្រង់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិ ភាព» ដោយដាក់បញ្ចូលកិច្ចការថែរក្សាបរិស្ថាន ដើម្បីគ្រប់គ្រងសំរាមថែរក្សាអនាម័យបរិស្ថាន និង សុខុមាលភាពប្រជាពលរដ្ឋ។ តាមរយៈគោលនយោបាយថ្មីនេះ រដ្ឋាភិបាលរំពឹងថានឹងជំរុញឱ្យមានការដោះស្រាយបញ្ហាកាកសំណល់គ្រប់ប្រភេទនៅទូទាំងប្រទេស។
តំណាងយុវជនសំរាម លោក សាន ដារ៉ាវីត បានលើកឡើងថា ដើម្បីជាដំណោះស្រាយក្នុងការទប់ស្កាត់កំណើនសំរាម និងកែទម្លាប់បោះកាកសំណល់ចោលពាសវាលពាសកាលបែបនេះ រដ្ឋាភិបាលគួរតែបង្កើនការកែច្នៃ និងបង្កើតច្បាប់ឱ្យបានតឹងរ៉ឹង ដើម្បីចាត់វិធានការលើអ្នកដែលមិនយល់ដឹងពីផលប៉ះពាល់នៃបរិស្ថាន ជាពិសេសការចោលសំរាម។
លោកបញ្ជាក់ថា៖«បើសិនជាចង់ឱ្យវាប្រសើរឡើង ឬចង់ឱ្យគាត់កែទម្លាប់នេះបាន ខ្ញុំគិតថាបើសិនជាអាចយើងគួរតែបង្កើតច្បាប់។ រាជរដ្ឋាភិបាលគួរតែបង្កើតច្បាប់ផាកពិន័យ ផាកអីទៅ!»។
ជុំវិញបញ្ហានេះ ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ លោក គាត រង្សី ទទួលស្គាល់ថាពិតជាមានប្រជាពលរដ្ឋដែលទុកដាក់សំរាមមិនត្រឹមត្រូវពិតប្រាកដមែន ប៉ុន្តែមានតិចតួចប៉ុណ្ណោះ ខណៈពលរដ្ឋជាច្រើនទៀតបានយល់ដឹងពីបញ្ហាសំរាមនេះ។ លោកបន្ថែមថា រាល់ចំណុចខ្វះខាតដែលសេសសល់នោះ ទាំងស្ថាប័នរដ្ឋ និងប្រជាពលរដ្ឋទាំងអស់ត្រូវតែជួយអប់រំណែនាំ ដើម្បីធានាថាកម្ពុជាមានបរិស្ថានស្អាត។
លោកថា៖«ប្រជាពលរដ្ឋខ្មែរយើងគាត់បានយល់ដឹងច្រើនខ្លាំងហើយ អ៊ីចឹងតិចតួចយើងនឹងខិតខំប្រឹងប្រែងធ្វើការអប់រំបន្ថែម ខិតខំប្រឹងប្រែងជំរុញការថែរក្សាទាំងអស់គ្នា។ ហើយភារកិច្ចការជំរុញនេះយើងត្រូវធ្វើទាំងអស់គ្នា យើងអាចឃើញអីមិនសមរម្យយើងអាចចូលរួមណែនាំ ចូលរួមអប់រំទាំងអស់គ្នា»។
មួយវិញទៀត ប្រធានមន្ទីរបរិស្ថានដដែលបានអះអាងថាគំនរសំរាមដែលមានគរនៅតាមបណ្តាផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ គ្រាន់ជារូបភាពមួយផ្នែកដែលកើតឡើងរយៈពេលខ្លីនៅអំឡុងពេលគេយកសំរាមចេញប៉ុណ្ណោះ។
លោកប្រាប់ថា៖«អ្វីដែលគាត់ធ្លាប់ឃើញហ្នឹង វាអាចជាលក្ខណៈកន្លែងទីតាំងដែលគេយកសំរាមចេញ ពេលដល់ម៉ោងគេត្រូវយកចេញភ្លាមៗ»។
លោកបន្ថែមថាបច្ចុប្បន្ននេះកម្ពុជាមានច្បាប់រួចហើយជុំវិញនឹងការចាត់វិធានការលើការបោះចោលសំរាមផ្តេសផ្តាស ដូចជាការអប់រំណែនាំ ការអប់រំថ្នាក់រដ្ឋបាល និងការផាកពិន័យ ប្រសិនបើជាករណីធ្ងន់ធ្ងរ ខណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង កាលពីខែកុម្ភៈ ឆ្នាំ២០២២ ក៏ធ្លាប់បានព្រមានផាកពិន័យចំពោះអ្នកដែលចោលសំរាមខុសម៉ោងពេល និងទីតាំងដែលបានកំណត់ដែរ។
យោងតាមអនុក្រឹត្យស្តីពី«ការគ្រង់គ្រងសំរាមសំណល់រឹងទីប្រជុំជន» មាត្រា៣៩ចែងថា៖ «ការមិនអនុវត្តតាមការកំណត់របស់រដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌ ក្នុងការញែក និងការវេចខ្ចប់ដោយឡែកនូវសំរាមសំណល់រឹងទីប្រជុំជនដែលអាចប្រើប្រាស់ឡើងវិញ ឬកែច្នៃបាន ដូចមានចែងក្នុងអនុក្រឹត្យនេះ ត្រូវទទួលការពិន័យអន្តរការណ៍ជាប្រាក់ចន្លោះពី១ម៉ឺនរៀលទៅដល់២០ម៉ឺនរៀល។ ក្នុងករណីមិនរាងចាល ត្រូវទទួលការពិន័យអន្តរការណ៍ជាប្រាក់ទ្វេដងនៃប្រាក់ពិន័យអន្តរការណ៍លើកមុន»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា បានមានប្រសាសន៍ថា ទោះបីជានៅមានពលរដ្ឋមួយចំនួនតូចដែលមិនទាន់យល់ដឹងពីការទុកដាក់សំរាមនេះក៏ដោយ ប៉ុន្តែក្រសួងតែងតែជំរុញណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងញែកសំរាមទៅតាមប្រភេទដូចជាសំណល់សរីរាង្គ សំណល់ប្លាស្ទិក និងសំណល់រឹង ដើម្បីយកទៅកែច្នៃ ប៉ុន្តែលោកថាការញែកសំរាម និងកែច្នៃទាំងនោះនៅមានកម្រិតទាបនៅឡើយ។
លោកថា៖«យើងជំរុញឱ្យមានការញែកសំរាម ហើយទាក់ទងនឹងការកែច្នៃយើងក៏ជំរុញឱ្យមានការកែឆ្នៃឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន តែបច្ចុប្បន្ននេះការកែច្នៃយើងគឺនៅមានកម្រិត ហើយការញែកសំរាមក៏មិនទាន់បានល្អនៅឡើយទេ»។
លោកបន្ថែមថា ជំហានដំបូងដែលអាចធ្វើឱ្យការកែច្នៃកាន់តែមានប្រសិទ្ធភាព លុះត្រាតែប្រជាពលរដ្ឋញែកសំរាមទៅតាមប្រភេទ ដើម្បី បង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូនទៅកាន់ទីលាន ខណៈការញែកសំរាមនេះរដ្ឋបាលរាជធានីភ្នំពេញក៏បានណែនាំជាញឹកញាប់ដែរ។
សូមជម្រាបថា បច្ចុប្បន្ននេះសំរាមនៅរាជធានីភ្នំពេញត្រូវបានដឹកទៅចាក់នៅទីលានចាក់សំរាមដង្កោដែលស្ថិតនៅក្បែរបឹងជើងឯក ក្នុងខណ្ឌដង្កោ ខណៈប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ លោក គាត រង្សី បញ្ជាក់ថាទីលានដង្កោនេះគ្រោងនឹងផ្លាស់ប្តូរទៅជាស្ថានីយ៍ផ្ទេរសំរាមវិញ ក្រោយរៀបចំទីលានចាក់សំរាមថ្មីនៅតំបន់ទួលព្រិចរួចរាល់។
របាយការណ៍របស់ក្រសួងបរិស្ថានបានបង្ហាញថា កម្ពុជាមានសំរាមជាង១ម៉ឺនតោនក្នុងមួយថ្ងៃៗ ដោយក្នុងរាជធានីភ្នំពេញមានសំរាមជិត៣០០០តោន។ ចំណែកការប្រើប្រាស់ប្លាស្ទិកមានប្រមាណជាង១០លានថង់ក្នុងមួយថ្ងៃៗ ហើយបរិមាណសំរាមនៅទូទាំងប្រទេសវិញ មានជិត៤លានតោនក្នុងមួយឆ្នាំ។ ក្នុងនោះមានសំរាមតែប្រមាណ១០ភាគរយប៉ុណ្ណោះ ដែលកម្ពុជាមានលទ្ធភាពយកមកកែច្នៃសម្រាប់ប្រើប្រាស់ឡើងវិញ។
ត្រឡប់មកតំណាងក្រុមយុវជនសំរាម លោក សាន ដារ៉ាវីត បានសំណូមពរឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់យកចិត្តទុកដាក់លើបញ្ហាសំរាម ព្រោះលោកបារម្ភថាការកើនឡើងសំរាមពីមួយថ្ងៃទៅមួយថ្ងៃបែបនេះ អាចបង្កហានិភ័យដល់ពលរដ្ឋ ប្រសិនបើក្រុមហ៊ុនប្រមូលសំរាមត្រូវផ្អាកដោយភាពចៃដន្យណាមួយ។
លោកសំណូមពរថា៖«ខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាយល់ថាកម្ពុជាជាផ្ទះរបស់យើង ហើយកន្លែងចោលសំរាមដែលក្រុមហ៊ុនប្រមូលសំរាមយកទៅចោល គឺជាមុខផ្ទះយើង»៕